នៅកណ្ដាលថ្ងៃក្ដៅហែង វេលាម៉ោងជាង២រសៀលថ្ងៃទី២៩ខែមេសា លើផ្លូវជាតិលេខ៥ចំនុចរង្វង់មូលច្រកចូលស្ទឹងបត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានយានយន្ដរាប់សិបគ្រឿងចតកកកុញបន្តកន្ទុយគ្នារង់ចាំឱ្យសមត្ថកិច្ចត្រួតពិនិត្យ ដើម្បីបានចេញចូលក្រុងប៉ោយប៉ែត។អ្នកខ្លះបានចូលក្រុងអ្នកខ្លះត្រូវត្រឡប់ថយក្រោយ រីឯកអ្នកមួយចំនួនទៀត ត្រូវរៀបចំផ្ទេរទំនិញជិតទីតាំងត្រួតពិនិត្យនោះ។
ញើសហូរជោគអាវ ពាក់ម៉ាស់ជិត ឃើញតែប្រឡង់ភ្នែក មន្ត្រីនគរបាលមួយរូបឈ្មោះវុធ និយាយថា ក្រុមការងាររបស់លោកប្រចាំការនៅគោលដៅនេះអស់រយៈពេល២ថ្ងៃមកហើយដោយត្រូវយាមពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច។ លោកបន្តថា អ្នកដំណើរចូលក្រុងប៉ោយប៉ែតត្រូវមានឯកសារចេញចូល និងត្រូវចុះពីលើយានយន្ដឱ្យនគរបាលថតរូបមុន ដើម្បីកំណត់អត្តសញ្ញាណអ្នកដំណើរ ។
លោក វុធ និយាយថា៖« បើគ្មានលិខិតអនុញ្ញាតឬការចាំបាច់ ដូចជាករណីមានជំងឺអីទេ យើងអត់ឱ្យចូលទេយើងឆែកគ្រប់ឡាន»។
អាជ្ញាធរខេត្តបន្ទាយមានជ័យផ្ដើមបិទខ្ទប់ការចេញចូលក្នុងក្រុងប៉ោយប៉ែត ចាប់តាំងពីព្រឹកថ្ងៃទី២៤ខែមេសា បន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែច្រើន។ គិតត្រឹមថ្ងៃទី៣០ខែមេសា ខេត្តបន្ទាយមានជ័យបានបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣១៨នាក់ កំពុងរស់នៅក្រុងប៉ោយប៉ែត។ ក្រុងប៉ោយប៉ែត បានក្លាយជាក្រុងជាយដែនជាប់ព្រំប្រទល់ប្រទេសថៃ ដំបូងគេនៅកម្ពុជាដែលជំងឺកូវីដ១៩បានឆ្លងរីករាលដាលជាសហគមន៍ទ្រង់ទ្រាយធំ នៅចុងខែមេសា។ ការបិទខ្ទប់នេះនឹងធ្វើឡើងរហូតដល់ថ្ងៃទី០៩ ខែឧសភា។
អនុប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ វេជ្ជបណ្ឌិត រឿន សុធី ថ្លែងប្រាប់ខេមបូចាថា គ្រូពេទ្យរកឃើញអ្នកឆ្លងដំបូងជាបុរសជនបរទេស ដែលទៅរកសេវាព្យាបាលជំងឺសួត។លោកបន្តថា បុរសម្នាក់នោះ ចូលមកប្រទេសកម្ពុជានៅខែមិនា និងមានលិខិតបញ្ជាក់ថា បានធ្វើចត្តាឡីស័កត្រឹមត្រូវនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញហើយបានមកដល់ក្រុងប៉ោយប៉ែតតាំងពីថ្ងៃទី០៥ខែមេសា។ លោកបន្តថា ការផ្ទុះការឆ្លងរីលដាលជាសហគមន៍នៅប៉ោយប៉ែតនេះ កើតឡើងក្នុងចំណោមអ្នកធ្វើការនៅកាស៊ីណូ ។
លោក រឿន សុធី៖«យើងជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងចំណោមពលករមកពីប្រទេសថៃ ប៉ុន្តែបែរជាផ្ទុះនៅកណ្ដាលក្រុងទៅវិញ។ យើងបង្កើនការយកសំណាក និងធ្វើតេស្តរហ័ស ដើម្បីកំណត់អ្នកសង្ស័យជាមុន បន្ទាប់មកបញ្ជូនសំណាកទៅក្រសួង សុខាភិបាលពិនិត្យបន្តឈានទៅដល់ការព្យាបាល»។
លោកបន្តថា ក្នុងព្រឹត្តិការណ៍ឆ្លងជាសហគមន៍នៅប៉ោយប៉ែតនេះ អាជ្ញាធរបានយកសំណាកមនុស្សចំនួន២៥០១សំណាកគិតត្រឹមព្រឹកថ្ងៃទី១ខែឧសភា។ ខេត្តបន្ទាយមានជ័យ បានយកសំណាកសរុបចំនួនជាង៧២០០០សំណាក ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានកំណត់ការឆ្លងរីករាលដាលជំងឺកូវី១៩នៅប៉ោយប៉ែតជាការណ៍គួរឱ្យព្រួយបារម្ភ។ អាជ្ញាធរបានសម្រេចដាក់ផ្នែកខ្លះនៃសង្កាត់ចំនួន៣ជាតំបន់ក្រហម រួមមាន សង្កាត់ប៉ោយប៉ែតសង្កាត់ក្បាលស្ពាន និងសង្កាត់ផ្សារកណ្ដាល។

សប្បុរស្រអែមសក់ស្កូវ ស្មាលីអង្ករកន្លះការ៉ុងផងនោះ បុរសវ័យជាង៥០ឆ្នាំឈ្មោះ សំ សុផាត ជាអ្នកបើករថយន្តឈ្នួលពីទៅមក ប៉ោយប៉ែត-សិរីសោភ័ណ្ឌ។ លោកប្រាប់ថា អង្ករនៅលើស្មានេះ ជាអង្ករដែលភ្ញៀវផ្ញើឱ្យលោកដឹកយកទៅឱ្យកូនគេ រស់នៅក្នុងក្រុងប៉ោយប៉ែត។ រថយន្តរបស់លោក មិនអាចបើកចូលក្រុងប៉ោយប៉ែតបាននោះទេ ដូច្នេះលោកត្រូវ ជញ្ជូនអីវ៉ាន់ម្តងមួយៗដើម្បីដោះដូរនៅបារ៉ាស់បិទផ្លូវ។
លោក សំ សុផាត៖ «តាំងពីគេបិទមកខ្ញុំ ដឹកតែអីវ៉ាន់មកទេ ដឹកមកដល់ប៉ារាស់(រនាំង) អ្នកខាង ក្នុងគេចេញមកយក។ អីវ៉ាន់គ្មានអីក្រៅពីអង្ករ ម្ហូបចំណី ខ្លះមានផ្លែស្វាយ មានត្រីងៀតអីចឹងទៅ អ្នកខាងស្វាយ(សិរីសោភ័ណ្ឌ)គេផ្ញើឱ្យបងប្អូនកូនចៅគេដែលនៅក្នុងក្រុងខ្លាចអត់អីហូប ឬឡើងថ្លៃ»។
បុគ្គលិកកាស៊ីណូមួយកន្លែងនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កញ្ញា ចាន់ ជាតា ថ្លែងប្រាប់ខេមបូចា តាមទូរសព្ទថា កញ្ញាកំពុងជាប់ធ្វើចត្តាឡីស័កនៅក្នុងកន្លែងធ្វើការ ដោយនាងធ្វើតេស្តដំបូងទទួលលទ្ធផលអវិជ្ជមាន ។ កញ្ញាបន្តថា ទន្ទឹមនឹងខ្លាចឆ្លងជំងឺនាងក៏បារម្ភខ្លាចដាច់ស្បៀងដែរ ។
កញ្ញា ចាន់ ជាតា ៖«ផ្ទុះភ្លាមៗ ខ្ញុំរកទៅទិញអីវ៉ាន់អីទុក តែស្រាប់តែឡើងថ្លៃគ្រប់មុខ តាំងពីពងទា មីត្រីខ អង្ករអីហ្នឹង ដល់អីចឹងទៅ ខ្ញុំទិញដែរតែទិញបានតិចតួចប៉ុណ្ណោះព្រោះប្រាក់ខែមិនទាន់បើកអត់លុយ។ អាជ្ញាធរមកប្រាប់ដែរថា ពួកគាត់ចែកស្បៀងឆាប់ៗនេះហើយ»។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រពន្ធ័កម្ពុជា លោក ឌិន ពុទ្ធី ឱ្យដឹងថា លោកមានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែតដែរ តែភូមិរបស់លោកមិនទាន់ត្រូវដាក់ឱ្យស្ថិតក្នុងតំបន់ក្រហមនៅឡើយ។ លោកស្នើឱ្យអាជ្ញាធរផ្ដល់ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះទូទៅដោយគ្មានការរើសអើង ។
លោក ឌិន ពុទ្ធី៖ «តាំងពីកូវីដ១៩ផ្ទុះមកខ្ញុំអត់ចំណូលសុទ្ធតែម្ដង ឃើញអាជ្ញាធរចែកអំណោយដែរ តែគេជួយតែគ្នាគេបងប្អូនគេ សម្រាប់ពួកខ្ញុំដែលធ្វើការងារលើកស្ទួយសិទ្ធិអ្នករកស៊ីក្រៅប្រព័ន្ធអីនោះគេមិនឲ្យទេ។សូមស្នើអាជ្ញាធរប៉ោយប៉ែតផ្ដល់ជំនួយឲ្យអ្នកខ្វះខាតកុំឱ្យមានការរើសអើងនិន្នាការនយោបាយ»។
ទោះជាបែបណាក្ដីអភិបាលក្រុងប៉ោយប៉ែត លោក គៀត ហ៊ុល មានប្រសាសន៍ថា អាជ្ញាធរចែកស្បៀងជូនប្រជាពលរដ្ឋមិនប្រកាន់និន្នាការឡើយ ។លោកថា ការផ្ដល់ស្បៀងជូនប្រជាពលរដ្ឋជាការងារអាទិភាពចម្បងមួយដែលអាជ្ញាធរចាំបាច់ត្រូវធ្វើពេលនេះ។
លោក គៀត ហ៊ុល៖ «យើងចែកស្បៀងតាមរូបមន្ត រាប់ចំនួនមនុស្សជាក់ស្ដែង ដូច្នេះ គ្រួសារណាមានសមាជិកប៉ុន្មានយើងជូនតាមហ្នឹង ដោយគិតស្បៀងសម្រាប់ហូប២អាទិត្យ។ យើងធានាថាមិនឱ្យពួកគាត់ខ្វះស្បៀងទេពិសេសគឺអង្ករ ចំពោះម្ហូបចំណីអាចនឹងខ្វះខាត តែអាជ្ញាធរព្យាយាមជួយពលរដ្ឋអស់ពីលទ្ធភាព»។
លោកគៀត ហ៊ុល ឱ្យដឹងថាអាជ្ញាធរផ្ដល់ជំនួយជូនពលរដ្ឋជាង៥០០នាក់រួចហើយកាលពីថ្ងៃទី២៩មេសានិង គ្រោងផ្ដល់ជំនួយជូនពលរដ្ឋចំនួន៣ពាន់នាក់ទៀតនៅថ្ងៃទី០១ឧសភា។
អភិបាលក្រុងរូបនេះបានបន្ថែមថា រដ្ឋបាលក្រុងបានរៀបចំអគារសម្រាប់ព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនិងអគារសម្រាប់ធ្វើចត្តាឡីស័កនៅបួនទីតាំង ដែលមានគ្រែសម្រាកចំនួនសរុបប្រមាណជាង១ពាន់គ្រែ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំឱ្យប្រមូលទិញទំនិញចាំបាច់មួយចំនួនរួមមាន មី អង្ករត្រីខ និងពងទា សម្រាប់ដាក់លក់ជូនប្រជាពលរដ្ឋ។
លោក គៀត ហ៊ុល អះអាងថា៖ «ទំនិញទាំងអស់ដែលយើងលក់គឺថោកជាងនៅទីផ្សារ។ឧទាហរណ៍ពងទា ខាងឈ្មួញធម្មតាលក់១០គ្រាប់៦ពាន់រៀលទៅ៨០០០រៀល តែអាជ្ញាធរលក់ខ្ទង់១០គ្រាប់៤ពាន់៥រៀលទេ។យើងបានទទួលជំនួយពីសប្បុរសជននានាជួយចេញខាតក្នុងគ្រាដ៏លំបាកនេះ»។
សេចក្ដីជូនដំណឹងរបស់សាលាខេត្តបន្ទាយមានជ័យ កំណត់ឱ្យអ្នករស់នៅក្នុងតំបន់ក្រហមទាំងអស់ត្រូវរស់នៅក្នុងផ្ទះ មិនអនុញ្ញាតឱ្យចេញក្រៅបរិវេណកំណត់នោះទេ។ ចំពោះអ្នកផ្សេងទៀតអាចចេញក្រៅធ្វើដំណើរទៅមកក្នុងក្រុងបានតែមិនអនុញ្ញាតឱ្យចេញក្រៅក្រុង។
តាមការសង្កេតជាក់ស្ដែង នៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងប៉ោយប៉ែតគឺ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ជាងមុន។ ភោជនីយដ្ឋាន ហាងកាហ្វេទំនើបមួយចំនួន បំពាក់ម៉ាស៊ីនវាស់កំដៅ និងទឹកអាល់កុល ព្រមទាំងផ្ដល់ជូនម៉ាស់សម្រាប់អតិថិជន ខណៈដែលភោជនីយដ្ឋានខ្លះលក់ត្រឹមអាហារខ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែនៅតាមតូបលក់ដូរសាមញ្ញនៅតែរក្សាទម្លាប់ចាស់ដដែល។ នៅតាមផ្សារនានាក្នុងក្រុងមានសភាពស្ងប់ស្ងាត់ខុសពីមុនពេលផ្ទុះជំងឺ ឯទំនិញពងទា ត្រីខ មី និងអង្ករ បានឡើងថ្លៃចាប់ពី២០%ឡើងទៅ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចជាបន្តបន្ទាប់ដោយជូនដំណឹង ស្នើកុំឱ្យទំនិញឡើងថ្លៃ ប្រកាសផ្អាកកាស៊ីណូ និងរឹតបន្តឹងផ្នែកសន្តិសុខ។ សេចក្ដីជូនដំណឹងទាំងនោះសុទ្ធតែបញ្ជាក់ថា នឹងអស់សុពលភាពនៅពេលដែលមានការជូនដំណឹងជាថ្មី។
គិតត្រឹមថ្ងៃសៅរ៍ទី០១ ខែឧសភា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ ចំនួន១៣២៣៧ករណី ក្នុងនោះមានអ្នកស្លាប់៩៦នាក់។ ចំនួនឆ្លងសរុបមាន ១៣៧៩០ករណី គិតចាប់ពីមានការផ្ទុះការឆ្លងរាលដាលកូវីដ១៩ តាំងពីដើមឆ្នាំ២០២០មក៕