សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកនាយករដ្ឋមន្ត្រីអង្វរករឱ្យម្ចាស់ផ្ទះ ផ្អាកយកថ្លៃជួលបន្ទប់ពីកម្មករដែលមានកង្វះខាត

ក្រុមកម្មកររោងចក្រឈរនៅមុខបន្ទប់ជួលរបស់ពួកគេ ក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ក្រុមកម្មកររោងចក្រឈរនៅមុខបន្ទប់ជួលរបស់ពួកគេ ក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអង្វរករដល់ម្ចាស់បន្ទប់ជួលឱ្យអនុគ្រោះដោយផ្អាកយកថ្លៃឈ្នួលពីកម្មករដែលកំពុងជួបការខ្វះខាត អំឡុងពេលនៃការបន្តបិទខ្ទប់ដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩ ខណៈម្ចាស់បន្ទប់ជួលមួយចំនួនអះអាងថា ពួកគេក៏កំពុងប្រឈមការលំបាកក្នុងការបង់សងបំណុលទៅធនាគារ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារពិសេស និងបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសៅរ៍នេះ ដោយអង្វរករដល់ម្ចាស់បន្ទប់ជួលឱ្យផ្អាកយកថ្លៃឈ្នួលពីកម្មករដែលកំពុងជួបការលំបាកខ្លាំង។​

លោកហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំសូមអង្វរករដល់ម្ចាស់ផ្ទះសំណាក់ ផ្ទះឈ្នួលទាំងឡាយសូមផ្អាក ជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ ពីកម្មការិនីក្នុងពេលដែលកម្មករកម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ។​ ហើយបើសិនជាម្ចាស់ផ្ទះជួលទាំងឡាយ អាចនឹងធ្វើទៅបាន រួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មការិនី របស់យើង»

លោក ស្តើង ស៊ាង និង អ្នកស្រី សៀន បារាំង ជាអ្នកដែលបានចូលរួមតវ៉ាជាមួយកម្មករផ្សេងទៀតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារឱ្យមានការអន្តរាគមន៍ផ្អាកបង់លុយថ្លៃបន្ទប់ជួល។​

កម្មករធ្វើការនៅរោងចក្រឌីនហាន ក្នុងរាជធានីភ្នំពេញលោក ស្តើង ស៊ាង ឱ្យដឹងថា គាត់ជួលបន្ទប់ថ្លៃ៨០ដុល្លាររស់នៅជាមួយក្រុមគ្រួសារហើយថា ក្នុងអំឡុងពេលបិទខ្ទប់នេះលោកមិនបានបំពេញការងារ និងមិនមានទាំងលុយទិញម្ហូបអាហារ និងលុបបង់បន្ទប់ជួល។

លោក ស្តើង ស៊ាង និយាយថា៖«ឥឡូវអត់មាន[លុយ]បង់ទេ ព្រោះអត់បានធ្វើការងារដើម្បីបានលុយបង់ផង។ថ្ងៃ[ទី]១0ហ្នឹងដល់ថ្ងៃយកលុយថ្លៃបន្ទប់ជួល ហើយកម្មករថាអត់មានលុយ គាត់ថាពន្យារដល់ថ្ងៃទី២៥។ ទោះថ្ងៃទី២៥ក៏អត់មានលុយដែរព្រោះអត់បានធ្វើការផង»។​

លោក ស្តើង ស៊ាង ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាចំពោះមុខរបស់កម្មករ ដែលខ្វះខាតទាំងលុយបង់ទឹកភ្លើង អាហារ និងបន្ទប់ជួល។ លោកថា បើបញ្ហាទាំងនេះនៅតែបន្តហើយមិនមានដំណោះស្រាយទៀតលោកស្នើឱ្យរដ្ឋាភិបាលបើកផ្លូវឱ្យពួកគាត់អាចធ្វើដំណើរទៅស្រុកកំណើតនៅជនបទវិញ ដើម្បីអាចរស់នៅបាន។​

កម្មការិនីម្នាក់ទៀត ឈ្មោះ សៀន បារាំង ធ្វើការងារនៅរោងចក្រឌីនហាន ដែរនោះ អះអាងថា រូបគាត់ជួលបន្ទប់ថ្លៃ៨០ដុល្លារក្នុង១ខែស្នាក់នៅគ្នា៦នាក់។ កម្មការិនីរូបនេះអះអាងថា ពួកគាត់មិនអាចចេញទៅណារួចទេ ហើយក៏គ្មានចំណូលសម្រាប់ទិញអាហារនិងថ្លៃបន្ទប់ជួលដែរ។​

កម្មការិនី សៀន បារាំង និយាយថា៖«នៅខែនេះអត់មានលុយបង់ឱ្យគេទេ ចឹងបានខំប្រឹង។​ អត់បានធ្វើការងារផង ចេញទៅណាក៏មិនរួច»។​

លោក គ្រួច ដារ៉ាក់ ម្ចាស់បន្ទប់ជួលនៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ថ្លែងថា លោកបានបញ្ចុះតម្លៃបន្ទប់ដល់កម្មករម្នាក់១០ដុល្លារ។ លោកបន្តថា ចំពោះការស្នើមិនឱ្យយកថ្លៃបន្ទប់ពីកម្មករទាំងស្រុងនោះមិនអាចទៅរួចទេព្រោះលោកត្រូវបង់ធនាគាររាល់ខែ។​

លោក គ្រួច ដារ៉ាក់៖«ចំណូលខ្ញុំពីផ្ទះជួល៥០ភាគរយទៅ[បង់]ធនាគារបាត់ហើយ។ នៅហូបចុក កូនរៀនកូនអីទៀត នៅតែហ្នឹងទាំងអស់ ព្រោះខ្ញុំអត់មានរកស៊ីអីក្រៅពីផ្ទះជួលទេ»។​

លោក ដារ៉ាក់មានបន្ទប់ជួលជាង១០០។ លោកត្រូវបង់ទៅធនាគារ១ខែពី៣ទៅ៤ពាន់ដុល្លារ។ ទោះយ៉ាងណាលោកថា បើធនាគារមានការបន្ធូរបន្ថយនោះលោកនឹងបញ្ចុះថ្លៃបន្ថែមទៀតដល់កម្មករ។​

ម្ចាស់ផ្ទះជួលម្នាក់ទៀតនៅរាជធានីភ្នំពេញ លោក គួរ  វាសនា ថ្លែងថា បញ្ហាចំពោះមុខរបស់លោកគឺការបង់លុយទៅធនាគារ និងបញ្ហាដែលអ្នកជួលមិនមានចំណូលនាំគ្នាចាកចេញទៅស្រុកកំណើត។​

លោក គួរ វាសនា និយាយថា៖ «ចំពោះខ្ញុំតែម្នាក់ឯងគឺបញ្ហាតែការបង់ធនាគារ ព្រោះផ្ទះនៅតិចផង(អ្នកជួលនៅតិច) ហើយយើងខ្ចីលុយធនាគារដែរ។ ជីវភាពខ្លួនឯងម៉ាញាំអីទប់ទល់រួច។​ តែអ្នកជួលផ្ទះហ្នឹងឥឡូវថា យើងព្រមបន្ធូរបន្ថយឱ្យគាត់កន្លះខែ ឬពន្យារពេលចឹងទៅ នៅតែគាត់មានបញ្ហាជីវភាព បង់ទឹកបង់ភ្លើង ហើយគាត់ជាប់ធនាគារដែរ។​ ចឹងចំណុចចុងក្រោយគាត់ត្រូវទៅស្រុកកំណើតមួយរយៈសិន»។​

លោក គួរ វាសនា ឱ្យដឹងទៀតថា កន្លែងបន្ទប់ជួលរបស់គាត់ពេលនេះ ទោះមិនស្ថិតនៅតំបន់ក្រហមក៏អ្នកជួលមិនមានលុយបង់ដែរ ជាមូលហេតុនាំឱ្យអ្នកជួលបន្ទប់ទាំងនោះឈប់ស្នាក់នៅហើយចេញទៅស្រុកកំណើតជាបន្តបន្ទាប់។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​អះអាងនៅព្រឹកនេះដែរថា រដ្ឋាភិបាលកំពុងជួបការលំបាកក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតស្បៀងអាហារមានចំនួនច្រើន។ លោកបន្តថា ក្នុង១ថ្ងៃជាមធ្យមរដ្ឋាភិបាលផ្តល់ជំនួយដល់អ្នកខ្វះខាតបានប្រមាណ២ទៅ៣ម៉ឺននាក់។​

ចំពោះបញ្ហាម្ចាស់ផ្ទះជួលដែលត្រូវបង់លុយទៅឱ្យធនាគារនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា លោកបានដឹងបញ្ហានេះ ប៉ុន្តែលោកថា បើអាចជួយបានលោកស្នើឱ្យម្ចាស់ផ្ទះជួលដែលមានលទ្ធភាពចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាក្នុងស្ថានភាពលំបាកនេះដោយមិនយកថ្លៃបន្ទប់ជួលពីអ្នកជួបការលំបាកខ្លាំង។​

ទន្ទឹមនឹងការស្នើឱ្យម្ចាស់ផ្ទះជួលផ្អាកទារលុយពីកម្មករនេះ លោកនាយករដ្ឋមន្ត្រីក៏អំពាវនាវឱ្យមានការយោគយល់ពីក្រុមហ៊ុនផ្គត់ផ្គង់ទឹក និងអគ្គិសនីផងដែរ។

លោក ហ៊ុន សែន​ មានប្រសាសន៍ថា៖ «ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកក៏សូមបញ្ចេញនូវកាយវិការសម្រាប់កម្មករ កម្មការិនី ដែលបានប្រើប្រាស់ភ្លើងនិងទឹកនៅក្នុងតំបន់បិទខ្ទប់និងតំបន់ក្រហម»

អ្នកវិភាគបញ្ហាសង្គមលោក មាស នី លើកឡើងថា ក្នុងស្ថានភាពនេះទាំងកម្មករ និងម្ចាស់ផ្ទះជួលសុទ្ធតែមានការលំបាកដូចគ្នា។​ លោកជំរុញឱ្យរដ្ឋាភិបាលសម្របសម្រួលជាមួយខាងធនាគារនោះ នឹងបានប្រយោជន៍ដល់ទាំងម្ចាស់ផ្ទះជួល និងកម្មករ។

លោក មាស នី មានប្រសាសន៍ថា៖«តាមពិតបើរដ្ឋាភិបាលមានឆន្ទៈធ្វើវាតែងតែមានដំណោះស្រាយនៅក្នុងកម្រិតណាមួយ ខ្ញុំគិតថាមិនអត់ទេ ដោយសារអី? ដោយសារតែធនាគារទាំងអស់ហ្នឹងស្ថិតនៅក្នុងការគ្រប់គ្រងរបស់រតនាគារជាតិ ពិសេសក្រសួងសេដ្ឋកិច្ចនិងក្រសួងពាក់ព័ន្ធផ្សេងទៀត»។​

ក្នុងរយៈពេល៣សប្តាហ៍ចាប់ពីថ្ងៃទី១៥ខែមេសាដល់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ជាពេលដែលរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ១៩នោះ មានការតវ៉ាជាបន្តបន្ទាប់ទាំងករណីខ្វះស្បៀងអាហារ ករណីទារលុយទឹកភ្លើងពីពលរដ្ឋមិនមានចំណូល និងករណីតវ៉ាសូមឱ្យផ្អាកបង់ថ្លៃបន្ទប់ជួលជាដើម។​

នៅថ្ងៃទី៧ខែឧសភា កម្មកររាប់រយនាក់នៅតំបន់ក្រហមនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ផ្ទុះការតវ៉ាដើម្បីទាមទារឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យផ្អាកបង់ថ្លៃបន្ទប់ឈួលព្រោះពួកគាត់មិនចំណូលទេ។​

យោងតាមអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ កាលពីចុងខែមេសា បានឲ្យដឹងថាក្នុងអំឡុងពេលវិបត្តិកូវីដ១៩ មានរោចក្រចំនួន​​២០៦បានបិទទ្វារ ដោយក្នុងនោះមា​ន​១៣៤​នៅ​រាជធានីភ្នំពេញ ២៣​នៅ​ខេត្ត​កណ្ដាល ២៦​នៅ​ខេត្ត​តាកែវ ១៦​នៅ​ខេត្តព្រះសីហនុ ៤​នៅ​ខេត្ត​ស្វាយ​រៀង មួយ​នៅខេត្តកំពង់ឆ្នាំង និង​មួយទៀត​នៅ​ខេត្ត​កំពង់​ចាម​។ លោក​ថា​ រោង​ចក្រ​ប្រហែល​៦៩០​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​វិធានការ​បិទខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុង​ចំណោម​រោង​ចក្រ​ សហគ្រាស ជាង​៧០០០​នៅទូទាំង​ប្រទេស ដែល​មាន​កម្មករ​ប្រហែល​១,២លាន​នាក់​៕

575 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម