សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផ្សារចាស់ត្រូវបិទ និងភូមិបីបន្ថែមទៀតបិទខ្ទប់ ខណៈកូវីដ១៩ បន្តរាលដាល

ប្រជាពលរដ្ឋជាប់នៅកន្លែងបិទផ្លូវក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង
ប្រជាពលរដ្ឋជាប់នៅកន្លែងបិទផ្លូវក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

មន្ត្រី​ឲ្យ​ដឹងថា​ រោងចក្រកាត់ដេរទីពីរ និង​ផ្សារ​ពេញ​និយម​មួយ​នៅ​ទីក្រុង​ភ្នំពេញ​បាន​បិទ និ​ង ភូមិ​ចំនួន​បី​ផ្សេង​ទៀត​ត្រូវ​បិទ​ខ្ទប់ ខណៈ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩ ក្នុង​ថ្ងៃចន្ទ​នេះ​ហក់ឡើង​មក​២៧៧ករណី​ បន្ទាប់ពី​មានការព្រមាន​ថា​កម្ពុជា​កំពុង​ស្ថិត​នៅ​ «លើមាត់ជ្រោះ​នៃគ្រោះមហន្តរាយ​»។

អភិបាលរាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​បញ្ជា​ឲ្យ​គ្រប់​អាហាដ្ឋាន និង​ហាង​កាហ្វេ​ កាត់បន្ថយ​ការ​ទទួល​ភ្ញៀវ និង​បង្វែរ​ទៅ​ជាការ​វេចខ្ចប់​វិញ ហើយ​ក៏​បាន​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង​រយៈពេល​ពីរ​សប្ដាហ៍ ស្របពេល​ដែល​រដ្ឋាភិបាល​បន្ត​វិធានការ​រឹត​បន្តឹង​ការការពារ ការ​​រាល​ដាល​ជំងឺ​កូវីដ១៩ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ឡើង​ដល់​៣០​នាក់ មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់។​

មន្ត្រី​ឲ្យ​ដឹង​ថា ផ្សារ​ចាស់ ត្រូវ​បាន​បិទ​នៅ​ថ្ងៃចន្ទ​នេះ បន្ទាប់​ពី​អ្នក​លក់​ដូរ​​​មួយ​ចំនួន​រកឃើញ​ថា​មាន​វិជ្ជមាន​កូវីដ១៩ ខណៈចំនួន​អ្នក​វិជ្ជមាន​កូវីដ​១៩ នៅ​សហគ្រាស ឌីន ហាន ឡើង​លើស​៦០០​ករណី និង​រោង​ចក្រ​មួយ​ទៀត​ឈ្មោះ AM2 នៅ​ខណ្ឌ​កំបូល ត្រូវ​បាន​បិទដែរ​ ហើយ​កម្មករ​ត្រូវ​បញ្ជូន​ទៅធ្វើ​តេស្ត​បន្ទាប់ពី​មាន​កម្មករ​ចំនួន​២៧​នាក់​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​។​

មន្ត្រី​មូ​លដ្ឋាន​ឲ្យ​ដឹងថា​ភូមិ​ចំនួន​បី​ទៀត​នៅ​សង្កាត់​ស្ទឹង​មានជ័យ៣​ គឺភូមិ​ទ្រា៤ ភូមិដំណាក់ធំ២ និង​ដំណាក់ធំ៣ ត្រូវ​បិទ​ខ្ទប់​ ខណៈ​សហគ្រាស ឌីន ហាន​ នៅ​បន្ត​បិទ​រហូត​ពីរសប្ដាហ៍ តែ​ថា​រោង​ចក្រ​ជិត​៤០​ផ្សេង​ទៀតនឹង​ត្រូវ​នៅ​បន្ត​ដំណើរការ​ជា​ធម្មតា​។​

អភិបាល​រងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ មាន​ប្រ​សាសន៍​ថា មន្ត្រីរាជការ ក៏​ដូចជា​កម្មករ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចូល​កន្លែង​បិទខ្ទប់ ប៉ុន្តែ​សម្រាប់​តែ​អ្នក​មាន​ការ​អនុញ្ញាត​ពិសេស​តែ​ប៉ុណ្ណោះ។​​

លោក ប្រាប់​ខេបូចា ថា៖ «ជារួម បើសិនពួកគេនៅខាងក្រៅតំបន់បិទខ្ទប់ ប៉ុន្តែពួកគេមានលិខិតអនុញាត ពួកគេអាចចេញចូលដើម្បីធ្វើការជាធម្មតា»។ លោក​បន្ថែមថា កម្មករ​២ ៨០០​នាក់​នៅ​សហគ្រាស ឌីន ហាន បាន​ធ្វើ​តេស្ត​រួច​រាល់ហើយ និង​មាន​ជាង​៦០០​នាក់​មាន​វិជ្ជមាន​កូវីដ១៩​។

លោក ឲ្យ​ដឹង​ទៀតថា៖ «អ្នកដែលនៅសេសសល់ ឯកឧត្តមអភិបាលក្រុងរាជធានីភ្នំពេញបញ្ជាអាជ្ញាធរឲ្យអនុវត្តវិធានការបិទខ្ទប់ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះ​»។​

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល​ឲ្យដឹង​ដែរ​ថា​កម្មករ​សរុប​ចំនួន​២៧​នាក់​នៅ​រោង​ចក្រ AM2 ក្នុង​ខណ្ឌ​កំបូល​មាន​វិជ្ជមាន​កូវីដ១៩ ដែល​បានធ្វើ​តេស្ត​កាលពី​សប្ដាហ៍​មុន។

លោក​បន្ថែមថា៖ «កម្មករទាំងអស់ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ប៉ុន្តែអ្នកដែលពាក់ព័ទ្ធចំនួន ២៣នាក់ដែលប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមាន ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក» ​។ លោក​ឲ្យ​ដឹង​ទៀត​ថា​កម្មករ​នៅ​សល់​៤៥០​នាក់​ផ្សេង​ទៀត​មិន​មាន​ឆ្លង​នោះទេ»។​

អាជីវករផ្សារ​ចាស់​កំពុង​រង់ចាំ​ធ្វើតេសត្ត​រកកូវីដ១៩នៅក្បែរផ្សារ ថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង​

ទោះបីជា​​សាលារាជធានី​ភ្នំពេញ​បាន​ប្រកាសបិទ​ផ្សារ​ចាស់​នៅព្រឹក​ថ្ងៃចន្ទ បន្ទាប់ពី​មានអ្នក​លក់ដូរ​មាន​វិជ្ជមាន​កូវីដ១៩ តែ​អាជ្ញាមិន​អាច​បញ្ជាក់​មូលហេតុ​លម្អិត​បានទេ​ រួមទាំង​ចំនួន​ករណី​ឆ្លង​ផង​ដែរ​។​

លោក ងី មានហេង ប្រធានមន្ទីរ​សុខាភិបាលរាជធានីភ្នំពេញ​ មាន​ប្រ​សាសន៍ថា​អ្នក​លក់​ដូរ​បាន​ធ្វើ​តេស្ត​កូវីដ១៩។ លោក​ថា​អាជ្ញាធរ​បាន​ខិត​ខំធ្វើ​ការអស់ពី​លទ្ធភាព ដើម្បី​កម្រិត​ការ​បិទ និង​រំខាន​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ ខណៈ​ក៏​បាន​ព្យា​យាម​ទប់​ស្កាត់​ការ​រាល​ដាល​វិរុស​បន្ត​ទៀត។​

លោក​មាន​ប្រ​សាសន៍ថា៖ «រដ្ឋ និង​មន្ត្រី​សុខាភិបាល​មាន​អំណាច​ក្នុង​ការ​បិទ​កន្លែង​ដែល​មាន​ករណី​កូវីដ១៩​ច្រើន ប៉ុន្តែ​កន្លែង​ដែល​មាន​មួយ ឬ​ពីរ​ករណី ពួកគេ​គ្រាន់​តែស្នើ​ឲ្យ​អ្នក​ទាំង​នោះ​កុំ​ឲ្យ​ចេញ​ក្រៅ»។​

ក្រោយ​ពី​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ការ​ទប់ស្កាត់​ការរាល​ដាល​ជំងឺ​កូវីដ​១៩ បាន​ស្ទើរ​តែ​ជោគជ័យទាំង​ស្រុង ព្រឹត្តិការណ៍​២០ កុម្ភៈ បាន​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ទប់ទល់​លែង​បាន ជាមួយ​នឹង​អ្នក​ជំងឺ​ថ្មី​មាន​ជិត​១ ៥០០​ករណី​ក្នុង​រយៈពេល​បួន​ថ្ងៃ​កន្លង​មក​នេះ​។​​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នេះ រដ្ឋបាលរាជធានី​ភ្នំពេញ​បាន​អនុវត្ត​បំរាមគោចរ​ចំនួន​១៤​ថ្ងៃ​ និង​បាន​បិទ​ខ្ទប់​តំបន់​ដែល​មានការ​ឆ្លង​រាលដាល​ខ្លាំង រួម​ទាំង​សង្កាត់ស្ទឹង​មានជ័យ​១ ស្ទឹងមានជ័យ​២ នៃខណ្ឌមានជ័យ ភូមិ​ចំនូនប្រាំពីរ​នៅ​ខណ្ឌពោធិ៍​សែនជ័យ និង​ភូមិ​មួយ​ក្នុង​ខណ្ឌ​សែន​សុខ។​​

កាលពី​ថ្ងៃ​អាទិត្យ ភូមិ​ចំនួន​បីទៀត​ក្នុង​សង្កាត់ស្ទឹងមានជ័យ​ត្រូវ​បាន​បិទខ្ទប់ ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចំណាយពេល​បី​ម៉ោង​លើក​ឡើង​ពី​​ស្ថានការណ៍នេះ និង​បាន​អះអាង​ថា​រដ្ឋាភិបាល​នឹង​ផ្ដល់​ថវិកា​៣០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​ សម្រាប់គ្រួសារ​មាន​អ្នក​ជំងឺ​កូវីដ១៩​។​

លោក នាយក​រដ្ឋមន្ត្រី លើក​ឡើងទៀត​​ថា​សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​ក៏​ស្ថិត​ក្នុង​តំបន់​បិទខ្ទប់ រដ្ឋាភិបាល​នឹង​ជួយ​ចេញ​ថ្ងៃ​ទឹក​ភ្លើង​កម្រិត​អប្បបរមា​រយៈពេលពី​ពីរទៅ​បីខែ។ លោក​បន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង​ធនាគារ បាន​យល់​ព្រម​ពន្យា​ពេល​បង់​ប្រាក់​សង​​រយៈ​ពេល​ពីរ​ខែ​សម្រាប់អ្នក​ជំងឺ​កូវីដ១៩​។​ ​

កាល​ពី​ថ្ងៃអាទិត្យ​ លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​តាម​រយៈអនុក្រឹត្យ​ថាការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជា​កាតព្វកិច្ច​សម្រាប់​មន្ត្រីស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ លើក​លែង​តែ​អ្នក​ទាំង​ឡាយ​ណាមាន​បញ្ហាសុខភាពប្រចាំកាយ​។​

អនុក្រឹត្យ​​ចែងថា៖ «កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ត្រូវ​អនុវត្ត​ចំពោះ មន្ត្រី​រាជការ​សាធារណៈ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត និង​មន្ត្រីរាជការ​សាធារណៈ​នៅក្នុង​ស្ថាប័ន នីតិប្បញ្ញត្តិ និង​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រីរាជការ​សាធារណៈ​នៅក្នុង​ស្ថាប័ន​តុលាការ»

អនុក្រឹត្យ​ដដែល​បញ្ជាក់ថា​ប្រភេទ​នៃវ៉ាក់សាំង និង​នីតិវិធី​ចាក់​វ៉ាក់សាំង​គឺ​ត្រូវ​អនុវត្តតាម​គោលការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល។​

អនុប្រធាន​សហជីព​សេរី​កម្មករកម្ពុជា​ លោក ម៉ាន់ សេងហាក់ លើ​ក​ឡើង​ថាទន្ទឹម​នឹង​ការ​ធ្វើ​តេស្ត​លើ​កម្មករ​ដែល​ជាប់​នៅ​កន្លែង​បិទខ្ទប់ កម្មករ​ដែល​ឆ្លងកាត់ចូល​ក្នុង​តំបន់​នោះ​ក៏​គួរ​ត្រូវ​ធ្វើ​តេស្ត​ដែរ​។

លោក​បន្ថែមថា៖ «បើ​សិនជា​រោង​ចក្រ​នានា​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​អនុញ្ញាត​ឲ្យ​កម្មករ​ចូល​ទៅ​តំបន់​នោះ​​ដើម្បីធ្វើការ នោះវាជា​កង្វល់មួយ»។ លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​វិធានការហ្មត់​ចត់​នៅ​ក្នុង​តំបន់​បិទខ្ទប់ទាំង​នោះ​។​

បន្ទាប់ពី​ការរាលដាលផ្ទុះឡើង​នៅប៉ុន្មាន​ថ្ងៃនេះ ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​នៅ​ថ្ងៃចន្ទនេះថា ចំនួន​អ្នក​ឆ្លង​កូវីដ១៩ សរុ​ប​ឡើង​ដល់​ ៤ ៥១៥ករណី ក្នុង​នោះ​មាន​ចំនួន ៣ ៩៨២​ករណី​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​២០ កុម្ភៈ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phsar Chas closed, three more villages locked down as Covid spreads

722 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម