សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ប៉ូលិសរារាំងផែនការរត់គេច និងចាប់ខ្លួនជនជាតិវៀតណាម​៥​នាក់​ឡើងវិញ បន្ទាប់ពីការបាញ់ប្រហារនៅតុលាការខេត្តស្វាយរៀង

កម្លាំង​នគរបាល​ខេត្ត​ស្វាយ​រៀង​​ចាប់​បាន​ជន​ជាតិ​វៀតណាមម្នាក់ ក្នុង​ចំណោម​ជនជាប់​ចោទ​ប្រាំមួយ​នាក់​ ​បន្ទាប់​ពី​ក្រុម​ឧក្រិដ្ឋជន​បាន​បើ​ក​ប្រតិបត្តិការ​បាញ់តដៃ​ជាមួយ​សមត្ថកិច្ច​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​បរិវេន​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​​កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបភាព៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ)​
កម្លាំង​នគរបាល​ខេត្ត​ស្វាយ​រៀង​​ចាប់​បាន​ជន​ជាតិ​វៀតណាមម្នាក់ ក្នុង​ចំណោម​ជនជាប់​ចោទ​ប្រាំមួយ​នាក់​ ​បន្ទាប់​ពី​ក្រុម​ឧក្រិដ្ឋជន​បាន​បើ​ក​ប្រតិបត្តិការ​បាញ់តដៃ​ជាមួយ​សមត្ថកិច្ច​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​បរិវេន​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​​កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបភាព៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ)​

កម្លាំងនគរបាលខេត្តស្វាយរៀង ចាប់ខ្លួនជនជាតិវៀតណាមចំនួនប្រាំ​នាក់បាន​វិញ​ហើយ​ ដែល​អ្នក​ទាំង​នោះ​ជាប់ចោទពីបទឆបោកតាម​អនឡាញ រួមទាំងការឃុំឃាំងមនុស្ស​ដោយ​ខុសច្បាប់ និងបទល្មើសគ្រឿងញៀន ព្រមទាំងស្ត្រីម្នាក់ដែលរង​ការ​ចោទថាបានជួយពួកគេរត់គេចខ្លួន និងជនជាប់ចោទខ្មែរម្នាក់ទៀត កាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេបានប៉ុនប៉ងរត់គេចចេញពីការឃុំឃាំងដោយ​មាន​ទាំង​ផ្ទុះ​អាវុធផង​​​។ អង្គការសង្គមស៊ីវិល​បានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើករណីនេះ។

វីដេអូឃ្លីបមួយដែលបានចែក​ចាយ​ពេញបណ្តាញសង្គម បានបង្ហាញពីក្រុមជនជាប់ឃុំទាំង ប្រាំមួយ​​នាក់នោះ កំពុងប៉ុនប៉ងរត់គេចខ្លួនយ៉ាង​តក់​ក្រហល់​ ដោយមានផ្ទុះ​អាវុធដាក់​គ្នាជាមួយកម្លាំងនគរបាល ខណៈដែលពួកគេទើបនឹងចុះពីលើរថយន្តពន្ធនាគារនៅក្នុង​បរិវេណសាលាដំបូងខេត្តស្វាយរៀង។

ជនជាប់ឃុំម្នាក់បានដើរចូលទៅជិតស្ត្រីម្នាក់ដែល​មាន​ពាក់ម៉ាស់ និងស្លៀកពាក់​ឈុត​ពណ៌ខ្មៅ ហើយតាម​រយៈវីដេអូ​គេឃើញជននោះបានយកកាំភ្លើងពីស្ត្រីនោះ និង​ចាប់ផ្តើមបាញ់ទៅលើនគរបាលភ្លាមៗ ហើយ​ពួក​គេ​ក៏​ព្យាយាមរត់គេច។ យ៉ាងណាមិញ មិនមានរបាយការណ៍ពីអ្នករងរបួសក្នុង​ហេតុការណ៍​នោះទេ។

លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ​ជនជាប់​ឃុំ​ម្នាក់ត្រូវបានចាប់ខ្លួនត្រឡប់​មក​វិញ ​បន្ទាប់ពីមានការដេញតាមចាប់​​​រួមជាមួយជនជាប់ឃុំខ្មែរម្នាក់ទៀត ដែលអ្នក​ទាំង​នោះ​ត្រូវមន្ត្រីពន្ធនាគារដឹកមក​កាន់សាលាដំបូង​ខេត្ត​ស្វាយ​រៀង​។ លោក​បន្ថែម​ថា​ចំណែកបុរស​បួន​​នាក់ទៀត និងស្ត្រីជាបក្ស​ពួកនោះ ត្រូវចាប់បាននៅ​ប៉ុន្មានម៉ោងក្រោយមក​។

លោក​មាន​ប្រសាសន៍ថា៖ «ជនជាប់ចោទទាំងប្រាំមួយ​នាក់​រង​បទ​ចោទប្រកាន់ពីបទល្មើស​គ្រឿងញៀន ការកាន់កាប់អាវុធខុសច្បាប់ និងការបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​»។ លោកបន្ថែមថា ពួកគេត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារតាំងពីខែមករា ឆ្នាំ២០២៥ មកម្ល៉េះ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានអំពាវនាវឱ្យនគរបាលធ្វើការស៊ើបអង្កេតករណីនេះឱ្យបានហ្មត់ចត់ និងពង្រឹងការគ្រប់គ្រងហានិភ័យសន្តិ​សុខ​ពន្ធនាគារ។

លោកបានលើកឡើងថា៖ «ករណីនេះគួរជាមេរៀនមួយក្នុងការគ្រប់គ្រង និងសន្តិសុខ​​សុវត្ថិភាព​លើជនជាប់ឃុំ។ រឿងនេះ​ត្រូវតែមានការស៊ើបអង្កេតឱ្យស៊ីជម្រៅ ដើម្បីលាតត្រដាងការពិត និងធានាថាមានចំណាត់ការតាមផ្លូវច្បាប់»

លោក អំ សំអាត បានរំឭក​ដល់ហេតុការណ៍លើក​មុន​ ដែលពាក់ព័ន្ធនឹងអ្នកទោសជនជាតិចិន​តៃវ៉ាន់ម្នាក់ដែលត្រូវបានផ្តន្ទាទោសពីបទជួញដូរគ្រឿងញៀន ហើយបានរត់គេចខ្លួន​​ពេលកំពុងទៅ​ទទួលការព្យាបាលធ្មេញនៅក្នុងខេត្តសៀមរាប។

ចំណែកឯលោក ឡាយ ជុងហេង អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង បាននិយាយយ៉ាងខ្លីថា កម្លាំងនគរបាលកំពុងធ្វើការលើរឿងនេះ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតបន្ថែមនោះទេ។

មន្ត្រីនគរបាលជាច្រើនរូប រួមទាំងលោក គង់ សំអាត ប្រធាន​ពន្ធនាគារខេត្ត​ស្វាយ​រៀង​ និងលោក ឯម សុវណ្ណារិទ្ធ មន្ត្រីគរបាលក្រុងបាវិត ក៏បានបដិសេធធ្វើអត្ថាធិប្បាយលើ​រឿង​នេះ​ផង​ដែរ​។

ចំណែក​ លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយ​​បានដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Foil Escape Plan, Re-Capture 5 Vietnamese After Shootout at Svay Rieng Court

418 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម