ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បារម្ភអំពីការចម្លងជំងឺគ្រុនឈាម ដោយសារកំណើនចំនួនមូសច្រើនខុសប្រក្រតី ស្របពេលដែលក្រសួងសុខាភិបាលចេញសេចក្ដីណែនាំក្រើនរម្លឹកឱ្យមានការប្រុងប្រយ័ត្ន និងបង្ការការចម្លងជំងឺគ្រុនឈាម នៅដើមឆ្នាំ២០២៥ ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំក្រើនរម្លឹកចំពោះសាធារណជនឱ្យមានការប្រុងប្រយ័ត្ន និងបង្ការការចម្លងជំងឺគ្រុនឈាម ដោយផ្ដោតលើវិធានការប្រាំចំណុច រួមមានការរក្សាអនាម័យ និងបរិស្ថានជុំវិញកន្លែងរស់នៅ ការលុបថ្លុកជ្រាំដែលជាប្រភពបង្កកំណើត និងជាជម្រករបស់មូស ការប្រើប្រាស់ថ្នាំបាណកឃាដ គឺថ្នាំអាបែតសម្រាប់ដាក់ក្នុងទឹកពាង ឬអាង និងការបាញ់ថ្នាំសម្លាប់មូស ព្រមទាំងការលើកទឹកចិត្តឱ្យមានការចិញ្ចឹមត្រីជាលក្ខណៈលម្អកម្សាន្ត គឺត្រីដែលស៊ីដង្កូវទឹក ។
លោកស្រី ជូ សួនថា និងប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ខ្វល់ខ្វាយអំពីបញ្ហាសុខភាពគ្រួសារ ក៏ដូចជាសុខភាពសាធារណៈ ហើយម្នាក់ៗស្នើឱ្យមានវិធានការជាក់លាក់ ហ្មត់ចត់ និងទាន់ពេលវេលា ក្នុងការកម្ចាត់មូសដែលកំពុងតែមានកំណើនយ៉ាងច្រើនខុសពីធម្មតានេះ ។
ចំណែក លោកស្រី សៅ កែវវល័ក្ខ ជាអ្នករស់នៅភូមិត្រពាំងថ្លឹង៤ ដែរ មានកង្វល់អំពីផលប៉ះពាល់ចំពោះសុខភាពកូនស្រីតូចរបស់លោកស្រី ដ្បិតលោកស្រីពុំមានជម្រើសអ្វីក្រៅពីការប្រើប្រាស់ថ្នាំបាញ់មូស និងធូបមូសនោះទេ ដើម្បីកម្ចាត់មូស ព្រោះលោកស្រីភ័យខ្លាចមូសខាំចម្លងជំងឺគ្រុនឈាមដល់កូន ។
របាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ដីអំពីលទ្ធផលនៃការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ បង្ហាញថា ករណីគ្រុនឈាមមានការថយចុះ បើធៀបនឹងតួលេខក្នុងឆ្នាំ២០២៣ ដែលមានករណីគ្រុនឈាមចំនួន ៣៥.៣៩០នាក់ ហើយក្នុងចំណោមនោះ អ្នកជំងឺចំនួន ៩៩នាក់ បានបាត់បង់ជីវិត ។ ដោយឡែក ក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាមមានចំនួនសរុប ១៨.៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន ១៦.៤០៣នាក់ ស្មើនឹង ៤៦% ក្នុងនោះករណីស្លាប់មានចំនួន ៤៦នាក់ គឺថយចុះជាងឆ្នាំ២០២៣ ចំនួន ៥៣ នាក់ ស្មើនឹង ៥៤% ។
នាយប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ថ្លែងថា ការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋក្នុងការអនុវត្តវិធានការកម្ចាត់មូស និងបង្ការជំងឺគ្រុនឈាម ជាការចាំបាច់ហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គួរតែជាសេវាសាធារណៈ ឬវិធានការជាក់លាក់របស់រដ្ឋ ជាពិសេស គឺក្រសួងសុខាភិបាល ។
ទោះយ៉ាងណាក្ដី ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ឬភូមិឋានដែលពុំទាន់ទទួលបានការបាញ់ថ្នាំសម្លាប់មូស កំពុងទន្ទឹងរង់ចាំការមកដល់របស់ក្រុមន្ត្រីសុខាភិបាល នឹងអាលទទួលបានការបាញ់ថ្នាំ ដើម្បីជួយកាត់បន្ថយហានិភ័យផ្នែកសុខភាព ក៏ដូចជាគិតគូរលើកស្ទួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ៕