សមត្ថកិច្ចពាក់ព័ន្ធនៅរាជធានីភ្នំពេញអះអាងថា រយៈពេលជិត១សប្តាហ៍ហើយដែល សាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យនាំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងស្ថានភាពស្រវឹងនៅលើស្ថានជ្រោយចង្វារបណ្តាលឱ្យទារកអាយុ២ខែស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ដើម្បីយកទៅបន្តតាមនីតិវិធីច្បាប់ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញ។
កាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វារ ហើយមានការផ្សព្វផ្សាយពីសារព័ត៌មានមួយចំនួននៅកន្លែងកើតហេតុដែលបញ្ជាក់ថា បុរសម្នាក់បើកបររថយន្តស៊េរីទំនើបក្នុងស្ថានភាពស្រវឹង បុកម៉ូតូមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ដឹកស្ត្រី និងកូនតូចអាយុ២ខែម្នាក់ចេញពីមន្ទីរពេទ្យ។ ក្រោយកើតហេតុសាធារណជនមួយចំនួនបានបង្ហាញក្តីអាណិតដល់ជនរងគ្រោះពិសេសទារកអាយុ២ខែដែលស្លាប់ ហើយខ្លះទៀតទាមទារឱ្យមានវិធានការផ្លូវច្បាប់ចំពោះជនបង្ក។
ជុំវិញករណីនេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកបានទទួលដីកាពីសាលាដំបូងរាជធានីភ្នំពេញជិត១សប្តាហ៍ហើយ ឱ្យនាំខ្លួនជនបង្កទៅបន្តនីតិវិធីតាមផ្លូវច្បាប់ ប៉ុន្តែលោកថា នៅមិនទាន់រកជននោះឃើញនៅឡើយទេ។
លោក ស ថេត ថ្លែងថា៖ «ឥឡូវយើងកំពុងធ្វើការលើជនបង្កហ្នឹង ឥឡូវយើងមានដីកាហើយ យើងកំពុងតាមរកហើយ»។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ភាគីបង្កគ្រោះថ្នាក់នេះឈ្មោះ សោម ណូរីទីឃា ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌជ្រោយចង្វារ លោក លៀក ចាន់រាបសា បញ្ជាក់ថា លោកមិនទាន់ទទួលបានបញ្ជាថ្មីៗពីថ្នាក់លើ ឬ តុលាការលើករណីបុរសបង្កគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ។
លោក ចាន់រាបសា បញ្ជាក់ថា៖ «មកដល់ម៉ោងនេះខ្ញុំអត់ហ៊ាននិយាយថា ខ្ញុំបានទទួល ឬអត់បានទទួលទេ តែបច្ចុប្បន្នខ្ញុំអត់ទាន់បានទទួល ប៉ុន្តែមិនដឹងថា ទៅដល់កន្លែងខ្ញុំឬនៅ?»។
មេប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារលោក តាំង អឿន ឱ្យដឹងថា លោកទទួលដីកាពីតុលាការ ដើម្បីនាំខ្លួនជនបង្កនោះ៤ថ្ងៃហើយ ហើយលោកបានឃ្លាំមើលជាប្រចាំតែលោកមិនឃើញជនបង្កនោះនៅផ្ទះទេ។
លោក តាំង អឿន ឱ្យដឹងថា៖ «ខ្ញុំកំពុងតែឃ្លាំមើលតែអត់ឃើញនៅផ្ទះទេ ខ្ញុំឃ្លាំមើលរហូត តែអត់ឃើញតែម្តង មិនដឹងថា គាត់ទៅណាមកណា យើងអត់ដឹង»។
ពេលដែលក្រុមការងារព្យាយាមសាកសួរហេតុអ្វីមន្ត្រីសមត្ថកិច្ចមិនចូលសួរដល់ក្នុងផ្ទះ? ហើយសួរនាំពីព័ត៌មានមួយចំនួនទៀតពីជនបង្កនោះ លោក តាំង អឿន ថ្លែងថា មិនអាចនិយាយបានទេ បើចង់ដឹងឱ្យទៅសាកសួរផ្ទាល់ដល់កន្លែងហើយលោកក៏ប្រាប់ថា ជាប់រវល់បិទទូរសព្ទទៅ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មិនអាចសុំការអត្ថាធិប្បាយបានទេ ខណៈអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញម្នាក់ទៀត លោក អ៊ី រិន្ទ បញ្ជាក់ថា លោកមិនបានដឹងពីការវិវត្តន៍ចុងក្រោយនៃសំណុំរឿងនេះនៅឡើយទេ។

លោក ផន ផល្លារ ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ ដែលបានជួយទំនុកបម្រុង ដល់គ្រួសារជនរងគ្រោះថ្លែងថា សមត្ថកិច្ចពាក់ព័ន្ធមានការធ្វេសប្រហែស ដែលក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក ប៉ុន្តែក្រោយមកបានដោះលែង រហូតដល់ពេលនេះបែរជាថា តាមរកមិនឃើញទៅវិញ។
លោក ផន ផល្លារ លើកឡើងថា៖ «ជាការធ្វេសប្រហែសមួយដែលមិនដឹងពីស្ថានភាពជនរងគ្រោះកម្រិតណាផង បែរជាដោះលែងជនបង្កទៅវិញ។ ឥឡូវឧទាហរណ៍ថា ជនបង្ករត់ទៅក្រៅស្រុក ហើយបាត់ដំណឹងសូន្យឈឹង [អ៊ី]ចឹងវាជារឿងដែលគួរឱ្យសោកស្តាយដែលផ្តល់ឱកាសឱ្យជនបង្ករត់បាន»។
លោក ផន ផល្លា ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការស្វែងរកយុត្តិធម៌ក្នុងករណីនេះ ហើយលោកក៏បន្តធ្វើយុទ្ធនាការទាមទារយុត្តិធម៌លើហ្វេសប៊ុករបស់លោករហូតមានយុត្តិធម៌លើករណីនេះ។
អ្នកស្រី មុច ស្រីល័ក្ខ ម្តាយទារកដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារនេះ ថ្លែងថា ពេលនេះរូបគាត់កំពុងតែឈឺចាប់រាងកាយធ្ងន់ធ្ងរ ខណៈបុរសជាអ្នកជិតខាងម្នាក់ដែលបើកម៉ូតូជូនអ្នកស្រីយកកូនទៅពេទ្យនោះ នៅមានបញ្ហាធ្ងន់ធ្ងរដូចគ្នាគឺ រហូតត្រូវវះកាត់ខួរក្បាល។ អ្នកស្រី មុច ស្រីល័ក្ខ បញ្ជាក់ថា រូបគាត់នៅបន្តទាមទារយុត្តិធម៌សម្រាប់កូនរបស់គាត់ដែលទើបមានអាយុ២ខែ។
អ្នកស្រី មុច ស្រីល័ក្ខ បន្ថែមថា៖ «ខ្ញុំនៅតែទាមទារឱ្យដោះស្រាយរឿងខ្ញុំហ្នឹង ខ្ញុំអត់សុខចិត្តទេ ព្រោះខ្ញុំបាត់បង់កូនហើយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែន ករុណា ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងករណីនេះ ក៏ជាការបង្ហាញពីសង្គមមានយុត្តិធម៌។ លោកបន្តថា បើករណីនេះ សមត្ថកិច្ចមិនអាចចាប់ជនបង្កមកផ្តន្ទាទោសបាននោះ នឹងរងការរិះគន់ច្រើនពីមហាជន។
លោក សែនករុណា មានប្រសាសន៍ថា៖ «បើគ្រាន់តែជនប្រព្រឹត្តដែលមានអត្តសញ្ញាណហើយ យើងមិនអាចចាប់មកបានវាអាចរងការ រិះគន់ពីមហាជនព្រោះសមត្ថកិច្ចកម្ពុជា បើយើងនិយាយពីសមត្ថភាពអាចចាប់ដល់អ្នកលាក់គ្រឿងញៀន នៅកំប៉ុងឡេនៅខ្វេះខ្វាវឃើញ ចុះមនុស្សប៉ុណ្ណាណីម៉េចចាប់មិនបាន។ [អ៊ី]ចឹងវាអាចរងការរិះគន់ពីសាធារណជន»។
មាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន)រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន)រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
មាត្រាដដែលនៃច្បាប់ស្តីពចរាចរណ៍ផ្លូវគោកខាងលើក៏បានចែងដែរថា អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាប់ពី១០លានរៀលទៅ ២៥លានរៀល កាលបើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ឬ បណ្តាឱ្យមានអ្នកស្លាប់ច្រើននាក់ ឬក៏រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវជាដើម។
បើតាមអ្នកស្រី មុច ស្រីល័ក្ខ បញ្ជាក់ ថា ក្រោយពេលកើតហេតុភ្លាម ពេលដែលរូបគាត់មិនទាន់ដឹងខ្លួនស្រួលបួលនោះគឺនគរបាលចរាចរណ៍ឱ្យរូបគាត់ផ្តិតមេដៃ ពាក់ព័ន្ធការសរសេរសំណុំរឿង តែក្រោយមកទើបគាត់ដឹងថា ការផ្តិចមេដៃនោះគឺក្នុងន័យឱ្យគាត់ទទួលសំណង២៥០០ដុល្លារអាមេរិក ដើម្បីបញ្ចប់ការប្តឹងតវ៉ា ទើបគាត់ប្រកាសមិនទទួលស្គាល់កិច្ចសន្យានោះវិញ៕