ប្រធានសហជីពទ្រទ្រង់កម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននៅវេលាម៉ោង៤រសៀលថ្ងៃអង្គារនេះ ខណៈកញ្ញាកំពុងចូលរួមកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ ក្បែរស្ថានទូតអូស្រ្តាលី ក្នុងរាជធានីភ្នំពេញ។
នៅវេលាម៉ោងប្រហែល៤ រសៀលថ្ងៃអង្គារនេះ ខណៈកញ្ញា ស៊ីថរ កំពុងចូលរួមធ្វើកូដកម្ម មានក្រុមប៉ូលិសមួយក្រុមប្រហែលជាម្ភៃនាក់ស្លៀកពាក់ជាស៊ីវិលខ្លះ និងស្លៀកពាក់ជាឯកសណ្ឋានប៉ូលិសខ្លះ បានចូលចាប់ កញ្ញា ស៊ីថរ ទាញចូលឡាន និងបើកចេញពីកន្លែងកើតហេតុជាបន្ទាន់ ហើយខណៈនោះដែរ ក្រុមកូដករក៍បានចាប់ទាញ ស៊ីថរ ពីសមត្ថកិច្ច ប៉ុន្តែមិនអាចឈ្នះកម្លាំងក្រុមសមត្ថកិច្ចបានទេ។
អ្នកស្រី ពួរ សុខលាង ជាស្រ្តីមានផ្ទៃពោះមួយរូបក្នុងចំណោមស្រ្តីអ្នកមានផ្ទៃពោះផ្សេងទៀតដែលចូលរួមធ្វើកូដកម្ម បានសម្ដែងការឈឺចាប់ រៀបរាប់ប្រាប់ខេមបូចា ទាំងទឹកមុខស្រងូតស្រងាត់ បន្ទាប់ពីសមត្ថកិច្ចមួយក្រុមឆ្មក់ចាប់ប្រធានក្រុមសហជីពរបស់ខ្លួន។
អ្នកស្រី សុខលាង ប្រាប់ថា៖ «សាហាវណាស់ និយាយលែងចេញ តែវាធ្វើមកនេះគឺព្រៃផ្សៃខ្លាំងបំផុត»។
អ្នកស្រីបន្តថា សូម្បីតែអ្នកស្រីជាស្រ្តីមានផ្ទៃពោះ ទន់ខ្សោយមួយរូបក៏មានពួកស៊ីវិលតាមដានប្រមាណទៅ៦នាក់ដែរកាលពីព្រឹកមិញនេះ។
អ្នកស្រី សុខលាង ប្រាប់ឱ្យដឹងទៀតថា៖ «សូម្បីតែខ្ញុំធម្មតាក៏គេតាមខ្ញុំ៦នាក់ដែរព្រឹកមិញនេះ ហើយខ្ញុំពោះធំប៉ុណ្ណឹង គេតាមខ្ញុំ៦នាក់!»។
អ្នកស្រីសុខលាង ក៏បានប្រតិកម្មនឹងការចោទប្រកាន់របស់អាជ្ញាធរផងដែរអំពីការចោទមកលើពួកគេថា ជាក្រុមធ្វើចលនាខុសច្បាប់ ខណៈរូបគេត្រឹមតែទាមទារឱ្យមានដំណោះស្រាយការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍តែប៉ុណ្ណោះ។
អ្នកស្រីបន្ថែមទៀតថា៖ «ពួកខ្ញុំគ្នាតែប៉ុន្មានពាន់នាក់ហ្អេ តែគាត់វិញដូចគេវ៉ៃភ្នំពេញអ៊ីចឹង ដាក់ហ្នឹងគឺសាហាវហួសហេតុហ្មង ហើយបើនិយាយពីប៉ូលិសវិញមានទាំងដំបង ព្រនុង ដូចពួកខ្ញុំហ្នឹងបោកគ្រាប់បែកចឹងហា៎ [គាត់]ធ្វើហ្នឹងហួសហេតុពេកហើយ»។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា កូដករចំនួន១៧ នាក់សាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
ដោយឡែក នៅរសៀលថ្ងៃអង្គារនេះ សមត្ថកិច្ចប៉លិសបានឃាត់ខ្លួន៣នាក់បន្ថែមទៀត រួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ប៊ុណ្ណារិទ្ធ និងលោក សុខ គង្គា។ ជាសរុបមេដឹកនាំដឹក និងកូដករចំនួន២៦នាក់ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី៣១ ខែធ្នូ យប់ឆ្លងឆ្នាំសកល។
លោក សាន សុខសីហា បានថ្លែងនៅក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី៤ ខែមករា នេះថា មូលហេតុដែលអាជ្ញាធរឈានដល់ការចាប់ខ្លួនមេដឹកនាំចលនាខុសច្បាប់ អុកលុកបង្កឱ្យប៉ះពាល់ទៅដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងញុះញ៉ុងឱ្យមានការបិទផ្លូវសាធារណៈ រារាំងទៅដល់ការប្រកបអាជីវកម្ម ពិសេស គឺមានគោលបំណងអាក្រក់រារាំងដល់ការចូលរួមសប្បាយឆ្លងឆ្នាំរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជាធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «ការឃាត់ខ្លួនមេដឹកនាចលនានេះ គឺសមត្ថកិច្ចបានស្រាជ្រាវយ៉ាងល្អិតល្អន់ និងមានភស្តុតាងគ្រប់គ្រាន់អំពីបញ្ហានៃការធ្វើការដោយខុសច្បាប់»។
លោកបន្តថា ក្រុមចលនាដែលនៅសេសសល់សូមបញ្ឈប់សកម្មភាពចលនាខុសច្បាប់នេះជាបន្ទាន់ និងងាកមកអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។
បើតាមលោក ប៊ុន សុសិក្ខា ស្នងការរងទទួលកិច្ចការបង្រ្កាបក្រុមញុះញង់បង្កភាពវឹកវរក្នុងសង្គម បានឱ្យដឹងដែរថា ក្នុងរយៈពេល១៣ថ្ងៃនៃការធ្វើបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អាជ្ញាធរបានប្រមូលឯកសារ និងសារសម្លេង ដែលមេដឹកនាំបាតុកម្មញុះញង់ឱ្យអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប៉ះទង្គិចជាមួយអាជ្ញាធរដើម្បីមានព្រឹត្តិការណ៍កើតឡើង។
លោក សុសិក្ខា មានប្រសាសន៍ថា៖ «ក្នុងកិច្ចការស៊ើបអង្កេតនេះ យើងបានប្រមូលភស្តុតាង មានដូចជាកុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារៈមួយចំនួនសម្រាប់បម្រើការងារញុះញង់ធ្វើបាតុកម្មរបស់ពួកគេ»។
លោកសុសិក្ខា បន្តថា តាមការពិនិត្យអាជ្ញាធរបានរកឃើញថា មានប្រាក់ឧបត្ថម្ភពីក្រៅប្រទេស និងអង្គការចំនួន៣ ដោយអង្គការ១នៅក្នុងប្រទេស និង២ទៀតនៅក្រៅប្រទេស តាមរយៈកញ្ញា ឈឹម ស៊ីថរ ដើម្បីគាំទ្រការធ្វើបាតុកម្មនេះ។
លោកបញ្ជាក់ថា៖ «ដោយមានឧបត្ថម្ភថវិការជាច្រើនម៉ឺនដុល្លារ ក្រុមនេះទម្លាក់លុយតាមដំណាក់កាលមួយៗ កិច្ចការងារដំបូងបញ្ចូនដាក់ផែនការហើយ ឬក៏បានជាសមាជិកហើយគេទម្លាក់ម៉ាកង់ទៅ ប្រាំពាន់ដុល្លារទៅ ជំហានទី២ដល់គេធ្វើការកៀរគរបានប៉ុន្មានហើយ គេទម្លាក់ម៉ាកង់ទៀតទៅ»។
លោក សេង ហៀង ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូង បានពិនិត្យឃើញថា ក្នុងរឿងនេះគឺមានភស្តុតាងគ្រប់គ្រាន់ ក្នុងការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នអ្នកទាំង៦នាក់ ដែលបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
លោក សេង ហៀងមានប្រសាសន៍ថា៖ «៦នាក់បានឃុំខ្លួននៅមណ្ឌលឃុំខ្លួននៅ ម២ បានសម្រេចហើយ ហើយចៅក្រមស៊ើបសួរបានចេញដីការបង្គាប់ចាប់ខ្លួនទៅលើជនត្រូវចោទចំនួន៣នាក់ មេក្លោង ឈឹម ស៊ីថរ សុខ ណារិទ្ធ និងចុងក្រោយ សុខ គង្គា»។
លោកបន្តថា ពាក់ព័ន្ធនឹងនិតិវិធីបន្ត តុលាការនឹងធ្វើការស្រាវជ្រាវបន្តទៀតរកមុខសញ្ញាដែលពាក់ព័ន្ធបន្ថែមទៀត ព្រោះរឿងនេះ មិនមែនជារឿងតូចទេ ជារឿងមួយដែលរៀបចំនូវឧបាយកលទុច្ចរិត ក្រុមមេក្លោងចលនាបង្កឱ្យអសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ដោយបានរៀបចំមានការគាំទ្រ និងជំនួយដោយខុសច្បាប់ពីខាងក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស។
លោក សេង ហៀង បញ្ជាក់ទៀតថា អង្គការដែលឧបត្ថម្ភខុសច្បាប់គឺ EWMI ហើយមានអង្គការផ្សេងៗទៀតដែលកំពុងបន្តស្រាវជ្រាវបន្ថែម។
លោកថា៖ «មានការឧបត្ថម្ភប្រាក់ជាច្រើនលើកពាក់ព័ន្ធនឹងការចំណាយផ្សេងៗក្នុងការចិញ្ចឹមចលនាខុសច្បាប់នេះរហូតមានលើកទីមួយ៥ពាន់ដុល្លារ លើកទីពីរ៥ពាន់ដុល្លារ លើកទីបីក៏៥ពាន់ដែរ ហើយនៅច្រើនជាងហ្នឹងទៀត»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ បានថ្លែងឱ្យដឹងថា បុគ្គលិកដែលអាជ្ញាធរបានចាប់ខ្លួនកាលពីម្សិលមិញ មិនទាន់បញ្ចូនទៅតុលាការនៅឡើយទេ កំពុងតែឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការនគរបាលរាជធានីភ្នំពេញ។
លោកថ្លែងបន្តថា៖ «ដូចជាមិនទាន់មានការសាកសួរ ឬក៏មានការជូនដំណឹងពីការចោទប្រកាន់ គាត់កំពុងតែត្រូវបានឃាត់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ»។
លោកថារ៉ូ ក៏បានប្រតិកម្ម និងការលើកឡើងរបស់អាជ្ញាធរថ្លែងក្នុងសន្និសីទព័ត៌មានព្រឹកមិញផងដែរ ខណៈដែលអាជ្ញាធរបានចោទប្រកាន់មកលើក្រុមកម្មករថា ធ្វើកូដកម្មខុសច្បាប់ និងមានអង្គការនៅពីក្រោយផ្ដល់លុយធ្វើបាតុកម្មបង្កភាពវឹកវរក្នុងសង្គម។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការចោទប្រកាន់នេះ ប្រហែលជាមិនបានសិក្សាអំពីអង្គហេតុអំពីការចោទប្រកាន់ពួកគាត់[កម្មករ]។ការធ្វើចលនាដោយខុសច្បាប់ ខុសអីនេះ ខ្ញុំគិតថា សមត្ថកិច្ច លោកគួរតែពិនិត្យមើលអង្គហេតុដែលកើតចេញឱ្យមានការទាមទារនូវវិវាទការងាររួម»។
លោកថារ៉ូ យល់ឃើញថា ការធ្វើកូដកម្មដែលធានាដោយច្បាប់នេះ មិនមានការខុសឆ្គងឬ បង្កជាភាពវឹកវ ឬប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈអ្វីឡើយ ហើយនៅពេលដែលអាជ្ញាធរប្រើប្រាស់វិធានច្បាប់តឹងរឹងចោទប្រកាន់មកលើកូដកម្មដោយសន្តិវិធីដូច្នេះវាជារឿងពិបាកទទួលយក និងអយុត្តិធម៌។
លោកបន្ថែមថា៖ «ខ្ញុំមើលឃើញថា មិនមានព្យសនកម្មណាមួយដែលបង្ហាញថាការធ្វើកូដកម្ម១៣ថ្ងៃកន្លងមកហ្នឹង វាធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ អ្វីដែលខ្ញុំមើលឃើញមានតែការចោទប្រកាន់របស់អាជ្ញាធរ រដ្ឋបាលរាជធានីភ្នំពេញ តុលាការ ដែលចោទប្រកាន់ថា កូដកម្មរបស់គាត់ខុសច្បាប់»។
លោកអះអាងថា ទាក់ទងនឹងការចោទប្រកាន់សកម្មភាពឱ្យទទួលបានហិរញ្ញវត្ថុ អាជ្ញាធរគួរតែក្រឡេកទៅមើលសកម្មភាពស្របច្បាប់របស់សហជីព ព្រោះថាក្នុងច្បាប់សហជីព គឺបាននិយាយថា អង្គការវិជ្ជាជីវៈអាទទួលបានមូលនិធិក្នុងការអនុវត្តសកម្មភាពស្របច្បាប់។
លោកថា៖ «ចឹងរាល់សកម្មភាព រាល់ការទទួលបានជំនួយ ឬកញ្ចប់ថវិការណាមួយដោយស្របច្បាប់អាហ្នឹងគឺអត់មានរឿងអីខុសច្បាប់ទេ! សហជីពគាត់មានការចុះបញ្ជីនៅក្រសួងការងារតាស៎»។
លោកថារ៉ូ មានការសោកស្ដាយចំពោះការចោទប្រកាន់របស់តុលាការ ហើយការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព កាន់តែបង្កភាពអយុត្តិធម៌កាន់តែច្រើនឡើងៗ ការឈឺចាប់ចំពោះកម្មករ។ លោកថារ៉ូ បន្ថែមថា៖ «ការចោទប្រកាន់របស់តុលាការ និងអាជ្ញាធរនេះ គឺរំលោភបំពានសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិតយ៉ាងធ្ងន់ធ្ងរ! អាហ្នឹងគឺជាសិទ្ធិស្របច្បាប់ក្នុងការអនុវត្តកូដកម្មដោយសន្តិវិធី និងជម្រើសចុងក្រោយរបស់កម្មករក្នុងការជំរុញឱ្យនិយោជកចូលតុចរចា»។