សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អាណាព្យាបាលមួយចំនួនសម្តែងការសោកស្តាយ ក្រោយពេលនាយករដ្ឋមន្ត្រីសម្រេចលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប

ទិដ្ឋភាពសាលាបឋមសិក្សាចតុមុខក្នុងរាជធានីភ្នំពេញដែលបានដំណើរការមជ្ឈមណ្ឌលសិក្សាទំនើប និងត្រូវបានបញ្ឈប់ដំណើរការវិញបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលុបចោលកម្មវិធីនេះ។ រូបថតថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
ទិដ្ឋភាពសាលាបឋមសិក្សាចតុមុខក្នុងរាជធានីភ្នំពេញដែលបានដំណើរការមជ្ឈមណ្ឌលសិក្សាទំនើប និងត្រូវបានបញ្ឈប់ដំណើរការវិញបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលុបចោលកម្មវិធីនេះ។ រូបថតថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

អាណាព្យាបាលមួយចំនួនដែលបានបញ្ជូនកូនៗទៅរៀននៅមជ្ឍមណ្ឌលសិក្សាទំនើប (MLC) បានសម្តែងការសោកស្តាយ បន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ប្រកាសលុបចោលកម្មវិធីសិក្សាទំនើប ដោយសារកម្មវិធីនេះនឹងធ្វើឲ្យរដ្ឋបាត់បង់ភាពជាម្ចាស់ការក្នុងការគ្រប់គ្រង ដែលបណ្តាលឱ្យសាលារៀនមួយមានស្តង់ដាសិក្សាពីរផ្សេងគ្នា។

​ ​ កម្មវិធីសិក្សាបែបទំនើប ជាលំនាំអប់រំគំរូមួយ ដើម្បីជួយសិស្សានុសិស្សឱ្យសម្រេចបាននូវសក្ដានុពលពេញលេញរបស់ពួកគេនៅក្នុងអនាគតកាលនៃសម័យឌីជីថល។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យអនុវត្តនៅសាលាបឋមសិក្សាចំនួន១៨ទីតាំង ក្នុងឆ្នាំ២០២០ ដែលបានដំណើរការជាថ្នាក់ពេញម៉ោង ដោយផ្តោតលើការបង្រៀនបីភាសា​ដូចជា ភាសាខ្មែរ អង់គ្លេស និងចិន រួមជាមួយនិងថ្នាក់សិក្សាលើវិស័យ STEM (វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា)។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា​ ថា៖​«រូបមន្តនៃមជ្ឈមណ្ឌលសិក្សាទំនើបត្រូវបានលុបចោល» ។

លោកបន្ថែមថា៖ «សូមកុំបង្កើតប្រព័ន្ធពីរ ឬស្ដង់ដា[អប់រំ]ពីរក្នុងសាលាតែមួយ គឺកុំឱ្យសោះ […] សាលាជំនាន់ថ្មីទោះបីជាមានការចូលរួមពីឪពុកម្ដាយ តែសិស្សទាំងអស់​បានសមធម៌ពីណា? តែរូបមន្តនេះខ្ញុំសូមឱ្យលុបតែម្ដង ហើយសូមយោគយល់»។

លោកបានមានប្រសាសន៍ថា សាលារៀនចំនួន ១២ទីតាំង ក្នុងចំណោមសាលារៀនចំនួន១៨ទីតាំង ត្រូវបានផ្អាកដំណើរការកម្មវិធី MLC នេះ។ ដោយឡែក សាលារៀនដែលនៅសល់(ដែលកម្មវិធីបានចាប់ផ្ដើមកាលពី ២ខែមុន) នឹងត្រូវអនុញ្ញាតឱ្យបន្តជាមួយកម្មវិធីសិក្សាប្រចាំឆ្នាំ មុនពេលលុបចោល។ សិស្សដែលបានចុះឈ្មោះសិក្សាទាំ១៨សាលា​ មានចំនួន ៤៣០០នាក់

គំនិតផ្តួចផ្តើមនៃកម្មវិធីសិក្សានេះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការកែលម្អប្រព័ន្ធអប់រំ ប៉ុន្តែកម្មវិធី MLC នេះទំនងជាមិនអាចទៅរួចនោះទេ។ លោក ហ៊ុន ម៉ាណែត បានបន្តថា៖​ «ខ្ញុំសូមផ្ដល់គោលការណ៍ និងណែនាំបន្ថែមទៅក្រសួងអប់រំថា ធ្វើយន្តការអ្វីក៏ដោយគឺត្រូវធានាភាពម្ចាស់ការរបស់រដ្ឋនៅក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន១០០ភាគរយ»។

អាណាព្យាបាលសិស្សវ័យ ៣៧ឆ្នាំម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានសម្ដែងការសោកស្តាយចំពោះការលុបចោលកម្មវិធីសិក្សានេះចេញ ដោយថាកូនប្រុសរបស់គាត់កំពុងរៀននៅសាលាបឋមសិក្សាមួយក្នុងរាជធានីភ្នំពេញ ដែលដំណើរការកម្មវិធីMLC។

អ្នកស្រីនិយាយថា៖ «គុណភាពអប់រំ[នៃកម្មវិធីMLC] គឺអាចប្រៀបបានទៅនឹងសាលាឯកជន ដែលតម្លៃប្រាក់រាប់ពាន់ដុល្លារ។ យ៉ាងណា សាលាឯកជនខ្លះមិនទាន់មានកម្មវិធីសិក្សាពី RoboThink [STEM និងកម្មវិធីសរសេរ] នៅឡើយទេ»។

អ្នកស្រីបានបន្ថែមថា អ្នកស្រីបានចំណាយជិត៥០០ដុល្លារ ក្នុងមួយឆ្នាំសម្រាប់កម្មវិធីសិក្សានេះ​ ។​

កម្មវិធីសិក្សា MLC នេះបានចែកចេញជាពីរវគ្គ ដោយទីមួយ គឺអនុវត្តតាមកម្មវិធីសិក្សាថ្នាក់ជាតិ បង្រៀនដោយគ្រូក្របខណ្ឌដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ និងប្រើប្រាស់សៀវភៅសិក្សាដែលអនុម័តដោយរដ្ឋាភិបាល និងសូម្បីតែការចុះឈ្មោះក៏ត្រូវបានសម្រេចដោយនាយកសាលាផងដែរ។

ចំណែកឯ​វគ្គមួយទៀត បានផ្ដល់នូវកម្មវិធីសិក្សាកម្រិតខ្ពស់ រួមមានភាសាអង់គ្លេស ភាសាចិន ថ្នាក់កុំព្យូទ័រ និងRoboThink ដែលមិនត្រូវបានរាប់បញ្ចូលក្នុងស្ដង់ដាកម្មវិធីសិក្សាសាលារដ្ឋនោះទេ។

នាយិកានៃមជ្ឈមណ្ឌលសិក្សាទំនើប អ្នកស្រី រស់ សាវីតធី មិនបានឆ្លើយតបនឹងសំណួររបស់ខេមបូចាតាមរយៈអ៊ីមែលនោះទេ គិតត្រឹមម៉ោងចេញផ្សាយ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន យល់​ឃើញ​ថា បញ្ហា​ប្រឈម​របស់កម្មវិធីសិក្សា MLC គឺដោយសារវា​ត្រូវ​បាន​គ្រប់គ្រងដោយឯកជន ដោយអាណាព្យាបាលមួយចំនួនដែល​មាន​លទ្ធភាពបាន​បញ្ជូន​កូន​ទៅសិក្សានៅ​ទី​នោះ ខណៈ​អ្នក​​គ្មានលទ្ធភាព គឺមិនមានឱកាសចូលរៀន។

លោកបន្តថា សកម្មភាពនេះបានបង្ហាញឱ្យឃើញនូវវិសមភាព ឬអ្វីដែលគេហៅថា «ប្រព័ន្ធស្តង់ដាពីរ» នៅក្នុងសាលារដ្ឋ។ ដូច្នេះការលុបចោលនេះ វាជួយលុបបំបាត់ភាពអយុត្តិធម៌សម្រាប់សិស្សានុសិស្សដែលខ្វះខាត មិនអាចរ៉ាប់រងលើថ្លៃចំណាយសិក្សាបន្ថែម ហើយវាក៏ដើម្បីធានាបាននូវសិទ្ធិទទួលបានការអប់រំស្មើគ្នា។ តែយ៉ាងណា វាក៏ជាការបាត់បង់ឱកាសសម្រាប់សិស្សានុសិស្សដែលមានបំណងចង់សិក្សាបន្ថែម។

ទោះបីជាយ៉ាងណា លោកថាឪពុកម្តាយមួយចំនួនពេញចិត្តដែលកូនៗរបស់ពួកគេចំណាយពេលពេញមួយថ្ងៃនៅក្នុងសាលារៀនទំនើប ដែលពួកគេអាចរៀនភាសា និងជំនាញទន់បាន។

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ាណែត​ ក៏បានណែនាំឱ្យក្រសួងបន្តកែលម្អអភិបាលកិច្ចសាលារៀន ប្រព័ន្ធអប់រំទំនើប ក៏ដូចជាធានាឱ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យឡើងវិញ«ឱ្យបានហ្មត់ចត់ និងតឹងរ៉ឹង» លើលក្ខខណ្ឌសម្រាប់គ្រូបង្រៀនដែលមានបំណងផ្ទេរទៅទីតាំងផ្សេងៗ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំស្នើសុំឱ្យមានលក្ខខណ្ឌច្បាស់លាស់ស្រួលបួលបន្តិច​ តឹងតិចុះ [ត្រូវបានផ្ដល់ឱ្យ] សម្រាប់ការផ្ទេរបុគ្គលិកសិក្សា បុគ្គលិកអប់រំ​ ខ្ញុំអត់ថាទេ ផ្ទេរនាយករង ឬ​នាយកខ្ញុំមិនសូវថាទេ»។ លោកបន្ថែមថា៖ «ប៉ុន្តែការផ្ទេរគ្រូសុំឱ្យមានលក្ខខណ្ឌគួរតែតឹងតិច មិនមែនបិទជិតទេ [ក្នុងការផ្ទេរទាំងស្រុងនោះទេ] តែត្រូវមើល តុល្យភាព»។

លោក​បាន​ចែករំលែក​ថា ការ​បាត់​បង់​គ្រូបង្រៀន​ម្នាក់ ​គឺ​ជា​ការ​បាត់​បង់​គុណភាព​នៃ​ការ​អប់រំ​សម្រាប់​សិស្ស​រាប់​រយ ឬ​រាប់​ពាន់​នាក់​ក្នុង​រយៈ​ពេល​យូរ។

លោក ញឹក អារុណ ដែលជាគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សាមួយក្នុងខេត្តបាត់ដំបង បាននិយាយថា ក្រសួងគួរតែធានាជាងមុនថា គ្រូបង្រៀនត្រូវបានរស់នៅក្នុងជីវភាពសមរម្យ ជាជាងដាក់បន្ទុកបន្ថែមលើពួកគេ។

លោកមានប្រសាសន៍ថា៖​«ជាធម្មតាបើគាត់រស់កន្លែងណាស្រួលគាត់មិនចង់ដូរកន្លែងធ្វើការទេ។​បើគាត់ចងសុំដូរទំនងគាត់មានបញ្ហាពីជីវភាពរបស់គាត់ហើយ។ ដូច្នេះគួរក្រសួងជួយសម្រួលឲ្យពួកគាត់បានរស់នៅសមរម្យផងមិនគួរដាក់បន្ទុកលើគាត់បន្ថែមទៀតទេ»។

បើតាមលោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលារៀនសរុបទូទាំងប្រទេសមានចំនួន ១៩ ៥៩១។ ក្នុង​នោះមានសាលា​រដ្ឋ​ចំនួន ១៣ ៩៤៨ សាលា​ឯកជនចំនួន ២​ ២៩៥ និង​សាលា​មត្តេយ្យ​ចំនួន ៣ ៣៤៨។

បន្ថែមពីនេះ គ្រឹះស្ថានឧត្ដមសិក្សានៅទូទាំងប្រទេសមានចំនួន ១៩៤។ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១១៥។ លោកបន្តថា ចំនួនសិស្សានុសិស្ស និងនិស្សិតសរុប ៤,១៧១,៩៦២ នាក់។

អ្នក​នាំ​ពាក្យ​នៃក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា មិន​អាច​ទាក់​ទង​សុំ​ការអត្ថាធិប្បាយបាន​ទេ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Cancels Modern Learning Center Program to Rid “Double-Standards” in Public Schools

756 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម