សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋក្រីក្រ និងអ្នកមានចំណូលតិចព្រួយបារម្ភគ្មានប្រាក់ព្យាបាលនៅពេលធ្លាក់ខ្លួនឈឺធ្ងន់

អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋនៅក្នុងអាគាររួមមួយ កាលពីដើមឆ្នាំ២០២១។ ខេមបូចា/ នង ម៉ៃចរីយា
អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋនៅក្នុងអាគាររួមមួយ កាលពីដើមឆ្នាំ២០២១។ ខេមបូចា/ នង ម៉ៃចរីយា

ប្រជាពលរដ្ឋក្រីក្រ និងមានចំណូលតិចតួច មានការព្រួយបារម្ភ​នៅពេលមាន​ជំងឺ​ឈឺ​ស្កាត់ និងពេលធ្លាក់ខ្លួនឈឺធ្ងន់ ខណៈពេលដែលពួកគាត់មិនមានបណ្ណសមធម៌ ឬបណ្ណ​អ្វីផ្សេងៗ ដើម្បីយកទៅប្រើប្រាស់នៅមន្ទីរពេទ្យ។  

ជាពលរដ្ឋរស់នៅភ្នំពេញ កញ្ញា កែវ កន្ថា ដែលជាអ្នកលក់ដូរសេវាកម្មម្នាក់ រកចំណូល​បាន​មិនទៀងទាត់ អាស្រ័យលើមានអតិថិជនតិចឬច្រើន បានប្រាប់ថា ក្នុងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្មានឆ្នាំនេះ កញ្ញាស្ទើរតែបាត់ប្រាក់ចំណូលទាំងស្រុង ហើយត្រូវបង់ការប្រាក់ដែលជំពាក់​គេជា​រៀងរាល់ខែ។ កញ្ញាបន្តថា បច្ចុប្បន្នសុខភាពក៏មិនសូវល្អដែរ តែមិនសូវ​ហ៊ានទៅពេទ្យទេ ដោយសារខ្លាចអស់ថវិកាច្រើន។ ពេលឈឺម្តងៗ កញ្ញាសួរ​យោបល់មិត្តភក្តិ និងទៅទិញថ្នាំនៅហ្វាម៉ាស៊ី យកមកពិសារដោយខ្លួនឯង ហើយក៏​គ្មាន​បណ្ណអ្វីដែរសំរាប់ចូល​ពេទ្យ​ដោយមិនបាច់អស់ប្រាក់នោះទេ។

កញ្ញាប្រាប់ថា ធ្លាប់ទៅមន្ទីរពេទ្យកន្លងមក តែត្រូវពេទ្យស្រែកឱ្យ ដោយសារកញ្ញា​មិន​ដឹង​ថាត្រូវទៅបន្ទប់ណាបន្តទៀត ដើម្បីពិនិត្យតាមផ្នែកនីមួយៗ។ ប្រហែលបច្ចុប្បន្ន សំដី​សំដៅ​របស់គ្រូពេទ្យល្អជាងមុន តែកញ្ញាព្រួយបារម្ភបើសិនជាឈឺខ្លាំងត្រូវទៅពេទ្យគ្មានប្រាក់​ព្យាបាល ខាតពេលវេលារកប្រាក់ស្វែងរកចំណូល រួមទាំងអ្នកត្រូវមើលថែកំដនៅមន្ទីរពេទ្យ ហើយក៏ខ្លាចទទួលសេវាព្យាបាលមិនសូវបានល្អ។

កញ្ញា កន្ថា បន្តថា៖ «យើងអត់សូវមានលុយ យើងប្រហែលមិនមានលទ្ធភាពទៅពេទ្យល្អៗទេ ទៅពេទ្យមិនសូវល្អ ពេទ្យរដ្ឋហ្នឹងក៏ពិបាកដែរ ព្រោះអីពេទ្យរដ្ឋ សម្ភារៈក៏អត់សូវល្អឬទំនើប អាច​​ថា​ទំនើបក៏ថាបាន ដូចនៅកាល់ម៉ែត្រអី ប៉ុន្តែវាថ្លៃដែរ ហើយវាមិនថោកទេ ហើយការយក​ចិត្ត​ទុក​ដាក់របស់ពេទ្យក៏មានកម្រិតដែរ»

កញ្ញាសំណូមពរចង់បានបណ្ណ បសស ឬបណ្ណផ្សេងៗ ដូចអ្នកដែលមានបណ្ណ បសស ដែល​មិន​បាច់បង់​ប្រាក់​ពេល​ទៅពេទ្យ​​ព្យាបាល​ជំងឺ​​។​​​ ការបង់សេវាចង់ឱ្យ​កាត់ពីរដ្ឋនូវចំណូល​ដែល​រក​បាននិងចង់បានសេវាអនុគ្រោះបង់ថវិកាតិចតួច នៅពេលចូលមន្ទីរពេទ្យតាមកម្រិត​ជីវភាព។

ចំណែកឯពលរដ្ឋម្នាក់ទៀត ដែលមានការលំបាក និងជួបបញ្ហាស្រដៀងអ្នកដទៃទៀត​ដែល​ត្រូវ​បានសាកសួរជិត១០នាក់ សុទ្ធតែមានការព្រួយបារម្ភនៅពេលឈឺស្កាត់ ឬពេលធ្លាក់​ខ្លួន​ឈឺធ្ងន់ ត្រូវពឹងពាក់សាច់ញាតិនិងក្រុមគ្រួសារទាំងស្រុង។

កញ្ញា សុ នីតា ជាអ្នករកស៊ីគួកជេ ទទួលបានប្រាក់ចំណូលតិតតួច និងមិនសូវទៀងទាត់​បាន​រៀបរាប់ថា បងប្រុសបង្កើតរបស់កញ្ញា បច្ចុប្បន្នកំពុងព្យាបាលជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ដែលទើបត្រឡប់មកពីប្រទេសវៀតណាម ត្រូវថែរក្សានៅផ្ទះមួយរយៈសិន ទើបទៅ​ប្រទេសវៀតណាមម្តងទៀត។

កញ្ញាបន្តថា បងប្រុសកញ្ញាពេលកើតអាការៈដំបូងបានចូលព្យាបាលសំរាកនៅមន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ជាងមួយអាទិត្យ កញ្ញានិងគ្រួសារក៏សម្រេចចិត្តបញ្ជូនបងប្រុសទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​វិញ​ដោយមានការបារម្ភខ្លាំង ដោយលឺពីគ្រូពេទ្យថាមានសង្ឃឹមតែ​២០​ភាគរយ ហើយមានអារម្មណ៍ថា មិនសូវបានយកចិត្តទុកដាក់ដិតដល់ពីសំណាក់គ្រូពេទ្យ។

កញ្ញា នីតា លើកឡើងថា៖ «គេទុកឱ្យបងខ្ញុំនៅក្រៅបន្ទប់ នៅរានដេក(អ្នកជំងឺ)បន្តៗគ្នា ព្យួរតែសេរ៉ូម ដូចអត់មានអីទៀត ទាល់តែទៅសួរបានប្រាប់ ហើយដូចជាមិនចង់និយាយ​នឹងយើង។ បើមានលុយទៅស្រុកគេល្អជាង គេមើលដិតដល់ជាង»

កញ្ញាថា ថវិកាចំណាយទៅលើបងប្រុសគាត់ មកដល់ពេលនេះ អស់ក្បែរម៉ឺន​ដុល្លារហើយ។ ថវិកាដែលមានបានដោយសារការរៃគ្នាពីសំណាក់បងប្អូនញាតិមិត្ត និងអ្នកនៅកន្លែងធ្វើការ​របស់បងប្រុសគាត់។ ដល់ពេលកំណត់ត្រូវទៅ​ប្រទេស​វៀតណាមម្តងទៀត កញ្ញាថា មានតែ​ត្រូវលក់របស់របរនិងទ្រព្យសម្បត្តិ ដែលមានសល់ពីមុន និងរកសុំជំនួយពីញាតិមិត្តបន្តទៀត ដើម្បីអាចជួយបងប្រុស។

របាយការណ៏ វិទ្យាសា្ថនជាតិស្ថិតិ ក្រសួងផែនការ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ដែល​បាន​ប្រកាសកាលពីចុងឆ្នាំ២០២០ កំណត់ខ្សែបន្ទាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា សំរាប់​ឆ្នាំ​២០១៩-២០២០  ប្រាក់ចំណូលក្នុងម្នាក់ៗ បើគិតជាប្រាក់ដុល្លារប្រហែលអ្នក​រស់​នៅ​រាជធានី ២,៧ដុល្លារ ប្រជុំជន ២,៤ដុល្លារ និងជនបទ ២,២ដុល្លារ។ អត្រា​នៅក្រោមបន្ទាត់ភាពក្រីក្រនៅ​ មានកម្រិត ១៧,៨ភាគរយ ក្នុងនោះ នៅរាជធានីមានអត្រា ៤,២ភាគរយ ទីប្រជុំជនផ្សេងទៀត ១២,៦ភាគរយ និងតំបន់ជនបទ ២២,៨ភាគរយ។ ការវាស់វែងបន្ទាត់​ក្រីក្រ​បានកែទម្រង់ពីរ​លើក​រួចមកហើយ ដែលកំណត់ដំបូងនៅឆ្នាំ១៩៩៧ ដោយទិន្នន័យ​អង្កេតសេដ្ឋកិច្ច ពីឆ្នាំ ១៩៩៣- ១៩៩៤ រហូតដល់ឆ្នាំ២០០៨ និងនៅឆ្នាំ២០១៣ ដោយ​ប្រើទិន្នន័យសម្រាប់វាស់វែង ពីឆ្នាំ​២០០៩ មកដល់បច្ចុប្បន្ន។

​នាយកប្រតិបត្តិនៃអង្គការខាណា (KHANA) លោក ជួប សុខចំរើន បានមានប្រសាសន៍ថា ប្រាក់ចំណូលពលដ្ឋក្រីក្របច្ចុប្បន្ន គឺមានការលំបាកក្នុងជីវភាពរស់នៅ និងមិនគ្រប់គ្រាន់ ដោយសារតម្លៃទំនិញលើទីផ្សារមានតម្លៃខ្ពស់។ ចំពោះពលរដ្ឋក្រីក្រដែលអត់មានបណ្ណ​សំគាល់ នៅតែអាចទៅទទួលសេវាថែទាំព្យាបាលសុខភាពបាន ព្រោះមន្ទីរពេទ្យរដ្ឋមាន​មូលនិធិសមធម៌សុខភាព ដែលគណៈកម្មការវាយតម្លៃពលរដ្ឋ ត្រូវបា្រប់អំពីភាពក្រីក្រ និង​ព័ត៌មានផ្សេងទៀត ហើយគួរស្វែងរកបណ្ណក្រីក្រ ដែលហៅថា បណ្ណសមធម៌ ចេញដោយ​អាជ្ញាធរឃុំសង្កាត់ អាចបានតាមតម្រូវការ ដោយមិនត្រូវរង់ចាំ​រហូត​ដល់ធ្លាក់ខ្លួនឈឺ ថែមទាំង​អាចទទួលបានមូលនិធិសង្គមជាសាច់ប្រាក់ ឬសេវាអប់រំមិន​បង់​លុយ​សម្រាប់កុមារ និង​ផ្សេងៗ​ទៀត ។

លោក សុខចំរើន បន្តថា សេវាសុខាភិបាលសាធារណៈនៅ​កម្ពុជា មាន​ការ​រីកចម្រើនគួរ​ឱ្យ​កត់​សម្គាល់ មន្ត្រីជំនាញបច្ចេកទេស ក៏កាន់តែមានច្រើន សម្ភារៈ ឧបករណ៍ទំនើបៗ និងថ្នាំ​សង្កូវ​ព្យាបាល ក៏មានច្រើន និងសម្បូរបែប។ ក្រសួងសុខាភិបាល មានផ្តល់វ៉ាក់សាំងបង្ការ​ជំងឺ​ផ្សេងៗ​​ជាច្រើន និងប្រកបដោយគុណភាព និងការធ្វើតេស្ត ព្យាបាលដោយមិនបង់ប្រាក់ ដូច​ជា មេរោគអេដស៍ជំងឺរបេង និងជំងឺគ្រុនចាញ់ ជាដើម។

​លោកបន្តថា ការទទួលបានសេវាថែទាំសុខភាព ប្រជាពលរដ្ឋមានសិទ្ធិ និងជ្រើសរើសទៅ​តាមធនធាន។ ពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសុខភាព ដោយធ្វើការពិនិត្យជាទៀងទាត់ យ៉ាង​ហោចម្តងក្នុងមួយឆ្នាំ ឬច្រើនជាងនេះ នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅក្បែរ​ដែល​ទទួលស្គាល់អំពីរដ្ឋ។ ការឆាប់មកទទួលបានសេវាពិនិត្យ និងពិគ្រោះសុខភាពទាន់ពេល និង​ទៀង​ទាត់ អាចបានដំបូន្មានពីអ្នកជំនាញវេជ្ជសាស្ត្រ បង្ការហានិភ័យមកតិច ឬ ទប់ស្កាត់​សភាព​ជំងឺ​ធ្ងន់ធ្ងរ ឱ្យមកធម្មតាវិញ។

អ្នកជំងឺដេកសម្រាកព្យាបាលនៅតាមអាគារក្នុងមន្ទីពេទ្យរដ្ឋមួយកន្លែង។ រូបថតកាលពីដើមឆ្នាំ២០២១។ ខេមបូចា/ នង ម៉ៃចរីយា

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ប៉ិច ពិសី មើលឃើញថា ការវាស់​វែង​អត្រា​នៃ​ភាព​ក្រីក្រ ផ្អែកលើមូលដ្ឋាននៃតំលៃនៃមុខទំនិញដែលត្រូវការប្រចាំថ្ងៃ ជាពិសេស​តំលៃម្ហូប​អាហារ ការហូបចុកគ្រប់គ្រាន់ និងអាហារូបត្ថម្ភ ។​​ វិបត្តិកូវីដបានប៉ះពាល់​យ៉ាង​ខ្លាំង​ដល់អ្នកមាន​ជីវភាព​ក្រីក្រ ធ្វើឱ្យលែងគិតពីអាទិភាពផ្សេងៗ កាត់បន្ថយការចំណាយ មិនសូវ​ផ្តោតលើ​អនាម័យចំណីអាហារ កាត់បន្ថយការកំសាន្ត លំហែផ្សេងៗ ថ្នាំសង្កូវ ជាកត្តាបន្ទាប់ៗ​ទៀត ក្រៅពីអាហារបរិភោគប្រចាំថ្ងៃជាកត្តាចម្បង ។

លោក ពិសី បន្តថា ការព្រួយបារម្ភរបស់ពលរដ្ឋ ធ្វើឱ្យប៉ះ​ពាល់​ដល់បញ្ហាសុខភាពផ្លូវចិត្ត ធ្លាក់ខ្លួនឈឺច្រើន ងាយក្លាយជាជនរងគ្រោះនៃការឆបោកផ្សេងៗ ដែលទាក់ទងនឹង​សុខមាលភាពទូទៅនៅតែមានកើតឡើង។   

លោក ពិសី មានប្រសាសន៍ថា៖ «សិទ្ធិរស់រាន និងសិទ្ធិទទួលបានការគាំពារពីរដ្ឋ ដើម្បី​ឱ្យ​ពលរដ្ឋរស់នៅក្នុងសេចក្តីថ្លៃថ្នូរ គឺជាកាតព្វកិច្ចដែលមានចែងក្នុងច្បាប់រដ្ឋ​ជាអ្នក​ដឹកនាំ​មាន​តួនាទីក្នុងការធានាថា ពលរដ្ឋទទួលបានសិទ្ធិនៃការរស់រានមានជីវិត ហើយ​និង​​ការរស់នៅ​ប្រកបដោយសេចក្តីថ្លៃថ្នូរ ច្បាប់នេះមានចែងក្នុងគោលការណ៍​គតិយុត្តិ​ដែលមានស្រាប់ក៏មាន​នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល​យើងក៏មាន​ដែរ»

លោកឱ្យដឹងទៀតថា យុទ្ធសាស្ត្រនៃការកែទម្រង់សំខាន់ គឺសេវា​សុខាភិបាល​ល្អ ដែលត្រូវ​មានមន្ទីរពេទ្យមានគុណភាព បច្ចកទេសនៃការព្យាបាល ទាំងមណ្ឌលសុខភាព​នៅតាម​ជនបទ និងការផ្តល់ថ្នាំសង្កូវឱ្យបានត្រឹមត្រូវ។ កន្លងមកការពង្រីកមណ្ឌលសុខភាព​បានច្រើន តែនៅខ្វះធនធាន ប្រសិទ្ធភាព លទ្ធភាព គ្រូពេទ្យជំនាញទៅធ្វើការនៅទីជនបទនៅមាន​កម្រិត គឺប៉ះពាល់ទាំងអ្នកមាន និងអ្នកក្រ។

លោក ពិសី បញ្ជាក់ថា៖ «សេវាសាធារណៈចំនួនពីរសំខាន់ ដែលរដ្ឋាភិបាល​គួរតែ​ពង្រឹង ទាក់ទងនិងគុណភាព ប្រសិទ្ធភាព នៅការផ្តល់សេវាបន្ថែម ដែល​ពលរដ្ឋ​ត្រូវការ​ចាំ​បាច់ មិនថាតែអ្នកមានឬអ្នកក្រ គឺសេវាសុខាភិបាល។ បច្ចុប្បន្ននេះពលរដ្ឋ ចាប់ផ្តើមមានជំងឺ មានបញ្ហាសុខភាពផ្សេងៗ គឺគាត់មានការព្រួយបារម្ភមែនទែន ដោយសារគាត់មិនដឹងទៅណា អ្នកដែលមានលទ្ធភាពខ្លះគាត់ទៅព្យបាលនៅក្រៅ(ប្រទេសក្រៅ)»។ លោក ពិសី បន្ថែមថា៖ «ចំណែក​​ពលរដ្ឋក្រីក្រគឺគាត់អត់លទ្ធភាព មិនដឹងទៅណា ទៅកន្លែងណា កន្លែងខ្លះមិន​មាន​ការផ្តល់សេវាឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល»។ 

លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ បានមានប្រសាន៍ថា កំឡុងកូវីដ ១៩នេះ ស្ថានភាពអត្រាក្រីក្របានប្រែប្រួលអស់ហើយ ដែលត្រូវស្រាវជ្រាវជាមួយស្ថាប័ន​ជំនាញបន្តទៀត និងកត្តាផ្សេងៗ ដែលពលរដ្ឋកំពុងជួបប្រទេះ។

លោក សេរីសោភក្តិ៍ មានប្រសាសន៍ថា៖ «ដូចជាបញ្ហាកសិកម្ម ដីធ្លីដែលពួកគាត់បាត់បង់ បញ្ហា​ប្រាក់បំណុលដែលគាត់មានវ័ណ្ឌក នៅជុំវិញប្រាក់កម្ចីដែលគាត់បានខ្ចីពី​ធនាគារ​អភិវឌ្ឈន៍ ឬមួយក៏ micro ហិរញ្ញវត្តុជាដើម»

របាយការណ៍ធនាគារពិភពលោក នៅក្នុង​ឆ្នាំ២០២០ វិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ បានជះ​ឥទ្ធិពលយ៉ាងអាក្រក់ទៅលើ​ផ្នែកធំៗទាំងបីនៃសេដ្ឋកិច្ចរបស់កម្ពុជា​ គឺវិស័យទេសចរណ៍ ការ​នាំ​ចេញនៃកម្មន្តកម្ម និង​វិស័យសំណង់។ វិស័យ​ទាំងនេះ មានចំណែកជាង ៧០ភាគរយនៃ​កំណើន​សេដ្ឋកិច្ច​របស់ប្រទេស និង​ផ្តល់​ការងារបានចំនួន ៣៩ភាគរយនៃការងារ​មានប្រាក់​ឈ្នួល​ទាំងអស់ក្នុងប្រទេស ក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចធ្លាក់ជាអវិជ្ជមាន​៣,១ភាគរយ ដែលជា​អត្រាអាក្រក់បំផុតបើគិតតាំងពីឆ្នាំ១៩៩៤មក។

ភាពក្រីក្រនៅតែមានកម្រិតខ្ពស់ បើធៀបទៅនឹងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩  ​ការងារ​នៅ​មិន​ទាន់​ត្រឡប់​ទៅ​រកកម្រិត នៅ​មុនពេលមាន​ជំងឺ​រាតត្បាត​នេះនៅ​ឡើយ​។ ផលប៉ះ​ពាល់​អវិជ្ជមានលើប្រជាពលរដ្ឋដែលប្រកបអាជីវកម្មជាលក្ខណៈគ្រួសារដែលពុំមានដីដាំដុះនៅតែមានសភាពធំធេង ដែលភាគច្រើនបណ្តាលមកពីតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ សមាមាត្រនៃគ្រួសារដែលរងផលប៉ះពាល់អវិជ្ជមានបន្តមានការលំបាកពីការបាត់បង់ប្រាក់​ចំណូល ដែលអាចនាំឱ្យភាពក្រីក្រកើនឡើង។

ជុំវិញបញ្ហានេះ លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  បានមានប្រសាសន៍ថា ក្រសួងកំពុងធ្វើការជាមួយក្រសួងផែនការ ។

ចំណែកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ លោក ថេង បញ្ញាធន បានមានប្រសាសន៍ថា តាមការប៉ាន់ស្មានរបស់លោក ក្នុងការកំណត់​អត្តសញ្ញាណគ្រួសារក្រីក្រ ដែលត្រូវធ្វើជាថ្មី អត្រាភាពក្រីក្រនឹងមាននិន្នាការកើនឡើង។ លោកមិនទាន់អាចឆ្លើយបាននៅឡើយ មុនការសម្រេចរបស់រាជរដ្ឋាភិបាល ។ ក្រសួង​កំពុង​ធ្វើកិច្ចការ ហើយរដ្ឋាភិបាលនឹងសម្រេចក្នុងពេលឆាប់នេះ ដើម្បីជួយ​សម្រាលជីវភាព និង​ទុក្ខ​លំបាករបស់ប្រជាជនកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ក្រសួងនិងផ្តល់​ព័ត៌មាន​បន្ថែម ពេលមានការសម្រេច។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មានបណ្ណ​ក្រីក្រ​សម្រាប់ជនក្រីក្រប្រើប្រាស់ពេលទៅទទួលសេវា ដោយរដ្ឋជាអ្នកចេញថ្លៃជំនួស និង​បណ្ណ បសស សម្រាប់កម្មករ និងមន្ត្រីរាជការស៊ីវិល។ សេវានៅតាមមន្ទីរពេទ្យ កាន់តែមាន​ភាពល្អប្រសើរឡើង ទៅតាមកម្រិត និងតាមទីកន្លែង ហើយភាពពេញចិត្ត​សេវាក៏កើនឡើង​ដែរ ដែលធ្វើឱ្យមន្ទីរពេទ្យរដ្ឋ កន្លែងខ្លះ មានអ្នកជំងឺមកទទួលសេវាច្រើន។ 

លោកជំទាវបញ្ជាក់ថា៖ «បើពួកគាត់មិនមានបណ្ណក្រីក្រ ពួកគាត់អាចជម្រាបទៅមន្ទីរពេទ្យ​បាន ដែលមានគណៈកម្មការ ឬក្រុមការងារនៅទីនោះ អាចវាយតម្លៃ និងផ្តល់ការលើកលែង​បង់ថ្លៃ​បាន។ ភាគច្រើនមន្ទីរ​ពេទ្យ​តែងតែយកចិត្ទទុកដាក់លើចំណុចនេះណាស់ ដើម្បីឱ្យ​ពួកគាត់អាចទទួលសេវាបានដូចគេឯងដោយគ្មានរបាំងហិរញ្ញវត្ថុ»។ លោកជំទាវបន្ថែមថា៖​ «សូមឱ្យបងបប្អូនអញ្ជើញទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដែលនៅជិតលោកអ្នក កុំទុកឱ្យជំងឺវិវត្តន៍ទៅហួសពេលព្យាបាលឱ្យសោះ»

ទោះយ៉ាងណា កញ្ញា នីតា​ ចង់ឱ្យមានការកែប្រែមន្ទីរពេទ្យក្នុងស្រុកដើម្បីភាពងាយស្រួល និងមានគ្រូពេទ្យជំនាញល្អៗ កន្លែងព្យាបាលប្រកបដោយផាសុខភាព និងជួយសម្រួល​ដល់​ពលរដ្ឋដែលខ្វះខាត។

កញ្ញា នីតា បន្ថែមទៀតថា៖ «ចង់បានពេទ្យក្នុងស្រុកឱ្យមានការមើល​ព្យាបាល​អស់​ថវិកា​តិចតួច និងគ្រូពេទ្យយកចិត្តទុកដាក់ ព្រោះកុំឱ្យពិបាកទៅប្រទេសគេ»

525 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម