គណបក្សនយោបាយចំនួន១៧ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានចាប់ផ្តើមធ្វើយុទ្ធនាការនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីរកការគាំទ្រ និងសំឡេងឆ្នោត ដោយគណបក្សខ្លះឃោសនាទ្រង់ទ្រាយធំ និងខ្លះទ្រង់ទ្រាយតូចទៅតាមធនធានរបស់ខ្លួន។
យុទ្ធនាការឃោសនាបោះឆ្នោតនេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោតជ្រើងតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ខែមិថុនា ខាងមុខនេះ។
ក្នុងយុទ្ធនាការឃោសនារកសំទ្បេងឆ្នោតថ្ងៃទី១របស់គណបក្សភ្លើងទៀន មានអ្នកចូលរួមប្រមាណ ៨០០០នាក់ ដែលជាសមាជិកនិងអ្នកគាំទ្រគណបក្សបានដង្ហែក្បួនឃោសនារបស់ខ្លួនចេញពីផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសម្នាក់ដែលចូលរួមហែរក្បួនគណបក្សភ្លើងទៀនបានអានសារនយោបាយតាមរយៈក្បាលមេក្រូឮខ្លាំងៗទៅកាន់សាធារណជនថា៖ «ដល់ពេលវេលាហើយបងប្អូន យើងត្រូវប្តូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ»។ បុរសនោះបានបន្តថា៖ «ប្តូរចៅសង្កាត់ពុករលួយ ដាក់ចៅសង្កាត់ស្អាតស្អំ»។
គណបក្សភ្លើងទៀនមានសារនយោបាយរួមប្រាំពីចំនុច ដែលផ្តោតសំខាន់លើសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ការផ្តល់សេវាសាធារណៈគ្មានអំពើពុករលួយ ក៏ដូចជាការពារកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋ ការអប់រំ សេវាព្យាបាលពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។
លោក សុន ឆ័យ អនុប្រធានគណកប្សភ្លើងទៀត បានមានប្រសាសន៍ទៅកាន់សមាជិក និងអ្នកគាំទ្រថា គណបក្សភ្លើងទៀនក្រោយពីទទួលបានតំណែងជាចៅសង្កាត់នៅរាជធានីភ្នំពេញ នឹងបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់រូបដោយស្មោះត្រង់ និងមិនមានអំពើពុករលួយ ដូចជាធានាការពារសកម្មភាពបំផ្លិចផ្លាញទ្រព្យសម្បត្តិជាតិ ដីរបស់ពលរដ្ឋ និងធានារកការងារត្រឹមត្រូវជូនប្រជាពលរដ្ឋធ្វើ។
លោក សុន ឆ័យថ្លែងថា៖ «ដើម្បីបម្រើខ្មែរទាំងអស់គ្នាបាន យើងត្រូវគោរពអំណាចប្រជាពលរដ្ឋ ត្រូវយកពលរដ្ឋខ្មែរជាធំ»។ លោកបន្តថា៖ «គណបក្សភ្លើងទៀននឹងរកគ្រប់មធ្យោបាយដើម្បើជួយដល់ពលរដ្ឋដែលជំពាក់ប្រាក់ធនាគារ ឲ្យមានលទ្ធភាពអាចនឹងរកថវិកាសងធនាគារបាន ជៀសវាងកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋយើង»។
លោកបន្ថែមថា គណបក្សភ្លើងនឹងប្រយុទ្ធប្រឆំាងឱ្យអស់ពីសមត្ថភាព ក្នុងការកំចាត់គ្រឿងញៀន និងអំពើអបាយមុខទាំងឡាយនៅរាជធានីភ្នំពេញ។
អ្នកស្រី លី សុភ័ក្រ អាយុ៤៤ឆ្នាំជាសមាជិកគណបក្សភ្លើងទៀននៅសង្កាត់ទឹកល្អក់ខណ្ឌទួលគោក បានប្រាប់ខេមបូចាថា គ្មានអ្នកណាទិញទឹកចិត្តឬក៏បង្ខិតបង្ខំអ្នកស្រីឲ្យមកចូលរួមនោះទេ គឺមកចូលរួមហែរដោយសារស្រឡាញ់ និងចង់ឲ្យមានការផ្លាស់ប្ដូរពីព្រោះបញ្ហាសង្គមជាច្រើនមិនទាន់បានដោះស្រាយនៅឡើយ។
អ្នកស្រីបន្ដថា ការប្រកួតប្រជែងយកក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ បើប្រកបដោយយុត្តិធម៌ គឺគណបក្សភ្លើងទៀនអាចឈ្នះច្រើន តែបើមិនយុត្តិធម៌ទេគឺនឹងពិបាកដោយសារមានបក្សខ្លះដើរទិញទឹកចិត្តប្រជាជន។
អ្នកស្រីបាននិយាយថា៖ «ពេលដែលខ្ញុំបានឃើញទិដ្ឋភាពជាក់ស្ដែងក្នុងការហែរថ្ងៃនេះ រឹតតែដឹងថាគណបក្សភ្លើងទៀនតស៊ូនិងស្រឡាញ់ជាតិពិតប្រាកដ»។
រីឯអ្នកស្រី សម្បត្តិ ពុទ្ធារី អាយុ៣៣ឆ្នាំ ជាអ្នកគាំទ្រម្នាក់មកពីខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ថា នៅពេលអ្នកស្រីចូលរួមដង្ហែក្បួននេះ អ្នកស្រីឃើញថា វាអាចមានបញ្ហាពីមជ្ឍដ្ឋានជុំវិញខ្លះដែរ ប៉ុន្ដែអ្នកស្រីមិនមានការព្រយបារម្ភណាមួយនោះទេ ដោយសារតែស្រឡាញ់និងជាទឹកចិត្តដែលចង់មានការផ្លាស់ប្ដូរ។
អ្នកស្រីក៏មានការព្រួយបារម្ភពីបញ្ហាប្រកួតប្រជែងមិនស្មើភាពគ្នា ព្រមទាំងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ ដែលធ្វើឲ្យលទ្ធផលសន្លឹកឆ្នោតប្រែប្រួល។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភរឿងហ្នឹង យើងឈ្នះហើយបែរជាគេថាគេឈ្នះវិញ»។
គណបក្សភ្លើងទៀន ដែលពីមុនត្រូវបានគេស្គាល់ថា ជាគណបក្សសមរង្ស៊ី ហើយក្រោយមកបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។ គណបក្សភ្លើងទៀន បានធ្វើសមាជនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាប់ផ្តើមគណបក្សនេះឡើងវិញ ដើម្បីឆ្ពោះទៅចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំបន្ទាប់។
កាលពីឆ្នាំ២០១៣ កន្លងទៅគណបក្សសង្គ្រោះជាតិ ធ្លាប់បានរុញច្រាលគណបក្សកាន់អំណាចឱ្យជិតចាញ់ការបោះឆ្នោតជាតិនាពេលនោះ ហើយជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិធ្វើបានយ៉ាងល្អដោយទទួលបានសមាជិកក្រុមប្រឹក្សាប្រមាណជា ៥ ០០០អាសនៈបើធៀបនឹងសមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនដែលមានតែជាង ៦ ០០០អាសនៈ។
វិធីបន្ទាប់ដ៏មានប្រសិទ្ធភាព ដើម្បីបញ្ចប់វិថីនយោបាយរបស់គណបក្សប្រឆាំងដ៏ធំតែមួយគត់របស់ប្រទេសនោះគឺ ការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលគេជឿថាមានហេតុផលនយោបាយ ហើយគណបក្សនេះត្រូវបានរំលាយតាមសាលដីកាដ៏ចម្រូងចម្រាសរបស់តុលាការកំពូល។ ក្រោយការរំលាយគណបក្សនេះ មន្ត្រីបក្សប្រឆាំងចំនួន ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា ដណ្តើមបានអាសនៈទាំង ១២៥ ខណៈដែលពុំមានវត្តមានគណបក្សប្រឆាំងចូលរួម។
ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច បានជួបជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួនជាង៣០០០នាក់នៅខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រ ដោយមានការអានសាររបស់ប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការបន្តការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយឃុំសង្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់។
គណបក្សប្រជាជននៅតែបន្តលើកឡើងពីសារនយោបាយការពារសន្តិភាព និងសមិទ្ធិផលនៃស្មារតីដែលកើតចេញពីថ្ងៃ៧មករា ឆ្នាំ១៩៧៩។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន លោក ប៉ាសុជាតិ វង្ស ប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញបានលើកឡើងពីគោលនយោបាយឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាធ្វើឲ្យឃុំសង្កាត់កាន់តែមានការរីកចម្រើន។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយឃុំ សង្កាត់ឆ្នាំ ២០២២-២០២៧ ដោយផ្តល់ឲ្យក្រុមប្រឹក្សាឃុំសង្កាត់ទទួលខុសត្រូវច្បាស់លាស់ក្នុងការដឹកនាំ ការគ្រប់គ្រងការងាររដ្ឋបាល ការងារសណ្តាប់ធ្នាប់ ការគ្រប់គ្រងធនធាន និងការផ្តល់សេវាចាំបាច់ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោកបន្តថា៖ «ក្រោមគោលនយោបាយនេះ គណបក្សនឹងបន្តការផ្ទេរធនធានបន្ថែម១ភាគរយដល់រដ្ឋបាលឃុំសង្កាត់ និងបង្កើនការចែករំលែកចំណូលសារពើពន្ធរដ្ឋាបាល៦ភាគរយដល់ឃុំ–សង្កាត់ ចាប់ពីឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន»។
ណិត សំបូរ អាយុ៤១ ឆ្នាំ ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់បឹងកេងកង រំពឹងថា គណបក្សនេះនឹងឈ្នះការបោះឆ្នោតភាគច្រើន។
លោកថ្លែងថា៖ «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនមានការអភិវឌ្ឍ ហើយអ្វីដែលសំខាន់គឺមានសុខសន្តិភាព ហើយពេលមានសុខសន្តិភាព និងមានការអភិវឌ្ឍ»។
មុនយុទ្ធនាការឃោសនា គណបក្សប្រជាជនអះអាងថា នឹងមិនមានការបើកយុទ្ធនាការទ្រង់ទ្រាយធំនោះទេ ដោយគ្រាន់តែមានការជួបជុំសមាជិក និងអ្នកគាំទ្រតាមខណ្ឌនីមួយៗប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃឃោសនាដំបូងគណបក្សកាន់អំណាចមួយនេះបានបើកយុទ្ធនាការទ្រង់ទ្រាយធំដោយដង្ហែតាមមហាវិធីធំៗក្នុងទីក្រុងភ្នំពេញ។
ជិម ណាគ្រី អាយុ ៤៨ឆ្នាំ អ្នកគាំទ្រម្នាក់ទៀតនៅទីក្រុងភ្នំពេញនិយាយថា៖ «គណបក្សប្រជាជនជាគណបក្សតែមួយគត់ដែលនឹង ដែលនាំមុខគេ ហើយនឹងមិនមានគណបក្សណាមួយអាចមកប្រកួតប្រជែងបានទេ»។
ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រមាណជា២០០នាក់ បានជួបជុំគ្នានៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២១ ខែឧសភា ដើម្បីចូលរួមឃោសនាគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នាពេលខាងមុននេះ។
បើតាមលោកស្រី សុខ ធារី អាយុ៤០ឆ្នាំ ជាពលរដ្ឋរស់នៅសង្កាត់កោះដាច់ រំពឹងថា នៅសង្កាត់នេះនឹងមានមេឃុំជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ អ្នកស្រីបន្តថា មូលហេតុដែលលោកស្រីគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋានព្រោះគណបក្សនេះមានគោលនយោបាយច្បាស់លាស់ ហើយបេក្ខជនរបស់គណបក្សនេះជាបុគ្គលដែលអាចពឹងពាក់បាន ដើម្បីជួយប្រជាកសិករដោយជំរុញវិស័យកសិកម្មឱ្យមានភាពរីកចម្រើន។
ស្រ្តីវ័យ៤០ឆ្នាំរូបនេះអះអាងថា៖ «លោកគ្រូសាំងកុមារ គាត់ជាមនុស្សល្អជួយប្រជាពលរដ្ឋ ធ្វើចំការ ធ្វើស្រែឲ្យកសិករហ្នឹងរីកចម្រើន ខ្ញុំយល់ថាអ៊ីចឹង»។
មិនខុសពីអ្នកស្រីធារី ប្រជាពលរដ្ឋមួយរូបទៀតរស់នៅរាជធានីភ្នំពេញ គឹអ្នកស្រី ចាប គង់ អាយុ៦០ឆ្នាំ បានលើកឡើងថា កាលពីអាណត្តិមុនៗលោកស្រីមិនទាន់បានស្គាល់គណបក្សនេះទេ តែក្រោយមកលោកស្រីបានត្រឡប់មកពីក្រៅប្រទេសវិញ លោកស្រីបានមើលឃើញ និងសង្ឃឹមលើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រោះគណបក្សនេះមានគោលនយោបាយល្អ និងបេក្ខជនមានលក្ខណសម្បត្តិល្អ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់បោះឱ្យគណបក្សនេះ ដើម្បីគាត់ឈ្នះដឹកនាំប្រជាជន ហើយខ្ញុំចង់បានគោលនយោបាយមួយគឺពេលដែលស្រ្តីខ្លួនមួយ ចាស់ជរា មានអ្នកផ្ដល់ថវិកាចិញ្ចឹមជីវិត»។
រៀបរាប់ទាំងមានភាពជឿជាក់ លោកស្រីបានប្រាប់ខេមបូចាថា លោកស្រីសង្ឃឹម៩០% ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងឈ្នះនៅក្នុងសង្កាត់កោះដាច់នេះ។ ហើយលោកស្រីបញ្ជាក់ថា លោកស្រីស្រលាញ់គណបក្សនេះ ត្រង់គណបក្សនេះស្មោះត្រង់ ដូច្នេះពេលគណបក្សនេះជាប់ឆ្នោតនឹងបានជួយប្រជាជនដូចជា ការផ្ដល់យុត្តិធម៌ឱ្យប្រជាជន និងលុបបំបាត់បញ្ហាគ្រឿងញៀនជាដើម។
លោកស្រីបន្តថា៖ «ខ្ញុំសប្បាយចិត្ត ព្រោះបង្កើតគណបក្សនេះដើម្បីប្រឆាំង។ ប្រឆាំង ព្រោះចិត្តខ្ញុំចង់ដូរតែម្ដង ឱ្យមានមេភូមិ ឃុំ គណបក្សថ្មី។»
ចំណែកលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការ នាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានមានប្រសាសន៍ថា ការឃោសនាថ្ងៃទី១ ក្នុងសង្កាត់កោះដាច់គឺមានបរិយាកាសល្អ និងមានប្រជាពលរដ្ឋច្រើនគួរសមចូលរួមស្វាគមន៍គាំទ្រ ហើយលោកចាត់ទុកថានេះជាសញ្ញាវិជ្ជមានសម្រាប់យុទ្ធនាការឃោសនាមុនថ្ងៃបោះឆ្នោតមកដល់។
លោក សាំងកុមារ បន្ថែមថា នៅក្នុងសង្កាត់កោះដាច់នេះ លោកសង្ឃឹមថានឹងមានការគាំទ្រច្រើន ហើយគោលដៅ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់បានជ័យជម្នះធ្វើជាចៅសង្កាត់កោះដាច់ ដែលមានអត្ថិភាពជាងសង្កាត់ផ្សេងៗ ដើម្បីដោះស្រាយបញ្ហានៅសង្កាត់កោះដាច់ដូចជាបញ្ហាគ្រឿងញៀនជាដើម។
លោកថ្លែងថា៖ «មុនថ្ងៃឃោសនាមកដល់គណបក្សប្រជាតិបតេយ្យមូលដ្ឋានបានធ្វើសកម្មភាពច្រើនដែរគឺចាប់ផ្ដើមតាំងពីសកម្មភាពសង្គមកិច្ចនិងសកម្មភាពនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ ស៥ មានវិស័យសុខាភិបាល វិស័យសេដ្ឋកិច្ច សង្គមកិច្ច សិក្សាធិការនិងសេវាសាធារណៈ»។
ថ្វីបើថ្ងៃទី១នៃការឃោសនាមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មានសញ្ញាវិជ្ជមានក៏ពិតមែន ប៉ុន្តែលោកកុមារ អះអាងថា មុនការឃោសនាប៉ុន្មានថ្ងៃ មានអាជ្ញាធរបានចុះមកគំរាមថានឹងដកប័ណ្ណក្រីក្រពីប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្របក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រសិនបើពួកគេចេញមកគាំទ្របក្ស។ មិនត្រឹមតែប៉ុណ្ណោះអាជ្ញាធរទាំងនោះបានមកដាក់សម្ពាធបេក្ខជនឈរឈ្មោះក្នុងសង្កាត់កោះដាច់ទៀតផង។
ចំពោះបញ្ហានេះ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា មិនគួរកើតមានឡើយ ហើយប្រសិនបើគណបក្សប្រជាធិបតេយ្យបានជាប់ឈ្មោះនឹងលុបបំបាត់បញ្ហាទាំងនេះ ដែលវាប៉ះពាល់ទៅដល់សេរីភាពមូលដ្ឋាននិងការបញ្ចេញមតិរបស់ពលរដ្ឋ។
លោកថ្លែងថា៖ «សេរីភាពនយោបាយគឺមានបញ្ហាច្រើន រហូតមុនហែរ[បក្ស]ហ្នឹងគឺមានមេភូមិដើរគំរាមកុំឲ្យប្រជាពលរដ្ឋហែរ និងដកប័ណ្ណក្រីក្រ ហើយរបៀបដដែលនេះ យើងនឹងលុបបំបាត់ធ្វើម៉េចកុំឲ្យមានមេភូមិធ្វើការបម្រើបក្ស»។
គណបក្សចំនួន១៧បានដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងអាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ បក្សទាំង១៧នោះរួមមាន បក្សប្រជាជនកម្ពុជា បក្សភ្លើងទៀន បក្សហ៊្វុនស៊ិនប៉ិច បក្សខ្មែររួបរួមជាតិ បក្សខ្មែរស្រលាញ់ជាតិ បក្សសញ្ជាតិកម្ពុជា បក្សយុវជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកែទម្រង់កម្ពុជា បក្សកម្ពុជានិយម បក្សខ្មែរតែមួយ បក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បក្សឯកភាពជាតិខ្មែរ បក្សរស្មីខេមរា និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
បន្ទាប់ពីបោះឆ្នាះឆ្នោតឃុំសង្កាត់នៅ២០២២ កម្ពុជានឹងបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ខាងមុខនេះផងដែរ។
លោក ហង្ស ពុទ្ធា អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា សម្រាប់រាជធានីភ្នំពេញមានគណបក្សចំនួនបីបានដង្ហែរក្បួនធំៗដើម្បើរកសំទ្បេងឆ្នោត និងការគាំទ្ររបស់ខ្លួន គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ។
លោកបានមានប្រសាសន៍៖ «ការដង្ហែគឺប្រព្រឹត្តដោយរលូនមិនមានបញ្ហាអ្វីកើតទ្បើងនោះទេ»។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) បានថ្លែងថា យុទ្ធនាការឃោសនាថ្ងៃទី១នេះ មិនមានអ្វីដែលគួរឱ្យកត់សម្គាល់នោះទេ។
លោកបន្ដថា៖ «ខ្ញុំមើលថា ការដង្ហែរក្បួនឃោសនារកសំទ្បេងឆ្នោតរបស់គណបក្សមិនមានភាពមិនប្រក្រតីណាមួយកើតនៅទ្បើយទេ។ គ្មានអីប្លែកទេ តែមានការស្ទះចរាចរណ៍ពិបាកធ្វើដំណើរក្រុងភ្នំពេញបន្ដិច» ៕ (រាយការណ៍ដោយ៖ ឃួន ណារី/ស៊ន សារ៉ាត/ សុវណ្ណ ស្រីពេជ្រ/ ស៊ើង និមល់ និង ឃាង សុខមាន)