សាលាដំបូងខេត្តព្រះវិហារបានសម្រេចចោទប្រកាន់អ្នកកាសែតបីនាក់ពីបទ «កំហែងយក»និងសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកកាសែតបីនាក់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនរួមមាន ទី១ ឈ្មោះ មុំ វិបុល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរសារព័ត៌មាន«ប៉ុស្តិ៍លេខ៣»។ ទី២ ឈ្មោះ តិន ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសារព័ត៌មាន«រស្មីឆ្នាំងមាស»។ ទី៣ ឈ្មោះ តិន ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសារព័ត៌មាន«ខេមមេឌៀ» អ្នកទាំ២នៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក យុត ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារមានប្រសាសន៍ថា តុលាការខេត្តបានសម្រេចឃុំខ្លួនអ្នកកាសែតទាំងបីនាក់ហើយ ប៉ុន្តែលោក ពន្លឺបានបដិសេធមិនអត្ថាធិប្បាយច្រើនទេ ដោយប្រាប់ថា លោកមិនអាចឆ្លើយបានទេ ដោយសារមិនមានឯកសារនៅក្នុងដៃ ហើយណាមួយលោកកំពុងជាប់ប្រជុំនៅភ្នំពេញ។
លោក ពន្លឺ គ្រាន់តែបញ្ជាក់ថា៖ «តុលាការសម្រេចឃុំខ្លួនហើយ»។
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានថ្លែងថា លោកស្រីគ្រាន់តែដឹងថា អ្នកកាសែតទាំងបីនាក់ត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងលុយកាក់ ហើយតុលាការបានសម្រេចឃុំពួកគេហើយ។
អ្នកស្រី សុគុណពិសី បញ្ជាក់ថា៖ «អ្នកកាសែតទាំងបីត្រូវបានចាប់ឃាត់ខ្លួនពាក់ព័នរឿងលុយកាក់ហ្នឹង ខ្ញុំមិនទាន់ដឺងច្បាស់ទេ ត្រឹមតែដឹងថាតុលាការបានឃុំខ្លួនអ្នកទាំងបីទុកបណ្ដោះអាសន្ន»។
អ្នកស្រីប្រធានមន្ទីរព័ត៌មានមិនបានប្រាប់ពីហេតុការលម្អិតទេ ដោយអ្នកស្រីប្រាប់អ្នកកាសែតឱ្យទៅសួរសមត្ថកិច្ចប៉ូលិសនិងតុលាការខេត្តជំនួសវិញ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកសារព័ត៌មានត្រូវគោរពនិងធ្វើអ្វីទៅតាមក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
លោក សុភ័ណ្ឌ បានថ្លែងយ៉ាងខ្លីថា៖ «ចំពោះអ្នកកាសែតទាំង៣នាក់ក្នុងនាមជាអ្នកកាសែតគួរតែមានវិជ្ជាជីវៈជាអ្នកកាសែតមិនត្រូវធ្វើអ្វីមិនសមហេតុផល»។
តាមសារព័ត៌មានអនឡាញមួយបានសរសេរថា ដើមចោទឈ្មោះ សាត ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ តំណាងឱ្យក្រុមហ៊ុន ”ភីអិនធី PNT” ដែលជាក្រុមហ៊ុនដ៏ធំមួយ និងកំពុងឈរជើងប្រមូលទិញឈើ នៅស្រុករវៀង ខេត្តព្រះវិហារ។
សារព័ត៌មានដដែលនោះបន្តថា នៅមុនពេលឃាត់ខ្លួន ក្រុមអ្នកកាសែតខាងលើមានគ្នា៤នាក់ បានជិៈរថយន្ត១គ្រឿងចុះទៅយកព័ត៌មាន ពាក់ព័ន្ធនឹងក្រុមហ៊ុន ”ភីអិនធី PNT” ប្រមូលទិញឈើពីពលរដ្ឋដោយខុសច្បាប់។ ក្នុងនោះតំណាងក្រុមហ៊ុន បានសម្រួលឱ្យប្រាក់ទៅក្រុមអ្នកកាសែតចំនួន៥០០ដុល្លារ ជាថ្នូរនិងបិទព័ត៌មានកុំឱ្យផ្សាយរាល់សកម្មភាពទិញឈើខុសច្បាប់របស់ក្រុមហ៊ុន។
ប៉ុន្តែក្រុមអ្នកកាសែតមិនព្រមដោយទារចំនួន ៤ ០០០ដុល្លារព្រោះមានគ្នា៤នាក់។ ក្រោយមក តំណាងក្រុមហ៊ុន ”ភីអិនធី PNT” ក៍ប្រើល្បិចធ្វើជាតថ្លៃគ្នាដើម្បីបានសំឡេងរហូតត្រូវថ្លៃគ្នាចំនួន ២ ១៥០ដុល្លារ។ បន្ទាប់មកទៀត ដើមចោទនិងបក្ខពួក ក៏បានបញ្ឆោតក្រុមអ្នកកាសែតថា គេប៉ាវទៅច្រៀងខារ៉ាអូខេដើម្បីរាប់អានគ្នា។ ខណៈអ្នកកាសែតកំពុងច្រៀងភ្លេចខ្លួនសមត្ថកិច្ចប៉ូលិសខេត្តព្រះវិហារ ចុះចាប់ខ្លួនពួកគេក្នុងបន្ទប់ KTV តែម្ដង ប៉ុន្តែអ្នកសារព័ត៌មានម្នាក់ទៀតគេចខ្លួនរួច។
អ្នកកាសែតម្នាក់សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានលើកឡើងដូចគ្នានឹងសារព័ត៌មានអនឡាញនោះដែរ ហើយបានបញ្ជាក់ថា៖ «ពួកគេទាំងបួននាក់ពិតជាបានទារលុយពីក្រុមហ៊ុនឈើពិតប្រាកដមែន ព្រោះក្រុមហ៊ុនឈើជាក្រុមហ៊ុនឈើខុសច្បាប់»។
លោក សួស សុខដារ៉ា ស្នងការខេត្តព្រះវិហារ មិនអាចសុំការអត្ថាធិប្បាយអំពីករណីនេះបានទេ ដោយហៅទូរសព្ទច្រើនដងមិនលើក។
អ្នកស្រី ពិន ចិន ជាបងស្រីរបស់លោក តិន ទ្រី និងលោក តិន ស៊ីថា បានឱ្យដឹងថា ប្អូនប្រុសគាត់ប្រាប់ថា ឈ្មោះ មុំ វិបុល បានដឹកបងប្អូនទាំងពីរទៅស៊ីផឹកនៅ KTV មួយកន្លែងនៅខេត្តព្រះវិហា។ ពេលកំពុងតែផឹកស៊ី បុរសជាមេកាក្រុមហ៊ុន PNT បានបោះលុយលើតុរួចថតរូបនិងមានប៉ូលិសចុះចាប់ពួកគេនៅនឹងកន្លែង។ អ្នកស្រីបានបន្តទៀតថា ប៉ូលិសបានបង្ខំឱ្យផ្ដិតមេដៃលើក្រដាសសារភាព ដោយមិនអនុញ្ញាតឱ្យពួកគេអានជាមុនឡើយ។
អ្នកស្រី ចិន បានបញ្ជាក់ថា «ខ្ញុំបានជួបប្អូនខ្ញុំនិយាយគ្នាវាបានប្រាប់ខ្ញុំថា វាអត់ដឹងអីទេ មុំ វិបុល បានដឹកទៅស៊ីផឹកនៅ KTV បន្តមកមេការក្រុមហ៊ុន PNT បានបោះលុយលើតុ ហើយថតរូបពួកគាត់ ហើយមានប៉ូលិសចូលចាប់ពួកគេយកទៅប៉ុស្តិ៍ប៉ូលិសហើយបង្ខំឱ្យសារភាពដោយគ្មានភស្តុតាង»។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានថ្លែងថា តុលាការគួរតែពិនិត្យឱ្យបានច្បាស់ស្តីពីរបបសារព័ត៌មានមុនចោទប្រកាន់លើករណីដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន។ លោកមើលឃើញថា រាល់ការចាប់អ្នកកាសែតតែងតែជាប់ពាក់ពាន័នឹងទីកន្លែងបង់ប្រាក់ឬលេងល្បែងខុសច្បាប់ ហើយមិនសូវមានការស៊ើបអង្កេតលើរឿងហ្នឹងឱ្យបានលម្អិតទេ។
លោក ណុប វី បញ្ជាក់ថា៖ «ការចាប់អ្នកកាសែតមិនមានការសើបអង្កេតលើរឿងហ្នឹងឱ្យបានស៊ីជម្រៅទេ»។ លោកបន្តថា៖ «ប៉ូលីសមិនបានស៊ើបអង្កេតលើរឿងហ្នឹងទេ ភាគច្រើនដៅលើអ្នកកាសែតតែម្តង»។