ជម្លោះព្រំដែនបាននាំឱ្យមានការបិទសាលារៀនចំនួនប្រមាណជាង ១ ០០០ ជាបណ្ដោះអាសន្ននៅទូទាំងខេត្តចំនួនប្រាំពីរ ដោយបានរំខានដល់ជីវិតគ្រូបង្រៀនចំនួន ១១ ៩២២នាក់ និងសិស្សានុសិស្សចំនួន ២៥៤ ៤៨០នាក់គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥។ ខណៈដែលគ្រួសារពួកគេភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ កុមាររាប់សិបពាន់នាក់ដែលបានរត់ទៅជាមួយគ្រួសារនៅតែស្ថិតក្នុងជំរំដោយគ្មានថ្នាក់រៀន គ្រូបង្រៀន និងសម្ភារៈសិក្សាឡើយ។
ដោយសារការបិទសាលារៀននៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង និងសាលារៀនមួយចំនួននៅខេត្តបាត់ដំបង និងសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សាលារៀនផ្សេងទៀតទាំងអស់ដែលមិនរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនឱ្យត្រៀមខ្លួនទទួលសិស្សដែលបានភៀសខ្លួន ដើម្បីឱ្យពួកគេបានបន្តការសិក្សា ដោយធានាថា ពួកគេមានកន្លែងរៀនសូត្រប្រកបដោយសុវត្ថិភាព។
ក្រសួងអប់រំបានលើកឡើងបន្តថា ក្រសួងនឹងបន្តរៀបចំ និងផ្តល់ជំនួយជាពិសេស តង់ និងទីតាំងសិក្សាបណ្តោះអាសន្ន សម្រាប់សិស្សានុសិស្សដែលភៀសខ្លួន ដើម្បីធានាថាដំណើរការរៀននិងបង្រៀនអាចប្រព្រឹត្តទៅបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
អ្នកស្រី ជួប ចន្ធា វ័យ ៣០ឆ្នាំ ដែលត្រូវបានជម្លៀសចេញពីខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានខេមបូចា ថា កូនៗរបស់គាត់រៀនថ្នាក់ទី៧ និងថ្នាក់ទី៣។ នៅពេលដែលការប្រយុទ្ធគ្នាបានចាប់ផ្តើម គាត់និងក្រុមគ្រួសាររបស់គាត់បានយកតែសម្ភារៈចាំបាច់ប៉ុណ្ណោះទៅជាមួយ ប៉ុន្តែមិនអាចវេចខ្ចប់សម្ភារៈសិក្សារបស់កុមារទាន់ពេលវេលាទេ។ អ្នកស្រី បានប្រាប់ថា អ្វីដែលសំខាន់បំផុតនៅពេលនោះគឺការស្វែងរកកន្លែងសុវត្ថិភាព។
ក្រុមគ្រួសារនេះបានស្នាក់នៅទីជម្រកបណ្ដោះអាសន្នអស់រយៈពេលប្រហែលប្រាំថ្ងៃមកហើយ ដោយសង្ឃឹមថានឹងអាចបញ្ជូនកូនពីរនាក់របស់គាត់ឱ្យចូលរៀននៅសាលារដ្ឋក្បែរនោះ។ ប៉ុន្តែ កងទ័ពថៃបានទម្លាក់គ្រាប់បែកនៅក្បែរជំរំដែលពួកគេកំពុងស្នាក់នៅទៀត ដូច្នេះក្រុមគ្រួសាររបស់អ្នកស្រីនិងគ្រួសារដទៃផ្សេងទៀតត្រូវភៀសខ្លួនទៅជំរំមួយទៀត។
ស្របពេលដែលត្រូវផ្លាស់ប្តូរពីជំរំមួយទៅជំរំមួយផ្សេងៗ អ្នកស្រីបង្ហាញពីការព្រួយបារម្ភពីផលប៉ះពាល់ដល់ការសិក្សារបស់កូនៗរបស់គាត់ ប្រសិនបើសង្គ្រាមនៅតែបន្តនិ ងរីករាលដាលដល់ទីតាំងជំរំថ្មីដែលពួកគេកំពុងស្នាក់នៅ។
អ្នកក៏មានការព្រួយបារម្ភផងដែរថា សង្គ្រាមមិនត្រឹមតែប៉ះពាល់ដល់ការសិក្សារបស់កុមារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេទៀតផង។ ក្រោមហេតុផលនេះ អ្នកស្រីសង្ឃឹមថា ក្រសួងនិងភាគីពាក់ព័ន្ធផ្សេងទៀតនឹងពន្លឿនការរៀបចំថ្នាក់រៀនបន្ទាន់និងស្វែងរកគ្រូស្ម័គ្រចិត្តដើម្បីបង្រៀនសិស្សនៅមណ្ឌលភៀសសឹកទាំងនោះ។
អ្នកស្រីបានលើកឡើងថា៖ «កូនរបស់ខ្ញុំមិនបានទៅសាលារៀនអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ យើងកំពុងរត់ពីកន្លែងមួយទៅកន្លែងមួយទៀត ដោយភ័យខ្លាចនិងមិនដឹងថាពេលណាពួកគេនឹងអាចត្រឡប់ទៅសាលារៀនវិញបានទេ។ យើងទើបតែរត់គេចខ្លួនម្ដងទៀតពីកន្លែងដែលយន្តហោះ [ថៃ] បានទម្លាក់គ្រាប់បែក»។
អ្នកស្រី ជួប ចន្ធា បានបន្តថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះកូនរបស់ខ្ញុំ។ អ៊ីចឹងហើយ ខ្ញុំសូមឱ្យក្រសួងជួយសាងសង់ថ្នាក់រៀននិងមានគ្រូបង្រៀនកុមារនៅក្នុងជំរំភៀសសឹកផង។ បើមិនដូច្នោះទេ យុវជនជំនាន់ក្រោយនឹងមិនទទួលបានចំណេះដឹងអ្វីឡើយ»។
ក្រសួងអប់រំថ្មីៗនេះបានអនុញ្ញាតឱ្យសិស្សដែលបានភៀសសឹកអាចចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅសាលារៀនដែលនៅក្បែរជំរំជនភៀសខ្លួន ឬទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់ពួកគេ។
មានតែបន្ទប់អំណានប៉ុណ្ណោះក្នុងជំរំ
អ្នកស្រី ង៉ែត ធី ជាអ្នកភៀសសឹកមកពីខេត្តព្រះវិហារ បាននិយាយថា ជម្លោះបានបន្សល់ទុកឱ្យមនុស្សរស់នៅក្នុងការភ័យខ្លាច ប៉ុន្តែការព្រួយបារម្ភដ៏ធំបំផុតរបស់គាត់គឺកូនៗរបស់គាត់ ក៏ដូចជាកុមារជាច្រើននាក់ទៀតនៅក្នុងជំរំជនភៀសខ្លួន ដែលមិនមានឱកាសរៀនសូត្រទេ។
អ្នកស្រី ង៉ែត ដែលកំពុងរស់នៅក្នុងជំរំមួយចំពេលមានភាពតានតឹងនៅតាមព្រំដែនបាននិយាយថា៖ «យើងទើបតែត្រឡប់ទៅផ្ទះវិញបានមួយខែនិង១០ថ្ងៃប៉ុណ្ណោះ មុនពេលដែលយើងត្រូវរត់ម្ដងទៀត»។ គ្រួសារអ្នកស្រីនិងអ្នកភូមិផ្សេងទៀតបានត្រឡប់ទៅផ្ទះវិញនៅពេលដែលស្ថានការណ៍បានប្រសើរឡើង ប៉ុន្តែត្រូវចាកចេញម្ដងទៀតដោយសារការប៉ះទង្គិចគ្នាជាថ្មី។
អ្នកស្រីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតថ្នាក់រៀនបណ្ដោះអាសន្ននៅក្នុងជំរំ ដើម្បីឱ្យកុមារអាចបន្តការសិក្សារបស់ពួកគេបាន។ ជំរំរបស់គាត់មានពលរដ្ឋជិត ១ ០០០ គ្រួសារ ស្នាក់នៅ ហើយកុមារជាច្រើននាក់មិនអាចទទួលបានការអប់រំទេ។
អ្នកស្រីបានបន្តថា៖ «កូនៗនិងក្មួយៗរបស់ខ្ញុំមិនបានរៀន [អ្វីសោះ]។ ខ្ញុំបារម្ភពីរឿងនេះ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើម៉េចទេ។ ល្អមែនទែន បើមានថ្នាក់រៀនបណ្ដោះអាសន្ន»។

តាមក្រសួងមហាផ្ទៃគិតត្រឹមថ្ងៃទី១៨ ខែធ្នូ ពលរដ្ឋភៀសសឹកកើនដល់១៥១ ៦០៣ គ្រួសារ ស្មើនឹង ៤៩៨ ២៤២នាក់ ដែលក្នុងនោះមានស្ត្រីប្រមាណ ២៦០ ៤១៧ នាក់ និងកុមារ ១៥១ ៦០៣នាក់ ក្នុងខេត្តចំនួនប្រាំពីរតាមបណ្តោយព្រំដែន។
លោក ដែន សុខឡន អាយុ ៤១ឆ្នាំ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់ថាគាត់និងក្រុមគ្រួសាររបស់គាត់បានភៀសខ្លួនទៅស្នាក់នៅជំរំកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនបានយកសម្ភារៈសិក្សារបស់កូនៗរបស់ពួកគេទៅជាមួយទេ។ កូនៗរបស់គាត់ដែលរៀនថ្នាក់ទី៦ និងថ្នាក់ទី១ មិនបានចូលថ្នាក់រៀនបណ្ដោះអាសន្នណាមួយទេ ទោះបីជាមានបន្ទប់អំណានដែលមានសៀវភៅរឿងនៅក្នុងជំរំដែលពួកគេអាចអានរាល់ព្រឹកក៏ដោយ។
កូនស្រីរបស់លោកបានប្រាប់លោកថា គេចង់ត្រឡប់ទៅសាលារៀនវិញដើម្បីបាននៅជាមួយមិត្តរួមថ្នាក់និងគ្រូបង្រៀនរបស់គេ។ កូនស្រីរបស់គាត់ចូលចិត្តអានសៀវភៅភាសាខ្មែរនិងអង់គ្លេស ហើយទៅបន្ទប់អំណានរបស់ជំរំរាល់ថ្ងៃនៅពេលបន្ទប់នោះបើកទ្វារ។
លោកបានរៀបរាប់ថា៖ «ខ្ញុំពិតជាចង់ឱ្យកូនរបស់ខ្ញុំត្រឡប់ទៅសាលារៀនវិញណាស់ ប៉ុន្តែនៅពេលដែលខ្ញុំរត់គេចមកហ្នឹង ខ្ញុំភ័យខ្លាំងណាស់។ អ៊ីចឹងហើយខ្ញុំមិនបានគិតរឿងយកសៀវភៅរបស់កូនខ្ញុំទៅជាមួយទេ។ ខ្ញុំបានយកតែសម្ភារៈចាំបាច់ប៉ុណ្ណោះ»។
លោក សុខឡន បានបន្ថែមថា៖ «ខ្ញុំចង់បានតែឱ្យសង្គ្រាមហ្នឹងចប់ទៅ និងមានសន្តិភាពវិញ ដើម្បីឱ្យកូនៗរបស់ខ្ញុំអាចត្រឡប់ទៅសាលារៀនវិញបាន ហើយខ្ញុំអាចរកប្រាក់ចិញ្ចឹមជីវិតបានជាធម្មតា»។
មិនទាន់អាចធ្វើទៅបានទេ ដោយសារត្រូវការចំនួនពិតប្រាកដ
លោក គី ចន្នី នាយកវិទ្យាល័យសំរោង បាននិយាយថា មានសិស្សតែមួយចំនួនតូចប៉ុណ្ណោះដែលបានស្នើសុំចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅកន្លែងផ្សេងទៀត។ នៅក្នុងខេត្តមួយចំនួន ភាគីពាក់ព័ន្ធបានទៅសួរសុខទុក្ខនិងផ្តល់សៀវភៅនិងសម្ភារៈស្វ័យសិក្សា ប៉ុន្តែការបង្រៀនចល័តមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។
លោក ចន្នី បានប្រាប់ថា៖ «ប្រសិនបើថ្នាក់រៀនចល័តត្រូវបានរៀបចំមែន អាហ្នឹងវានឹងមានប្រយោជន៍ខ្លាំងណាស់។ ប្រសិនបើសង្គ្រាមនៅតែបន្ត កុមារនៅតាមតំបន់ព្រំដែន ជាពិសេសនៅក្នុងខេត្តឧត្តរមានជ័យ ប្រឈមនឹងការខកខានទទួលបានការអប់រំ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់រៀនចល័តតម្រូវឱ្យមានការសម្របសម្រួលជាមួយក្រសួងអប់រំនិងអាជ្ញាធរពាក់ព័ន្ធនៅកម្រិតខេត្តនិងស្រុក»។
យោងតាមអង្គការ UNICEF កម្ពុជា កុមារដែលឆ្លងកាត់ឬឃើញផ្ទាល់ភ្នែកនូវជម្លោះនិងអំពើហិង្សា អាចប្រឈមនឹងផលប៉ពាល់ផ្នែកផ្លូវចិត្តធ្ងន់ធ្ងរនិងយូរអង្វែង។ កុមារដែលបានភៀសសឹកក៏ប្រឈមនឹងហានិភ័យកើនឡើងនៃអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផងដែរ។
អង្គការ UNICEF បានលើកឡើងថា៖ «យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ កុមារត្រូវតែទទួលបានសិទ្ធិរស់នៅក្នុងបរិយាកាសសុវត្ថិភាព និងការការពារពេញលេញពីអំពើហិង្សា»។

ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ថា សាលារៀនចំនួន ៣២៩ កន្លែងនៅទូទាំងខេត្តត្រូវបានបិទទ្វារបណ្ដោះអាសន្ន ដោយមានសិស្សជិត ១០០ ០០០នាក់រងផលប៉ះពាល់។
លោកបានប្រាប់ថា ដោយសារចំនួនប្រជាជនភៀសសឹកកំពុងកើនឡើងដែលធ្វើឱ្យមិនទាន់អាចរៀបចំថ្នាក់រៀនបណ្ដោះអាសន្នបាននៅឡើយ ព្រោះចាំបាច់ត្រូវដឹងពីចំនួនសិស្សពិតប្រាកដ និងទីតាំងរបស់ពួកគេជាមុនសិន ដែលបញ្ហានេះក្រសួងអប់រំកំពុងពិចារណា។
លោក ប៊ុនរឿង បានបន្តថា៖ «យើងនឹងលើកទឹកចិត្តគ្រូបង្រៀនពីសាលាដែលនៅក្បែរនោះឱ្យបង្រៀននៅក្នុងជំរំជនភៀសខ្លួន ហើយសិស្សក៏អាចទៅសាលារដ្ឋដែលនៅក្បែរជំរំបានដែរ»។
ស្របពេលជាមួយគ្នានេះក៏មានសិស្សមួយចំនួនអាចសិក្សាតាមអនឡាញបាន ប៉ុន្តែមិនមានច្រើនទេ។ ថ្នាក់រៀនបណ្ដោះអាសន្នត្រូវការពេលវេលាក្នុងការរៀបចំ ប៉ុន្តែរំពឹងថានឹងរួចរាល់នៅសប្តាហ៍ក្រោយ ពីព្រោះក្រសួងបានបញ្ចេញថវិកាមួយចំនួនដើម្បីរៀបចំឱ្យសិស្សបានចូលរៀនថ្នាក់បណ្ដោះអាសន្នហើយ ដោយលោកបានកត់សម្គាល់ថា៖ «យើងត្រូវតែរៀនដូចដែលយើងបានធ្វើអំឡុងពេលកូវីដ»។
ថ្នាក់រៀនបណ្ដោះអាសន្ននឹងមកដល់ក្នុងពេលឆាប់ៗនេះ
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានប្រាប់ថា មន្ទីរបានបញ្ជូនសម្ភារៈសិក្សាទៅជំរំជនភៀសខ្លួនធំៗចំនួនពីរសម្រាប់កុមារដែលខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ ការរៀបចំសម្រាប់ថ្នាក់រៀនបណ្ដោះអាសន្នត្រូវបានផ្អាកបន្ទាប់ពីយោធាថៃបានទម្លាក់គ្រាប់បែកនៅក្បែរជំរំជនភៀសសឹកតាមបណ្តោយតំបន់ព្រំដែនស្រុកចុងកាល់ និងស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកបាននិយាយថា សាលារៀនចំនួន ២៦០កន្លែងនៅខេត្តឧត្តរមានជ័យត្រូវបានបិទទ្វារចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ដោយប៉ះពាល់ដល់សិស្សប្រមាណ ៧០ ០០០នាក់។
ស្ថានភាពនេះត្រូវបានរាយការណ៍ទៅក្រសួងអប់រំ ហើយលោករំពឹងថា ថ្នាក់រៀនបណ្ដោះអាសន្ននឹងត្រូវបានរៀបចំនៅក្នុងជំរំជនភៀសខ្លួននៅត្រឹមចុងខែធ្នូ ដោយមានការរៀបចំតាមកម្រិតថ្នាក់និងផ្តោតសំខាន់លើមុខវិជ្ជាស្នូលដូចជា ខ្មែរនិងគណិតវិទ្យា។
លោកបានប្រាប់ថា៖ «តង់សម្រាប់ថ្នាក់រៀនបណ្ដោះអាសន្នមិនទាន់រៀបចំរួចរាល់ទេ ប៉ុន្តែនឹងត្រូវបានបញ្ជូនទៅជំរំនៅពេលដែលធ្វើហើយ។ យើងមានផែនការមួយ ហើយយើងត្រូវការការគាំទ្រពីគ្រប់ភាគីទាំងអស់ដើម្បីធ្វើឱ្យរឿងនេះកើតឡើងបាន»។
លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បានប្រាប់ សារព័ត៌មានខេមបូចា ថា នៅក្នុងស្ថានភាពបច្ចុប្បន្ន អង្គការរបស់លោកផ្តោតសំខាន់លើវិស័យសំខាន់ៗចំនួនបី គឺទឹកស្អាត អនាម័យ និងការអប់រំ នៅក្នុងជំរំជនភៀសសឹក និងដោយមានការសហការជាមួយរដ្ឋាភិបាល។
នៅក្នុងជំរំមួយចំនួន អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្កើតទីកន្លែងដែលងាយស្រួលសម្រាប់កុមារអាចអានសៀវភៅ គូររូបនិងស្តាប់គ្រូបង្រៀនអានរឿង ដែលជួយគាំទ្រសុខុមាលភាពផ្លូវចិត្តទាំងកុមារ និងមនុស្សចាស់។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយគឺការមិនអាចរៀបចំថ្នាក់រៀនបណ្ដោះអាសន្នទាន់ពេលវេលា ដោយសារជម្លោះបានរីករាលដាលដល់តំបន់ដែលពលរដ្ឋកំពុងស្វែងរកទីសុវត្ថិភាព ដែលបង្ខំឱ្យមានការផ្លាស់ទីលំនៅពីមួយកន្លែងទៅមួយកន្លែង ហើយធ្វើឱ្យកុមារតូចៗគ្មានកន្លែងសមរម្យសម្រាប់សិក្សារៀនសូត្រ។
លោកបានឱ្យជាយោបល់ថា ជាដំណោះស្រាយរយៈពេលវែង ជំរំនីមួយៗគួរតែមានថ្នាក់រៀនបណ្ដោះអាសន្ន ដែលត្រូវរៀបចំតាមកម្រិតថ្នាក់និងធ្វើឡើងដោយមានកិច្ចសហការពីអាជ្ញាធរនិងដៃគូពាក់ព័ន្ធ ពីព្រោះកុមារមិនអាចខកខានការសិក្សាយូរនោះទេ។
លោក គឹមថាន បានលើកឡើងថា៖ «ការអប់រំរបស់កុមារ ត្រូវបានរងផលប៉ះពាល់ដោយសារជម្លោះដែលកំពុងរីករាលដាល។ ដូច្នេះ សិស្សានុសិស្ស ត្រូវភៀសខ្លួនទៅតំបន់ផ្សេងទៀត ដែលធ្វើឱ្យការអប់រំរបស់ពួកគេប្រឈមនឹងហានិភ័យ»។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានប្រាប់ សារព័ត៌មានខេមបូចា ថា វាជារឿងពិបាកក្នុងការសម្រេចចិត្តថាតើគួរធ្វើអ្វី ពីព្រោះវិធានការបែបនេះត្រូវតែបញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់រដ្ឋាភិបាល ប៉ុន្តែជម្លោះមិនមែនជារឿងដែលនរណាម្នាក់រំពឹងទុកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានខិតខំប្រឹងប្រែង ហើយវាបង្ហាញពីការព្រួយបារម្ភយ៉ាងពិតប្រាកដក្នុងការធានាថា យុវជននិងមនុស្សជំនាន់ក្រោយមិនខកខានក្នុងទទួលបានសិក្សាការរៀនសូត្រ។
លោក សុជាតិ បានថ្លែងថា៖ «រដ្ឋាភិបាលគួរតែអំពាវនាវដល់យុវជននិងអង្គការសង្គមស៊ីវិលឱ្យរួបរួមគ្នាបង្កើតសាលារៀនចល័តនិងកៀរគរគ្រូបង្រៀននៅក្នុងតំបន់ដែលរងផលប៉ះពាល់និងតំបន់ភៀសសឹក។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងជួយរៀបចំការគាំទ្រនិងផ្តល់សម្ភារៈសិក្សាសម្រាប់សិស្ស»។
លោកក៏បានជំរុញឱ្យក្រសួងអប់រំរៀបចំផែនការយុទ្ធសាស្ត្រដើម្បីស្នើសុំថវិកានិងស្វែងរកការចូលរួមពីសាធារណជន ទាំងក្នុងស្រុកនិងអន្តរជាតិ។
លោកបានបន្ថែមថា៖ «ថវិកាទាំងអស់ មិនថាមកពីរដ្ឋាភិបាល ឬការចូលរួមពីសាធារណជនទេ ត្រូវតែគ្រប់គ្រងដោយតម្លាភាព និងមានគណនេយ្យភាព ដើម្បីឱ្យសិស្សអាចបន្តការសិក្សារបស់ពួកគេបានតទៅទៀត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Plea for Temporary Classrooms for Thousands of Displaced Children As Conflict Forces Schools Shut










