សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សនយោបាយប្រើយុទ្ធសាស្ត្រតាមលទ្ធភាពផ្សេងគ្នារើសបេក្ខភាពឈរឈ្មោះប្រជែងរកសំឡេងឆ្នោត

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានស្លាកគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា ដែលដាក់តាំងបង្ហាញ ក្នុងខេត្តកណ្ដាល។ រូបថតថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានស្លាកគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា ដែលដាក់តាំងបង្ហាញ ក្នុងខេត្តកណ្ដាល។ រូបថតថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សនយោបាយនៅកម្ពុជាប្រើយុទ្ធសាស្ត្រផ្សេងៗគ្នាដើម្បីជ្រើសរើសបេក្ខភាពប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាខាងមុខនេះ។ បក្សធំមានធនធានច្រើន​​ប្រើវិធីចម្រុះដើម្បីជ្រើសរើសមនុស្ស  ខណៈបក្សតូចៗប្រឹងប្រែងដោយរៀបចំមនុស្សឈរឈ្មោះតាមលទ្ធភាពដែលខ្លួនមាន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ​មានប្រសាសន៍ថាបក្សកាន់អំ​ណាច​ប្រើវិធីបោះឆ្នោតផ្ទៃក្នុងបក្សដើម្បីជ្រើសរើសបេក្ខភាពឈរឈ្មោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតត្រូវធ្វើឡើង​​ជាសម្ងាត់។

លោក សុខ ឥសាន្ត បានមានប្រសាសន៍ថា៖«ជាគោលការណ៍ គណបក្សប្រជាជនតម្រូវឱ្យខាងមូលដ្ឋានរៀបចំបោះឆ្នោតផ្ទៃក្នុង ពេលបោះរួចយើងសម្រេចយកសន្លឹកឆ្នោតមករាប់នៅស្នាក់ការខេត្ត។យើងរាប់សន្លឹកឆ្នោតឃើញ ថ្នាក់ដឹកនាំបក្សខេត្តហ្នឹងប្រជុំសម្រេចគ្នាទៀតថា បេក្ខជនណាម្នាក់ស័ក្ដិសមនឹងឈរឈ្មោះតាមលេខរៀងណាមួយនោះ»។

លោក សុខ ឥសាន្ដ បានបញ្ជាក់ថា យុទ្ធសាស្ត្ររាប់សន្លឹកឆ្នោតសម្ងាត់នេះ ធ្វើឡើងដើម្បីបង្ការកុំ ឱ្យមេបក្សនៅតាមមូលដ្ឋាន គប់គិតគ្នាកំណត់លទ្ធផលបោះឆ្នោត ។

លោក សុខ ឥសាន្ដ បានបន្ថែម៖« កន្លងទៅមានសមាជិកខិលខូចមួយចំនួន  គាត់រៀបគ្នាគាត់ បោះឆ្នោតផ្ទៃក្នុងឱ្យគ្នាគាត់ជាប់បន្តទៀត ក្នុងបំណងកេងយកប្រ​យោជន៍ផ្ទាល់ខ្លួន ទើបគណបក្សប្រើប្រាស់វិធីរាប់សន្លឹកឆ្នោតជាសម្ងាត់នេះ»។

នៅឆ្នាំ២០២២នេះដំណើរការជ្រើសរើសបេក្ខភាពឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្ស​ប្រជាជនកម្ពុជាកើតមានបញ្ហាមិនប្រក្រតីមួយចំនួន។ កាលពីខែមករាសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាំគ្នាតវ៉ាក្នុងអំឡុងធ្វើសន្និបាតបូកសរុបលទ្ធផលបោះឆ្នោតផ្ទៃក្នុង  ដោយសារចៅសង្កាត់រងទី១ឈ្មោះលោក គង់ ប៊ឹប មិនជាប់ជាបេក្ខភាពឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់អាណត្តិថ្មី។ក្រុមអ្នកតវ៉ាស្រែកទាមទារយុត្តិធម៌និងចាត់ទុកថាមន្ត្រីថ្នាក់លើរៀបកំណត់លទ្ធផលឆ្នោត។ ទោះជាយ៉ាងណាទំនាស់នេះបានបញ្ចប់ទៅវិញ ដោយភាគីអ្នកតវ៉ាចេញវីដេអូសូមទោសថ្នាក់ដឹកនាំគណបក្ស។

ផ្អែកយុទ្ធសាស្ត្របោះឆ្នោតផ្ទៃក្នុងតែថ្នាក់លើរាប់សន្លឹកឆ្នោតនេះ បានធ្វើឱ្យអតីតមន្ត្រីមូលដ្ឋានរបស់អតីតបក្សប្រឆាំងនៅតំបន់មួយចំនួនដែលចុះចូលជាមួយបក្សកាន់អំណាចកាលពីឆ្នាំ២០១៧នោះ ត្រូវខ្ទាតចេញពីកៅអីដែលខ្លួនធ្លាប់អង្គុយដែរ។ មេឃុំចៅសង្កាត់ខ្លះបានរបូតលេខ​រៀងឈរឈ្មោះនិងខ្លះទៀតត្រូវខ្ចាត់ព្រាត់ស្ទើរតែគ្មានឱកាសធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តែម្ដង។

លោក សំ មុត ធ្លាប់ជាមេឃុំជាប់ឆ្នោតរបស់បក្សសង្គ្រោះជាតិ ប្រចាំឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។លោកបានចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនិងកាន់តំណែងជាមេឃុំអស់រយៈពេលជាង៤ឆ្នាំមកហើយ បន្ទាប់ពីគណបក្សប្រឆាំងត្រូវបានតុលាការរំលាយ។ លោក សំ មុត ឱ្យដឹងថា ក្នុងការបោះឆ្នោតអា​ណត្តិថ្មីនេះ លោកមិនបានឈរឈ្មោះជាមេឃុំឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទៀតឡើយ។

លោក សំ មុត បាននិយាយថា៖« ថ្នាក់លើ គេចុះឈ្មោះខ្ញុំជាបេក្ខភាពបម្រុងទី៤ឯណោះ។ពេលប្រជុំបក្ស ខាងប្រធានគណបក្សស្រុកគាត់ប្រាប់ថា ខ្ញុំហ្នឹងអសកម្ម មិនចេះប្រើទូរសព្ទ ខ្ញុំសួរវិញចុះខ្ញុំធ្វើការរាល់ថ្ងៃតើក្រែងខ្ញុំបំពេញការងាររហូតមកនោះអី?ប្រធានបក្សស្រុកនោះគាត់មិនតប»។

 លោក បានបន្ថែមថា៖«រាល់ថ្ងៃខ្ញុំធ្វើការងារខ្ញុំក្នុងនាមជាមេឃុំអាណត្តិនេះឱ្យចប់សព្វគ្រប់ ហើយខ្ញុំក៏បានដាក់ពាក្យលាលែងពីគណបក្សរួចហើយដែរ។ខ្ញុំសុំត្រឹមជាពលរដ្ឋធម្មតា​លែងចូលបក្សណាហើយព្រោះឆ្អែតចិត្តណាស់ ពេលឃើញគេប្រើស្នៀតជិះក្របីចម្លងភក់នេះ»។

គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខភាពក្រុមប្រឹក្សានៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេសក្នុងនោះបេក្ខ​ជនសរុប២៨០០០នាក់ ដែលបេក្ខនារីមានចំនួន៧ ៦៦៤នាក់។

ទាក់ទងនឹងការរៀបចំបេក្ខជនឈរឈ្មោះនេះដែរប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា យុទ្ធសាស្ត្រចម្បងរបស់បក្សភ្លើងទៀនគឺត្រូវរៀបបេក្ខជនយ៉ាងណាដើម្បីឈ្នះកៅឃុំសង្កាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា៖«យើងមានពេល មិនដល់បីខែផងតែយើងរៀបចំបានយ៉ាងល្អ។យើងមិនបានរៀបចំការបោះឆ្នោតផ្ទៃក្នុងអ្វីទេ តែយើងរើសបេក្ខជនតាមគុណសម្បត្តិជាក់ស្ដែងនិងតាមការឯកភាពគ្នារបស់ពលរដ្ឋមូលដ្ឋានទាំងនោះ»។

 ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានស្លាកគណបក្សខ្មែរស្រឡាញ់ជាតិ និង គណបក្សភ្លើងទៀន ដាក់តាំងបង្ហាញ ក្នុងខេត្តកណ្ដាល។ រូបថតថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានស្លាកគណបក្សខ្មែរស្រឡាញ់ជាតិ និង គណបក្សភ្លើងទៀន ដាក់តាំងបង្ហាញ ក្នុងខេត្តកណ្ដាល។ រូបថតថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សភ្លើងទៀន ដែលមានសមាជិកនិងអ្នកគាំទ្រភាគច្រើនមកពីអតីតគណបក្សសង្គ្រោះជាតិត្រូវបានប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី បន្ទាប់ពីគណបក្សសម រង្ស៊ី ច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា។ ការ​រួម​បញ្ចូល​គ្នា​នោះ​បាន​បង្កើតជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែលទីបំផុត​ត្រូវ​បាន​រំលាយ​​កាលពី​ឆ្នាំ២០១៧ ដោយ​តុលាការ​កំពូល។

កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​សង្រ្គោះជាតិ​នៅពេល​នោះ​ស្ទើរ​តែ​អាច​ផ្តួល​គណបក្ស​កាន់​អំណាច​បាន​ទៅ​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​។ បួន​ឆ្នាំ ក្រោយ​មក​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះជាតិ​​ឈ្នះ​បាន​ក្រុម​ប្រឹក្សា​ជាង​៥០០០​នាក់​ជិត​ស្មើ​ទៅ​នឹង​គណបក្ស​កាន់​អំណាច​ដែល​ទទួល​បាន​ជាង​៦០០០​នាក់​។​ ​​

ប៉ុន្តែ​ភាព​ជោគ​ជ័យ​នេះ ក៏​បាន​ប្រែ​ប្រួល​ក្នុង​ឆ្នាំ​ដដែល​​ ដោយ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​មួយ​នេះ ដោយ​មាន​ភាព​ចម្រូង​ចម្រាស​បំផុត​មួយ​។ មុន​មាន​ការ​រំលាយ​គណបក្សសង្គ្រោះជាតិ ប្រធានគបក្ស​នេះ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​បទចោទថា​ក្បត់​ជាតិ ដែល​គេ​ជឿ​ជា​ទូទៅថា​ជារឿង​នយោបាយ​។ ដោយ​គ្មាន​ឡើយ​បក្ស​ប្រឆាំង​មាន​សក្កានុពល​សម្រាប់​ប្រកួត​ប្រជែង នៅ​ឆ្នាំ​២០១៨ គណបក្ស​កាន់​អំណាចបាន​ទទួលអាសនៈ​ទាំង​១២៥​នៅ​រដ្ឋសភា​។​

ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះដណ្តើមកៅអីឲ្យបានច្រើនដូចអាណត្តិមុនមន្ត្រីជាន់​ខ្ពស់គណបក្សសង្គ្រោះជាតិដែលនិយមគាំទ្រលោកសមរង្ស៊ីបានចូលរួមជាមួយបក្សភ្លើងទៀនវិញ។ អតីតសមាជិកអចិន្ត្រៃយ៍រដ្ឋសភាមកពីបក្សសង្គ្រោះជាតិ លោក សុន ឆ័យ  អតីតគណៈកម្មាការនាយកលោក ជូង ជូងី សុទ្ធតែបានប្រកាសចូលរួមជាមួយគណបក្សភ្លើងទៀន។

លោក ថាច់ សេដ្ឋា ឱ្យដឹងថា បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនមួយចំនួនក៏ជាអតីតមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិនិងមួយចំនួនទៀតជាសកម្មជនដែលចង់ឃើញសង្គមមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត។

 លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា៖«បេក្ខជនមួយចំនួនស្ទើរជិតពាក់កណ្ដាលពួកគាត់ធ្លាប់ជាមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ មួយចំនួនធំទៀតជាប្រជាពលរដ្ឋដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌សង្គម។ពលរដ្ឋទាំងនោះគាត់រើសគ្នាគាត់ គាត់រៃលុយគ្នាគាត់លើកស្លាកគាំទ្របក្សភ្លើងទៀន។ ពួកយើងនៅថ្នាក់ខេត្តនិងថ្នាក់កណ្ដាលនេះគាំទ្រពួកគាត់»។

ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ បក្សភ្លើងទៀនជាគណបក្សដែលដាក់បេក្ខជនច្រើនជាងគេទី២បន្ទាប់ពីបក្សកាន់អំណាច។ គណបក្សភ្លើងទៀនដាក់បេក្ខជនសរុបចំនួន១៦៣២ លើ១៦៥២ឃុំសង្កាត់ ដែលមានបេក្ខជនសរុបចំនួន២៣ ៣៦៧នាក់ ក្នុងនោះបេក្ខនារីមានចំនួន៥ ៣២០នាក់។

ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ថ្លែងនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម
ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ថ្លែងនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម

ទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ បានក្លាយជាមេបក្សដឹកនាំបក្សថ្មីមួយ ឈ្មោះថា កម្ពុជានិយម។ គណបក្សកម្ពុជានិយមរបស់ លោកប៉ុញ្ញាឬទ្ធិ បានដាក់បញ្ជីបេក្ខជនឈរឈ្មោះតា​មឃុំសង្កាត់ចំនួន៣៩ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១៦៥២ឃុំសង្កាត់។

លោក យ៉ែម ប៉ុញ្ញាឬទ្ធិ មានប្រសាសន៍ថា ការដាក់បេក្ខភាពឱ្យឈរឈ្មោះនេះធ្វើឡើងតាមលទ្ធភាពជាក់ស្ដែងរបស់បក្សប៉ុណ្ណោះ។

លោក យ៉ែម ប៉ុញ្ញាឬទ្ធិ បានមានប្រសាសន៍ថា ៖«​យើងបានរៀបចំបេក្ខជនឈរឈ្មោះរបស់បក្សយើងដោយឈរលើស្មារតីស្រលាញ់ជាតិនិងព្រមលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍កម្ពុជា។បេក្ខជនរបស់យើងឈរលើស្មារតីកម្ពុជានិយម»។

លោកបន្តថា ៖«យើងផ្ដល់អាទិភាពចំពោះយុវជននិងស្ត្រី បន្ទាប់មកប្រមូលសកម្មជននយោ​បាយដែលធ្លាប់ធ្វើការងារជាមួយយើង(អតីតបក្សសង្គ្រោះជាតិ)។យើងបានខិតខំតាមលទ្ធភាពរបស់យើង»។

ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ជាគណបក្សកើតឡើងពីអតីតថ្នាក់ដឹកនាំជាមន្ត្រី​អង្គការ​សង្គមស៊ីវិល បានប្រកាសថា ខ្លួនរៀបបេក្ខភាពឈរឈ្មោះត្រឹម៣២ឃុំប៉ុណ្ណោះក្នុង​ចំណោម​ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធា មានប្រសាសន៍ថា GDP រៀបចំបេក្ខជនឈរឈ្មោះដោយគិតលើគុណភាពជាជាងបរិមាណ។

លោក ឡឹក សុធា បានមានប្រសាសន៍ថា៖ «បេក្ខជនរបស់យើងត្រូវមានលក្ខណសម្បត្តិបីជាចាំបាច់ គឺ​ សមត្ថភាព សុចរិតភាព និងមានសកម្មភាពរស់រវើកក្នុងការបម្រើសហគមន៍។សមត្ថភាពនោះគឺសំដៅដល់កម្រិតសិក្សារបស់ពួកគាត់ឆ្លងកាតការបណ្ដុះបណ្ដាលជាដើម ចំណែកសុចរិតភាពសំដៅ ស្មោះត្រង់សំដៅមិនបំពានអ្នកដ៏ទៃឬធ្វើឱ្យខូចខាតប្រយោជន៍សង្គមជាតិ»។

ក្រុមការងាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅឃុំសាគ្រាម ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ រៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំសម្រាប់ផ្ទៃក្នុងបក្ស ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងបោះឆ្នោតឃុំសង្កាត់ជាមួយគណបក្សនយោបាយផ្សេងៗនាអាណត្តិទី៥ខាងមុខនេះ។ រូបភាពថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។GDP
ក្រុមការងាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅឃុំសាគ្រាម ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ រៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំសម្រាប់ផ្ទៃក្នុងបក្ស ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងបោះឆ្នោតឃុំសង្កាត់ជាមួយគណបក្សនយោបាយផ្សេងៗនាអាណត្តិទី៥ខាងមុខនេះ។ រូបភាពថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។GDP

លោក ឡឹក សុធា បានបន្តថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានរំពឹងថា​ នឹងមានតំណាងរបស់ខ្លួនក្លាយជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅគ្រប់ឃុំសង្កាត់ដែលខ្លួនបានដាក់បេក្ខភាពប្រកួតប្រជែង។

លោក ឡឹក សុធា បានបន្ថែមថា៖ «ក្នុងខែមីនានេះ បក្សនឹងបើកកិច្ចប្រជុំជាមួយអ្នកឈរឈ្មោះទាំងអស់ពិនិត្យមើលបញ្ហាតាមឃុំសង្កាត់របស់គាត់នីមួយៗ រួចរៀបចំគោលនយោបាយ​ឱ្យត្រូវតម្រូវការនៅនឹងកន្លែងតែម្ដង»។

លទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីបេក្ខជនឈរឈ្មោះ ដែលចេញផ្សាយដោយគជបបង្ហាញថា  មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។បេក្ខជនឈរឈ្មោះសរុបមានចំនួន៨៤ ២០៨នាក់ ក្នុងនោះបេក្ខនារីមានចំនួន២៦ ៥៨៤នាក់។

 អ្នកវិភាគបញ្ហានយោបាយនិងសង្គម លោក សេង សារី មានប្រសាសន៍ថានិតិវិធីឬរបៀបរើសបេក្ខជនឈរឈ្មោះបោះឆ្នោតនោះមានសារៈសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែនៅកម្ពុជារបៀបជ្រើសរើសនេះមិនសូវប៉ះពាល់ដល់លទ្ធផលបោះឆ្នោតប៉ុន្មានឡើយ។ លោកបន្តថា ពលរដ្ឋខ្មែរសម្រេចចិត្តលើរូបភាពពីរទី១ពលរដ្ឋសម្លឹងមើលបក្សនិងទី២ពលរដ្ឋសម្លឹងមើលបុគ្គលដែលជាមេបក្ស។

លោក សេង សារី បានមានប្រសាសន៍ថា ៖« ឧទាហរណ៍បក្សប្រជាជនពលរដ្ឋសម្លឹងមើបក្សផងនិងមើលសម្ដេចហ៊ុនសែនផង។ ចំពោះបក្សភ្លើងទៀនវិញពលរដ្ឋមិនសម្លឹងមើលបក្សទេ ពលរដ្ឋសម្លឹងសំដៅទៅលោកសមរង្ស៊ីទៅវិញព្រោះបក្សនេះជាមរតករបស់សមរង្ស៊ី»។

លោកបន្តថា បក្សភ្លើងទៀន ជាមរតករបស់លោកសម រង្ស៊ីនោះ បានក្លាយជាគូប្រជែងធំជាងគេជាមួយCPPហើយបើធៀបនឹងគណបក្សប្រឆាំងដ៏ទៃទៀត។

លោក សេង សារី បានបន្ថែមថា៖«បក្សភ្លើងទៀននេះគាត់ប្រើកម្លាំងនយោបាយចាស់របស់គណបក្សសង្គ្រោះជាតិ ដូច្នេះហើយការប្រកួតប្រជែងនៅអាណត្តិនេះទំនងជាល្អមើល បើសិនជាការបោះឆ្នោតប្រព្រឹត្តិទៅដោយតម្លាភាព សេរីភាពនិងយុត្តិធម៌»។

ចំពោះដំណើរការជ្រើសរើសបេក្ខជនឈរឈ្មោះនេះវិញ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់ លោក ខឹម វាសនា បានប្រកាសថាខ្លួនមិនចូលរួមប្រកួតប្រជែងនោះទេ ដោយសារតែសង្កេតឃើញថា ដំណើរការរៀបចំការបោះឆ្នោតមានភាពមិនប្រក្រតីដែលមិនអាចទទួលយកបាន។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបដិសេធចំពោះការអះអាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

លោកបានមានប្រសាសន៍ថា៖« ខ្ញុំសូមបញ្ជាក់ជូនសាធារណជនឱ្យដឹងថា មានគណបក្ស១៧បានទុកចិត្តចំពោះ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ។ ហេតុនេះការអះអាងណាមួយរបស់គណបក្សLDPជាសិទ្ធិរបស់គាត់ប៉ុន្តែកន្លងមក គ.ជ.ប បានបំពេញការងារផ្អែកលើនិតិវិធីច្បាប់ប៉ុ​ណ្ណោះ»។

ការបោះឆ្នោតជ្រើងតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ខែមិថុនា ខាងមុខនេះ។ គណបក្សចំនួន១៧បានដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ។ បក្សទាំង១៧នោះរួមមាន បក្សប្រជាជនកម្ពុជា បក្សភ្លើងទៀន បក្សហ៊្វុនស៊ិនប៉ិច បក្សខ្មែររួបរួមជាតិ បក្សខ្មែរស្រលាញ់ជាតិ បក្សសញ្ជាតិកម្ពុជា បក្សយុវជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកែទម្រង់កម្ពុជា បក្សកម្ពុជានិយម បក្សខ្មែរតែមួយ បក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បក្សឯកភាពជាតិខ្មែរ បក្សរស្មីខេមរា និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

បន្ទាប់ពីបោះឆ្នាះឆ្នោតឃុំសង្កាត់នៅ២០២២ កម្ពុជានឹងបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ខាងមុខនេះផងដែរ៕

1,175 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម