សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផ្សព្វផ្សាយពាណិជ្ជកម្ម និង​ក្រុមហ៊ុន​គ្រឿងស្រវឹង

គ្រឿង​ស្រវឹង​ និង​ការ​ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅតែជាក្តីកង្វល់អំពី​ផល​ប៉ះពាល់​​​​ចំពោះ​សង្គម​ជាតិ និង​​សុខុមាលភាពរបស់​ប្រជាពរដ្ឋ​កម្ពុជា ។

ទាក់ទិន​នឹង​កង្វល់​នេះ កាលពីថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត អម​ដោយ​រដ្ឋមន្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា ព្រម​ទាំង​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត បាន​ជួប​តំណាងក្រុមហ៊ុនស្រាបៀរ ​ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ។ ជំនួបនេះដើម្បី​ពិភាក្សា​អំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឱ្យសមស្រប ក្នុង​បំណង​កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណី សណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិតភាព ។

ទិន្នន័យនៃ​ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បង្ហាញអំពីទំនាក់ទំនងយ៉ាងសំខាន់ រវាងការប្រើប្រាស់គ្រឿងស្រវឹង និងការកើតឡើងនូវ​អំពើហិង្សា​ដៃគូក្នុងគ្រួសារ ។​​ ទិន្នន័យ​ក៏​បាន​បញ្ជាក់ដែរ​ថា៖ «ប្រហែល ៤៩,៥ ភាគរយ នៃស្ត្រីដែលមានអាយុពី១៥ ទៅ ៤៩ឆ្នាំ តែងតែទទួល​រង​នូវ​អំពើហិង្សា នៅពេលដែលដៃគូរបស់ខ្លួន​ផឹក​ស្រវឹង» ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន​កើតឡើងចំនួន ១.៥៣៤ករណី បណ្តាលឱ្យ​មនុស្សស្លាប់ចំនួន ៧៩៣នាក់ និងរបួសចំនួន ២.១១៦នាក់ ក្នុងនោះរបួសធ្ងន់ ១.២៣៤នាក់ ។ អគ្គស្នងការរងនៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាលជាតិ លោក ចេវ ហាក់ មាន​ប្រសាស៍​ថា ៣ ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺ​កើត​ឡើត​ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។

90 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ