សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ការ​ត្រៀមបម្រុង​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

ប្រមាណ​ជាង​មួយ​សប្ដាហ៍មុន​នឹង​ឱកាស​នៃ​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរមក​ដល់ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មីនៅ​តាម​ភូមិឋាន គ្រឹះស្ថាន​សិក្សា អង្គការ និង​ស្ថាប័នក្រុមហ៊ុន​ តាម​លទ្ធភាព​និង​ធនធាន​រៀង​ៗ​ខ្លួន ។

ទន្ទឹម​​នឹង​ការ​ទន្ទឹង​​រង់ចាំ​ទទួល​ពរ​ជ័យ​ពី​ទេវតានូវ​វឌ្ឍនភាព​និង​សុភមង្គល​ថ្មី ល្បែង​និង​របាំ​ប្រជាប្រិយ​បាន​ចាប់ផ្ដើម​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​បណ្ដើរ​ៗ ។

រហូត​មក​ដល់​ទី​១៣ ខែ​មេសា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ការ​ចាកចេញ​របស់​ប្រជាពលរដ្ឋ​​ពី​រាជធានី​ភ្នំពេញ សំដៅ​​ទៅ​ស្រុក​កំណើត ឬ​ទី​រមណីយដ្ឋាន​នានា​ក៏​កាន់​តែ​កើន​ឡើង​ជា​បន្តបន្ទាប់ដែរ ។

ក្រៅ​ពីការ​​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់​ខ្លួន មិន​ខុស​ពី​​ឆ្នាំ​មុន​ៗទេ​ ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ក៏​អាច​ធ្វើដំណើរ​​តាម​រថយន្ត​ក្រុងដោយ​ឥត​គិត​ថ្លៃ​​ឆ្ពោះ​ទៅ​បណ្ដា​ខេត្ត ​ដែលរៀបចំ​ជូន​ដោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ក្រោម​កិច្ច​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​សប្បុរសជន​និង​ក្រុមហ៊ុន​មួយ​ចំនួន​ផងដែរ​ ។

សេវា​រថយន្ត​ក្រុង​ដែល​​មិន​ចាំបាច់​​បង់ប្រាក់នេះចាប់​ផ្ដើមពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា ហើយ​​ពុំ​មាន​លក្ខខណ្ឌ​ឬ​តម្រូវ​ការ​ឯកសារ​អ្វី​ឡើយ គឺ​អ្នកដំណើរ​គ្រាន់តែ​ទៅ​ចំណត​រថយន្ត​តាម​ទី​តាំង​កំណត់​នីមួយ​ៗ ​នៅ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង​ ៦និង​៣០ ដល់​ម៉ោង ១១និង​៣០​នាទី​ព្រឹក ទាំង​ពី​ភ្នំពេញ​ទៅ​ខេត្ត និង​ពី​ខេត្ត​មក​ភ្នំពេញវិញ ។

សម្រាប់​អ្នក​ដែល​ពុំ​មាន​គម្រោង​ឬ​បំណង​ទៅ​កម្សាន្ត​នៅ​​ទីឆ្ងាយ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ តាម​រយៈ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ រាជធានីភ្នំពេញ បានរៀបចំឱ្យ​មាន​​កម្មវិធី​សប្បាយ​ៗ​មួយ​ចំនួន​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ។

ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ឬ​ការ​​​ផ្លាស់​ពី​ឆ្នាំ​ចាស់​ឆ្នាំ​ថោះ ឆ្លង​ចូល​ឆ្នាំថ្មី នឹង​ប្រព្រឹត្ត​ទៅ​វេលា​ម៉ោង ២២:១៧នាទី ឬ​ម៉ោង ១០និង១៧​នាទី នៃ​រាត្រី​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ចេត្រ ​ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ២០២៤ ៕

95 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ