លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦៦នាក់ ហើយអប់រំដោះលែងវិញ៥៧នាក់ ខណៈ៩នាក់ទៀតជាមេខ្លោងត្រូវបានបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា កាលពីថ្ងៃទី១៨ ខែសីហា កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនក្រុមជ្រុលនិយមបាន៦៦នាក់ ក្នុងនោះ៥៧នាក់ត្រូវបានដោះលែងវិញបន្ទាប់ពីមានការអប់រំ និងណែនាំ ហើយនៅសល់៩នាក់ទៀតត្រូវកសាងនីតិវិធីទៅតុលាការ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កំណត់យកថ្ងៃទី១៨ ខែសីហា ដោយចលនាប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំ ធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «នៅថ្ងៃទី១៨នេះ ចំនួនអ្នកដែលឃាត់ខ្លួនមាន៦៦នាក់ ហើយក្នុងនោះ សមត្ថកិច្ចធ្វើការណែនាំដោះលែងទៅវិញ៥៧នាក់រួចទៅហើយ ព្រោះអ្នកហ្នឹងមកតាមគេ តាមឯង មានចម្ពាម មានដាវ មានអី។ ឥឡូវនៅសល់៩នាក់ត្រូវតែកសាងនីតិវិធីទៅតុលាការ ជាមេក្លោងបំផុសបំផុល ហើយរៀបចំ»។
ទន្ទឹមនឹងនេះលោកបានលើកឡើងដល់សាធារណជនដែលថា ការអនុវត្តច្បាប់ក្នុងការបញ្ចេញមតិ គឺត្រូវតែធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងការបញ្ចេញមតិ តែមិនឱ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធិសង្គម និងប្រជាពលរដ្ឋនោះដែរ។
កាលពីថ្ងៃទី២៨ ខែសីហា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញរបាយការណ៍មួយថា មនុស្សចំនួន៩៤នាក់ត្រូវបានចាប់ខ្លួន យ៉ាងហោចណាស់៥៩នាក់ត្រូវបានចោទប្រកាន់ ដាក់នៅក្រោមការចាប់ខ្លួន ឬនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
អង្គការឃ្លាំងមើលសិទ្ធិមនុស្ស បានរកឃើញថា មនុស្ស៥៩នាក់ដែលត្រូវបានចាប់ខ្លួនរួមមានសកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស ក៏ដូចជា«កុមារ»។ ពួកគេត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងចោទប្រកាន់ពីបទបង្ហាញទស្សនៈលើកិច្ចព្រមព្រៀង ឬរៀបចំការតវ៉ាដោយសន្តិវិធី។
មនុស្ស២១នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយមនុស្ស៣៣នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋរួមទាំងសមាជិកយុវជន4នាក់នៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA)ផងដែរ។
បន្ទាប់ពីអង្គការឃ្លាំងមើលសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ធ្លាប់បានឆ្លើយតបថា កម្ពុជាក៏ដូចប្រទេសដទៃដែរ ប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ហើយចាត់វិធានការចំពោះជនល្មើសច្បាប់តែប៉ុណ្ណោះ។
លោកបន្តថា៖ «ខ្ញុំសូមជម្រាបប្អូនថា មិនមានការចាប់ខ្លួនអ្នកដែលបញ្ចេញមតិមកលើប្រទេសកម្ពុជាទេ ប៉ុន្តែមានតែចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ប៉ុណ្ណោះ»។
ជាមួយគ្នានេះដែលតាមរយៈសេចក្តីថ្លែងការបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ថា ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្មប្រឆាំងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) ដែលរាជរដ្ឋាភិបាលចាត់ទុកថា សកម្មភាពនេះផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវទប់ស្កាត់ជាបន្ទាន់ អាជ្ញាធរបានឃាត់ដំណើរមនុស្ស១៨៨នាក់ដោយសង្ស័យជាមុខសញ្ញាបាតុករ ហើយបានធ្វើការពន្យល់ អប់រំ ណែនាំ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
លោក សុឃៈ បញ្ជាក់បន្ថែមថា មានមនុស្ស៥៧នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដោយអនុវត្តវិធានការរដ្ឋបាល ពន្យល់ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាកុំឲ្យប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
ដោយឡែក មនុស្សមួយចំនួនទៀត ដែលជាមេបណ្ដាញ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ ដោយភ្ជាប់ជាមួយភស្តុតាងដូចជា អាវុធកែច្នៃ ឧបករណ៍ សម្ភារៈបង្កគ្រោះថ្នាក់ដល់ជីវិត សារសំឡេងញុះញង់ បញ្ជាឲ្យប្រើអំពើហិង្សា ព្រមទាំងមធ្យោបាយល្មើសច្បាប់មួយចំនួនទៀត។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ មិនបានបញ្ជាក់ពីចំនួនមនុស្សដែលត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់ថា ប្រទេសកម្ពុជាក៏បានផ្តល់ សច្ចាប័នទៅលើកត្តាសញ្ញាណស្តីអំពីសិទ្ធិទាំងបួន និងមានការទទួលស្គាល់ជាសកលដែលជាសិទ្ធិមនុស្ស។ មួយវិញទៀតក៏បានប្រកាន់ភ្ជាប់ប្រជាធិតេយ្យសេរីពហុបក្ស ដូច្នោះហើយប្រទេសកម្ពុជាត្រូវគោរពសិទ្ធិមនុស្សជាចាំបាច់។
លោកបានបន្ត ប្រសិនជាមិនមានភស្តុតាងច្បាស់លាស់ក្នុងការហាមឃាត់ ចាប់ខ្លួនបុគ្គលណាម្នាក់ទេ គឺមិនអាចចាប់ឃាត់ខ្លួនបាននោះទេ។ យ៉ាងណាក្តីការសម្តែងមតិរបស់ប្រជាពលរដ្ឋ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋទោះបីជាការសម្តែងមតិនោះជាការបញ្ចេញមតិដើម្បីស្ថាបនា ឬរិះគន់ក៏ដោយ។
លោកបានថ្លែងថា៖ «បើមើលទៅលើស្ថានភាពដែលយើងទទួលបានក្នុងខែ៧ និងខែ៨ក្នុងការចាប់ខ្លួន ប្រមាណជាង ៧០នាក់ក្នុងការចាប់ខ្លួននឹងហា ហើយក្នុងនឹងក៏មានការដោះលែងមួយចំនួនដែល»។
ក្នុងការថ្លែងសុន្ទរកថានាព្រឹកថ្ងៃទី៥ ខែសីហា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានមូលនិធិអភិវឌ្ឍន៍ព្រំដែន ចំនួនជាង១៩លានដុល្លា ខណៈដែលរដ្ឋាភិបាលនឹបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយជូនសាធារណជនពីការប្រើប្រាស់ថវិកានៃមូលនិធិដោយមានតម្លាភាព។
កាលពីថ្ងៃទី២៧ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំពីការបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនកម្ពុជា ដើម្បីរៃអង្គាសថវិកា និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងស្រុក និងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាល។
រដ្ឋាភិបាលក៏បានប្រកាសពីការចុះឈ្មោះដោយឥតគិតថ្លៃថ្ងៃសៅរ៍ ទៅកាន់ខេត្តភាគឦសានក្នុងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឲ្យប្រជាជនកម្ពុជាបានឃើញស្ថានភាពដោយខ្លួនឯង។ ពួកគេក៏អាចវាយតម្លៃការអភិវឌ្ឍន៍នៅតំបន់ភាគឦសាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុងតាមព្រំដែនផងដែរ។
ក្រសួងព័ត៌មានកំពុងរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃលើការធ្វើដំណើរ អាហារ និងការស្នាក់នៅ ដែលឧបត្ថម្ភដោយលោក ហ៊ុន ម៉ាណែត និងភរិយា និងការរួមចំណែកពីសប្បុរសជន។ ជាលទ្ធផល ថវិការដ្ឋ ឬថវិកាសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែននឹងមិនប៉ះពាល់ទេ៕