លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងព័ត៌មានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលបានពន្យារពេលជាយូរមកហើយនោះ អំឡុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅរាជធានីភ្នំពេញ។ លោកបានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ក្រោយពេលការបោះឆ្នោតជាតិនៅខែកក្កដា។
លោក ហ៊ុន សែន ធ្លាប់បានថ្លែងថា ច្បាប់ដែលគេហៅកាត់ថា ច្បាប់ A2I និងមានបំណងអនុញ្ញាតឱ្យសាធារណជនទទួលបានព័ត៌មាននិងឯកសាររបស់រដ្ឋាភិបាលនឹងត្រូវអនុម័តនៅឆ្នាំ២០២០។ ប៉ុន្តែក្រសួងព័ត៌មានថា ការរីករាលដាលជំងឺកូវីដ-១៩ បានរារាំងក្រុមការងារពាក់ព័ន្ធនឹងច្បាប់នេះ មិនឱ្យប្រជុំបាន។
ទោះបីជាយ៉ាងណា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលលោកនាយករដ្ឋមន្ត្រីសន្យានេះ ត្រូវបានពន្យារពេលជាច្រើនឆ្នាំ ខណៈអង្គការសង្គមស៊ីវិលបានរិះគន់ការព្យាយាមរបស់រដ្ឋាភិបាលក្នុងការកម្រិតវិសាលភាពច្បាប់។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ប្រាកដណាស់ថា នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះនឹងដល់ពេលការបោះឆ្នោត ដូច្នេះយើងរំពឹងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងចេញ…[នៅអាណត្តិទី៧] បន្ទាប់ពីការបោះឆ្នោត ឬប្រហែលជានៅឆ្នាំ២០២៤ ឬ២០២៥»។
លោកក៏បានស្តីបន្ទោសការពន្យារពេលជាបន្តបន្ទាប់ទៅលើអង្គការសង្គមស៊ីវិលថា បានធ្វើនូវអ្វីដែលលោកចាត់ទុកថា ការទាមទារមិនសមហេតុផលសម្រាប់ច្បាប់នេះ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា៖ «ការយឺតយ៉ាវនេះ មិនមែនជាបញ្ហាដាច់ដោយឡែកនោះទេ បើយើងគ្រាន់តែប្រើសិទ្ធិរបស់រដ្ឋក្នុងការសម្រេចចិត្ត វាងាយស្រួល វាមិនពិបាកទេ។ រដ្ឋមន្ត្រី [ក្រសួងព័ត៌មាន] បានធ្វើរួចហើយ គ្រាន់តែផ្ញើទៅខុទ្ទកាល័យដើម្បីអនុម័ត សភាដើម្បីអនុម័ត ប៉ុន្តែយើងចង់ប្រមូលមតិពីអ្នកពាក់ព័ន្ធទាំងទ្បាយ ដើម្បីឱ្យច្បាប់មួយនេះផ្តល់ប្រយោជន៍ដល់គ្រប់គ្នា»។
អង្គការសង្គមស៊ីវិលបានស្នើឱ្យដកចេញផ្នែកមាត្រា ២០.៧ នៃសេចក្តីព្រាងច្បាប់ A2I បច្ចុប្បន្ន ដែលចែងថា ស្ថាប័នសាធារណៈអាចបដិសេធមិនផ្តល់ «ព័ត៌មានសម្ងាត់ផ្សេងទៀតដូចមានចែងក្នុងបទប្បញ្ញត្តិហាមឃាត់មួយចំនួន» ហើយត្រូវបានរិះគន់ថា ជាឃ្លាទូលំទូលាយពេក។
ក្រុមសង្គមស៊ីវិលក៏បានជំរុញឱ្យលុបមាត្រា១៥.៤ ដែលតម្រូវឱ្យមានរយៈពេល៤០ថ្ងៃមុននឹងមានការស្នើសុំព័ត៌មានម្ដងទៀត។ ពួកគេក៏បានជំរុញឱ្យមានការកែសម្រួលមាត្រាចំនួនប្រាំមួយផ្សេងទៀត រួមទាំងការពង្រីកការការពារសម្រាប់អ្នកផ្តល់ព័ត៌មាន។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយមានប្រសាសន៍ថា ការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន អាស្រ័យលើ«ឆន្ទៈនយោបាយ»។ លោកបានមានប្រសាសន៍ថា ការអះអាងរបស់នាយករដ្ឋមន្ត្រីអំពីការអនុម័តច្បាប់ A2I ដែលមិនទាន់សម្រេចនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនដែលកំពុងកាន់អំណាច ដើម្បីផ្គាប់ចិត្តក្រុមសង្គមស៊ីវិល និងសាធារណជននៅមុនការបោះឆ្នោត។
ប៉ុន្តែលោកថា ការពន្យារពេលនេះក៏ឆ្លុះបញ្ចាំងពីកង្វះនៃការប្រកួតប្រជែងនយោបាយដោយគ្មានគណបក្សប្រឆាំងខ្លាំងដែលជំរុញឱ្យមានការអនុម័តច្បាប់នៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងទាំងស្រុងដោយគណបក្សកាន់អំណាច។
លោក សុជាតិ បានមានប្រសាសន៍ថា៖ «វាមិនត្រឹមតែជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មាន និងធានាអភិបាលកិច្ចល្អរបស់រដ្ឋផងដែរ។ វាយឺតពេល [២០២៥] ដើម្បីធានាថា ប្រជាពលរដ្ឋមិនអាចទទួលបានព័ត៌មានសំខាន់ៗ »។
លោក សុជាតិ បន្តថា កង្វះព័ត៌មានសាធារណៈដែលអាចរកបាន ប៉ះពាល់ទាំងគម្រោងអភិវឌ្ឍន៍ឯកជនខ្នាតធំ និងខ្នាតតូច និងការយល់ដឹងអំពីផែនការរបស់រដ្ឋាភិបាលរយៈពេលវែង ដែលអាចនាំឱ្យមានអំពើពុករលួយ ខណៈដែលប្រជាពលរដ្ឋស្វែងរកព័ត៌មានកាន់តែច្បាស់ពីមន្ត្រីដែលមិនមានច្បាប់តម្រូវផ្តល់ឱ្យនោះ។

លោក ពេជ្រ ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា លោកស្វាគមន៍ការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន ក្នុងការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្នុងរយៈពេលពីរឆ្នាំខាងមុខ ប៉ុន្តែលោកមានប្រសាសន៍ថា ព័ត៌មានត្រឡប់របស់សង្គមស៊ីវិលមិនត្រូវច្រានចោលនោះឡើយ។
លោកបានមានប្រសាសន៍ថា៖ «ការអនុម័តច្បាប់នេះហួសពេលយូរហើយ ហើយការកត់សម្គាល់របស់លោកនាយករដ្ឋមន្ត្រីអាចពន្លឿនដំណើរការ និងអាចឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ ហើយអនុម័ត។ វាសំខាន់ណាស់ ដែលធាតុចូល និងអនុសាសន៍សំខាន់ៗរបស់អង្គការសង្គមស៊ីវិលត្រូវបានពិចារណាយ៉ាងហ្មត់ចត់ និងដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ»។
លោក ពិសី បញ្ជាក់ថា ការកែប្រែបន្ថែមទៀតគឺចាំបាច់ដូចជាការផ្តល់ភាពច្បាស់លាស់លើនិយមន័យនៃព័ត៌មានសម្ងាត់និងធានានូវការបញ្ចេញព័ត៌មានដែលកំណត់ដោយច្បាប់ អនុវត្តចំពោះស្ថាប័នសាធារណៈទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមជាមួយនឹងអង្គភាពណាមួយដែលផ្តល់មូលនិធិដោយធនធានរបស់រដ្ឋ។ លោកបានបន្ថែមថា គេនៅមិនទាន់ច្បាស់ថាតើច្បាប់នេះនឹងត្រូវអនុវត្តយ៉ាងណានោះទេ។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺស្ថិតនៅក្នុងដៃរបស់ក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌បានបញ្ចប់នូវការប្រជុំពិគ្រោះយោបល់ជំពូកទោសបញ្ញត្តិរួចហើយ។ លោកថា ការងាររបស់ក្រុមនេះមានភាពជឿនលឿន ប៉ុន្តែនៅមានចំណុចសេសសល់មួយចំនួនដែលលោកមិនបានបញ្ជាក់ ដែលត្រូវស្នើសុំការសម្រេចពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។
លោក សោភ័ណ្ឌ អះអាងថា រដ្ឋាភិបាលបានទទួលយកយោបល់ជាច្រើនពីអង្គការសង្គមស៊ីវិលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែនឹងមិនបញ្ចូលមតិយោបល់ដែលចាត់ទុកថា មិនសមរម្យនោះទេ។
លោក សោភ័ណ្ឌ បានបញ្ជាក់ថា៖ «[ចំពោះខ្ញុំ]មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងការព្រួយបារម្ភរបស់ [អង្គការក្រៅរដ្ឋាភិបាល] ទេ ព្រោះក្រុមនេះតែងតែមានទស្សនៈអវិជ្ជមាន។ ទោះបី រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលអ្វីក៏ដោយ ក៏មិនដែលពេញចិត្តក្រុមនេះដែរ»។
លោក សោភ័ណ្ឌ បន្ថែមថា រដ្ឋាភិបាលបានដាក់ចេញនូវយន្តការចាំបាច់នានា ដើម្បីបំពេញសិទ្ធិទទួលបានព័ត៌មាន ដោយបង្កើតអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងក្រុមអ្នកនាំពាក្យមកពីគ្រប់ក្រសួង និងតាមស្ថាប័ន ដើម្បីប្រាស្រ័យទំនាក់ទំនង និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានឱ្យទទួលបាននូវព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស។
លោកអះអាងថា មន្ត្រីព័ត៌មានទូទាំងប្រទេសធ្វើទំនាក់ទំនង និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានលឿន និងច្បាស់លាស់។
ទោះបីជាយ៉ាងណា ក្នុងការឆ្លើយតបទៅនឹងសំណួរទាក់ទិនដីសម្បទានសេដ្ឋកិច្ចថ្មីដែលរដ្ឋាភិបាលផ្តល់ឱ្យក្រុមហ៊ុនក្នុងខែមីនា ឆ្នាំ២០២២ ហើយដែលមានតែខេមបូចា និងអង្គការសិទ្ធិមនុស្ស លីកាដូ ប៉ុណ្តោះបានរាយការណ៍កាលពីថ្ងៃចន្ទនោះ អ្នកនាំពាក្យ និងរដ្ឋមន្ត្រីជាច្រើនរូបរបស់រដ្ឋាភិបាលបានបដិសេធមិនឆ្លើយតបជាមួយអ្នកសារព័ត៌មានទេ។
អ្នកនាំពាក្យម្នាក់តំណាងឱ្យអង្គភាពរដ្ឋាភិបាលដែលបានចុះហត្ថលេខាលើការផ្តល់ដីសម្បទាននោះបានប្រាប់អ្នកយកព័ត៌មានខេមបូចា ថា៖ «ខ្ញុំមិនដឹងអំពីរឿងនេះទេ។ សូមសួរអ្នកទទួលខុសត្រូវ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prime Minister Claims Access to Information Law Will be Approved After Elections