លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជា ដើម្បីកៀរគរថវិកា និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។
មូលនិធិថ្មីនេះនឹងផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន បន្ទាប់ពីមានការចោទប្រកាន់ថា ខេត្តភាគឦសានចំនួនបួននឹងត្រូវបាត់បង់ទៅប្រទេសវៀតណាមក្រោមកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ រដ្ឋាភិបាលបានចាប់ផ្តើមបង្កើតមូលនិធិនេះ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដី។
នៅប៉ុន្មានថ្ងៃមុនបាតុកម្ម ដែលគេរំពឹងទុកថាប្រឆាំងនឹងគម្រោង CLV-DTA មនុស្សជាង៣០នាក់រួមទាំងសមាជិកគណបក្សនយោបាយ និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស ត្រូវបានឃាត់ខ្លួន។ កាលពីយប់ថ្ងៃច័ន្ទសប្តាហ៍មុន យុវជនចំនួន១៦ដែលមានវត្តមាននៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកាគាំពារសង្គមដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជននៅសណ្ឋាគារមួយ ត្រូវបានចាប់ខ្លួន និងសាកសួរ ប៉ុន្តែត្រូវបានដោះលែងវិញតាំងពីថ្ងៃនោះមក។
ស្របពេលជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់«បងប្អូនជនរួមជាតិ»ដែលរួមមាន ឧកញ៉ាមន្ត្រីរដ្ឋាភិបាល និងសិល្បករ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានបរិច្ចាគថវិកា ដើម្បីចូលរួមក្នុងយុទ្ធនាការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចំពោះ«ការគាំទ្រយ៉ាងផុលផុស»ដល់រដ្ឋាភិបាល។
ក្នុងចំណោមអ្នកបរិច្ចាគទាំងនោះ មានគណៈសង្ឃពុទ្ធសាសនា គណៈមហានិកាយ ដែលបានចូលរួមបរិច្ចាគថវិកាចំនួន១៧០លានរៀល (ប្រមាណ ៤១ ៧០០ ដុល្លារ) សម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផងដែរ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ការរួមចំណែកនេះបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ ក្តីស្រឡាញ់ និងស្មារតីស្នេហាជាតិ តាមរយៈការអភិវឌ្ឍន៍តាមព្រំដែន ដើម្បីធានាការគាំពារ និងការការពារជាតិដ៏រឹងមាំ»។
លោក សេង ទៀង នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុករៀបចំយុទ្ធនាការកៀរគរថវិកានេះ បានប្រាប់ ខេមបូចា ថា សកម្មភាពកៀរគរថវិកានេះ គឺដើម្បីទាំងអស់គ្នាជួយរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្បែរព្រំដែនរបស់ប្រទេស។
លោកមានប្រសាសន៍ថា មានគណនីធនាគារចំនួន៦ សម្រាប់សាធារណជនបរិច្ចាគថវិកា ដោយលោកបានបន្ថែមថា យុទ្ធនាការនេះមិនមានពេលកំណត់ទេ។ លោក សេង ទៀង បានបញ្ជាក់ថា៖ «ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋចង់បរិច្ចាគ យើងនឹងទទួលយកដោយសារនេះ គឺការស្ម័គ្រចិត្ត មិនត្រូវបង្ខំទេ»។
នៅថ្ងៃដំបូងនៃយុទ្ធនាការ មាន«មនុស្សរាប់ពាន់នាក់»បានបរិច្ចាគប្រាក់។
លោក សេង ទៀង មិនបានដឹងថា តើថវិកានេះ គឺសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរីឬយ៉ាងណានោះទេ គ្រាន់តែដឹងថា នឹងមានការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ លោក សេង ទៀង មានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថា នឹងសាងសង់ផ្លូវនៅកន្លែងណាទេ ខ្ញុំគ្រាន់តែប្រមូលថវិកាទេ»។
ក្រៅពីការកៀរគរថវិកា មានយុទ្ធនាការប្តូរស៊ុមរូបភាពនៅលើហ្វេសប៊ុកផងដែរ។ កាលពីប៉ុន្មានខែមុន ប្រជាពលរដ្ឋ រួមទាំងគ្រូបង្រៀន និងសិស្សានុសិស្ស និងមន្ត្រីរដ្ឋាភិបាលបានប្រើប្រាស់ស៊ុមរូបភាពឌីជីថលដែលរចនាដោយក្រសួងនៅលើប្រូហ្វាល់បណ្តាញសង្គមរបស់ពួកគេ ជាការគាំទ្រចំពោះគម្រោង CLV ព្រែកជីកហ្វូណនតេជោ និងយុទ្ធនាការ «អរគុណសន្តិភាព»។
លោក ចាន់ ចេក ជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា លោកបានបរិច្ចាគ ២,៥០ដុល្លារដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្ហាញពីការគាំទ្ររបស់លោក និងសាមគ្គីភាព។
លោកបាននិយាយថា៖ «ការបរិច្ចាគនេះ គឺជាការរួមចំណែកដល់ប្រទេសជាតិរបស់យើង។ ទោះបីវាមិនច្រើនក៏ដោយ ខ្ញុំចង់ចូលរួមក្នុងនាមជាពលរដ្ឋ ដើម្បីកសាងប្រទេសរបស់យើង»។
លោក សួន ទូច ជានិស្សិតច្បាប់ឆ្នាំទី៤ ជំនាញរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបរិច្ចាគថវិកាចំនួន២,៥០ដុល្លារអាមេរិក។ លោកនិយាយថា៖ «ខ្ញុំគិតថា យើងអាចបរិច្ចាគទៅរដ្ឋាភិបាលដោយផ្ទាល់ឬបរិច្ចាគទៅស្ថាប័ន ដែលធ្វើការឱ្យរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាពីប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍចក្ខុវិស្ស័យ»។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានចុះពិនិត្យតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តក្រចេះ និងមណ្ឌលគិរី ដែលជាដំណើរទស្សនកិច្ចដោយផ្ទាល់លើកដំបូងរបស់លោកទៅកាន់តំបន់ព្រំដែនចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «អ្នកដែលអាចការពារបូរណភាពទឹកដី ជាពិសេសនៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គឺជាប្រជាពលរដ្ឋ មិនមែនកងកម្លាំងប្រដាប់អាវុធនោះទេ។ ដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន គឺជារឿងចាំបាច់»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ ខេមបូចា ថា លោក ហ៊ុន ម៉ាណែត បានបង្កើតមូលនិធិនេះ បន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំបរិច្ចាគដល់រដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។
នាយករដ្ឋមន្ត្រីបានផ្តល់ឱកាសឱ្យគ្រប់គ្នាបានចូលរួមទូទាំងប្រទេស ដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះប្រទេសតាមរយៈការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។
លោក ប៉ែន បូណា បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលបាន និងកំពុងធ្វើការងារជាយូរមកហើយ ដើម្បីអភិវឌ្ឍព្រំដែន។ មានប៉ុស្តិ៍នគរបាល ផ្លូវថ្នល់ និងភូមិ។ ប្រជាពលរដ្ឋបានធ្វើការងារនេះ ហើយនឹងបន្តធ្វើដូច្នេះទៀត»។
លោកបានលើកឡើងថា ថវិកាដែលរៃអង្គាសបានប៉ុណ្ណា នឹងទទួលយកប៉ុណ្ណឹង សម្រាប់ការសាងសង់សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក និងផ្លូវ។ លោកបន្តថា៖ «នៅពេលដែលព្រំដែនរបស់យើងអភិវឌ្ឍ ប្រជាពលរដ្ឋកាន់តែច្រើននឹងមកហើយបង្កើត «របងរឹងមាំ» ដើម្បីការពារប្រទេស»។
យោងតាមលោក ប៉ែន បូណា បានឱ្យដឹងថា មូលនិធិនេះត្រូវបានបង្កើតឡើងបន្ទាប់ពី «ក្រុមជ្រុលនិយម»មួយក្តាប់តូចបានចោទប្រកាន់រដ្ឋាភិបាលថា បានប្រគល់ទឹកដីទៅឱ្យបរទេស។ លោកមានប្រសាសន៍ថា ឥឡូវនេះ ប្រជាពលរដ្ឋជាច្រើននៅទូទាំងប្រទេសកំពុងរួមកម្លាំងជាមួយរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដី។
លោក បូណា បានមានប្រសាសន៍ថា៖ «ដូច្នេះ សម្រាប់អ្នកដែលនិយាយថា ជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដី ហើយមិនចង់បាត់បង់ទឹកដី មកចូលរួមចុះ កុំបានតែនិយាយ»។
លោក យង់ គិមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងថា ការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិមានសារៈសំខាន់សម្រាប់តំបន់ដាច់ស្រយាល ទីដែលមានហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ប៉ុន្តែវាសំខាន់ផងដែរក្នុងការគ្រប់គ្រងមូលនិធិប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីធានានូវទំនុកចិត្តពីសាធារណជន។
លោក គិមអេង មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋគួរតែអាចទទួលបានព័ត៌មានទាំងអស់អំពីថវិកានេះ។ ព័ត៌មានគួរតែផ្សព្វផ្សាយជាសាធារណៈ។ វានឹងមានប្រយោជន៍ខ្លាំងណាស់ ប្រសិនបើ [រដ្ឋាភិបាល] គ្រប់គ្រងវាបានល្អ ព្រោះវានឹងធានាដល់ការអភិវឌ្ឍ។ វានឹងមិនមានគម្លាតរវាងតំបន់ទីប្រជុំជនក្រុង និងតំបន់ជនបទ ហើយវានឹងជំរុញឱ្យពលរដ្ឋកាន់តែច្រើនទៅរស់នៅតំបន់នោះ»។
លោក គិមអេង បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋផ្លាស់ទៅរស់នៅតំបន់ព្រំដែន វានឹងក្លាយជារបងការពារព្រំដែន។ លោកបានបន្តថា ស្របពេលជាមួយគ្នានេះ រដ្ឋគួរយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាព្រំដែនទាក់ទងនឹងការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាជាងការកសាងផ្លូវ តែមួយមុខព្រោះវា«មិនធានាបាននូវជីវភាពរស់នៅដ៏ប្រសើនោះទេ»។
លោកបានបន្ថែមថា៖ «ការអភិវឌ្ឍគួរតែធ្វើជាកញ្ចប់ដែលរួមមាន ទឹក ភ្លើង ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋឲ្យមានជីវិតកាន់តែប្រសើរឡើង។ ទាំងអស់នេះ រួមបញ្ចូលទាំងការប្រែក្លាយតំបន់ទាំងនោះទៅជាតំបន់ទាក់ទាញទេសចរផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Sets Up Fundraising Campaign For Citizens To Contribute To Border Development