កាលពីខែមុន ដោយបារម្ភជុំវិញសេចក្តីរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងមេរោគអេដស៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា គ្មានការរើសអើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជាទេ ខណៈលោកបញ្ជាក់ជាថ្មីថា នឹងមិនមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែមិថុនា ក្នុងឱកាសជួបសំណេះ សំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺថា មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០ករណីក្នុងឆ្នាំ២០២២ ដែលកើនឡើង៣០០ករណីធៀបនឹងឆ្នាំ២០២១។ ករណីភាគច្រើនដែលត្រូវបានរាយការណ៍គឺពាក់ព័ន្ធនឹងបុរសស្រឡាញ់ភេទដូចគ្នា។
លោកមានប្រសាសន៍ថា៖ «មានរឿងមួយដែលវាធ្ងន់ជាងកូវីដនោះ គឺជំងឺអេដស៍។ ខ្ញុំចេះតែឆ្ងល់ គេ (បុរសស្រឡាញ់ភេទដូចគ្នា) យកគ្នារបៀបម៉េចទៅ»។
លោកបានមានប្រសាសន៍បន្ថែមថា៖ «យើងក៏អត់មានរើសអើងទេការយកភេទដូចគ្នា ស្រីយកស្រី ប្រុសយកប្រុសនោះ ប៉ុន្តែអ្វីដែលជាកង្វល់ គឺការឆ្លងមេរោគថ្មីៗ ជំងឺអេដស៍ដែលកើតច្រើនជាមួយនឹងអ្នកយកភេទដូចគ្នា»។
លោក ហ៊ុន សែន បានជួបជាមួយកម្មករនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបានបញ្ជាក់ឡើងវិញថា កម្ពុជាមិនអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាទេ ប៉ុន្តែបាននិយាយថា ពួកគេនៅតែអាចស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាដោយគ្មានទោសទណ្ឌ។ តែយ៉ាងណាមិញ លោកបានព្រមានថា ពួកគេគួរតែការពារខ្លួនពីជំងឺឆ្លង។
លោកមានប្រសាសន៍ថា៖ «ប្រទេសរបស់យើងឲ្យសិទ្ធិស្របច្បាប់ [សម្រាប់អាពាហ៍ពិពាហ៍]ក៏មិនឲ្យ ហើយរារាំងឲ្យមានទោស ក៏មិនឲ្យមានដែរ។ យើងគោរពសិទ្ធិរបស់គេ តែយើងមិនចេញច្បាប់ [ដើម្បីអនុញ្ញាតឱ្យពួកគេមានសិទ្ធិក្នុងការរៀបការ]ទេ»។
សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមើលឃើញស្ថានភាពខុសពីនេះ។
ស៊ុន រស្មី អាយុ២៥ឆ្នាំ ដែលបញ្ជាក់ថា ខ្លួនគឺជាអ្នកស្រឡាញ់ភេទដូចគ្នាបាននិយាយថា បញ្ហាប្រឈមធំបំផុតសម្រាប់សហគមន៍របស់នាង គឺការរើសអើងពីក្រុមគ្រួសារ មិត្តភក្តិ និងសង្គម ជាពិសេសនៅពេលដែលមិនមានច្បាប់ស្តីពីការរៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ រស្មី បានបន្តទៀតថា ការរៀបការភេទផ្ទុយគ្នាត្រូវបានទទួលស្គាល់ ប៉ុន្តែអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា មិនត្រូវបានពិចារណា ឬឱ្យតម្លៃនោះទេ ដែលការនេះបង្ហាញពីគម្លាតនៃសិទ្ធិមនុស្ស។
រស្មី បាននិយាយថា៖ «អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាគួរតែមាន។ វាល្អសម្រាប់ពួកយើងដែលជាមនុស្សស្រឡាញ់ភេទដូចគ្នា។ វាមានន័យថាអាពាហ៍ពិពាហ៍របស់យើងត្រូវបានទទួលស្គាល់ដោយច្បាប់។ វាដូចជាការផ្តល់តម្លៃឱ្យយើង។ យើងជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ហើយក៏ជាផ្នែកមួយនៃសង្គមផងដែរ។ ខ្ញុំក៏ត្រូវការការទទួលស្គាល់ដូចគ្នា»។
នាងបាននិយាយថា ក្រៅពីការប្រឈមនឹងសម្ពាធពីសង្គម និងគ្រួសារបន្ទាប់ពីបង្ហាញមុខក្នុងនាមជាសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ភេទដូចគ្នាក៏ជួបប្រទះការរើសអើងផងដែរ ប្រសិនបើពួកគេមានជំងឺ រួមទាំងជំងឺអេដស៍។
នាងបាននិយាយថា៖ «មិនត្រឹមតែចំពោះអ្នកស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកដែលមានដៃគូភេទផ្ទុយគ្នាផងដែរ។ ប្រសិនបើពួកគេមានដៃគូច្រើន ហើយមិនការពារខ្លួន ឬមិនបានសិក្សាពីបញ្ហាសុខភាពផ្លូវភេទទេ នោះនឹងមានជម្ងឺ។ ដូច្នេះវាមានន័យថា នេះគឺជារឿងមួយដែលគ្រប់គ្នាត្រូវតែចេះការពារ មិនមែនត្រឹមសំដៅតែក្រុមណាមួយទេ ត្រូវដឹងពីរបៀបការពារនិងប្រយ័ត្នប្រយែង»។
សេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មដំណើរទស្សនកិច្ចរបស់ជំនាញការឯករាជ្យផ្នែកនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (IE SOGI) នៅប្រទេសកម្ពុជាបន្ទាប់ពីដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមករា អត្រារាលដាលនៃមេរោគអេដស៍មានកម្រិតខ្ពស់ក្នុងចំណោមស្ត្រីកែភេទ (៩,៦%) និងបុរសរួមភេទជាមួយបុរស (៤%) បើប្រៀបធៀបនិងប្រជាជនទូទៅ (០.៦%) ។
អ៊ុក ពុទ្ធបញ្ញា ជាសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបាននិយាយថា ការរើសអើងសង្គមលើអ្នកស្រឡាញ់ភេទដូចគ្នានៅតែមាន ហើយលោកមានការព្រួយបារម្ភជាពិសេសនៅពេលដែលរបាយការណ៍បង្ហាញថា ជំងឺអេដស៍កំពុងកើនឡើងក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា។
លោកបានបន្ថែមថា៖ «ជំងឺអេដស៍ មិនមែនកើតឡើងចំពោះតែមនុស្ស ស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះទេ។ វាអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ចឹងពលរដ្ឋដែលមិនដឹងច្បាស់ ពួកគាត់កាន់តែមានការរើសអើង [យើង] នៅពេលគេឮព័ត៌មាននេះ»។
លោកចង់ឃើញច្បាប់សមភាពអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីធ្វើឱ្យប្រាកដថា អ្នកស្រឡាញ់ភេទដូចគ្នាអាចអនុវត្តសិទ្ធិរបស់ពួកគេបានពេញលេញ និងអាចបង្ហាញថា ពួកគេជាដៃគូស្របច្បាប់។
ទោះជាយ៉ាងណា លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ ខេមបូចា ថា កង្វះច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា គឺអាស្រ័យលើបរិបទសង្គមក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ដោយច្បាប់នីមួយៗស្របតាមផលប្រយោជន៍ជាតិ ផលប្រយោជន៍សង្គម ប្រពៃណី វប្បធម៌ និងសាសនា។
លោកបានមានប្រសាសន៍ថា៖ «យើងគោរពសិទ្ធិរបស់ពួកគេ ហើយយើងចង់ការពារសិទ្ធិ និងសេរីភាពរបស់ពួកគេ ប៉ុន្តែយើងក៏ត្រូវគិតពីសង្គម និងថា តើវាទទួលយកបានកម្រិតណា។ ការធ្វើច្បាប់ដែលប៉ះពាល់ដល់សង្គមគឺខុស។ ច្បាប់របស់យើងផ្តល់ផលប្រយោជន៍ដល់សង្គម។ យើងត្រូវការពេលវេលា ដើម្បីអប់រំ និងយល់ពីផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។ យើងកំពុងស្ថិតក្នុងដំណើរការពិចារណា»។
លោកមានប្រសាសន៍ថា សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ឥឡូវនេះត្រូវបានគោរពយ៉ាងទូលំទូលាយនៅក្នុងសហគមន៍ និងសង្គមកម្ពុជា ដែលមានន័យថា អ្នកស្រឡាញ់ភេទដូចគ្នាមានសេរីភាពក្នុងការរស់នៅជាមួយគ្នាដូចមនុស្សមានភេទផ្ទុយគ្នា ហើយអាចមានលទ្ធភាពយកកូនពីសាច់ញាតិមកចិញ្ចឹមផងដែរ។
ទាក់ទិននឹងបញ្ហាផ្លូវភេទ លោកបានបន្ថែមថា ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសហគមន៍បានខិតខំប្រឹងប្រែងអប់រំប្រជាពលរដ្ឋ អំពីរបៀបរស់នៅជាមួយគ្នាជាដៃគូភេទដូចគ្នា និងបង្ការជំងឺកាមរោគ។
លោកបន្តថា៖ «ការអប់រំនេះនៅតែបន្ត ព្រោះយើងត្រូវគិតពីសុខភាពជាធំ។ អ្វីដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ គឺជាអ្វីដែលលោកគិតអំពីសុខភាពរបស់ពលរដ្ឋ ហើយអ្នកស្រឡាញ់ភេទដូចគ្នាក៏ជាពលរដ្ឋដែរ»។
លោក អ៊ុក វិជ្ជា នាយករងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រាប់ខេមបូចាថា បើ ប្រៀបធៀបការឆ្លងមេរោគអេដស៍រវាងបុរស និងស្ត្រីពីឆ្នាំ២០១០ ដល់ឆ្នាំ២០២១ អត្រាឆ្លងថ្មី ក្នុងចំណោមស្ត្រីបានថយចុះ៧២% ខណៈដែលអត្រាឆ្លងក្នុងចំណោមបុរសកើនឡើង៣៥% ។ ក្នុងចំណោមតួលេខកើនឡើងនេះ គឺមានយុវជនអាយុពី១៥ ដល់២៤ឆ្នាំ។
នៅក្នុងចំណោមអ្នកឆ្លងថ្មី ១៤ ០០០ករណី មាន៨៣% ស្ថិតនៅក្នុងក្រុមដែលមានហានិភ័យ ដែលរួមមានបុរសស្រលាញ់ភេទដូចគ្នា មនុស្សកែភេទ និងបុគ្គលិកផ្នែកសេវាកម្សាន្ត។
លោកបានបន្ថែមថា៖ «យើងមិនបានបន្ទោសពួកគេទេ ប៉ុន្តែយើងបានលើកទឹកចិត្តពួកគេឲ្យទទួលសេវា (ធ្វើតេស្តរកមេរោគអេដស៍)»។
លោក លឹម បូរិន អ្នកសម្របសម្រួលគម្រោង SOGIESC នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ខណៈប្រទេសកម្ពុជាមិនមានច្បាប់ហាមឃាត់ ឬដាក់ទណ្ឌកម្មអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយ ក៏នៅខ្វះច្បាប់ជាក់លាក់ ដើម្បីការពារពួកគាត់ផងដែរ។
លោកបានបន្ថែមថា អ្នកស្រឡាញ់ភេទដូចគ្នាអាចរស់នៅជាមួយគ្នា ឬរៀបការតាមបែបប្រពៃណី ប៉ុន្តែពួកគេមិនអាចទទួលបានការអនុញ្ញាតស្របច្បាប់ ដើម្បីធ្វើដូច្នេះបានទេ។ អាស្រ័យហេតុនេះ សិទ្ធិគ្រួសាររបស់ពួកគេ រួមទាំងការស្មុំកូនចិញ្ចឹម មិនអាចបំពេញបានពេញលេញនោះទេ។
លោកបានបន្ថែមថា៖ «សមភាពក្នុងច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្នេហ៍ភេទដូចគ្នា គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ ពួកគេភាគច្រើនជឿថា ច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាអាចរួមចំណែកលុបបំបាត់ ឬកាត់បន្ថយការរើសអើងចំពោះពួកគេ ក៏ដូចជាការអនុវត្តសិទ្ធិបង្កើតគ្រួសារពេញលេញ ដែលត្រូវបានការពារដោយច្បាប់»៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ PM Says No Need for Legalized Same Sex Marriage, But LGBTQ+ Community Says Otherwise