ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបតែកន្លងផុតទៅនេះ នៅតាមបណ្ដាខេត្តក្រុងនានា មានយុវជនខ្មែររាប់សែននាក់បានជួបជុំគ្នាលេងជះទឹក ប៉ាតម្សៅ។ បញ្ហានេះ ធ្វើឱ្យអ្នកជំនាញផ្នែកវប្បធម៌ មានការបារម្ភថានឹងបាត់បង់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ពិសេសយុវជនជំនាន់ក្រោយនឹងលែងស្គាល់អ្វីជាវប្បធម៌ និងអ្វីជាអត្តសញ្ញាណខ្មែរ ដែលទាមទារឱ្យមានការទប់ស្កាត់ជាបន្ទាន់។
បើតាមលោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តបានឱ្យដឹងថា នារដូវបុណ្យចូលឆ្នាំខ្មែរ ប្រជាជនខ្មែរច្រើននិយមលេងល្បែងប្រជាប្រិយ មានដូចជាទាញព្រាត់ ចោលឈូង បោះអង្គញ់ លាក់កន្សែង។ ក្រៅពីល្បែងប្រជាប្រិយគឺមានការលេងរបាំដូចជា របាំគោះអង្រែ របាំក្ងោក របាំរាំវង់ជាដើម ដែលទម្រង់ល្បែង ឬរបាំទាំងនោះគេលេងមុន២ខែមុនពេលចូលឆ្នាំមកដល់។
លោក ម៉ាណ្ណារ៉ា មានប្រសាសន៍ថា៖«កាលពីមុនគេលេងល្បែងប្រជាប្រិយ ឬរបាំនៅពេលសម្រាកការងារថ្ងៃសៅរ៍ អាទិត្យ ហើយថ្ងៃចូលឆ្នាំគេលេងពេញ៣ថ្ងៃដើម្បីអបអរឆ្នាំថ្មី បន្ទាប់ពីចប់ចូលឆ្នាំគេលេងយ៉ាងហោចណាស់២អាទិត្យ ហើយមនុស្សចាស់អ្នកនាំលេង»។
សម្រាប់ឆ្នាំនេះ ខណៈរដ្ឋាភិបាលទើបតែបើកឱ្យមានការប្រារព្ធពិធីចូលឆ្នាំឡើងវិញ គេឃើញមានយុវជន យុវនារីនៅតាមបណ្ដាខេត្តក្រុងនានា ជួបជុំគ្នាលេងប៉ាតម្សៅ ជះទឹកទ្រង់ទ្រាយធំនៅតាមទីតាំងនានា។ ជុំវិញសកម្មភាពនេះ លោកសាស្រ្តាចារ្យ ម៉ាណ្ណារ៉ា បានសម្ដែងការខកចិត្តជាខ្លាំង ដែលយុវជនខ្មែរមិនរួមគ្នាចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងរបាំខ្មែរ បែរជានាំគ្នាសប្បាយរីករាយនិងល្បែងរបស់ប្រទេសជិតខាងទៅវិញ។ លោកបានពន្យល់ថា ការជះទឹក បាញ់ទឹក មិនមែនជាការប្រោះព្រំទេដូចស្រង់ព្រះនៅវត្ត ឬស្រង់ព្រះរស់ទេ ដូច្នេះកុំមានការយល់ច្រលំ។ ហើយសកម្មភាពទាំងនេះ មិនបានចំណេញដល់វប្បធម៌ខ្មែរឡើយ មានតែការខាតបង់ប៉ុណ្ណោះ។
លោក ម៉ាណ្ណារ៉ា មានប្រសាសន៍ថា៖«ខ្ញុំមានការខកចិត្តខ្លាំងមែនទែននៅពេលដែលខ្ញុំធ្វើដំណើរ ខ្ញុំឃើញខុសឆ្នាំនេះគឺខុសប្រក្រតី ធ្វើឱ្យកូនៗទាំងអស់ហ្នឹងបែរខ្លួនទៅលង់នឹងវប្បធម៌នៃប្រទេសជិតខាង ការប៉ាតម្សៅ ជះទឹក។ ជះទឹក បាញ់ទឹកផ្សេង អាមួយប្រោះព្រំ វាខុសគ្នា ការលេងបែបនេះវាអត់មានអត្ថន័យសម្រាប់វប្បធម៌ជាតិទេ»។
លោក ម៉ាណ្ណារ៉ា ក៏បានសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរមួយចំនួនផងដែរ ដែលបានយកឡានទឹកមកបាញ់ ដែលហាក់គាំទ្រឱ្យមានការលេងជះទឹក នាឱកាសបុណ្យចូលឆ្នាំខ្មែរ។
លោកចោទជាសំណួរថា៖«តើយើងធ្វើបែបនេះ យើងចង់បង្កលក្ខណៈឱ្យយុវវ័យយើងទៅណា?កាលដែលយើងបាញ់ទឹកអ៊ីងចឹង ប៉ាតម្សៅអ៊ីងចឹង តើយើងមានទេទំនៀមទម្លាប់អ៊ីងចឹងពីមុនមក។ ខ្ញុំប្រាប់ថាមានប្រោះព្រំដើម្បីឱ្យពរជ័យ មិនមែនបាចទឹក មិនមែនបាញ់ជះទឹកទេ»។
លោកសាស្រ្តចារ្យរូបនេះ ក៏បានលើកឡើងពីមូលហេតុដែលបណ្ដាលឱ្យយុវជន ឃ្លាតឆ្ងាយពីប្រពៃណី វប្បធម៌ខ្មែរផងដែរ ទី១នោះគឺការខ្វះចន្លោះក្នុងការអប់រំនៅតាមសាលារៀន ទី២គឺការឆកល្វែងក្នុងការអប់រំនៅតាមមូលដ្ឋាន(ឪពុកម្ដាយ) និងទី៣ការមិនណែនាំ ការមិនទប់ស្កាត់ ឬជឿលង់នឹងការផ្សព្វផ្សាយរបស់ប្រទេសជិតខាងដូចជាការលក់កាំភ្លើងជ័រជាដើម។
លោកបន្តថា អាណាព្យាបាលគួរពិចារណាឡើងវិញ នៅពេលដែលមានកូនចៅទៅលេងជះទឹក ប៉ាតម្សៅ។ ជាពិសេសស្រ្តីខ្មែរ មិនគួរលេងដូច្នេះឡើយ វាប៉ះពាល់ទៅដល់តម្លៃជាស្រ្តីនៅពេលដែលបុរសប៉ះពាល់រាងកាយជាដើម។
លោក ម៉ាណ្ណារ៉ា បន្តថា៖«ខ្ញុំសង្កេតឃើញមានការមិនប្រក្រតីក្នុងការលេងប៉ាតម្សៅមិនប៉ាតត្រឹមថ្ពាល់ទេ លូកប៉ាតដល់ក ហើយហួសពីកទៅទៀត អាហ្នឹងជាបញ្ហាមួយគួរពិចារណាឡើងវិញ នារីនេះណា! គេមិនងាយឱ្យយើងទៅប៉ះពាល់អ៊ីងចឹងបានទេ»។
យ៉ាងណាមិញ លោកសាស្រ្តាចារ្យ យល់ឃើញថា ក្រសួងពាក់ព័ន្ធ ឬអ្នកមានសមត្ថកិច្ចនានា គួរមានវិធានការឱ្យបានហ្មត់ចត់ រារាំងកុំឱ្យយុវជនលេងកម្សាន្តបែបនេះទៀត ដោយណែនាំឱ្យពួកគេមកលេងល្បែងរបាំប្រជាប្រិយខ្មែរវិញ។ រីឯយុវជន បើស្រលាញ់សង្គម ស្រលាញ់វប្បធម៌គួរដកចិត្តមកគិតពីខឿនវប្បធម៌ជាតិឡើងវិញ។
លោកសង្កត់ធ្ងន់ថា៖«អ្វីដែលយើងត្រូវឈឺបន្តទៀត គឺបាត់ប្រពៃណីទំនៀមទម្លាប់របស់យើង ពេលចូលឆ្នាំគេនាំគ្នាស្រង់ព្រះគេលើកដំឡើងរាសី ថ្វាយបង្គំឪពុកម្ដាយ អាហ្នឹងជាអ្វីដែលយុវជនត្រូវធ្វើ មិនមែនជះទឹក ប៉ាតម្សៅគ្រប់ខេត្តចឹងទេ ហើយមានការគាំទ្រពីអាជ្ញាធរយកឡានទឹកមកទៀត»។
ចំណែកអ្នកស្រី ម៉ា ជាសិល្បករមួយរូបមានស្រុកកំណើតនៅខេត្តកំពត បានលើកឡើងថា ខេត្តកំពតមានទាំងឡានបាញ់ទឹក មានលេងប៉ាតម្សៅ ហើយអ្នកស្រីយល់ថាជាការសប្បាយតាមសម័យកាល។ តែទន្ទឹមនឹងការសប្បាយរីករាយតាមរបៀបនេះ ការលេងដូច្នេះវាប៉ះពាល់ច្រើនដល់វប្បធម៌ និងសុវត្ថិភាពអ្នកលេង ជាពិសេសនារីៗត្រូវបានគេប៉ះពាល់រាងកាយជាដើម។
អ្នកស្រីអះអាងថា៖« វាហាក់មានការខាតបង់ គឺការប៉ះពាល់គ្នាហ្នឹងណាអូន វាអត់មានសុជីវធម៌ អ៊ីងចឹងវាអត់ល្អទេ ព្រោះប្រពៃណីយើងវាអត់ត្រូវលេងអ៊ីងចឹងទេ»។
អ្នកស្រីបន្តទៀតថា តាមការសង្កេតរបស់អ្នកស្រី នៅតាមទៅវត្តអារាមមិនមានអ្នកលេងល្បែងប្រជាប្រិយ ចោលឈូង បោះអង្គញ់ដូចពីមុនទៀតទេ ដោយជំនួសដោយការលេងជះទឹក ប៉ាតម្សៅ ការរាំធុងបាស់ទៅវិញ។ អ្នកស្រី ក៏បានបង្ហាញពីក្ដីបារម្ភចំពោះក្មេងៗជំនាន់ក្រោយផងដែរ ដែលពួកគេអាចនឹងមិនស្គាល់ពីវប្បធម៌ខ្មែរ។ អ្នកស្រីបន្តថា សូម្បីក្មេងៗសម័យនេះ ក៏រាំវង់មិនទាន់ត្រូវក្បាច់ដែរ។
សិល្បកររូបនេះបញ្ជាក់ថា៖«វានឹងប៉ះខ្លាំងទៅលើវប្បធម៌ សម្រាប់បង បងគិតថាចឹងខ្មែរយើងមានរាំវង់ មានបោះឈូង មានបោះអង្គញ់ប៉ុន្តែវានឹងនៅតែឈ្មោះ ប្រសិនអត់លេងរបស់ខ្លួនឯង គាត់[យុវជន]ចូលចិត្តអ្វីដែលថ្មី អ្នកក្រោយមកទៀតគាត់ឃើញតែអាហ្នឹង»។

ចំណែកលោក ព្រឿង ឈៀង សាស្រ្ដាចារ្យ និងអ្នកប្រឹក្សាយោបល់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា នារដូវចូលឆ្នាំខ្មែរសម័យនេះអ្នកលេងមិនមានរបៀប មានទាំងកាំភ្លើងបាញ់ទឹក មានលេងប៉ាតម្សៅ លេងគ្មានសីលធម៌ ដែលអាចបង្កគ្រោះថ្នាក់ ខូចខាតទ្រព្យសម្បត្តិជាដើម។
លោកបន្តថា៖«ការលេងល្បែងជះទឹកនិងប៉ាតម្ស៉ៅ យុវជនខ្មែរឆាប់ចាប់បានណាស់អាឆ្លងមកពីគេហ្នឹង ទាល់តែពេលមានគ្រោះថ្នាក់ចរាចរណ៍ឬក៏មានបញ្ហាណាមួយ យូរៗទៅអាចគេឈប់លេង ខ្ញុំជឿថាវាបន្ដិចម្ដងៗ វាអាចនឹងប្រសើរឡើង និងកុំឱ្យលេងវាហួសហេតុ»។
សាស្រ្តចារ្យរូបនេះ បន្តទៀតថា កន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)និងក្រសួងវប្បធម៌ បានសហការគ្នាបង្កើតឱ្យមានកម្មវិធីសង្ក្រាន្ដដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរលេងល្បែងប្រជាប្រិយ និងថែរក្សាវប្បធម៌ ថែរក្សាល្បែងដូនតា ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ដឹងពីអ្វីដែលដូនតាបន្សល់ទុក។
លោកបន្ថែមថា ការរៀបចំកម្មវិធីសង្រ្កាន្ដនេះ គឺចង់បង្ហាញពីភាពថ្លៃថ្នូររបស់ខ្មែរនិងចង់បំផុសឱ្យយុវជនងាកមកលេងល្បែងប្រជាប្រិយខ្មែរវិញ ដើម្បីកុំឱ្យបាត់បង់។
ជាការសំណូមពរ សាស្រ្តាចារ្យរូបនេះបញ្ជាក់ថា៖« យើងជាយុវជនខ្មែរ យើងត្រូវឱ្យរស់ឡើងវិញនូវល្បែងរបាំប្រពៃណីជាតិ ព្រោះល្បែងដែលដូនតាយើងបង្កើតមកសុទ្ធតែមានបង្កប់ការអប់រំក្នុងហ្នឹង យុវជនយើងកុំភ្លេចអ្វីដែលជារបស់ដូនតាយើងបន្សល់ឱ្យ ត្រូវចេះថែរក្សាវាកុំឱ្យបាត់បង់»។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានអះអាងថា ជាគោលនយោបាយទៅមុខទៀត ក្រសួងនឹងគិតគូរអំពីបញ្ហាខាងលើ ប៉ុន្តែបច្ចុប្បន្នក្រសួងមិនអាចហាមប្រាម ឬបិទសិទ្ធិសេរីភាពយុវជនចំពោះការលេងជះទឹក ប៉ាតម្សៅបានឡើយ។
អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងបានខិតខំបញ្ជ្រាបយុវជនតាមរយៈសកម្មភាពនានា ដូចជាកម្មវិធីអង្គរសង្រ្កាន្ត ទិវាវប្បធម៌ និងសកម្មភាពផ្សេងៗទៀត ដើម្បីឱ្យយុវជនបានចូលរួម និងសិក្សាស្វែងយល់ពីប្រពៃណីវប្បធម៌ខ្មែរ។ ប៉ុន្តែត្រង់ថា យុវជនទាំងអស់នោះមិនព្រមចូលរួមថែរក្សាលេងល្បែងប្រជាប្រិយទាំងនោះ ហើយអាជ្ញាធរ ឬអ្នកពាក់ព័ន្ធក៏មិនអាចទៅហាម ឬដាក់គំនាបឡើយ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖«គ្រប់ខេត្តទាំងអស់មានសង្រ្កាន្តទាំងអស់ បើយុវជនទាំងអស់ហ្នឹងមិនព្រមទៅលេងប្រុងធ្វើម៉េច? ទៅអូសកគេ ទៅចាប់គេដាក់គុក? អាហ្នឹងយើងបញ្ជ្រាបដល់កហើយ ហើយយើងទៅកែគេ[យុវជន]ម៉េច»។
លោក ប៉ុណ្ណាស៊ីរីវត្ថ បន្ថែមថា បញ្ហានេះគឺជារបត់នៃគំនិតដែលកន្លងមកខ្មែរយើងមិនដែលបានគិតរឿងសប្បាយឡើយ។ ម្យ៉ាងខ្មែរយើងសម្បូរសប្បាយធូធារ ដូច្នេះទើបបង្កឱ្យមានលក្ខណៈងាយស្រួលបែបនេះ។
យ៉ាងណាមិញ លោក ប៉ុណ្ណាស៊ីរីវត្ថ អះអាងថា៖«ខាងក្រសួងវប្បធម៌អត់អាចចាត់វិធានការអ្វីកើតក្រៅពីការបំផុស ខំរៀបទិវាវប្បធម៌ តែយើងនៅតែព្យាយាមដើម្បីឱ្យថ្នាក់មូលដ្ឋានបានឃើញ ហើយបញ្ហាវប្បធម៌ទាល់តែមួយដៃមួយជើងអត់អាចស្ថាប័នណាមួយធ្វើតែឯងបានទេ»។
ថ្វីបើយ៉ាងនេះក្ដី លោកនៅតែស្នើសុំឱ្យយុវជនគិតគូរដល់ប្រយោជន៍សង្គមកុំធ្វើរឿងអបាយមុខ រៀនសូត្រពីវប្បធម៌ប្រពៃណីខ្មែរ ធ្វើជាចំណែកដើម្បីលើកស្ទួយអភិរក្សថែរក្សាប្រពៃណីខ្មែរ ពិសេសនៅតាមភូមិស្រុកនានា។
ជាមួយគ្នានេះដែរ លោក រិទ្ធ ចិត្ត ជាយុវជនម្នាក់រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា ការលេងល្បែងប្រជាប្រិយខ្មែរ គឺសប្បាយជាងការលេងប៉ាតម្ស៉ៅ ការលេងបាញ់ទឹកទៅទៀត ហើយវាក៏ជាអត្តសញ្ញាណយើងផងដែរ។
លោក ចិត្ត បន្តថា ចំពោះការលេងបាញ់ទឹក ប៉ាតម្ស៉ៅ វាមិនមែនជារបស់ខ្មែរយើងទេ ហើយលោកបារម្ភចំពោះការព្រងើយកន្តើយរបស់យុវជនដែលមិនសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរ។
យុវជនរូបនេះ លើកឡើងថា៖«សុំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ងាកមកលេងល្បែងប្រជាប្រិយយើងវិញ បើយើងមិនថែរក្សាទេគឺគ្មាននរណាថែទេ វានឹងបាត់ទៅៗ ប្រយ័ត្នបរទេសយកទៅជារបស់គេទើបស្ដាយក្រោយ»។
ចំណែកឯព្រះតេជគុណ ភោគ គឹង គង់នៅវត្តឧណ្ណាលោម មានសង្ឃដីកាថា ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរឃើញថា មានយុវជន យុវនារី ជាច្រើនបាននាំគ្នាលេងបាញ់ទឹក ប៉ាតម្សៅនៅតាមដងផ្លូវ ជាពិសេសបង្កគ្រោះថ្នាក់ផ្សេងៗដែលកំពុងធ្វើដំណើរ មានបាញ់ចូលភ្នែក បាញ់ចូលត្រចៀក។
ព្រះតេជគុណអង្គនេះ មានសង្ឃដីកាទៀតថា ល្បែងប្រជាប្រិយខ្មែរមិនមានយុវជនយកមកលេងទេ ហើយអះអាងថា ការលេងបាញ់ទឹក ប៉ាតម្សៅ វាមិនមែនជារបស់ខ្មែរទេ។
ព្រះអង្គបន្ថែមថា៖«អាត្មាសុំហៅល្បែងហ្នឹងថាល្បែងអប្រិយ មិនហៅថាល្បែងប្រជាប្រិយឡើយនិងអាត្មាសុំឲ្យញាតិញោមទាំងអស់មេត្តាចូលរួមថែរក្សាអ្វីដែលជារបស់យើង»។
គួររំលឹកដែរថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នំា២០២២ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងខេត្តក្រុង សរុបជិត ៤លាន៦សែននាក់ ក្នុងនោះ មានភ្ញៀវជាតិជាង ៤លាន៥សែននាក់ និងភ្ញៀវបរទេសរស់នៅក្នុងប្រទេសជិត៣ម៉ឺននាក់។
សូមបញ្ជាក់ដែរថា រដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញចាប់តាំងពីចុងឆ្នាំ២០២១។ ដោយឡែក កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានផ្អាករយៈពេល២ឆ្នាំមកហើយ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩ ប៉ុន្ដែលោកថា ឆ្នាំនេះត្រូវតែរៀបចំឱ្យបានដាច់ខាត៕