លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីខកខានប្រារព្ធអស់រយៈពេល២ឆ្នាំដោយសារតែបញ្ហាកូវីដ-១៩ ប៉ុន្តែលោកស្នើឱ្យពលរដ្ឋទាំងអស់គោរពតាមវិធានការសុខាភិបាលឱ្យបាន ត្រឹមត្រូវ ដើម្បីបញ្ចៀសការឆ្លងទ្រង់ទ្រាយធំបន្ទាប់ពីចូលឆ្នាំហើយ។
ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ លោកហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះពលរដ្ឋគ្រប់ខេត្តក្រុង ពិសេសរាជធានីភ្នំពេញ និងសៀមរាបអាចអបអរសប្បាយឆ្នាំថ្មីបាន ក៏ប៉ុន្តែត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយអនុវត្តវិធានការសុខាភិបាល៣កុំ និង៣ការពារ ដែលគ្រប់គ្នាបាននឹងកំពុងអនុវត្តកន្លងមក។
ប្រមុខរដ្ឋាភិបាលថ្លែងថា៖« ព្រោះយើងខាន២ឆ្នាំហើយ ឆ្នាំនេះដើរលេងឱ្យឆ្អែតម្ដង ខ្ញុំដឹងថានៅភ្នំពេញក្ដី នៅសៀមរាបក្ដី នៅគ្រប់កន្លែងត្រៀមតែនឹងដើរលេងហើយ តែអ្វីដែលខ្ញុំស្នើឱ្យយកចិត្តទុកដាក់ ទីមួយត្រូវបន្តខិតខំអនុវត្តនូវវិធានការណ៍សុខាភិបាល ជាពិសេស៣កុំ ៣ការពារ របស់យើង»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្តថ្លែងថា ជោគជ័យក្នុងការគ្រប់គ្រងបញ្ហាកូវីដ-១៩នៅកម្ពុជា គឺមិនមែនកើតចេញពីរូបលោកម្នាក់ទេ តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាជនម្នាក់ៗចេះការពារខ្លួន ដូច្នេះលោកស្នើឱ្យបន្តស្មារតីប្រុងប្រយ័ត្ន និងការពារខ្លួនពីកូវីដ-១៩បន្តទៀត ដើម្បីកុំឱ្យបញ្ចប់ពីធីបុណ្យចូលឆ្នាំខ្មែរ បែជាផ្ទុះកូវីដម្ដងទៀត។
លោក ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖«ជោគជ័យនៃការគ្រប់គ្រងកូវីដនៅកម្ពុជា មិនមែនបានមកពីតួអង្គ ហ៊ុន សែន ម្នាក់ទេ ប៉ុន្តែបានមកពីការចូលរួមពីគ្រប់ផ្នែកទាំងអស់ សា្ថប័នទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ មន្រ្តីសុខាភិបាល ពិសេសប្រជាជនម្នាក់ៗចេះការពារខ្លួន បន្តការពារខ្លួន កុំឱ្យចូលឆ្នាំហើយបែរជាផ្ទុះ»។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន បញ្ជាក់ថា អាជ្ញាធរនៅគ្រប់ទីកន្លែងទាំងអស់ត្រូវតែមានវិធានការណ៍ឱ្យបានហ្មត់ចត់ទៅលើវិធានការសុខាភិបាល មិនមែនគ្រាន់តែការពារសន្តិសុខសណ្ដាប់ធ្នាប់ទេ ពិសេសត្រូវបំប៉នក្រុមគ្រូពេទ្យ ដើម្បីឱ្យពួកគេមានលទ្ធភាពធ្វើការ។
លោកហ៊ុន សែន សង្កត់ធ្ងន់ថា៖«ត្រូវមានពេទ្យ មានកន្លែងធ្វើតេស្តររហ័ស ព្រោះជួនកាលប្រជាពលរដ្ឋរបស់យើងអត់មានប្រដាប់ធ្វើតេស្តរហ័សទេ ហើយត្រូវបំប៉នគ្រូពេទ្យយ៉ាងណាក្នុងរយៈពេលចូលឆ្នាំនេះដើម្បីឱ្យពួកគាត់មានលទ្ធភាពធ្វើការ»។

បើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការពិតខាងរដ្ឋបាលខេត្តកំពុងរៀបចំកម្មវិធីសង្រ្កានសម្រាប់ចូលឆ្នាំខ្មែរ តាមអនុសាសន៍សម្ដេចដ៏ខ្ពង់ខ្ពស់ ប៉ុន្ដែអាជ្ញាធរក៍នៅតែធ្វើយ៉ាងណាអនុវត្ដន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ៣ការពារដដែល។ លោកបន្ដថា កម្មវិធីបុណ្យចូលឆ្នាំខ្មែរត្រូវរៀបចំហើយ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ជាពិសេសចំពោះភ្ញៀវទេសចរជាតិនិងអន្ដរជាតិ។
លោកមានប្រសាសន៍បន្ថែមថា៖«សុំឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចដែលនៅក្នុងតំបន់នីមួយៗដែលយើងបានរៀបចំឱ្យមានកម្មវិធីកម្សាន្ដ មិនថានៅតាមបណ្ដាប្រាសាទ ឬក៏តាមដងស្ទឹងខេត្តសៀមរាបរបស់យើង ជាពិសេសសុំអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាតឱ្យបានគ្រប់ៗគ្នា»។
ចំណែកលោក ម៉េត មាសភក្ដី ក៍បានលើកឡើងស្រដៀងគ្នាថា ដោយសារតែពលរដ្ឋគ្រប់រូបនៅរាជធានីភ្នំពេញបានចាក់វ៉ាក់សាំងគ្រប់ៗគ្នាហើយ បូករួមទាំងការយល់ដឹងពីរបៀបការពារខ្លួនទៀតនោះ ខាងរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់កងកម្លាំងបន្ថែមដើម្បីរក្សាសណ្ដាប់ធ្នាប់ ពិសេសរៀបចំក្រុមគ្រូពេទ្យទៅតាមទីតាំងសំខាន់ដែលប្រារព្ធពិធីអបអរឆ្នាំថ្មី។
លោក មាសភក្ដី បញ្ជាក់ថា៖«រឿងចាក់វ៉ាក់សាំងយើងបានធ្វើច្រើន ហើយរាជធានីភ្នំពេញរបស់យើងបានស្រោចវ៉ាក់សាំងតាំងពីមនុស្សអាយុ១៨ឆ្នាំឡើង ក្រោម១៨ឆ្នាំ និង៣ឆ្នាំរហូតដាក់៥ឆ្នាំ ដែលយើងមានអាវក្រោះការពារពីកូវីដ-១៩បានក្នុងភាពកក់ក្ដៅ ហើយយើងនឹងរៀបចំក្រុមសណ្ដាប់ធ្នាប់និងគ្រូពេទ្យ បន្ទាប់ពីការចង្អុលបង្ហាញរបស់សម្ដេច»។
ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព ហៅកាត់ថា PDP លោក យង់ គឹមអេង បានលើកឡើងថា ការបើកឱ្យមានការកម្សាន្ដវារឿងមួយដែលប្រសើរ វានិងជាការ ដែលប្រជាពលរដ្ឋខ្មែរចង់បាន ប៉ុន្ដែការបារម្ភពីការឆ្លងនៃជំងឺកូវីដ-១៩ ក៍ជាការព្រួយបារម្ភមួយដ៏ធំផងដែរ ជាពិសេសអាជ្ញាធរគួរតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះពលរដ្ឋ។
ថ្វីបើយ៉ាងនេះក្ដី លោក គឹមអេង យល់ឃើញថា ទន្ទឹមនឹងការបើកទូលាយឱ្យមានការដើរកម្សាន្តឡើងវិញ អាជ្ញាធរក៏ត្រូវត្រៀមលក្ខណៈផងដែរ ព្រោះមនុស្សមានច្រើនជាងធម្មតាប្រាកដជាអាចឆ្លង។
លោក គឹមអេង បន្ថែមថា៖«អាជ្ញាធរទន្ទឹមនឹងការបើកឲ្យមានចូលឆ្នាំហើយប្រជាពលរដ្ឋអាចធ្វើដំណើរទៅគ្រប់ទិសទីបាន ប្រជាពលរដ្ឋក៏គួរតែមានការប្រុងប្រយ័ត្ន ជាពិសេសហ្នឹងគឺ ៣កុំ៣ការពារឱ្យបានជាប្រចាំ និងធ្វើការផ្សព្វផ្សាយតាមកន្លែងនីមួយៗ តាមតំបន់ទេសចរណ៍នីមួយៗ ហើយតាមភោជនីយដ្ឋាន កន្លែងលក់អាហារអី គឺត្រូវប្រុងប្រយ័ត្នព្រោះវាអាចឆ្លងតាមការហូបចុក»។

សូមជម្រាបជូនថា កាលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ថា ព្រោះតែកម្ពុជាអនុវត្តយុទ្ធសាស្ត្រ«ផ្ការីក»នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យប្រជាពលរដ្ឋខ្មែរ ទើបកម្ពុជាទទួលបានភាពសុំានៅក្នុងសហគមន៍ដូចពេលបច្ចុប្បន្ន។
យ៉ាងណាមិញ បើតាមការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីដដែល ក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានចំនួន ៨៩.៧៤% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។
គួររំលឹកដែរថា វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង បានឆ្លងរាលដាលចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក្រោយរកឃើញជាលើកដំបូងក្នុងសហគមន៍នៅថ្ងៃទី០៨ខែមករា ឆ្នាំ២០២២។ ការកើនឡើងនេះត្រូវបានសង្កេតឃើញថាចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ អត្រានៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ស្ថិតក្នុងតួលេខចំនួន៣ខ្ទង់ជារៀងរាល់ថ្ងៃ។
ក្នុងកំឡុងពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ចេញសារជាសំឡេង ព្រមានថាជំងឺកូវីដ-១៩ប្រភេទអូមីក្រុងអាចឆ្លងរាលដាលពេញផ្ទៃប្រទេស បើប្រជាពលរដ្ឋខ្មែរ ពុំអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ វីរុសអូមីក្រុងដែលឆ្លងរាលដាលក្នុងសហគមន៍ត្រូវបានរកឃើញមានចំនួន ១៣ ៨៣៣ករណី បន្ទាប់ពីរកឃើញអូមីក្រុងដំបូងក្នុងសហគមន៍នៅថ្ងៃទី០៨ខែមករា ឆ្នាំ២០២២។ ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុបចំនួន ១៣៥ ៦២៥ករណី និងស្លាប់សរុបចំនួន ៣ ០៥៤ករណី ខណៈការជាសះស្បើយចំនួន ១៣១ ៧០៦ករណី៕