សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន ម៉ាណែត សម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅស្រុកបុទុមសាគរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មក្នុងអំឡុងពេលលោកធ្វើជាអធិបតីក្នុងពិធីបិទស្ទឹងតាតៃលើដើម្បីសាងសង់ទំនប់វារីអគ្គិសនី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មក្នុងអំឡុងពេលលោកធ្វើជាអធិបតីក្នុងពិធីបិទស្ទឹងតាតៃលើដើម្បីសាងសង់ទំនប់វារីអគ្គិសនី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

រដ្ឋាភិបាល​ថ្មី​បាន​សម្រេច​បោះបង់​គម្រោង​​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​តម្លៃជាទឹក​ប្រាក់​១,៥ពាន់​លាន​ដុល្លារ ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​បាន​៧០០មេហ្គាវ៉ាត់​ នៅ​ក្នុង​ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង ដោយការ​សម្រេច​ចិត្ត​នេះ​ជំនួយ​វិញ​នូវ​រោងចក្រផលិត​​​ថាមពលដុត​ឧស្ម័ន​ធម្ម​ជាតិរាវ(LNG)​វិញ​​។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ដូច​នេះ​កាលពី​ថ្ងៃព្រហស្បតិ៍ នៅ​ក្នុង​ពិធី​បិទស្ទឹងតាតៃលើដើម្បីឈានដល់ការសាង​សង់​ទំនប់​វារីអគ្គិសនីដែលមាន​កម្លាំង​១៥០​មេហ្គាវ៉ាត់ ​ក្នុង​ខេត្ត​កោះកុង​។ ការ​លុប​ចោល​គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោលនយោបាយ​ជាតិ​ស្ដី​ពី​ប្រសិទ្ធភាព​ថាមពល​២០២២-២០៣០​​ដែល​កម្ពុជា​មាន​គោល​ដៅ​ប្រើ​ថាមពល​ស្អាត​ត្រឹម​ឆ្នាំ​២០៣០ និង​ប្រែ​ក្លាយ​ប្រទេស​ឲ្យ​ទៅ​ជា​គោលដៅ​ថាមពល​ស្អាតសម្រាប់​ទេសចរណ៍ និង​វិនិយោគ។ ដូច​គ្នា​ដែរ ការ​លុប​ចោល​គម្រោង​នេះ​ក៏​ស្រប​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​កម្ពុជា​ក្នុង​ការ​បញ្ឈប់​ការ​អភិវឌ្ឍ​ថាមពល​អគ្គិសនី​​ដុត​ធ្យូងថ្ម​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ(លើកទី​២៦​) ​ក្នុង​ទីក្រុង​Glasgow ប្រទេស​ស្គត់ឡែន​កាលពី​ឆ្នាំ​២០២១។​

លោក​មាន​ប្រសាសន៍ថា៖ «​ខ្ញុំ​សូម​ប្រកាស​​ប្រាប់​ថា​កាល​ពី​ថ្ងៃទី​២​​ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំ​បាន​សម្រេច​បញ្ឈប់​​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​មាន​កម្លាំង​៧០០​មេហ្គាវ៉ាត់នៅ​ស្រុក​បុទុមសាគរ។ ខ្ញុំ​បាន​ពិនិត្យ​ពិភាក្សា និង​បាន​ឲ្យ​ក្រ​សួង​រ៉ែ និង​ថាមពល​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​វិនិយោគពីគម្រោង​ផលិត​ពី​ធ្យូង​ថ្ម​ទៅ​ជា​ផលិត​អគ្គិសនី​ដោយ​ដុត​ឧស្ម័ន​LNG វិញ​»។​

ជាការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាជន និង​ប្រទេសជាតិ រដ្ឋាភិបាល​ថ្មី​នឹង​ធានា​ពីការ​បង្កើននៃប្រាក់​ចំណូល​របស់​ប្រជា​ពល​រដ្ឋ និង​សេដ្ឋកិច្ច ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ដោយ​គិតគូរ​សំខាន់​លើ​ផល​ប៉ះពាល់ទៅលើប្រជាពលរដ្ឋ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប៉ះពាល់​នៃ​បរិស្ថាន​សកល និងការ​ប្រែ​ប្រួល​អាកាស​ធាតុ​។​

លោក ហ៊ុន ម៉ាណែត បន្ត​ថា ខណៈ​ដែល​ការ​អភិវឌ្ឍ​ជារឿង​សំខាន់ ផល​ប៉ះពាល់​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់។ លោក​ថ្លែងថា៖ «ខ្ញុំ​សូម​ជំរាប​អ្នក​ទាំង​អស់​គ្នា​ថា​សម្រាប់​រដ្ឋាភិបាល​អាណត្តិទី​ប្រាំពីរដើរ​តាម​គន្លង​របស់​[អតីត​នាយក​រដ្ឋមន្ត្រី ] ហ៊ុន សែន យើង​នឹង​មិន​ធ្វើ​វារីអគ្គិសនី​ដែល​នៅ​ផ្ទាល់​នៅ​លើ​ដង​ទន្លេមេគង្គ​នោះទេ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​បរិស្ថានអេកូឡូស៊ី»។​

រោង​ចក្រ​ថាមពល​អគ្គិសនី​ដុតធ្យូង​ថ្ម​​កម្លាំង​​ ៧០០​មេហ្គាវ៉ាត់បាន​ទទួល​ការ​យល់ព្រមពី​រដ្ឋាភិបាល​អាណត្តិ​មុន​តាម​រយៈអនុក្រឹត្យ​ចុះ​ថ្ងៃទី​៦​ ខែសីហា ឆ្នាំ២០២០ ជាមួយ​នឹង​ការ​ផ្ដល់​ដី​ទំហំ១៦៨​ហិកតា​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ​បុទុមសាគរ​ក្នុង​ខេត្ត​កោះកុង​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Royal Group។​

ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹងថា​ការ​សាង​សង់​ជំហាន​ដំបូង​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៣៦​ខែ ខណៈការ​សាង​សង់​ជំហាន​ទី​ពីរ​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៤៨​ខែ។ រោងចក្រ​រំពឹង​ថាអាច​ទាញ​យក​ថាមពល​បាននៅ​ក្នុង​ឆ្នាំ​២០២៣ ឬ​ឆ្នាំ​២០២៤​។​

លោក គិត ម៉េង ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​Royal Group មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ខេមបូចា​នោះទេ​។​

លោក អូត ឡាទីន អ្នក​សម្រប​សម្រួល​គម្រោង​របស់អង្គការ​បណ្ដាញ​យុវជន​កម្ពុជា (CYN) បញ្ជាក់ថា លោក​រីករាយ​នឹង​រដ្ឋាភិបាល​ថ្មី​ដែល​បាន​ពិនិត្យ​ដោយ​យកចិត្តទុក​ដាក់​​លើ​គម្រោង​អភិវឌ្ឍន៍​ទំបន់​វារីអគ្គិសនី​លើ​ដង​ទន្លេមេគង្គ និង​នៅ​បុទុម​សាគរ។ អង្គការ​បណ្ដាញ​យុវជន​កម្ពុជា កាលពីពេល​កន្លង​ទៅ​ក៏​បាន​ធ្វើ​ការ​ជាមួយ​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ដើម្បីពង្រឹង​សមត្ថភាព និង​ចង​ក្រង​ឯកសារ​ពី​ផល​វិជ្ជមាន និងអវិជ្ជមាន​ពី​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​។​

លោក ឡាទីន បន្ថែម​ថា៖ «យើង​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ ពីព្រោះ​វា​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ និង​បង្កើត​បញ្ហា​ដល់​បរិស្ថាន ក៏​ដូច​ជា​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ»។​

​ចំណែក​សកម្ម​ជន​ការពារ​បរិស្ថាន​លោក ថុន រដ្ឋា បានគាំទ្រ​ទៅ​នឹង​ការ​សន្យារបស់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​មិនអនុញ្ញាត​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេមេគង្គ។ លោក កត់​សម្គាល់ថា​ទំនប់​វារីអគ្គិសនី​ទាំង​នេះ​នឹង​អាច​ធ្វើ​​ឲ្យ​មាន​ផល​អវិជ្ជមានជាច្រើន រួម​ទាំង​ការ​បំផ្លាញ​ព្រៃឈើ និង​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ដោយ​មិនមាន​សំណង​សមរម្យ​ជា​ដើម​។​ លោក​ថា៖​ «​យ៉ាងណា ទាំង​រដ្ឋាភិបាល​[លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន​] គឺមិន​បាន​និយាយ​អំពី​ផល​ប៉ះពាល់​អំពីទំនប់វារីអគ្គិសនី​។ ពួកគាត់​ច្រើន​តែនិយាយពីគុណប្រយោជន៍»។​

ទន្ទឹមនឹង​ការ​មិនជំទាស់​នឹង​ការ​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី ដែល​ថាមពល​អគ្គិសនី​មាន​សារសំខាន់​ចំពោះការ​កសាង​ប្រទេសជាតិ លោក​ក៏​ចង់​​ឲ្យ​រដ្ឋាភិបាល​ជ្រើស​រើស​មធ្យោបាយ​ផ្សេង​ដែល​អាច​ល្អ​ប្រសើរ​ជាង​ទំបន់​វារីអគ្គិសនី និង​រោងចក្រ​ដុតធ្យូងថ្ម។ ជម្រើស​ផ្សេង​លោក​ថាមាន​ដូច​ជា​ការ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ និង​ថាមពល​ខ្យល់ជា​ដើម​។​

បើ​តាម​សារព័ត៌មាន​Freshnews ទំបន់​វារីអគ្គិសនី​ស្ទឹង​តាតៃលើ​​ មាន​ទឹក​ប្រាក់វិនិយោគ​៤០០​លាន​ដុល្លារ វិនិយោគដោយ​ក្រុម​ហ៊ុន​ Cambodian Upper Tatay Hydropower Co Ltd ជា​បុត្រសម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ China National Heavy Machinery Industry Corporation (Sinomach) និង​រំពឹង​ថាការ​សាង​សង់​នឹង​បញ្ចប់​ក្នុង​រយៈពេល​បួន​ឆ្នាំ។​

បច្ចុប្បន្ន​កម្ពុជា​មាន​ទំនប់​វារីអគ្គិសនី​ធំៗ​ចំនួន​ប្រាំពីរ​សម្រាប់​​ផ្គត់​ផ្គង់​ថាមពល​ក្នុង​ប្រទេស​។ ទំបន់​វារីអគ្គិសនី​ទាំងនោះ​មាន​ទំបន់​វារីអគ្គិសនី​គិរីរម្យ១ ទំបន់​វារីអគ្គិសនី​កំចាយ ទំបន់​វារីអគ្គិសនី​គិរីរម្យ​៣ ទំបន់​វារីអគ្គិសនី​​ឫស្សីជ្រុំក្រោម ទំបន់​វារីអគ្គិសនី​ស្ទឹង​អាតៃ ទំបន់​វារីអគ្គិសនី​ស្ទឹង​តាតៃ និង​ទំបន់​វារីអគ្គិសនី​​សេសាន​ក្រោម​២ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Manet Aborts Coal Power Plant Project in Botum Sakor District

659 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម