លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឲ្យរុះរើក្បាលម៉ាស៊ីនដឹកនាំមណ្ឌលអប់រំកែប្រែ ម.១ ជាកន្លែងឃុំខ្លួនអ្នកទោសប្រុស ដែលកំពុងមានភាពចង្អៀត និងលក្ខខណ្ឌសម្រាប់អ្នកទោសនៅមិនសូវល្អ។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីលេចធ្លាយវីដេអូមួយដែលថតកាលពីឆ្នាំ២០២៣ ដោយមានទាំងជនជាតិចិន និងខ្មែរកំពុងផឹកស៊ី និងរាំសប្បាយក្នុងពន្ធនាគារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងពិធីអបអរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០នៃកងទ័ពជើងគោកកាលពីថ្ងៃអង្គារថា៖ «ឯកឧត្តម ស សុខា បានរាយការណ៍មកខ្ញុំ ហើយខ្ញុំឯកភាព ទីមួយពង្រឹង ម.១ តាមរយៈការផ្លាស់ប្ដូររចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័ននេះ យើងត្រូវធ្វើយ៉ាងណាធានានូវការពង្រឹងសន្តិសុខ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចតែងតាំង លោក នុត សវនា ជាប្រធានមណ្ឌលអប់រំកែប្រែម.១ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គឺមួយថ្ងៃបន្ទាប់ពីការដាក់បទបញ្ជារបស់លោក ហ៊ុន ម៉ាណែត ។ ការតែងតាំងនេះ គឺបន្ថែមលើមុខតំណែងបច្ចុប្បន្នរបស់លោក ជាអ្នកនាំពាក្យ និងអគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
បន្ថែមលើការកែទម្រង់នៅមណ្ឌលអប់រំកែប្រែម.១ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យចាប់ផ្ដើមធ្វើកំណែទម្រង់ពន្ធនាគារនៅទូទាំងប្រទេស ដោយផ្ដោតសំខាន់មន្ត្រីពន្ធនាគារ។
កាលពីថ្ងៃទី១៤ ខែតុលា អគ្គនាយកដ្ឋានពន្ធនាគារបានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងនឹងវីដេអូបែកធ្លាយដែលថាមានវត្តមានជនជាប់ឃុំជាជនជាតិចិន និងខ្មែរកំពុងរាំលេងក្នុងមន្ទីរឃុំឃាំង។
បើតាមសេចក្ដីថ្លែងការណ៍ អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជូនមន្ត្រីទៅស៊ើបអង្កេតលើរឿងនេះនៅថ្ងៃទី១៣ និង១៤ ខែតុលា នៅពន្ធនាគារ និងលើបុគ្គមួយចំនួនទៀតដែលអាចជាប់ពាក់ព័ន្ធនឹងករណីនេះ រួមទាំងមន្ត្រីពន្ធនាគារផងដែរ។ ពេលធ្វើការស៊ើបអង្កេតចប់សព្វគ្រប់ អគ្គនាយកដ្ឋានពន្ធនាគារនឹងបង្ហាញលទ្ធផលជាសាធារណៈ។
លោក ម៉ុង ម៉េងអ៊ន ប្រធានស្ដីទីមណ្ឌលកែប្រែ ម.១ បដិសេធអត្ថាធិប្បាយលើរឿងនេះ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានថ្លែងប្រាប់ខេមបូចា មុនពេលដែលលោកត្រូវបានតែងតាំងជាប្រធានមណ្ឌលអប់រំកែប្រែម.១ ថានាយកដ្ឋានកំពុងផ្ដោតសំខាន់លើភាពមិនប្រក្រតីក្នុងពន្ធនាគារ ដែលបានអនុញ្ញាតឲ្យមានការនាំចូលគ្រឿងស្រវឹង និងផ្ដល់សិទ្ធិពិសេសដល់ជនណាមួយ។
លោកបានឱ្យដឹងថា៖ «យើងបានរើឥវ៉ាន់ណាដែលមានចែងនៅក្នុងនិតិវិធី ឬបទបញ្ជាផ្ទៃក្នុងពន្ធនាគារ [ហាមឃាត់]ដូចសម្ភារមួយចំនួនមានទូទឹកកក»។ លោកលើកឡើងបែបនេះពេលសួរនាំទាក់ទងនឹងការរុះរើក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ។
បើតាមលោក នុត សវនា អ្នកជាប់ឃុំប្រហែលជា១០នាក់ នៅក្នុងនិងមានអ្នកផុតទោសមួយនាក់ដែលមានវត្តមានក្នុងវីដេអូនឹងត្រូវបញ្ជូនទៅកាន់ «មណ្ឌលមានសន្តិសុខកម្រិតខ្ពស់» ដូចជាមណ្ឌលអប់រំកែប្រែ ម.៣ នៅខេត្តត្បូងឃ្មុំជាដើម។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងមន្ត្រីសមាជិកការិយាល័យនៅមណ្ឌល ម.១ ក៏នឹងត្រូវផ្លាស់ចេញពីតួនាទីផងដែរ។
លោក នុត សវនា ឲ្យដឹងថាវីដេអូដែលបែកធ្លាយបានថតកាលពីឆ្នាំ២០២៣ អំឡុងពិធីបុណ្យចូលឆ្នាំចិន ពេលដែលអ្នកយាមអនុញ្ញាតឲ្យមានការរៀបចំពីធីនៅទីនោះចំពោះជនជាប់ឃុំមួយចំនួន។
លោកមបាននិយាយថា៖ «ជាទូទៅនៅតាមពន្ធនាគារយើងតែងអនុញ្ញាតឲ្យពួកគាត់សប្បាយពេលពិធីបុណ្យទៀន ប៉ុន្តែលក្ខណៈសប្បាយបែបគាត់ដែលបានឃើញក្នុងវីដេអូគឺជារឿងខុសវិន័យ ខុសច្បាប់ហើយ »។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ស្វាគមន៍ចំពោះការស៊ើបអង្កេតលើមន្ត្រីមណ្ឌលកែប្រែ។
លោកមានប្រសាសន៍ថា៖ «យើងមានច្បាប់សម្រាប់ពន្ធនាគារ។ ហេតុអ្វីបានជាមានស្ថានភាពមិនប្រក្រតីនេះកើតឡើង?»។
លោកបន្តថា៖ «បើសិនជាស៊ើបអង្កេតទៅរកឃើញថាមានមន្ត្រីពន្ធនាគារប្រព្រឹត្តបទល្មើស យើងត្រូវតែឲ្យពួកគាត់ទទួលខុសត្រូវតាមផ្លូវច្បាប់ និងធានាពីការគ្រប់គ្រងពន្ធនាគារដោយតម្លាភាព» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Manet Orders Leadership Overhaul at Prey Sar Prison After Leaked Video of Prisoners’ Party










