អ្នកវិភាគនយោបាយ លោក សេង សារី ដែលរត់ភៀសខ្លួនចេញពីកម្ពុជា បន្ទាប់ពីមានដីកាចាប់ខ្លួននោះ បានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសអូស្រ្តាលី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនលោក សេង សារី កាលពីឆ្នាំមុន ដោយនិយាយថា អ្នកវិភាគរូបនេះបានបង្ហាញការគាំទ្រគំនិតរបស់មេដឹកនាំគណបក្សប្រឆាំងក្នុងការបង្កើតនូវរដ្ឋាភិបាលស្រមោលមួយ។ ប៉ុន្តែក្រោយមក លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យដកចេញដីកាចាប់ខ្លួននោះវិញ និងថា លោក សេង សារី នឹងមិនត្រូវចាប់ខ្លួននោះទេ ហើយគួរឲ្យបន្តការងាររបស់លោក។
លោក សេង សារី ដែលស្ថិតនៅប្រទេសថៃ នៅពេលលោក ហ៊ុន សែន បានបញ្ជាឲ្យមានការចាប់ខ្លួនរូបលោក មិនដែលបានវិលត្រឡប់មកកម្ពុជាវិញនោះទេ។ លោកបានស្នាក់នៅប្រទេសថៃ ហើយបន្ទាប់មក លោកបានធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី ជាទីដែលលោកបានប្រាប់ ខេមបូចា ថា ឥឡូវនេះ លោកទទួលបានសិទ្ធិជ្រកកោនរួចហើយ។
លោកបានថ្លែងថា៖ «ខ្ញុំបានទទួលសិទ្ធិជ្រកកោននយោបាយនៅអូស្រ្តាលី។ ខ្ញុំបានមកទីនេះកាលពីបួនសប្តាហ៍មុន»។
តុលាការក្រុងភ្នំពេញបានលើកលែងទោសលោក សេង សារី ពីបទឃុបឃិតនិងញុះញង់ មួយថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាឲ្យដកចេញនូវដីកាចាប់ខ្លួនរូបលោក។ ប៉ុន្តែនាយករងអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បាននិយាយថា ជារឿងធម្មតាដែលលោកសារី មានការភ័យខ្លាចក្នុងការវិលត្រឡប់មកប្រទេសកំណើតវិញ។
លោកបានថ្លែងថា៖ «គាត់មានការព្រួយបារម្ភពីសន្តិសុខរបស់ខ្លួន ដូច្នេះលោកបានសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅអូស្ត្រាលី» ដោយកត់សម្គាល់ថា អ្នករិះគន់រដ្ឋាភិបាល ដូចជា អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា កាលពីពេលមុនមក។
លោកបានបន្តថា៖ «យើងមានការសោកស្តាយនៅពេលអ្នកវិភាគឯករាជ្យ ឬអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ ត្រូវចាកចេញពីកម្ពុជា ពីព្រោះនេះមានន័យថា យើងបាត់បង់មនុស្សដែលអាចជួយកែទម្រង់ប្រទេសរបស់យើង»។
អ្នកស្រាវជ្រាវសង្គមលោក មាស នី និយាយថា លោក សេង សារី មិនមានជំនឿទុកចិត្តថា លោកនឹងមិនមានការប្រឈមណាមួយ នៅពេលលោកវិលត្រឡប់មកកម្ពុជា ពីព្រោះប្រព័ន្ធតុលាការមិនមានភាពឯករាជ្យនោះទេ។
លោកបានថ្លែងថា៖ «ប្រសិនបើគាត់ត្រឡប់មកវិញ មានឱកាសដែលគាត់អាចត្រូវបានចោទប្រកាន់ពីរឿងផ្សេង ប្រសិនបើគាត់បន្តបញ្ចេញមតិរិះគន់រដ្ឋាភិបាល»។
កាលពីខែមុន អ្នកសម្របសម្រួលឲ្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Russian Today (RT) លោក រ៉ាត់ រត្នមុនី និងគ្រួសាររបស់លោក ទទួលបានសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានជាប់ពន្ធនាគារកាលពីឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងការធ្វើភាពយន្តឯកសារមួយអំពីការជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុ។ នាខែមេសានេះ សកម្មជនដីធ្លីអ្នកស្រី សាត ផា បានរត់ភៀសខ្លួនទៅប្រទេសថៃ បន្ទាប់ពីរងការគំរាមសម្លាប់។
កាលពីខែធ្នូឆ្នាំមុន ព្រះតេជគុណ បរ បេត បានទទួលសិទ្ធិជ្រកកោននយោបាយនៅប្រទេសស្វីស បន្ទាប់ពីព្រះអង្គបានភៀសខ្លួនចេញពីកម្ពុជា ក្រោយពីចូលរួមក្នុងបាតុកម្មទាមទារឲ្យមានការដោះលែងមេដឹកនាំសហជីព ដែលបានជាប់ពន្ធនាគារ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Political Analyst Granted Asylum in Australia After Fleeing Cambodia