សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាបឋមសិក្សាព្រះនរោត្តម ផ្អាកការសិក្សាពីរសប្ដាហ៍ ក្រោយរកឃើញ អ្នកពាក់ព័ន្ធវីរុសអូមីក្រុង

បុរសម្នាក់ដើរឆ្លងកាត់មុខសាលាបឋមសិក្សា ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុរសម្នាក់ដើរឆ្លងកាត់មុខសាលាបឋមសិក្សា ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បន្ទាប់ពីមានការឆ្លងវីរុស បំប្លែងថ្មីប្រភេទអូមីក្រុងឆ្លងចូលសហគមន៍កាលពីដើមខែមករា ពេលនេះ វីរុសអូមីក្រុង ក៏បានឆ្លងចូលក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុង​រាជធានី​ភ្នំពេញ ស្របពេលដែលបវេសនកាលការថ្មីនៃឆ្នាំ២០២១-២០២២ ទើបតែចាប់ផ្ដើម​បានប៉ុន្មាន​ថ្ងៃ។​

អ្នកស្រី លីម សុខគា ជាអាណាព្យាបាលមួយរូប ដែលមានកូនរៀននៅសាលាបឋមសិក្សា​ព្រះនរោត្តម បានសម្ដែងនូវក្ដីបារម្ភចំពោះការរីករាលដាលជំងឺអូមីក្រុងចូលទៅក្នុងសាលារៀន ខណៈកូនលោកស្រីទើបតែរៀនថ្នាក់ទី៣ និងនៅក្មេងនៅឡើយ មិនទាន់យល់ច្បាស់​ពីការ​ថែរក្សាការពារខ្លួនដូចមនុស្សធំឡើយ។

អ្នកស្រីសុខគា និយាយយ៉ាងដូច្នេះថា៖ «ធម្មតាកូនសិស្សនៅសាលាមែនបាន​ទៅ​ពាក់ម៉ាស​អីជាប់ណាដូចមនុស្សធំទេ ព្រោះអីពេលខ្ញុំទៅយកកូន ពេលវារត់លេងអីជាមួយគ្នា ពេលខ្លះក៏​ដោះម៉ាស់ ពេលខ្លះក៏ពាក់អីចឹងទៅ»។

អ្នកស្រី សុខគា ថា ខ្លួននឹងតាមដានរឿងបិទសាលានេះបន្តទៀត ថ្វីត្បិតអ្នកស្រីមិនដឹងថា សាលានឹងបន្តបិទយូរប៉ុណ្ណា។​ ប៉ុន្តែអ្នកស្រីយល់ឃើញថា ​ជាការល្អដែលសាលាបិទសិន និងឱ្យសិស្សរៀនអនឡាញ ព្រោះដើម្បីបញ្ចៀសការឆ្លងកាន់តែច្រើន។

ជាម្ដាយមួយរូប អ្នកស្រីក៏លើកឡើងនូវសំណូមពរទៅសាលា ដោយសំណូមពរថា ពេល​អាណាព្យាបាលផ្សេងទៀតមកទទួលកូន គប្បីរក្សាគម្លាត ឬចូលយកកូនម្ដងម្នាក់កុំ ប្រជ្រៀត គ្នា ម្យ៉ាងខាងសាលាគប្បីបែងចែកម៉ោងសិស្សចេញ ដោយតម្រូវឱ្យសិស្សថ្នាក់តូចចេញមុន ដើម្បីការពារកុំឱ្យមានការជួបជុំ ប្រឈមនឹងការឆ្លងកូវីដ១៩។

អ្នកស្រីសុខគា ប្រាប់ឱ្យដឹងថា៖ «ឪពុកម្ដាយដែលគាត់ទៅយកកូនហ្នឹង គាត់សម្រុកចូលតែម្ដង ខ្ញុំអត់ចង់ឱ្យចឹងទេ និយាយរួមយើងមិនដឹងថាខ្លួនយើងមានគេមានឬក៏អត់ ចឹងយើងប្រយ័ត្ន​ទាំងអស់គ្នាទៅ ឧបមាថាក្មេងៗវាអត់មានទេ ប៉ុន្តែអ្នកផ្សេងទៀតមាន ហើយទៅប្រជ្រៀតគ្នា​ចឹងវាឆ្លងទៅវិញទៅមក»។  អ្នកស្រីបន្តថា៖ «សម័យកូវីដ ខ្ញុំចង់ឱ្យសាលាចែកម៉ោងចេញ​ចន្លោះគ្នា១៥នាទីអ៊ីចឹង កុំឱ្យសម្រុកមកទាំងអស់ចឹងវាពិបាកដែរ ព្រោះកូវីដវាមិនទាន់​អស់ផង»

ក្រសួងសុខាភិបាលបានរាយការណ៍ពីការឆ្លងសហគមន៍ដំបូងនៃកូវីដប្រភេទថ្មី​អូមីក្រុង កាល​ពីថ្ងៃទី៨ ខែមករា បន្ទាប់ពីបុរសអាយុ២៣ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមានវីរុសនេះ​។  តាមរយៈ​ក្រសួងសុខាភិបាល ការ​ឆ្លង​មេរោគ​អូមីក្រុង​ក្នុង​សហគមន៍​លើក​ដំបូងត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។ ប៉ុន្តែក្រោយមកទើបរកឃើញថា អ្នកឆ្លងរូបនោះ​ត្រូវបានផ្លាស់ប្តូរអាស័យដ្ឋានយូរហើយទៅកាន់សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

គួររំលឹកថា ក្រសួងសុខាភិបាលបានរាយការណ៍ពីការឆ្លងសហគមន៍ដំបូងនៃកូវីដប្រភេទថ្មី​អូមីក្រុង កាល​ពីថ្ងៃទី៨ ខែមករា បន្ទាប់ពីបុរសអាយុ២៣ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមានដែល​បញ្ជាក់ថា​ឆ្លងជំងឺនេះ​។  តាមរយៈ​ក្រសួងសុខាភិបាលដដែល​បាន​ឱ្យ​ដឹង​ថា ការ​ឆ្លង​មេរោគ​អូមីក្រុង​ក្នុង​សហគមន៍​លើក​ដំបូង ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ប៉ុន្តែអ្នកឆ្លងរូបនោះត្រូវបានផ្លាស់ប្តូរអាស័យដ្ឋានយូរហើយទៅកាន់សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ទាក់ទង់នឹងបញ្ហានេះ លោក មាស ឆពណ្ណ នាយកសាលាបឋមសិក្សាព្រះនរោត្តម មិនអាច​អធិប្បាយបានទេ ដោយទូរសព្ទចូលហើយ លោកមិនឆ្លើយតបនឹងសំណួរ រូចចុច​បិទតែម្ដង។

បើតាមការបញ្ជាក់ពីលោកស្រី ប៉ែន អ៊ិន ចៅសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ បានប្រាប់តាមទូរសព្ទថា លោកស្រីមិនអាចទាក់ទងលោកនាយកសាលាបានទេ ប៉ុន្តែតាមលោកស្រីដឹងអ្នកដែលវិជ្ជមានគឺជាសិស្សសាលាបឋមសិក្សា ព្រះនរោត្តម។ តែនៅពេលសួរបញ្ជាក់ថាមានប៉ុន្មាននាក់ លោកស្រីចៅសង្កាត់ប្រាប់ថា ចាំស្អែកទាក់ទង​មកទៀត ព្រោះលោកស្រីទាក់ទងនៅនាយកសាលាមិនបាន។

លោកស្រីថ្លែងយ៉ាងដូច្នេះថា ទូរសព្ទទៅនាយកអត់ទាន់លើក ប៉ុន្តែគ្រាន់តែលឺថា​ មានកូវីដ​លើក្មេងទេ អ្នកគ្រូអី អត់មានរណាកើតអីផង «តែកើតអូមីក្រុង តែម្នាក់ពីរនាក់ គេបិទហើយ​ខ្លាចឆ្លង»

បុរស​ម្នាក់​កំពុងទទួល​ការ​ចាក់វ៉ាក់សាំងដូសជំរុញជាផ្នែកមួយនៃយុទ្ធនាការរបស់​រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺ​កូវីដ-១៩ ក្នុង​រាជធានី​ភ្នំពេញ។ រូបថតកាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២២។ ខេមបូចា/ ព្រីង​ សំរាំង

ដោយឡែក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មិនបានបញ្ជាក់ពីករណីឆ្លងនៅ​សាលាបឋមសិក្សាព្រះនរោត្តមថា ពិតឬយ៉ាងណានោះទេ ដោយលោកលើកឡើងថា សម្រាប់​លទ្ធផលតេស្តរកកូវីដ-១៩ យោងតាមការរប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល។

លោកមានប្រសាសន៍ថា៖ «ក្រសួងអប់រំ យុវជននិងកីឡា បាននិងបន្តចូលរួមជាមួយ​រាជរដ្ឋាភិបាលដើម្បីបង្ការ គ្រប់គ្រង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្ត​អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី ០៤ សីហា ២០២០ និងតាមវិធានការសុខាភិបាល»។

តែយ៉ាងណាមិញ គេឃើញថាព្រឹកមិញនេះ ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសភ្លាមៗមួយ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័ស​នៃវីរុសបម្លែងខ្លួន​ប្រភេទដែលតា ឬអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ទន្ទឹមនឹងនេះ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយតបតាមរយៈសារ​តេឡេក្រាមថា  លោកស្រីមិនទាន់អាចបញ្ជាក់បាននៅឡើយទេចំពោះករណីឆ្លង​អូមីក្រុងនៅ​សាលាបឋមសិក្សាព្រះនរោត្តមនេះ  ដោយលោកស្រីកំពុងបំពេញការងារនៅខេត្តតាកែវ។

កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានកាលពីថ្ងៃពុធសប្តាហ៍មុនថា ប្រសិន​បើវីរុសប្រភេទថ្មីអូមីក្រុងរីករាលដាលទៅក្នុងសហគមន៍  ប្រជាពលរដ្ឋអាចនឹងវិល​ត្រឡប់​ទៅរកការបិទខ្ទប់ម្ដងទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមទៀតថា អ្នកជំងឺអូមីក្រុង ទាំងអស់មិនត្រូវ​បាន​អនុញ្ញាតឱ្យជាព្យាបាលជំងឺនៅផ្ទះទេ ប៉ុន្តែនឹងត្រូវតម្រូវឱ្យព្យាបាលដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ។ ហើយជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ ទី១០ មករា នេះ បានមានប្រសាសន៍ថា លោកបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥លាន​ដូសបន្ថែមទៀត។

ចំណែកអង្គការយូនីសេហ្វ កាលពីថ្ងៃទី១០ ខែមករា បានសរសេរនៅលើទំព័រហ្វេសប៊ុកខ្លួនថា កំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងដៃគូអប់រំ​នានា ដើម្បីធានាថាការអប់រំមិនត្រូវបានបង្អាក់អំឡុងពេលរីករាលដាលជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះ សេចក្ដីថ្លែងការណ៍មួយរបស់អង្គការយូនីសេហ្វេ កាលពីថ្ងៃទី១២ មករា បានឱ្យដឹងថា ការបិទសាលារៀនគួរតែជាវិធានការចុងក្រោយ នៃការទប់ស្កាត់​ការ​រីក​រាល​ដាលនៃជំងឺកូវីដ និងបើកមុនគេផងដែរ សម្រាប់ឱ្យសិស្សដែលរៀនពីចម្ងាយបាន​ចូលរៀន​ផ្ទាល់។

ប្រធានអង្គការយូនីសេហ្វ លោកស្រី Henrietta Fore បានគូសបញ្ជាក់ថា ការចំណាយ​លើការ​បិទសាលារៀនបាននឹងកំពុងប៉ះពាល់ដល់សិស្សប្រមាណ៩០ ភាគរយនៅទូទាំងពិភពលោក​ដែលពួកគេប្រឈមមុខនឹងការមិនបានរៀនសូត្រ ដោយសារតែការរំខានពីជំងឺកូវីដ​កាលពីឆ្នាំ​មុន ក្នុងនោះសិស្សសាលាច្រើនជាងមួយភាគបី មិនមានលទ្ធភាពទទួលបានការអប់រំ​ពី​ចម្ងាយ។

អ្នកស្រី Henrietta បានមានប្រសាសន៍ថា៖ «សមត្ថភាពរបស់កុមារក្នុងការអាន សរសេរ និងធ្វើលំហាត់គណិតវិទ្យាកម្រិតមូលដ្ឋានបានចុះថយ ហើយជំនាញដែលពួកគេ​ត្រូវការ​ដើម្បីការរីកចម្រើនក្នុងសេដ្ឋកិច្ចសតវត្សទី២១ បានថយចុះ»។

មន្រ្តីជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា ប្រសិនបើកុមារប្រឈមមុខនឹងការបិទ​សាលារៀន​មួយឆ្នាំទៀត ផលប៉ះពាល់នឹងត្រូវបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងកូវីដសរុបប្រចាំប្រទេសកម្ពុជាកើនដល់ ១២០ ៨៧៧​ ករណី ក្នុង​នោះមានករណីនាំចូលចំនួន២០ ១៩០ អ្នកជាសះស្បើយសរុប ១១៧ ១៤៦ និងករណី​ស្លាប់សរុប ៣ ០១៥។ ដោយឡែក ករណីអូមីក្រុងឆ្លងក្នុងសហគមន៍សរុប១០៣៕

707 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម