លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយកំណត់ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ទោះបីជា មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានផ្ញើលិខិតទៅកាន់លោក ហ៊ុន សែន សុំអធ្យាស្រ័យក៏ដោយ បន្ទាប់ពីស្ថាប័នព័ត៌មាននេះ ចេញអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទីចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែលរងគ្រោះរញ្ជួយដី។
បន្ទាប់ពីមានប្រតិកម្មពីលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តី អំពីព័ត៌មានដែលស្ថាប័នវីអូឌី បានចុះផ្សាយ លោកនាយករដ្ឋមន្រ្តី ក៏បានប្រតិកម្មយ៉ាងខ្លាំងពីករណីនេះ ហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ លោកបានឱ្យពេលវេលាដល់វិទ្យុ VOD ធ្វើការសុំទោសជាសាធារណៈត្រឹមរយៈពេល២៤ម៉ោង អំពីការផ្សាយអត្ថបទរបស់ខ្លួន បើមិនដូច្នេះ នឹងលុបអាជ្ញាប័ណ្ណស្ថាប័ននេះនៅព្រឹកស្អែក។
បន្ទាប់ពី មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញលិខិតសូមការអភ័យទោស និងអធ្យាស្រ័យទៅកាន់រដ្ឋាភិបាល ជាសាធារណៈរួចមក។ បន្ទាប់មកទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ថាលោកមិនទទួលយកពាក្យសុំអធ្យាស្រ័យ ដែលស្ថាប័ននេះ បានចេញនោះទេ។
បើតាមទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សែន សរសេរថា៖ « តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឱ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឱ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ»។
លោកហ៊ុន សែន មានប្រសាសន៍ថាដើម្បីកុំឱ្យវែងឆ្ងាយ លោកសម្រេចមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឱ្យការសុំទោសរបស់ស្ថាប័នVODឡើយ។
លោកហ៊ុន សែន មានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿង នេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣ កុម្ភះ ២០២៣ ជាកំហិត»។
ចំណែកលិខិតរបស់ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលចេញជាសាធារណៈដើម្បីសុំការអភ័យទោស ជុំវិញការផ្សាយអត្ថបទរបស់ខ្លួនថា ស្ថាប័នខ្លួនមានការសោកស្ដាយដែលកើតមានការយល់ច្រឡំនានាពាក់ព័ន្ធនឹងអត្ថបទ«មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឱ្យតួកគី មិនមែន ជារឿងខុសឆ្គង» ចុះផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា៖ «សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វីអូឌី មានការសោកស្ដាយដែលកើតមានការយល់ច្រឡំនានាពាក់ព័ន្ធនឹងអត្ថបទ «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឱ្យ តួកគី មិនមែនជារឿងខុសឆ្លង»។
លិខិតដដែលបញ្ជាក់ថា៖ «វីអូឌី តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ជាថ្មីម្តងទៀត សារព័ត៌មានវីអូឌីសូមសំដែងការសោកស្ដាយ និងសូមអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គងណាមួយ ដោយអចេតនាដែលកើតឡើងទៅលើសម្តេចនាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណត»។
បើតាមCCIM បានបញ្ជាក់ដែរថា អត្ថបទដែលស្ថាប័នខ្លួនចុះផ្សាយ គឺផ្សាយក្រោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយច្បាប់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ អ្នកសារព័ត៌មានរបស់វីអូឌី បានទាក់ទងទៅអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបញ្ជាក់ពីដើមចមនៃការចេញសេចក្ដីថ្លែងការណ៍នោះនិងសាកសួរព័ត៌មានបន្ថែម។
ចំណែអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបដោយបញ្ជាក់ថា៖ «អ្នកសារព័ត៌មាន ហើយសមាសភាពអង្គការមិនមែនរដ្ឋាភិបាល គាត់ឆ្ងល់ ហើយគាត់វាយប្រហារទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហ្នឹង ដែលដូចជាគាត់ចុះហត្ថលេខាតំណាងសម្ដេចតេជោ ក្នុងការផ្តល់ជំនួយហ្នឹងនោះណា៎!»។
ជុំវិញការបិទស្ថាប័នVOD លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងនៅលើហ្វេសប៊ុកលោកថា ករណីបិទស្ថាប័នVOD គឺជាមេរៀនទៅដល់ស្ថាប័នផ្សព្វផ្សាយផ្សេងទៀត។ ហើយស្ថាប័នដែលមិនព្រមចុះការបំភ្លឺ អាចប្រឈមនឹងការដកអាជ្ញាបណ្ណដូចគ្នា។
លោក កាញារីទ្ធ ថ្លែងថា៖«តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង! មិនដឹងអ្នកណាជាអ្នកអោយយោបល់ VOD! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិនប្រើពាក្យ«សូមទោស»! ស្ថាប័នកាសែតប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ! តែក៏ជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ។ ស្ថាប័នដែលមិនព្រមចុះការបំភ្លឺរបស់គេអាចប្រឈមនឹងការដកអាជ្ញាប័ណ្ណដូចគ្នា»៕