នគរបាលជាតិកំពុងស៊ើបអង្កេតករណីមួយដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលសាសនាឥស្លាមមួយរូបនៅកម្ពុជា ក្រោយពេលបែកធ្លាយព័ត៌មាននៅលើបណ្ដាញសង្គមដែលចោទប្រកាន់ថា កូនប្រុសរបស់លោកបានរំលោភបំពានផ្លូវភេទលើសិស្សស្រីចំនួន ១៨នាក់ នៅឯអន្តេវាសិកដ្ឋានសាលារៀនឥស្លាមមួយកន្លែងនៅរាជធានីភ្នំពេញ ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បាននិយាយថា នគរបាលកំពុងសហការជាមួយនឹងអង្គភាពប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរបស់អគ្គស្នងការនគរបាលជាតិ លើករណីនេះ ។
លោក ជួន ណារិន្ទ បានមានប្រសាសន៍ថា៖ «យើងកំពុងធ្វើការលើរឿងនេះ»។ ប៉ុន្តែ លោកមិនបានផ្ដល់អត្ថាធិប្បាយលើសពីនេះទៀតទេ និងបានដាក់ទូរសព្ទចុះ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ឱ្យអ្នកសារព័ត៌មានសួរសំណួរទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សវិញ ដែលលោកនិយាយថា ជាអ្នកទទួលបន្ទុកលើការងារស៊ើបអង្កេតករណីនេះ។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោក សុខ សំបូរ ពុំបានផ្ដល់អត្ថាធិប្បាយអ្វីឡើយ ដោយលោកបានលើកទូរសព្ទប៉ុន្តែមិននិយាយអ្វីទេ ។
លោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី មិនអាចបញ្ជាក់បាននៅឡើយទេថាតើការចោទប្រកាន់ទាំងនោះពិតឬយ៉ាងណានោះទេ ប៉ុន្តែ លោកស្រីបានលើកឡើងថា ក្រសួងមហាផ្ទៃបាននិងកំពុងធ្វើការងារនេះយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននៅខេត្តកំពង់ចាម ដើម្បីប្រមូលព័ត៌មាន ។
លោកស្រីបាននិយាយថា អាជ្ញាធរពុំទាន់កំណត់បាននៅឡើយ នូវចំនួនជនរងគ្រោះដែលពាក់ព័ន្ធនៅក្នុងករណីនេះ ។
ប៉ុន្តែ លោកស្រី ស៊ីណែត បានបញ្ជាក់ថា អង្គការ អាហ្វីស៊ីប កម្ពុជា ដែលដំណើរការមជ្ឈមណ្ឌលថែទាំជនរងគ្រោះនៃការជួញដូរ និងរំលោភបំពាននៅក្នុងប្រទេស បានទទួលជនរងគ្រោះមួយរូបពីខេត្តគោលដៅ ដែលក្រសួងរបស់លោកស្រីបានកំណត់អត្តសញ្ញាណ ។ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ លោកស្រីបានបញ្ជាក់ថា អំពើរំលោភបំពានបែបនេះពិតជាជះឥទ្ធិពលអវិជ្ជមានលើជនរងគ្រោះពិតប្រាកដណាស់ ។
លោកស្រីបាននិយាយថា៖ «គ្រប់ទម្រង់នៃការរំលោភបំពានសុទ្ធតែបង្កផលវិបាក ប៉ះពាល់ទៅលើទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត»។ លោកស្រីបានបន្ថែមថា៖ «ជនរងគ្រោះអាចនឹងឈប់រៀន និងជួបប្រទះបញ្ហាសុខភាពបន្ថែមទៀត»។
កាលពីថ្ងៃទី១០ ខែតុលា គណនីហ្វេសប៊ុកឈ្មោះ Som Mengly បានបកអាក្រាត«រឿងអាស្រូវ»ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើជនរងគ្រោះជាច្រើននាក់ ។ បួនថ្ងៃក្រោយមក គណនីហ្វេសប៊ុកនេះលែងដំណើរការ ។
នៅក្នុងផុសដើម អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះបាននិយាយថា ព័ត៌មានបែកធ្លាយបានឱ្យដឹងថា ជនរងគ្រោះជាសិស្សស្រី ៦នាក់ក្នុងចំណោម ១៨នាក់ ត្រូវបានបុគ្គលឈ្មោះ «សូហៃមី» រំលោភបានសម្រេច ដែលបុគ្គលនេះត្រូវបានគេនិយាយថា ជាកូនប្រុសរបស់លោក សុះ កំរី ជាមេដឹកនាំជាន់ខ្ពស់សាសនាឥស្លាមនៅប្រទេសកម្ពុជា ។ ការផុសនៅលើបណ្ដាញសង្គមដដែល បានចោទថា សកម្មភាពរំលោភនេះបានកើនឡើង«ជាច្រើនឆ្នាំ»មកហើយ ប៉ុន្តែ ដំណឹងនេះទើបតែបែកធ្លាយដោយសារជនរងគ្រោះម្នាក់មានផ្ទៃពោះ ។
លោក សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា មិនអាចទាក់ទងសុំអត្ថាធិប្បាយបាននៅឡើយទេ។ អ្នកសារព័ត៌មាន ខេមបូចា បានហៅទូរសព្ទទៅកាន់លេខទូរសព្ទនៅលើទំព័រហ្វេសប៊ុករបស់លោក ប៉ុន្តែ មានអ្នកលើកប្រាប់ថាមិនមែនជាលេខទូរសព្ទរបស់លោកទេ ។ អ្នកឆ្លើយទូរសព្ទបានប្រាប់ថា នឹងផ្ដល់លេខទូរសព្ទរបស់លោក សុះ កំរី តាមតេឡេក្រាម ប៉ុន្តែ មិនឃើញផ្ញើមកទេ ហើយនៅពេលហៅទូរសព្ទម្ដងទៀត ក៏លែងឆ្លើយតប ។
ស្របពេលជាមួយគ្នានេះ លោក សុះ កំរី បានសរសេរសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែតុលា ដោយបានប្រកាសបដិសេធ«ពាក្យចចាមអារ៉ាម»ដែលចែកចាយតាមបណ្ដាញសង្គម ដែលថាកូនប្រុសរបស់លោក ឈ្មោះ សូហៃមី បានរំលោភបំពានសិស្សស្រីនៅឯអន្តេវាសិកដ្ឋានសាលារៀនមួយ ។
សាររបស់លោក សុះ កំរី បានសរសេរថា៖ «បន្ទាប់ពីបានទទួលដំណឹងនេះ ខ្ញុំបានសាកសួរកូនប្រុសរបស់ខ្ញុំជាច្រើនលើកដើម្បីរកការពិត ហើយគាត់បានបដិសេធថា គាត់មិនបានប្រព្រឹត្តដូចពាក្យចចាមអារ៉ាមនោះទេ»។ លោកបានបន្តថា៖ «ខ្ញុំគាំទ្រ[ចេតនា]ក្នុងការរកការពិតដើម្បីផ្ដល់យុត្តិធម៌ជូនដល់ជនរងគ្រោះ»។
កូនប្រុសលោក សុះ កំរី លោក កាមារ៉ូទីន សូហៃមី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ។
កាលពីថ្ងៃទី១២ ខែតុលា គណៈគ្រប់គ្រងសាលារៀនឥស្លាមកម្រិត២ អាន់នៀកម៉ះ ភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា បុគ្គលឈ្មោះ «កាមារ៉ូទីន សូហៃមី» គឺជា «អ្នកគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាសិកដ្ឋាន» ។
សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា នៅថ្ងៃទី៥ ខែតុលា សិស្សបានរាយការណ៍ទៅអ្នកគ្រូៗនៅការិយាល័យរដ្ឋបាល ថា បុគ្គល កាមារ៉ូទីន សូហៃមី បានប្រើប្រាស់«ពាក្យសម្ដី អាកប្បកិរិយា និងកាយវិការមិនសមរម្យ»ដល់សិស្សមួយចំនួន ។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា [កាមារ៉ូទីន សូហៃមី] ត្រូវបានដកតួនាទីពីអ្នកគ្រប់គ្រងនៅអន្តេវាសិកដ្ឋានស្រី នៅក្រោយការកោះប្រជុំបន្ទាន់របស់គណៈគ្រប់គ្រងសាលារៀន ។
សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា សិស្សភាគច្រើននៅបន្តរៀនសូត្រធម្មតា ចំណែកឯសិស្សមួយចំនួនតូចបានសុំទៅលេងផ្ទះ ។ នៅក្នុងប្រកាសព័ត៌មាន គណៈគ្រប់គ្រងសាលារៀនឥស្លាមបានបន្ថែមថា «មានក្រុមមនុស្សអូសទាញសិស្សខ្លះ[ដើម្បីប្រមូលព័ត៌មាន]និងយកបញ្ហានេះទៅបម្រើគោលបំណងនយោបាយ ហើយវាយប្រហារឥតសំចៃមកលើសាលាទាំងខុសរបៀប»។
គណៈគ្រប់គ្រងសាលា «មានការសោកស្ដាយនិងខកចិត្តជាខ្លាំង» លើករណីដែលបានកើតឡើង និងបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតរកខុសត្រូវ និងផ្ដល់យុត្តិធម៌ដល់ភាគីទាំងអស់ និងចាត់វិធានការចំពោះជនឱកាសនិយមដែលឆ្លៀតប្រើប្រាស់បណ្ដាញសង្គមដើម្បីបំផ្លាញកិត្តិយសបុគ្គលនិងសាលារៀន ។
កាលពីថ្ងៃទី១១ ខែតុលា លោកស្រី ម៉ម សុម៉ាលី អ្នកគ្រប់គ្រងអង្គការ អាហ្វីស៊ីប បានបង្ហោះរូបថតលោកស្រីនៅជាមួយជនរងគ្រោះដែលបានមកកាន់មណ្ឌលរបស់លោកស្រី និងបានទទូចស្នើឱ្យជនរងគ្រោះដទៃទៀតចេញមុខនិយាយរឿងនេះ ។ លោកស្រីពុំបានឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន ខេមបូចា ទេ ។
លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃ បាននិយាយថា លោកស្រីកំពុងជាប់បេសកកម្មនៅក្រៅប្រទេស និងណែនាំឱ្យអ្នកសារព័ត៌មានសួរសំណួរទៅនគរបាលជាតិ ។
លោក ឡា ឡៃ ទីប្រឹក្សានៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ពុំអាចបញ្ជាក់បានទេថាតើព័ត៌មានដែលបែកធ្លាយពាក់ព័ន្ធនឹងកូនប្រុសរបស់ចាងហ្វាងជាព័ត៌មានពិត ឬយ៉ាងណានោះទេ ប៉ុន្តែ លោកបានគាំទ្រភាពចាំបាច់ដើម្បីស្វែងរកយុត្តិធម៌ឱ្យគូភាគី ។ លោកបាននិយាយថា លោកបានដឹងពីករណីនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។
លោកបាននិយាយថា៖ «ជំហររបស់ខ្ញុំ ខ្ញុំគាំទ្រយុត្តិធម៌ ពីព្រោះប្រទេសយើងមានច្បាប់ […] ខ្ញុំគាំទ្រពេញទំហឹងឱ្យអនុវត្តច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ»។
លោក នី សុខា ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បានប្រាប់ ខេមបូចា ថា ការស៊ើបអង្កេតករណីនេះអាចនឹងពិបាក ដោយសារជនសង្ស័យជាកូនប្រុសបុគ្គល«ដ៏មានឥទ្ធិពល» ។ លោកបានសម្ដែងការព្រួយបារម្ភថា ប្រសិនបើនគរបាលមិនអាចរកការពិតពីជនរងគ្រោះបានទេ គេអាចនឹងពិបាកក្នុងការលាតត្រដាងនូវអ្វីដែលបានកើតឡើង ។
លោកបាននិយាយថា៖ «ជារឿយៗ ជនរងគ្រោះតែងខ្លាចក្នុងការរាយការណ៍ទៅអាជ្ញាធរនៅពេលដែលជនសង្ស័យមានទំនាក់ទំនងជាមួយឥស្សរជនមានអំណាច»។ លោកបានបន្ថែមថា៖ «ដូច្នេះ នគរបាលដែលកាន់សំណុំរឿងនេះត្រូវធានាថា ជនរងគ្រោះមានអារម្មណ៍សុវត្ថិភាព ទទួលបានការគាំទ្រ និងមានទំនុកចិត្តទៅលើដំណើរការស៊ើបអង្កេត»។
លោកបានបន្តថា ជនរងគ្រោះដែលទទួលរងការឈឺចាប់នាពេលនេះ ក៏អាចប្រឈមមុខនឹងផលប៉ះពាល់រយៈពេលវែងផងដែរ ជាពិសេស ពាក់ព័ន្ធនឹងសេចក្ដីថ្លៃថ្នូរ។ លោកបានមានប្រសាសន៍ថា៖ «យើងត្រូវស៊ើបអង្កេតករណីនេះឱ្យបានហ្មត់ចត់ ដោយធានាយុត្តិធម៌ផង និងរក្សាសេចក្ដីថ្លៃថ្នូរនិងកិត្តិយសរបស់ជនរងគ្រោះផង» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Investigate Son of Cambodia’s Top Islamic Cleric Over Sexual Abuse Allegations