នៅថ្ងៃសុក្រនេះ គណបក្សនយោបាយបានធ្វើការឃោសនាទ្រង់ទ្រាយធំដើម្បីបញ្ចប់យុទ្ធនាការរកសំឡេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃ ដើម្បីឈានទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងរយៈពេលឃោសនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា មានបណ្តឹងចំនួន៥២ដែលប្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតី ហើយភាគច្រើនជាបណ្តឹងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។
នៅក្នុងយុទ្ធនាការឃោសនារកសំទ្បេងឆ្នោតនៅថ្ងៃបិទបញ្ចប់របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មានអ្នកចូលរួមរាប់ពាន់នាក់ ដែលជាសមាជិកនិងអ្នកគាំទ្រគណបក្សបានដង្ហែក្បួនឃោសនារបស់ខ្លួនចេញពីមហាវិថី៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ថ្លែងទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី៣ ខែមិថុនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជានៅរាជធានី បានឲ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលមានលទ្ធភាព និងសមត្ថភាពពេញលេញក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ និងបញ្ហាប្រជាជន។
ជាមួយនឹងការថ្លែងការពារការដឹកនាំរបស់គណបក្សប្រជាជន លោក ឃួង ស្រេង ក៏បានហៅក្រុមអ្នករិះគន់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សភ្លើងទៀនថា ជាពួកអគតិ និងកំពុងមួលបង្កាច់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «មិនដូចជាក្រុមអគតិ ពួកគេកំពុងខិតខំធ្វើជាមើលមិនឃើញការរីកចម្រើនរបស់ប្រទេសជាតិ ហើយនិយាយមួលបង្កាច់ដោយគ្មានវិចារណញ្ញាណ»។
លោក ឃួង ស្រេង បន្តថា ប្រជាជនកម្ពុជានៅបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «ពួកនេះ[ ក្រុមប្រឆាំង]មិនអាចបិទបាំងសច្ចធម៌ប្រវត្តិសាស្ត្របានឡើយ ពីព្រោះប្រជាជនកម្ពុជាបានយល់ច្បាស់ចេះបែងចែងខុស និងត្រូវ ហើយបន្តគាំទ្រយ៉ាងរឹងមាំចំពោះគណបក្សប្រជាជនកម្ពុជា»។
លោក ទី ចេងគីន អាយុ៥២ឆ្នាំ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារស់នៅក្នុងសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ដែលបានចូលរួមក្នុងយុទ្ធនាការនៅថ្ងៃបិទបញ្ចប់នេះបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុចា នៅតែមានអ្នកគាំទ្រច្រើន ដែលនឹងទទួលបានជោគជ័យខ្លាំងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ។
លោកបន្តថា៖ «ខ្ញុំមានអារម្មណ៍រីករាយ ព្រោះខ្ញុំមានជំនឿថាគណបក្សនឹងឈ្នះ ព្រោះគណបក្សប្រជាជនដឹកនាំល្អ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនយើងមានអគារខ្ពស់ៗ»។
- ក្រុមអ្នកគាំទ្រ និងសមាជិកគណបក្សប្រជាជនកម្ពុជា ជួបជុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃបិទបញ្ចប់។ រូបថតថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
នៅថ្ងៃជាមួយគ្នាផងដែរ យុទ្ធនាការឃោសនារកសំទ្បេងឆ្នោតនៅថ្ងៃបញ្ចប់របស់គណបក្សភ្លើងទៀន មានអ្នកចូលរួមរាប់ពាន់នាក់ ដែលជាសមាជិកនិងអ្នកគាំទ្រគណបក្សបានដង្ហែក្បួនឃោសនារបស់ខ្លួនចេញពីផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀតថ្លែងសារនយោបាយអំពាវនាវប្រជាពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សភ្លើងទៀនដែលជាគណបក្សបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោក សុន ឆ័យ មានប្រសាសន៍ថា៖ «ដោយសារតែពលរដ្ឋយើងមិនមានតំណាងរបស់លោក៥ឆ្នាំកន្លងទៅ ពេលនេះបងប្អូនដឹងហើយថាមានការលំបាកយ៉ាងណា នៅពេលក្នុងប្រទេសយើងពលរដ្ឋមានបញ្ហាលំបាកមិនអាចរកគណកប្សនយោបាយណាស្អាតស្អំទៅពឹងពាក់បាន ដូច្នេះគណបក្សភ្លើងទៀនមកដល់វិញហើយ គឺបម្រើប្រជាពលរដ្ឋដោយមិនរើសមុខ»។
លោកបន្តទៀតថា៖ «តួនាទីមេឃុំចៅសង្កាត់គណបក្សភ្លើងទៀន និងគណបក្សដទៃត្រូវតែបម្រើពលរដ្ឋដោយស្មោះត្រង់ ដោយស្មោះស្ម័គ្រទើបប្រទេសជាតិយើងមានសុខសន្តិភាពពិតប្រាកដ»។
លោកឱ្យដឹងទៀតថា គណបក្សភ្លើងទៀនមានគោលនយោបាយល្អ និងនៅជាមួយពលរដ្ឋ ហើយលោកបានអំពាវទាវដល់បងប្អូន សមាជិកក្រុមព្រឹក្សាឃុំសង្កាត់ត្រូវតែការពារឆន្ទៈពលរដ្ឋ កុំឲ្យគេលួចសន្លឹកឆ្នោតដែលប្រជាពលរដ្ឋខិតខំបោះឆ្នោតជូនគណបក្សភ្លើងទៀន។
អនុប្រធានគណបក្សភ្លើងទៀនរូបនេះបន្ថែមថា៖ «ខ្ញុំសូមផ្តែផ្តាំថ្ងៃនេះជាថ្ងៃឃោសនាចុងក្រោយហើយ សូមឱ្យយើងការពារសន្លឹកឆ្នោតជូនពលរដ្ឋយើងឲ្យបាន សូមឱ្យយើងពិនិត្យអ្នកសង្កេតការរបស់គណបក្សធ្វើយ៉ាងម៉េចកុំឲ្យគេទិញគេដូរបានពីព្រោះគណបក្សភ្លើងទៀនដែលមិនលក់ដូរ ទិញបានដាច់ខាត»។
លោក លន់ រាជ អាយុ៣០ឆ្នាំ ជាអ្នកគាំទ្រគណបក្សប្រឆាំងដែលបានជិះកង់ហែមកពីសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ បានឲ្យដឹងថា ដោយសារការស្រលាញ់និងការពេញចិត្តនិងមិនចង់បានអំពើអយុត្តិធម៌ គឺលោកចង់បានតែអ្វីដែលសុក្រឹតនិងភាពត្រឹមត្រូវ បើទោះបីមានការគំរាមកំហែងក៏ដោយក៏លោកជំនះនិងមិនខ្លាចក្នុងការចូលរួមហែជាមួយគណបក្សភ្លើងទៀនដែរ។ លោកបន្ដថា គណបក្សភ្លើងទៀនគឺសង្ឃឹមច្រើនពីការឈ្នះបេក្ខជនឃុំសង្កាត់ខាងមុខ ដើម្បីបម្រើប្រជាពលរដ្ឋ។
លោកប្រាប់ថា៖ «និយាយចំទៅជារៀងរាល់អាណត្តិខ្ញុំមើលទៅ អាណត្តិណាក៏ដូចអាណត្តិណាដែរ អត់ដែរឃើញថាការបោះឆ្នោតមានភាពប្រក្រតីទេ ប៉ុន្ដែសង្ឃឹមថា ចាប់ពីពេលហ្នឹងទៅរាជរដ្ឋាភិបាលនិងគណបក្សទាំងអស់នឹងធ្វើការដោយសុក្រឹតនិងយុត្តិធម៌»។
អ្នកស្រី មាន សារ៉ាត់ ៤៤ឆ្នាំជាអ្នកគាំទ្រគណបក្សភ្លើងទៀន មកពីសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានរៀបរាប់ថា មូលហេតុដែលអ្នកស្រីមកចូលរួមហែដោយសារតែគណបក្សភ្លើងទៀនមានគោលនយោបាយល្អដែលជាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនិងចង់ផ្លាស់ប្ដូរបក្សកាន់អំណាចមកជាបក្សបម្រើរាស្រ្ដនិងគ្មានការព្រួយបារម្ភអ្វីឡើយពីព្រោះនេះជាសិទ្ធិស្របច្បាប់។
អ្នកស្រីអះអាងថា៖ «ខ្ញុំជឿជាក់ថា គណបក្សភ្លើងទៀននឹងទទួលបានការឈ្នះឆ្នោតច្រើន»។
- ក្រុមអ្នកគាំទ្រ និងសមាជិកគណបក្សភ្លើងទៀន ជួបជុំគ្នាក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃបញ្ចប់។ រូបថតថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
គណបក្សភ្លើងទៀន ដែលពីមុនត្រូវបានគេស្គាល់ថា ជាគណបក្សសមរង្ស៊ី ហើយក្រោយមកបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។ គណបក្សភ្លើងទៀន បានធ្វើសមាជនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាប់ផ្តើមគណបក្សនេះឡើងវិញ ដើម្បីឆ្ពោះទៅចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំបន្ទាប់។
កាលពីឆ្នាំ២០១៣ កន្លងទៅគណបក្សសង្គ្រោះជាតិ ធ្លាប់បានរុញច្រានគណបក្សកាន់អំណាចឱ្យជិតចាញ់ការបោះឆ្នោតជាតិនាពេលនោះ ហើយជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិធ្វើបានយ៉ាងល្អដោយទទួលបានសមាជិកក្រុមប្រឹក្សាប្រមាណជា ៥ ០០០អាសនៈបើធៀបនឹងសមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនដែលមានតែជាង ៦ ០០០អាសនៈ។
នៅក្នុងចំណោមគណបក្សទាំង១៧នេះ មានតែគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចតាំងពីពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជា ទើបមានលទ្ធភាពដាក់បេក្ខជនឈរឈ្មោះបានទូទាំងប្រទេសដែលមានចំនួនសរុប១៦៥២ឃុំ-សង្កាត់។ បន្ទាប់ពីគណបក្សកាន់អំណាចមួយនេះ គឺគណបក្សភ្លើងទៀន បានដាក់បេក្ខជនឈរឈ្មោះចំនួន១៦២៣ឃុំ-សង្កាត់។
រីឯគណបក្សខ្មែររួបរួមជាតិបង្ហាញការរំពឹងខ្ពស់ ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមរយៈគោលនយោបាយ៧ចំណុចរបស់ខ្លួន។
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ជាថ្ងៃឃោសនារកសំឡេងឆ្នោនៅថ្ងៃបិទបញ្ចប់ គណបក្សខ្មែររួបរួមជាតិ បានរៀបចំក្បួនហែឃោសនាដែលមានអ្នកគាំទ្របានចូលរូមប្រមាណ១ពាន់នាក់ បានចាប់ផ្ដើមចេញដំណើរពីរង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ទៅកាន់ផ្លូវសំខាន់ៗមួយចំនួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរកប្រជាប្រិយភាពទៅកាន់ប្រជាជនក្នុងរាជធានីភ្នំពេញ។
បើតាមលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងដោយបង្ហាញពីការរំពឹងខ្ពស់ក្នុងការបោះឆ្នោយឃុំសង្កាត់នៅឆ្នាំ២០២២នេះ ជាពិសេសតាមរយៈគោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិមានចំនួន៧ចំណុច ដោយផ្ដោតលើបញ្ហាសំខាន់ដូចជា សន្តិសុខ គ្រឿងញឿនជាដើម។
លោកបានបញ្ជាក់ថា គោលនយោបាយទាំង៧ចំណុចនេះ គណបក្សបានប្រមូលពីបញ្ហាក្នុងមូលដ្ឋានដែលកើតចេញពីការប្រឈមរបស់ប្រជាពលរដ្ឋនៅទូទាំង២៥ខេត្តក្រុង។
លោកមានប្រសាសន៍ថា៖ «ក្រោយពេលយើងខ្ញុំបានស្រង់មតិទូទាំងប្រទេសរួចហើយ យើងខ្ញុំយកមកធ្វើការបូកសរុប ទើបចេញជាគោលនយោបាយ៧ចំណុច។ ជាពិសេសទាក់ទងនឹងបញ្ហាក្នុងមូលដ្ឋានទាំងអស់ ដូចជាសន្តិសុខ គ្រឿងញៀន ក្មេងទំនើង អំពើហិង្សា ដោយយើងនឹងកាត់បន្ថយ និងឈានទៅលុបបំបាត់តែម្ដង »។
លោកបានបន្តថា៖ «មេឃុំគណបក្សខ្មែររួបរួមជាតិនឹងមិនឱ្យមានការអនុញ្ញាតឱ្យមានការយកសេវារដ្ឋបាលក្រៅច្បាប់ទៅលើសេវាសាធារណៈទេ ជាពិសេសអំពើពុករលួយ ហើយយើងនឹងធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋាន លើកកម្ពស់សេវាសុខាភិបាល ដោយជំរុញឱ្យមានគ្រូពេទ្យ និងមានថ្នាំគ្រប់គ្រាន់»។
គណបក្សនេះបានឈរឈ្មោះស្ទើរតែគ្រប់ស្រុក-ខណ្ឌ និងបានធ្វើការផ្សព្វផ្សាយតាមមធ្យោបាយជាច្រើនបានធ្វើឱ្យគណបក្សខ្មែររួបរួមជាតិបានបង្ហាញពីក្ដីរំពឹងក្នុងការជាប់ឆ្នោតនៅតាមឃុំសង្កាត់មួយចំនួនផងដែរ។
សូមជម្រាបថា កាលពីការបោះឆ្នោតអាណត្តិទី១ គណបក្សនេះមានក្រុមប្រឹក្សាឃុំ២២៧នាក់ ដែលមានមេឃុំម្នាក់ ជំទប់ទី១ មាន១៨នាក់ ជំទប់ទី២ មាន១១២នាក់និងក្រុមប្រឹក្សា១៨នាក់។
បេក្ខភាពរបស់គណបក្សនេះបានឈរឈ្មោះមានចំនួន ៥៩៦ឃុំសង្កាត់ ១៤៨ក្រុងស្រុក ២៥រាជធានីខេត្ត និង៨៨១២នាក់។ ក្នុងនោះ នៅរាជធានីភ្នំពេញ គណបក្សខ្មែររួបរួមជាតិបានឈរឈ្មោះបោះឆ្នោតចំនួន ២៩សង្កាត់។
- ក្រុមអ្នកគាំទ្រ និងសមាជិកគណបក្សខ្មែររួបរួមជាតិ ជួបជុំគ្នាក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃបញ្ចប់។ រូបថតថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
ចំណែកលោក សុត សេង អាយុ ៦៥ឆ្នាំ ជាអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ ដែលធ្វើដំណើរមកពីស្រុកខ្សាច់កណ្ដាល បានប្រាប់សារព័ត៌មានខេមបូចាថា លោកយល់ថា គោលនយោបាយរបស់គណបក្សខ្មែររួបរួមជាតិ ជាគោលនយោបាយដែលលោកចង់បាន និងចង់ឱ្យមាននៅក្នុងភូមិឃុំរបស់លោក។
លោក សេង ប្រាប់ថា៖ «ខ្ញុំយល់ឃើញថាគោលនយោបាយគណបក្សហ្នឹងល្អ ទើបបានខ្ញុំចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ»។
ចំណែកអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិម្នាក់ទៀត គឺលោក ជា ចាប អាយុ ៣២ឆ្នាំ ជាកម្មករឡឥដ្ឋ បានធ្វើដំណើរមកពីស្រុកមុខកំពូល ខេត្តកណ្តាល បានបញ្ជាក់ថា ការចូលរួមរបស់លោកជាមួយគណបក្សខ្មែររួបរួមជាតិ គឺកើតចេញពីទឹកចិត្តស្រលាញ់ និងពេញចិត្ត។
លោកបានបន្តថា៖ «ដោយសារតែគណបក្សនេះនឹងឈ្មោះខ្មែររួបរួមជាតិ ដូចនេះគណបក្សនេះនឹងជួយខ្មែរយើងដែលជាប្រជារាស្រ្ត ជួយអ្នកក្រីក្រ។ ខ្ញុំពេញចិត្តគណបក្សនេះតែម្ដង ពេលយើងមានបញ្ហាអីគាត់បានទៅជួយយើងដល់មូលដ្ឋាន»។
គណបក្សចំនួន១៧បានដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងអាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ បក្សទាំង១៧នោះរួមមាន បក្សប្រជាជនកម្ពុជា បក្សភ្លើងទៀន បក្សហ៊្វុនស៊ិនប៉ិច បក្សខ្មែររួបរួមជាតិ បក្សខ្មែរស្រលាញ់ជាតិ បក្សសញ្ជាតិកម្ពុជា បក្សយុវជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកែទម្រង់កម្ពុជា បក្សកម្ពុជានិយម បក្សខ្មែរតែមួយ បក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បក្សឯកភាពជាតិខ្មែរ បក្សរស្មីខេមរា និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមិថុនា មានបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីចំនួន៥២បណ្តឹង ដែលភាគច្រើនកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។
លោកបន្តថា ក្នុងចំណោមនោះ ៤៧បណ្តឹងត្រូវបានដោះស្រាយបញ្ចប់នៅថ្នាក់ឃុំសង្កាត់ និង១៣បណ្តឹងត្រូវបានដោះស្រាយនៅថ្នាក់ខេត្ត។ បើតាមលោក ហង្ស ពុទ្ធា មកដល់ពេលនេះបណ្តឹងបានធ្លាក់មកដល់ គជប មានចំនួន៤ករណី ក្នុងនោះ២ករណីត្រូវបានដោះស្រាយ។
លោកថ្លែងថា៖ «ការឃោសនាប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេល១៣ថ្ងៃមកនេះ ដោយមិនមានបញ្ហាដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការឃោសនានោះទេ»។
លោកឱ្យដឹងថា នៅទីក្រុងភ្នំពេញមានគណបក្សនយោបាយចំនួន៧ បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំផ្អែកតាមធនធានរបស់គណបក្សនីមួយៗ។
លោកថ្លែងថា៖ «យើងមិនអាចវាយតម្លៃថាគណបក្សនេះ ធំជាងគណបក្សនោះបានទេ ប៉ុន្តែគណបក្សទាំងនោះបានធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំរបស់ខ្លួន»។
លោក កន សាវាង្ស បានប្រាប់ខេមបូចាថា រហូតមកដល់ពេលនេះ ខមហ្វ្រែល មិនទាន់បានទទួលនូវព័ត៌មាន ឬការអង្កេតឃើញនូវបញ្ហាមិនប្រក្រតីដូចជាការគំរាមកំហែង ការសម្លាប់ ឬក៏ហែក្បួនដោយមានការប៉ះទង្គិចឱ្យមានរបួសស្នាម គឺថាមិនមានទេ។ ទោះបីជាយ៉ាងណាក៏ដោយ តាមការសង្កេតឃើញ និងការទទួលរបាយការណ៍មួយចំនួនពីអ្នកសង្គេតការយើងមានឃើញភាពមិនប្រក្រតីមួយចំនួនដែលបានកើតឡើងនៅក្នុងដំណើរការនៃការឃោសនាបោះឆ្នោត។
លោកបានបន្ថែមថា៖ «ភាពមិនប្រក្រតីមួយចំនួនមានដូចជាទី១ ប្រើប្រាស់រថយន្តដែលមានការបិទបាំង ឬដោះស្លាកលេខ ទី២ការមិនសម្របសម្រួលឱ្យមានការឆ្លងកាត់នូវការហែក្បួនឃោសនា ឬការមិនសម្របសម្រួលឱ្យបានចប់ចុងចប់ដើម ទី៣ ការចែកថវិកាដល់សកម្មជនដែលដង្ហែក្បួន ទី៤ ភាពភ័យខ្លាចនិងការចាកចេញរបស់សកម្មជនគណបក្សនយោបាយ ទី៥ ការប្រើប្រាស់សារក្នុងការឃោសនាដែលនាំឱ្យមានជាពាក្យបណ្ដឹង ទី៦ អាជ្ញាធរមួយចំនួនមានការចូលរួមដង្ហែគណបក្សនយោបាយ និងទី៧ ការប្រើប្រាស់ធនធានឃោសនាមិនសមាមាត្រគ្នាទៅនឹងគណបក្សនយោបាយ»។
(រាយការណ៍ដោយ ស៊ន សារ៉ាត/ ឃួន ណារីម/ សុវណ្ណ ស្រីពេជ្រ/ ស៊ើង និមល់/ ឃាង សុខមាន/ ទ្រី ថានី)