អាជ្ញាធរអះអាងថា អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋអស់៨០ខ្នង ប៉ុន្តែប្រជាពលរដ្ឋរងគ្រោះបញ្ជាក់ថាមានប្រមាណជាង ២០ខ្នងតែប៉ុណ្ណោះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ជាទីតាំងដែលសាលារាជធានីភ្នំពេញធ្លាប់ស្នើឲ្យផ្លាស់ប្តូរទីលំនៅ។
អគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោងប្រហែល ៦:៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទល់មុខក្រសួងការពារជាតិ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងធ្លាប់ត្រូវបានចចារឲ្យរើសចេញតាមគោលនយោបាយសំណងរបស់រដ្ឋាភិបាល។
បើទោះបីជាអ្នកភូមិព្យាយាមបាញ់ទឹកពន្លត់ដើម្បីកុំឲ្យរាលដាលកាន់តែខ្លាំង និងជញ្ជូនសម្ភារៈចេញក៏ដោយ ក៏អណ្ដាតភ្លើងពណ៌ក្រហមបានឆេះយ៉ាងសណ្ធោសណ្ធៅលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដោយបន្សល់នៅតែគំនរផេះធ្យូងពណ៌ខ្មៅ និងផ្សែងមួយចំនួន។
ប្រជាពលរដ្ឋប្រឹងជញ្ជូនសម្ភារៈចេញមកក្រៅយ៉ាងឆោឡោ នៅបរិវេណភ្លើងឆេះជាប់ផ្លូវរទេះភ្លើង មានភួយ ពួក ទូរទឹកកក ម៉ូតូ និងសម្ភារៈផ្សេងទៀត ដែលត្រូវបានយកចេញពីផ្ទះរបស់ពួកគាត់ដែលមិនភ្លើងមិនទាន់ឆេះដល់។
អ្នកស្រី ប៉ោង គឹមហួន អាយុ ៥៦ឆ្នាំ ជាជនរងគ្រោះម្នាក់ដែលរស់នៅទីនោះ២០ឆ្នាំជាង បាននិយាយថា ភ្លើងចាប់ផ្ដើមឆេះតាំងពីម៉ោងជាង ៦:០០ព្រឹកមកម្ល៉េះ ដោយឆេះអស់ប្រហែល ២០ផ្ទះ ពេលគាត់ក្រោកពីដំណេកដើម្បីរៀបចំបោកខោអាវ។
អ្នកស្រី គឹមហួន ឲ្យដឹងថា៖ «ពេលឃើញអ៊ីចឹង ខ្ញុំស្លន់ភ្លេចអស់ហើយ រកនិយាយអីមិនកើតទេ ឡើងទន់ដៃទន់ជើងដួលអស់ក្បាលជង្គង់ របស់ខំរកត្រូវរលាយមួយពព្រិចភ្នែកគ្មានសល់សូម្បីបន្តិច»។
ភ្លើងឆេះកាន់តែខ្លាំងឡើងៗមុនប្រជាពលរដ្ឋនាំគ្នាជញ្ជូនសម្ភារៈមកដាក់ខាងក្រៅផ្ទះ តែអ្នកស្រីគឹមហួន បានត្រឹមឈរមើលអណ្ដាតភ្លើងលេបត្របាក់ផ្ទះរបស់ខ្លួនព្រោះបារម្ភពីសុវត្ថិភាព។
អ្នកស្រីបានបន្តថា៖ «យើងគ្មានស្រវាអីបានទេ ចេញមកតែខ្លួន ភ្លើងឆេះអស់គ្មានសល់អីទេ ខោអាវកូនរៀន សញ្ញាប័ត្រក៏អស់ សម្ភារៈល្អៗរាប់ពាន់រាប់ម៉ឺនបើគិតជាលុយ ខ្ញុំគ្មានយកអីបានទេ កូនមិនឲ្យចូលទេ ព្រោះខ្លាចផ្ទុះហ្គាស ឲ្យតែរក្សាជីវិតសិន»។
អ្នកស្រីបានបន្ថែមទៀតថា ឡានទឹកមិនអាចបាញ់ចូលដល់ក្នុងបានទេ គេបានបាញ់ស្ទាក់ផ្ទះខាងមុខកុំឲ្យរាលដាលទៀតតែប៉ុណ្ណោះ។
អ្នកស្រី គឹមហួន និយាយថា៖ «ខ្ញុំក៏មិនដឹងពីមូលហេតុឆេះដែរ លឺតែគេនិយាយនោះទេ ថាមានពួកជក់គ្រឿងញៀនមកដេកផ្ទះគេទុកចោលធ្វើឲ្យឆេះ»។
អ្នកស្រីនិយាយទៀតថា កន្លងមកមានអ្នកមកចចារទិញដីតំបន់នោះដោយផ្តល់តម្លៃ១ម៉ែត្រការ៉េ ២០០០ដុល្លារ ប៉ុន្តែអ្នកស្រីមិនទាន់លក់ព្រោះកូនកំពុងនៅរៀន ហើយអ្នកខ្លះក៏លក់ អ្នកខ្លះក៏អត់ទៅ។
អ្នកស្រីបន្ថែមទៀតថា៖ «គម្រោងបន្ទាប់ ខ្ញុំមិនដឹងដែរ មិនដឹងគិតយ៉ាងម៉េចទេ មានលទ្ធភាពណាទៅជួលផ្ទះគេនៅ មានលុយណាទៅទិញផ្ទះ បើខ្ញុំនៅតែផ្ទះរំពឹងចំណូលប្ដីហ្នឹង មានតែទៅនៅជាមួយមីងវាមួយរយៈ ព្រោះកូនបងត្រូវប្រឡងសញ្ញាប័ត្រទី ១២ ឆ្នាំនេះ ហើយប្អូនត្រូវចូលថ្នាក់ទី ១២ដែរ»។

អ្នកស្រី សាន ដេន អាយុ ៥៨ឆ្នាំ ប្រជាពលរដ្ឋម្នាក់ដែលជាសាច់ញាតិរបស់ជនរងគ្រោះដោយអគ្គីភ័យបាននិយាយថា អគ្គីភ័យបានលេបត្របាក់ផ្ទះកូនប្រសារគាត់និងសម្ភារៈជាច្រើនកាលពីព្រឹកមិញ។
អ្នកស្រី ដេន ឲ្យដឹងថា៖ «និយាយមិនចេញហ្មង ពេលឃើញហេតុការអ៊ីចឹងទៅ មួយពព្រិចភ្នែកសោះ ប្រហែលមិនដល់មួយម៉ោង លឿនណាស់ វាខ្យល់ យើងមិននឹកស្មានដល់ ។ ពួកយើងជញ្ជួនសម្ភារៈមិនទាន់ទេ ព្រោះអណ្ដាតភ្លើងឆេះលឿនពេក»។
អ្នកស្រី ដេន បានលក់ផ្ទះរបស់ខ្លួនក្នុងតំបន់នោះក្នុងតម្លៃ២០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ប៉ុន្តែកូនរបស់គាត់មិនទាន់លក់នោះទេ។
អ្នកស្រីឲ្យដឹងថា៖ «មិនទាន់លក់ថាទុកឲ្យបានថ្លៃតិចសិន ព្រោះលក់ភាគតិចដែរហ្នឹង ខ្លះគេចង់លក់ តែខ្លះមិនទាន់លក់ នៅផ្ទះច្រើនដែរហ្នឹង ទុកទៅថាបានថ្លៃតិច។ ផ្ទះកូនខ្ញុំទំហំ ៤២ ការ៉េឆេះទាំងអស់ហ្មង គ្មានបានជញ្ជូនស្អីទេ បានតែយកម៉ូតូចេញ ក្រៅពីនេះរលីងឆេះ»។
នាយការិយាល័យបង្ការពន្លត់អគ្គីភ័យរាជធានីភ្នំពេញ លោក ព្រំ យ៉ន មានប្រសាសន៍ថា អគ្គីភ័យបានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋដែលជាសំណង់មិនរៀបរយអស់ ៨០ខ្នងដែលជារបាយការណ៍បឋម តែមិនទាន់សរុបស្ថិតិគ្រួសារដែលប៉ះពាល់នៅឡើយ។
លោក ព្រំ យ៉ន ឲ្យដឹងថា៖ «វាជាការងាររបស់យើងដើម្បីទប់ស្កាត់គ្រោះមហន្តរាយរាលដាលបន្តទៀត ទប់ស្កាត់និងកាត់ផ្ដាច់ ហើយយើងកំពុងពិនិត្យស្រាវជ្រាវស៊ើបអង្កេតឡើង យើងមិនទាន់ជាក់លាក់ណាមួយទេពីមួលហេតុនៃការឆេះ កំពុងធ្វើកោសល្យវិច័យ»។
យោងតាមគេហទំព័ររដ្ឋបាលខណ្ឌដូនពេញ ផ្សាយថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ ថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន ២៥គ្រឿង និងប្រើប្រាស់ទឹកអស់ ៧៥ឡាន និងម៉ូតូកង់បីពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ដោយធ្វើការពន្លត់ចប់នៅម៉ោង ៨:០០នាទីព្រឹក ក្នុងករណីខាងលើពុំបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឬកងកម្លាំងនោះទេ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបាននិយាយថា នៅតំបន់មិនរៀបរយភាគច្រើនប្រឈមនឹងហានិភ័យភ្លើងឆេះឬកត្តាផ្សេងៗទៀត ហើយអាជ្ញាធរគួរធ្វើការស៊ើបអង្កេតពីបញ្ហានេះ ប្រសិនបើនៅតែមានការសង្ស័យ។
លោក វុទ្ធី និយាយថា៖ «យើងមិនច្បាស់ថា ដោយសារស្ថានភាពទីតាំងនោះល្អប្រសើរឬ អ្នកដែលមានចេតនាធ្វើឲ្យឆេះ យើងពិបាកសន្និដ្ឋានណាស់ ជូនការជាចេតនារបស់ជនណាមួយ ឬជាការធ្វើប្រហេស។ ប្រសើនបើពលរដ្ឋសង្ស័យថា អគ្គីភ័យបង្កដោយជនណាមួយ អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋនេះ ព្រោះពាក់ព័ន្ធនឹងការបំផ្លាញទ្រព្យសម្បត្តិឯកជន»។
លោក វុទ្ធី បានបន្ថែមទៀតថា វាជាគ្រោះបង្កដោយអគ្គីភ័យ រដ្ឋាភិបាលត្រូវធ្វើការគាំទ្រនិងដោះស្រាយដល់ជនរងគ្រោះ។
លោកបន្ថែមថា៖ «ព្រោះឆេះផ្ទះបាត់បង់ជម្រកផង ទ្រព្យសម្បត្តិផង ដូច្នេះរដ្ឋាភិបាលត្រូវធ្វើការគាំទ្រទាំងអាហារនិងសម្ភារៈចាំបាច់ផ្សេងៗទៀត មិនអាចទុកឲ្យពួកគាត់មានស្ថានភាពបែបនេះដោយមិនមានការគាំទ្រ»។
សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកមានប្រសាសន៍ថា តំបន់ដែលមានបញ្ហាបែបនេះ ពលរដ្ឋច្បាស់ជាមានមន្ទិលសង្ស័យមួយចំនួនហើយ គប្បីសមត្ថកិច្ចធ្វើការស៊ើបអង្កេតបញ្ជាក់ទៅពួកគាត់ឲ្យដឹងពីមូលហេតុនៃការឆេះ។
លោក សែនករុណា មានប្រសាសន៍ថា៖ «ពលរដ្ឋដែលធ្លាប់មានបញ្ហាប្រឈមនឹងការបណ្ដេញចេញ អាចនឹងមានការសង្ស័យ ដែលអាជ្ញាធរគួរបើកការស៊ើបអង្កេតដ៏គួរឲ្យទុកចិត្តមួយ តើមូលហេតុឆេះបែបណាដើម្បីឲ្យពួកគាត់អាចទទួលយកបាន វាជារឿងល្អសម្រាប់សមត្ថកិច្ចផងដែរ?»៕