លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាអាចដំណើរការឡើងវិញ និងទម្លាក់ចោលបទចោទចំនួនបីប្រឆាំងនឹងបុគ្គលិកស្ថាប័នមួយនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានផ្អាកដំណើរការបណ្ដោះអាសន្នកាលពីដើមខែនេះ។
បន្ទាប់ពីជួបជាមួយប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបុគ្គលិកពីររូបទៀតកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីបានសរសេរនៅក្នុងតេឡេក្រាមថា៖ «យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឱ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើង»។ លោកនាយករដ្ឋមន្ត្រីសរសេរបន្ថែមថា៖ «សមាគមត្រូវយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ»។
កាលពីខែឧសភា សមត្ថកិច្ចបានឃុំខ្លួន និងសាកសួរមនុស្សចំនួន១៧នាក់ដែលបានចូលរួមក្នុងសិក្ខាសាលាដែលរៀបចំដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាក្នុងខេត្តរតនគិរី។ លោក ថេង សាវឿន និងសហការីលោកចំនួនពីររូបគឺលោក ញិល ភាព និងលោក ថាន់ ហាច ត្រូវបានចាប់ខ្លួនបន្ទាប់ពីការសាកសួរ ដោយចោទពីបទញុះញង់ និងរួមគំនិតក្បត់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ បានចោទប្រកាន់សមាជិករបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាថារួមគំនិតក្បត់តាមរយៈ «បដិវត្តន៍កសិករ»។
បើតាមសំណេរក្នុងតេឡេក្រាម លោកនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យធ្វើការជាមួយតុលាការខេត្តរតនគិរីលើកលែងការចោទប្រកាន់ និងអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា អាចដំណើរការឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ថេង សាវឿន ប្រាប់ខេមបូចា ថា ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី គឺផ្ដោតលើការបន្តកិច្ចសហការរវាងសមាគម និងរាជរដ្ឋាភិបាល។ លោកថា លោកបានប្រាប់លោកនាយករដ្ឋមន្ត្រីថា គ្មានម្ចាស់ជំនួយរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាណាមួយបញ្ជាឱ្យសមាគម «បង្កឱ្យមានអំពើញុះញង់» នោះទេ។
លោកថា ក្នុងការពិភាក្សាមិនមាននិយាយរឿងនយោបាយ ឬការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
លោកបន្ថែមថា៖ «ខ្ញុំបានទៅជួបសម្ដេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] មិនមែនទៅរកតំណែងក្នុងរដ្ឋាភិបាល ឬតំណែងនយោបាយ [ជាមួយគណបក្សកាន់អំណាចទេ]»។ លោកបន្តថា៖ «គោលបំណងរបស់ខ្ញុំគឺទៅស្នើសុំសម្ដេចជួយអន្តរាគមន៍ឱ្យមានការទម្លាក់ចោលរាល់បទចោទប្រកាន់។ រឿងសំខាន់មួយទៀត គឺបើកដំណើរការសមាគមឡើងវិញ»។
លោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាឱ្យធ្វើជាតំណាងរបស់កសិករដោយ «ប្រមូលបញ្ហារបស់កសិករ និងដាក់ញ្ញតិទៅអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ» ពីព្រោះថារដ្ឋាភិបាល «មិនចង់ឃើញរូបភាពតវ៉ា»។ នេះបើតាមការបញ្ជាក់របស់លោក ថេង សាវឿន។
បើតាមលោក ថេង សាវឿន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ថាសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាអាចយកបញ្ហាទៅជួបលោកផ្ទាល់ បើសិនជាអាជ្ញាធរមិនព្រមដោះស្រាយឱ្យ។
ប្រធានស្ដីទីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក មឿន រតនា មានប្រសាសន៍ថា៖ «នេះជាភ្លើងខៀវមួយដែលយើងអាចនាំយក [បញ្ហារបស់យើង]ទៅកាន់គាត់ [ហ៊ុន សែន]»។
លោកថា លោកអាចទទួលយកសំណើរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីជូនដំណឹងដល់អាជ្ញាធរអំពីផលលំបាករបស់កសិករ ពីព្រោះថាសមាគមធ្វើការជាមួយកសិករ ដើម្បីជួយពួកគាត់ឱ្យបានប្រយោជន៍។ ប៉ុន្តែលោកក៏បានឃើញពីចំណុចខ្វះចន្លោះពីសំណើរបស់លោកនាយករដ្ឋមន្ត្រីដែរ។
លោកបន្ថែមថា៖ «បើសិនជាប្រជាពលរដ្ឋមិនប្រមូលផ្ដុំតវ៉ា ហើយ [អាជ្ញាធរ] ដោះស្រាយបញ្ហានោះ [សំណើរបស់នាយករដ្ឋមន្ត្រី ] នឹងមានប្រយោជន៍»។ យ៉ាណាលោកថា៖ «ក្នុងករណីដែលពួកគាត់ត្រូវរារាំងមិនឱ្យប្រមូលផ្ដុំ ប៉ុន្តែ [អាជ្ញាធរ] មិនដោះស្រាយបញ្ហាពួកគេ នេះគឺជាការរិតត្បិតសិទ្ធកសិករ និងសេរីភាពបញ្ចេញមតិរបស់ពួកគេ»។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាមានគម្រោងប្រជុំបន្ថែមទៀតជាមួយគណៈគ្រប់គ្រង ក្រោយតុលាការទម្លាក់ចោលបទចោទជាផ្លូវការប្រឆាំងលោក ថេង សាវឿន និងបុគ្គលិកពីររូបទៀត។
លោក រតនា បន្តថា៖ «[សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា] នឹងកែប្រែរចនាសម្ព័ន្ធថ្នាក់ដឹកនាំសមាគមខ្លះ»។
លោក សាវឿន ថាលោកមិនបានលើកនិយាយពីលោក ចាន់ វិបុល ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនោះទេ។ លោក ចាន់ វិបុល ជាអ្នកស្រាវជ្រាវឯករាជ្យ ដែលបានចូលរួមក្នុងសិក្ខាសាលារបស់លោក ថេង សាវឿន ដែលពេលនេះលោកក៏កំពុងប្រឈមនឹងបទចោទដូចលោក ថេង សាវឿន ដែរ។ ពេលនេះ លោក ចាន់ វិបុល កំពុងនៅមានសេរីភាពនៅឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថាក្រសួងកំពុងពិនិត្យនីតិវិធីច្បាប់លើសំណុំរឿងនេះ។ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ មានប្រសាសន៍ថា៖ «ចៅក្រមស៊ើបសួរកំពុងធ្វើការលើសំណុំរឿងនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Sen Calls for Reinstatement of CCFC