លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសវៀតណាម «បាញ់ទម្លាក់» យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រឿង ដែលហោះចូលទឹកដីកម្ពុជា យោងតាមសារសំឡេងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយដែលហោះចូលក្នុងទឹកដីកម្ពុជា។ អាវុធយ៉ាងហោចណាស់ត្រូវមាន១០០ដើម ដើម្បីបាញ់ទម្លាក់ដ្រូននេះ យកទៅឱ្យច្រើនគ្រឿងតាមដែលអាចធ្វើបាន»។
លោក ហ៊ុន សែន បានបញ្ជាឱ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សផ្ទាល់របស់លោក «បញ្ចេញនៅអាវុធសម្រាប់បាញ់[យន្តហោះ]» ទៅកាន់ទីកន្លែងដែលយន្តហោះគ្មានមនុស្សបើកហោះចូលក្នុងទឹកដីកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្តនូវវិធានការចាំបាច់ ដើម្បីការពារនួវការឈ្លានពាន ឬការស៊ើបការណ៍ណាមួយពីសំណាក់ដ្រូន ដែលយើងមិនដឹងពីប្រភពថា វាមកពីខាងណា»។
ខេមបូចា មិនអាចទាក់ទងមេបញ្ជាការ ឬអ្នកនាំពាក្យកងយោធពលខេមភូមិន្ទ ដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក ហ៊ុន សែន បានបញ្ជាឱ្យលោក ហ៊ីង ប៊ុនហៀង បញ្ជូនទ័ពចំនួន៥០០នាក់ រួមទាំងកម្លាំងប្រឆាំងភេរវកម្ម ទៅតាមបណ្តោយព្រំដែនជាប់នឹងប្រទេសវៀតណាម ក្នុងខេត្តរតនគិរី ភាគឦសាន។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីមានប្រសាសន៍ថា យន្តហោះគ្មានមនុស្សបើកបានហោះចូលទឹកដីខេត្តរតនគិរីកាលពីសប្តាហ៍មុន បន្ទាប់ពីមានការវាយប្រហារបែបភេរវកម្មនៅប្រទេសវៀតណាម។
លោក សំអឿន បានប្រាប់ខេមបូចាថា៖ «គិតមកដល់ពេលនេះ ដ្រូនបានហោះ៤លើកហើយតាមខ្សែបន្ទាត់ព្រំដែន [រតនគិរី]»។ លោកបន្តថា៖ «ដ្រូនបានហោះនៅពេលយប់ចូលតំបន់សនៅតាមព្រំដែន នៅពេលដែលយើងបាញ់ វាគេចខ្លួនទៅបាត់»។
កាសែតរដ្ឋវៀតណាម VnExpress បានរាយការណ៍ថា ជនសង្ស័យចំនួន៨៤នាក់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារយ៉ាងសាហាវទៅលើការិយាល័យគណៈកម្មាធិការប្រជាជនក្នុងខេត្តដាក់ឡាក់របស់វៀតណាមតាមបណ្តោយព្រំដែនជាមួយខេត្តមណ្ឌលគិរី។
លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាបានសួរវៀតណាមថា តើយន្តហោះគ្មានមនុស្សបើកនេះជារបស់ខ្លួនឬយ៉ាងណា ប៉ុន្តែវៀតណាមថា មិនមែនទេ។
លោក ហ៊ុន សែន បានបន្តថា៖ «ខ្ញុំអាចប៉ាន់ស្មានថា ដ្រូនដែលមានចំនួនដ៏ច្រើននេះ គឺជាដ្រូនពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅក្នុងទឹកដីវៀតណាម ហើយឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលមកក្នុងទឹកដីប្រទេសកម្ពុជា[ជាភេរវករ]»។
លោក ហ៊ុន សែន បន្ថែមថា ប្រទេសកម្ពុជាបានសហការជាមួយវៀតណាម ដើម្បីទប់ស្កាត់ក្រុមជនវាយប្រហារពីការប៉ុនប៉ងឆ្លងកាត់តាមតំបន់ព្រំដែនខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ចាប់តាំងពីមានការវាយប្រហារមក។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក វ៉ា ថន អភិបាលខេត្តក្រចេះបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prime Minister Orders Armed Forces To Shoot Down Drones Along Vietnam Border