សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋក្រុងប៉ោយប៉ែតបារម្ភអំពីការលិចលង់ផ្ទះ ស្រែចម្ការ ដោយសារអាងស្តុកទឹករបស់ឧកញ៉ាម្នាក់

អាងស្តុកទឹក អូរខៃដន របស់ក្រុមហ៊ុនអានកូ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាទីតាំងធ្លាប់បាក់ទំនប់បណ្តាលឱ្យជន់លិចផ្ទះសម្បែង និងស្រែចម្ការពលរដ្ឋ។ រូបថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
អាងស្តុកទឹក អូរខៃដន របស់ក្រុមហ៊ុនអានកូ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាទីតាំងធ្លាប់បាក់ទំនប់បណ្តាលឱ្យជន់លិចផ្ទះសម្បែង និងស្រែចម្ការពលរដ្ឋ។ រូបថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានការព្រួយបាម្ភជាថ្មី​អំពីការ​លិចលង់​ផ្ទះសម្បែង ស្រែចម្ការ ដោយសារតែការស្តុកទឹកទុករបស់ក្រុមហ៊ុនអានកូ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា កុក ​អាន សមាជិកព្រឹទ្ធសភា ដែលមានទីតាំងស្ថិតក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋព្រួយបារម្ភអំពីការលិចលង់នាររដូវវស្សា ហើយពលរដ្ឋទាំងនោះក៏បាន​ត្អូញត្អែរ​ទៀតថា ពួកគេមិនមានទឹកធ្វើស្រែប្រាំងឡើយ ដោយសារក្រុមហ៊ុនបង្ខាំងទឹកទុកដើម្បី​លក់ឱ្យ​ពួកគេ។

បើតាមលោកជី បារាំង អាយុ៣៧ឆ្នាំ ជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ឱ្យតែដល់រដូវវស្សា​ដីស្រែចម្ការ ផ្ទះសម្បែង នៅតំបន់របស់​លោកតែងតែលិចលង់ ហើយរយៈពេលច្រើនឆ្នាំមកហើយ  បញ្ហានេះមិនទាន់មាន​ដំណោះ​ស្រាយនៅឡើយ។​

ក្រៅតែពីការលិចលង់ដីស្រែនារដូវវស្សា កសិកររូបនេះបន្តថា ពួកគេមានការពិបាក​ក្នុងការ​ធ្វើស្រែប្រាំងខ្លាំងណាស់ ដោយសារតែក្រុមហ៊ុនរបស់អ្នកមានអំណាចមួយនេះ យកអាងស្តុក​ទឹកធម្មជាតិធ្វើជាអាជីវកម្មទឹកស្អាត សម្រាប់លក់ទឹកឱ្យពលរដ្ឋប្រើប្រាស់ទៅវិញ។

លោក បារាំង រៀបរាប់ទាំងខកចិត្តថា៖ «លិចជាប់រហូតអត់មានពេលណាមិនលិចទេ តែធ្វើ ស្រែ​ក៏មិនបានដែរ តែធ្វើលិច»។  លោកបន្តថា៖ «ដល់ពេលត្រូវការទឹក គេបិទទឹកអត់ឱ្យប្រើទេ ទោះជាសំណូមពរយ៉ាងណាក៏អត់ដែរ។ ហើយប្រជាជនយើងងាប់រស់ដោយសារទឹក ហ្នឹង ហើយ ខាតជំពាក់លុយរដ្ឋដោយសារទឹកដែរ ចង់ដាំបន្លែក៏អត់កើតដែរលិចរហូត»។ 

ប្រជាកសិកររូបនេះ បញ្ជាក់ថា វស្សាឆ្នាំនេះលោកមានការព្រួយបារម្ភខ្លាំងជាងឆ្នាំមុនៗ ដោយសារតែខ្លាចទឹកធំ ព្រោះក្រុមហ៊ុនអានកូ មិនបានធ្វើអាងទឹកប្រកបដោយស្ដង់ដារទេ គឺបានលុបផ្លូវទឹកចាស់ ទើបខែវស្សាមកទឹកចាល់ខ្លាំងនៅអាងស្តុកទឹកនោះ ទើបបណ្ដាល​ឱ្យបាក់ទំនប់ជន់លិចនារដូវវស្សា។

លោក បារាំង ឱ្យដឹងថា៖ «អានកូហ្នឹងអត់ថាធ្វើកន្លែងណាច្បាស់លាស់ គាត់បំបាត់ផ្លូវចាស់ពី​ដើមមក ដល់អ៊ីងចឹងទឹកវាចាល់នៅហ្នឹង ហើយវាលិចប្រជាជនហើយ។​ ពេលដាំបាយលិច​ទឹក​មក លើកចង្រ្កានបាយមិនទាន់ទេ»។

ថ្វីបើប្រជាជនប្រទះនឹងបញ្ហាដូច្នេះមែនក្ដី លោក បារាំង អះអាងថា អាជ្ញាធរមិនបាននៅ​ខាង​ប្រជាជន ដើម្បីស្វែងរកដំណោះស្រាយរឿងខ្វះទឹកធ្វើស្រែ និងភ្លៀងបាក់ទំនប់នេះឡើយ។ លោកបារាំង បន្តថា អាជ្ញាធរមិនហ៊ានតតាំងជាមួយក្រុមហ៊ុនអ្នកមានអំណាចឡើយ ហើយ​លោកពិតជាអស់សង្ឃឹមមិនដឹងពឹងអ្នកណានោះទេ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «គេអត់ដឹងរឿងទេ អត់ដឹងថាទឹកលិចចំណុចណាៗ។​ តែមុខគេ​មិនចង់មើលផង គេអត់ខ្វល់បណ្ដោយ គេខ្លាចអានកូ»។

កសិករវ័យ៣៧ឆ្នាំរូបនេះ បន្ថែមថា គ្រួសារលោកធ្លាក់ខ្លួនជំពាក់ធនាគារដោយសារ​តែ​ក្រុមហ៊ុនអានកូ។ លោកពន្យល់ថា នៅពេលដែលធ្វើស្រែចម្ការគឺលោកទៅខ្ចីលុយធនាគារ​ដើម្បីយកដើមទុនធ្វើស្រែ ដូចជាទិញពូជស្រូវ ជួលស្រែ ទិញជី ជាដើម។ ហើយនៅពេលជិត​ដល់ពេលប្រមួលផល ស្រាប់តែជួបគ្រោះទឹកជំនន់ដោយសារ​បាក់ទំនប់ទឹករបស់ក្រុមហ៊ុន​អានកូ ដូច្នេះជីវភាពគ្រួសារលោកពិតជាពិបាកខ្លាំង តម្រូវឱ្យលោកដើរស៊ីឈ្នួលបេះបន្លែ ធ្វើ​ការសំណង់ និងរកត្រីជាដើម។

លោកបញ្ជាក់ថា៖ «បើធ្វើតិចអស់តិច បើធ្វើច្រើនអស់ច្រើន យើងយកលុយអង្គការ៨០ម៉ឺនបាត ដល់ពេលត្រូវការច្រូតហៅមាស៊ីនច្រូត គេប្រលែងទឹកមកវាមិនលិចអស់? ហើយខ្ញុំទៅរែកដី​ឱ្យគេទៅ ទៅបេះបន្លែ​យកលុយហ្នឹងទៅបង់អង្គការ»។

យ៉ាងណាមិញ ពលរដ្ឋរូបនេះ ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យជួយដោះស្រាយបញ្ហា​នេះជាចម្បង ដើម្បីកុំឱ្យមានការលិចលង់ស្រែចម្ការ ផ្ទះសម្បែង ដាច់ផ្លូវធ្វើដំណើរ លិចលង់​សាលារៀនដូច្នេះទៀត។

ទ្វារទឹកមួយកន្លែង ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងបោយប៉ែត។ រូបថតថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

​ចំណែកអ្នកស្រីថន ចន្ធី អាយុ៣៣ឆ្នាំ​ ជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ទំនប់ទឹកនេះគឺតែងតែបាក់លិចផ្ទះសម្បែង ស្រែចម្ការ​របស់​ប្រជាជនរាល់ឆ្នាំ។ អ្នកស្រីមានការព្រួយបារម្ភថា ឆ្នាំនេះនឹងមានការបាក់ទំនប់ទៀតធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់ផ្ទះសម្បែងអ្នកស្រី។

អ្នកស្រី ចន្ធី អះអាងថា៖ «បារម្ភថាលិចហ្នឹងឯង លិចរាល់ឆ្នាំ គេធ្វើទំនប់ទប់ទឹកផង ទឹកមកពីលើផង។ លិចខាងសុខសាន្ត សន្តិភាព ខាងម៉ាឡៃអ៊ីងចឹងណា»។

អ្នកស្រីបន្ថែមថា ក្រុមហ៊ុនអានកូ បានធ្វើទំបន់ទឹកបិទផ្លូវទឹកចាស់ ទើបទឹកមិនអាចហូរទៅ ទន្លេបាន ហើយចាល់នៅតែមួយកន្លែង រហូតបាក់ទំនប់លិចផ្ទះអ្នកស្រីត្រឹមចង្កេះដែល​បង្ខំ​ឱ្យអ្នកស្រីរត់ទៅនៅវត្ត។

មិនខុសពីពលរដ្ឋខាងលើ លោកចាន់ ធី អាយុ៣៣ឆ្នាំ រស់នៅសង្កាត់និមិត្ត បានលើកឡើង​ស្រដៀងគ្នាថា ទឹកជំនន់ដែលជន់លិចរាល់ឆ្នាំ គឺបណ្ដាលមកពីក្រុមហ៊ុនអានកូធ្វើ​អាងស្តុកទឹក​បិទផ្លូវទឹកចាស់ ទើបរដូវវស្សាទឹកឡើងច្រើនបណ្ដាលឱ្យបាក់ទំនប់ទឹកប៉ះពាល់ដល់ការ​រស់​នៅរបស់ប្រជាពលរដ្ឋ។

លោក ធី អះអាងថា៖ «អត់ផ្លូវទឹកហូរចុះមកក្រោមហ្នឹង បានទឹកវាចាល់បានបាក់ទំនប់​លិចផ្ទះ​អ្នកស្រុកអ្នកភូមិហ្នឹងបាទ»។

គួរជម្រាបថា អូរខៃដន ជាអាងវិនិយោគដោយក្រុមហ៊ុនអានកូ សម្រាប់ផ្គត់ផ្គង់ទឹកស្អាត​នៅទី​ប្រជុំជនប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ត្រូវ​ស្តុក​ទឹក​នៅ ស្រុក​ម៉ាឡៃ។

ជុំវិញបញ្ហានេះ​ អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហុល បានបដិសេធ​មិនបកស្រាយ​នឹង​សំណួរអ្នកសារព័ត៌មានខេមបូចា ដោយលោកឆ្លើយថា៖«សុំមិននិយាយ»។

ទន្ទឹមនឹងនេះ​ចៅសង្កាត់រងក្នុងសង្កាត់និមិត្ត គឺលោក ម៉ែ ណន មិនផ្តល់ការអត្ថាធិប្បាយ​ច្រើនទេ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា អាជ្ញាធរមិនដែលព្រងើយកណ្ដើយទេ តែងតែធ្វើការ​ដោះស្រាយជួនប្រជាពលរដ្ឋ។

ចំណែកមេភូមិសុខសាន្ត គឺលោក រី សុវណ្ណ ថ្លែងប្រាប់ខេមបូចាថាការលិចនេះគឺលិចជា​រៀងរាល់ឆ្នាំ ហើយអស់រយៈពេលជាង ២០ឆ្នាំហើយ ដែលភូមិនេះជួប​ផលលំបាក។ ប៉ុន្តែ​រយៈពេលជិត២ឆ្នាំនេះ លោកបានធ្វើផ្លូវមួយខ្សែនៅខាងលិចភូមិ ដើម្បីកុំឱ្យទឹកលិចភូមិ កុំឱ្យដាច់ផ្លូវ។ ហើយការធ្វើផ្លូវនេះ គឺលោកចំណាយថវិកា និងដីផ្ទាល់ខ្លួនដែលចម្ងាយ ៣២០ ម៉ែត្រ ហើយថវិកាគឺអស់ជាង ១ម៉ឺនដុល្លារ។

លោក សុវណ្ណ រៀបរាប់ថា៖«បើនិយាយឱ្យចំ គឺលិចដោយសារទំនប់អូខៃដននេះ​ឯង។ ក្នុងភូមិ​នេះ តាំងពីធ្វើផ្លូវខាងលិចភូមិនេះទៅ គឺដូចកោះអ៊ីចឹងឯង។ យើងមិនធានាបានទេ ទាល់តែ​ថ្ងៃ​ណាមួយ បើសិនជាទឹកនោះវាហួសជ្រុលទៅ និងធ្វើបាក់ផ្លូវដែលខ្ញុំធ្វើទៅ វាអាចនឹងប៉ះពាល់​ដល់ភូមិ»។

យ៉ាងណាមិញលោកមេភូមិបញ្ជាក់ថា ទំនប់អូរខៃដន​ គឺលិចជារៀងរាល់ឆ្នាំ តែមិនមែន​ដោយសារតែបាក់ទំនប់ទេ គឺទឹកវាច្រាល់ ព្រោះភូមិសុខសាន្ត គឺនៅខាងលើទំនប់។ ដូច្នេះ ពេលដែលទឹកឡើងខ្លាំងទៅលិចភូមិ ហើយទៅច្រាល់នៅនឹងទំនប់នោះ ហើយនាំឱ្យមាន​ការលិចភូមិ។

លូបង្ហូរទឹកមួយកន្លែង ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងបោយប៉ែត។ រូបថតថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ច័ន្ទគា បានលើកឡើងថា អាងស្តុកទឹកអូរខៃដន ជាកម្មសិទ្ធរបស់ក្រុមហ៊ុនអានកូ ហើយចាប់តាំងពីមានទំនប់ទឹកនេះមក គឺតែងតែកើតមានបញ្ហាជារឿយៗចំពោះពលរដ្ឋ ដូចជា​ខ្វះទឹកប្រើប្រាស់នារដូវប្រាំង ហើយជនលិចនារដូវវស្សា។ លោកបន្ថែមថា ថ្វីបើបញ្ហា​នេះ​កើតមានជារឿយៗក៏ពិតមែន ប៉ុន្តែដំណោះស្រាយហាក់មិនមានភាព​ដាច់ស្រេច​ជូន​ពលរដ្ឋឡើយ។

លោកថ្លែងថា៖ «រាល់ឆ្នាំដោះស្រាយដូចជាចក ច្រានទៅច្រានមក មិនធ្វើឱ្យមាននិរន្តរភាព ហើយបញ្ហាគឺកើតមានដដែលៗ ព្រោះយើងមើលឃើញថាទាំងអស់ហ្នឹង​ជាតួនាទី​របស់​អាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋ»។

លោក ច័ន្ទគា បន្តថា លោកគាំទ្រចំពោះការអភិវឌ្ឍដើម្បីឱ្យសម្រួលការរស់នៅរបស់ប្រជាជន ប៉ុន្តែបើការអភិវឌ្ឍនោះបម្រើតែប្រយោជន៍បុគ្គល ហើយធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ​ជា​ច្រើន នោះអាជ្ញាធរដែលជាអំណាចរដ្ឋ ត្រូវតែដោះស្រាយជូនពលរដ្ឋកុំឱ្យមានការ​កើតឡើង​ម្ដងហើយម្ដងទៀតដូច្នេះ។

លោកថា៖ «គ្រាន់តែជាក្រុមហ៊ុនមួយទេ គ្មានអ្នកណាមួយដែលធំជាងអំណាចរដ្ឋទេ ដែល​ត្រូវធ្វើការសម្រេច យកចិត្តទុកដាក់ប្រជាពលរដ្ឋ។ លើកលែងតែអាជ្ញាធរនោះ​ស្ថិតនៅក្នុង​បក្ស មានន័យថាស្ថិតក្នុងគំនាប ខ្លាចប៉ះពាល់ដល់មេដល់កើយ»។ លោកថា៖ «ការអភិវឌ្ឍ​គេត្រូវមើលថាប៉ះពាល់ទៅលើភាពរស់រានមានជីវីត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សអត់ ឧទាហរណ៍ថា លិចស្រែលិចចម្ការ សួរថាវាប៉ះពាល់មនុស្សទេ? ចឹងរាល់ការអភិវឌ្ឍ​ក៏គេមិនអនុញ្ញាតឱ្យដែរ»។

អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅតំណាងក្រុមហ៊ុនអានកូ ជាច្រើនខ្សែ ដើម្បីសាក​សួរ​អំពីបញ្ហាទឹកនៅតំបន់ប៉ោយប៉ែត ប៉ុន្តែមិនទទួលបានចម្លើយឡើយ។

ចំណែកលោក យឹម ប៊ុនរ៉ុង ប្រធានមន្ទីរធនធានទឹកប្រចាំខេត្តបន្ទាយមានជ័យ នៅពេលអ្នកសារព័ត៌មានបានទាក់ទងទៅ និងបានសាកសួរពីបញ្ហាខ្វះទឹកនារដូវប្រាំង និងការជន់លិចនារដូវវស្សា ដោយសារតែការបិទផ្លូវទឹករបស់ក្រុមហ៊ុនទឹកស្អាតអានកូ លោកមិនបានឆ្លើយតបឡើយ ដោយនិយាយថា មិនឮ រួចក៏ចុចបិទបាត់។ ថ្វីបើយ៉ាងនេះក្ដី អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅម្ដងហើយម្ដងទៀត តែមិនលើកទូរសព្ទឡើយ។

ទន្ទឹមនឹងនេះ​ លោកស្រី រស់ សុផានី អ្នកនាំពាក្យភិបាលខេត្តបន្ទាយមានជ័យ មិនបានទទួល​ទូរសព្ទឡើយ ដោយខលទៅមិនលើក។ គួររំលឹកដែរថា កាលពីឆ្នាំកន្លងទៅ ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន  និងស្រែចម្ការ​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ពួកគាត់​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាបន្តបន្ទាប់​មក​នេះ គឺ​បណ្តាល​មកពី​ក្រុមហ៊ុន​អានកូ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ផលិត​ទឹកស្អាត​នៅ​ក្រុងប៉ោយប៉ែត បាន​បិទផ្លូវទឹកមិនឱ្យ​​ទឹក​ហូរ​ចេញរហូតទឹកច្រាល់ខ្លាំងបាក់ទំនប់លិចលង់ដូច្នេះ៕

426 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម