លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋដែលតវ៉ាកាលពីម្សិលមិញស្ងៀមស្ងាត់ ពីព្រោះពុំមានតម្រូវការណាមួយឱ្យប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាកចេញទៅកាន់ទីតាំងថ្មីទេ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់រាប់រយគ្រួសារ កាលពីថ្ងៃពុធម្សិលមិញ ដោយពួកគេបារម្ភពីការផ្លាស់ប្ដូរទីលំនៅ។
ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការផ្លាស់ប្ដូរលំនៅឋានប្រជាពលរដ្ឋទាំងស្រុងនៅឃុំព្រះដាក់គឺពុំអាចធ្វើទៅរួចឡើយ។ លោកបន្តថា អង្គការយូណេស្កូក៏ពុំតម្រូវឱ្យមានការផ្លាស់ទីលំនៅពលរដ្ឋដែលរស់នៅច្រើនជំនាន់ដែរ គ្រាន់តែតម្រូវឱ្យតំបន់នោះកុំសង់សំណង់រឹងច្រើនពេក។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ចឹងសូមប្រជាជនដែលរស់នៅឃុំព្រះដាក់មានការស្ងប់ចិត្ត យើងមិនអាចធ្វើទទឹងទិសហើយទៅរុះរើប្រជាជនដែលរស់នៅរាប់ទាំងសាលាឃុំបើទៅ ទៅទាំងសាលាឃុំអស់។ បើសិនធ្វើរបៀបនេះលុបឃុំព្រះដាក់ចោល តែមិនមែនជាគោលដៅដែលយើងត្រូវធ្វើនោះទេ»។
លោក ហ៊ុន សែន បន្តថា៖ «យើងក៏បានដឹងដែរថាឃុំព្រះដាក់ត្រូវកសាងឡើងប្រមាណ៣០០ទៅ៤០០ឆ្នាំមុនរួចទៅហើយ។ ហើយឃុំនេះជាផ្នែកមួយដែលទាក់ទងនឹងរដ្ឋបាលដែនដីរបស់យើងទៀតផង ប៉ុន្តែហេតុដូចម្ដេចបានជាប្រជាជនចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា ស្អែកនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី និង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌នឹងចុះជួបប្រជាពលរដ្ឋដើម្បីពន្យល់លម្អិតជុំវិញករណីនេះ។
លោក ចាន់ សារិន វ័យ៦០ឆ្នាំ រស់នៅភូមិតាកុះ ឃុំព្រះដាក់ ប្រាប់ថា លោកសប្បាយចិត្តនៅពេលទទួលដំណឹងថាថ្នាក់ដឹកនាំពុំអនុញ្ញាតឱ្យមានការរុះរើផ្ទះពលរដ្ឋ។
លោក សារិន ឱ្យដឹងថា៖ «ខ្ញុំទទួលបានហើយ ខ្ញុំក៏អរដែរសម្រាប់បងប្អូនប្រជាពលរដ្ឋ ខ្ញុំសប្បាយចិត្តព្រោះឮថាមិនឱ្យរុះរើ មិនឱ្យធ្វើអីផ្ដេសផ្ដាស»។
លោក សារិន ប្រាប់ថា លោកមិនចង់ចាកចេញពីភូមិកំណើតដែលជាដីកេរ្តិ៍ដូនតានេះឡើយ។ លោកបន្តថា ទីលំនៅសព្វថ្ងៃដែលមានដីចំការ៤ហិកតា ធ្វើឱ្យជីវភាពគ្រួសារលោករស់នៅសមរម្យ។
លោក សារិន និយាយថា៖ «ដាំដូង ស្វាយ ខ្នុរ ស្រូវ ដីខ្ញុំវាសមរម្យអាចរស់នៅបាន។ ដីគេហដ្ឋានទទឹង២៥ និងបណ្ដោយ៧៣ម៉ែត្រ និងដីចំការ៤ហិកតា ដល់ឮថា[ផ្លាស់ប្ដូរ]នេះ អ្នកណាមិនស្ដាយចិត្ត»។
លោក ចាន់ ណិល វ័យ៤៥ឆ្នាំ រស់នៅភូមិថ្នាល់ទទឹង ឃុំព្រះដាក់ ប្រាប់ថា លោកពុំទាន់ទទួលបានព័ត៌មានពីថ្នាក់ដឹកនាំប្រាប់ពលរដ្ឋថាមិនរុះរើផ្ទះនេះនៅឡើយទេ។
លោក ណិល បន្តថា ស្អែកនេះ លោកពុំដឹងទេថាតើអាចចូលរួមស្ដាប់ការពន្យល់ពីមន្រ្តីរដ្ឋាភិបាល ដោយសារអាជ្ញាធរតម្រូវឱ្យពលរដ្ឋត្រឹម១០នាក់ក្នុង១ភូមិប៉ុណ្ណោះឱ្យចូលរួម។
លោក ណិល បញ្ជាក់ថា៖ «អត់ចង់ចាកចេញទៅណាបើដីកេរ្តិ៍ដូនតាមក បើទៅ រកស៊ីអី ដីវាតូច[នៅរុនតាឯក]»។
លោក ភិន ថោង មេឃុំព្រះដាក់ ស្រុកបន្ទាយស្រី ថ្លែងថា ស្ថានភាពប្រជាពលរដ្ឋនៅថ្ងៃនេះហាក់ស្ងប់ស្ងាត់បន្ទាប់ពីមានការបកស្រាយពីថ្នាក់ដឹកនាំ។ បើតាមមេឃុំរូបនេះ ឱ្យដឹងថា ការជួបជុំគ្នានៅថ្ងៃស្អែកនេះ ធ្វើឡើងនៅសាលាឃុំព្រះដាក់ ចាប់ពីម៉ោង៨ព្រឹក ដោយតម្រូវឱ្យពលរដ្ឋចូលរួមចំនួន១៣នាក់ក្នុងមួយភូមិ ក្នុងនោះមានមេភូមិម្នាក់ អនុភូមិម្នាក់ និងសមាជិកភូមិម្នាក់។
លោក ថោង បន្ថែមថា៖ «បងប្អូនប្រជាពលរដ្ឋថ្ងៃនេះគាត់ស្ងប់ស្ងាត់ធម្មតាអត់មានបញ្ហាអីទេ»។
លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពុំទាន់មានស្ថិតិច្បាស់លាស់ពីចំនួនប្រជាពលរដ្ឋត្រូវផ្លាស់ប្ដូរលំនៅឋានចេញពីតំបន់បេតិកភណ្ឌដែលពលរដ្ឋកំពុងតវ៉ានោះនៅឡើយទេ។
លោក ម៉ាប់ ថ្លែងថា៖ «ចុះលើកនេះអាចមានស្ថិតិច្បាស់លាស់បន្ទាប់យុទ្ធនាការវាស់វែងហើយ អាចដឹងពីចំនួនគ្រួសារ»។
បើតាមរដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះ ឱ្យដឹងថា កន្លែងដែលចុះបញ្ជីបេតិកភណ្ឌពិភពលោកមានចំនួន ៤០១គីឡូម៉ែត្រការ៉េ ក្នុងនោះចែកចេញជាបីតំបន់ គឺតំបន់អង្គរមានទទឹង១៧គីឡូម៉ែត្រ និងបណ្ដោយ២៧គីឡូម៉ែត្រ, តំបន់បន្ទាយស្រី មានទទឹង៤គីឡូម៉ែត្រ និងបណ្ដោយ៥គីឡូម៉ែត្រ និងតំបន់បាគងមានទទឹង៣គីឡូម៉ែត្រ និងបណ្ដោយ៤គីឡូម៉ែត្រ ដែលគ្រប់ដណ្ដប់លើ៤ស្រុក និងក្រុង១ ដោយស្មើ១០០ភូមិ។
លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត មានប្រសាសន៍ថា រាល់ការផ្លាស់ប្ដូរទីលំនៅណាមួយ អាជ្ញាធរគួរតែជជែកគ្នាជាមួយពលរដ្ឋដើម្បីឈានទៅរកដំណោះស្រាយដែលអាចទទួលយកបាន។ លោក មួយឡៃ បន្តថា ការដោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋត្រូវតែមានទាំងសមភាពនិងសមធម៌ផងដែរ។
លោក មួយឡៃ បន្ថែមថា៖ «ដាក់គោលការណ៍រួមទូទៅតែមួយ អ្នកខ្លះគាត់សប្បាយចិត្តដែលមានផ្ទះតូច តែអ្នកមានផ្ទះធំគាត់ធ្វើម៉េចសប្បាយចិត្ត ព្រោះគាត់បានដូចគេដូចឯង ចឹងត្រូវតែមាន ស្អីមួយបន្ថែមលើហ្នឹងដើម្បីឱ្យពួកគាត់អាចសុខចិត្តក្នុងការទទួលយកសំណងនេះ»។
ខណៈដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ឱ្យរក្សាការស្ងៀមស្ងាត់។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ផ្ទុះការតវ៉ាជុំវិញការផ្លាស់ប្ដូរលំនៅឋានទៅកាន់តំបន់រុនតាឯក។
លោក ហាត់ ហូយ វ័យ៣៣ឆ្នាំ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង តាំងពីដូនតាមក បានប្រាប់ថា ព្រឹកមិញនេះ មានប្រជាពលរដ្ឋជាច្រើននាក់ធ្វើការតវ៉ានៅមុខសាលាឃុំរហូតមន្រ្តីស្រុកចុះប្រាប់ថានឹងប្រជុំជាមួយថ្នាក់លើដើម្បីរកដំណោះស្រាយ ទើបមានការបំបែកគ្នា។
លោក ហូយ ឱ្យដឹងថា ដើមហេតុដែលនាំឱ្យផ្ទុះការតវ៉ានេះ ព្រោះម្សិលមិញនិងថ្ងៃនេះ មានមន្រ្តីអាជ្ញាធរអប្សរាចុះមកសួរនាំប្រជាពលរដ្ឋពីការផ្លាស់ប្ដូរទីលំនៅ ព្រមទាំងកុហកពលរដ្ឋមួយចំនួនដើម្បីឱ្យផ្ដិតមេដៃទៀតផង។
លោក ហូយ បញ្ជាក់ថា៖ «ពេលគាត់[អាជ្ញាធរអប្សរា]ចូលផ្ទះទី១ ផ្ទះទី១បដិសេធអត់ចេញទេ។ គាត់ចេញពីផ្ទះទី១ទៅផ្ទះទី២ គាត់មានពាក្យកុហកថាផ្ទះទី១គេយល់ព្រមហើយ ដល់ផ្ទះទី២គេអត់ព្រមទៀត រហូតដល់មានផ្ទះខ្លះគាត់នៅដាច់ស្រយាល គាត់អ់តដឹង ពួកក្រុមនោះ[អាជ្ញាធរអប្សរា]ប្រាប់ថាខាងគេចេញអស់ហើយ នៅតែយើងទេ ប្រយ័ត្នទៅក្រោយគេអត់មានដីនៅ ពួកគាត់[ពលរដ្ឋ]ភ័យខ្លាចអត់មានដីនៅក៏ផ្ដិតមេដៃទៅ»។
លោក ហាត់ ហូយ បន្តថា លោកនិងអ្នកភូមិផ្សេងទៀតពុំព្រមចាកចេញពីទីលំនៅបច្ចុប្បន្នឡើយ។
លោក ហូយ បន្ថែមថា៖ «ទៅកន្លែងថ្មីមុខរបរក៏វាអត់ទាន់មាន ហើយអត់មានអីរីកចម្រើនកន្លែងហ្នឹង(រុនតាឯក)។ ណាមួយទៅនោះអត់មានដីស្រែអាស្រ័យផលផងហ្នឹង នៅនេះខ្ញុំមានដីស្រែប្រហែល៣ហិកតាដាំបន្លែ»។
លោក បាន់ ង៉ុយ វ័យ៤៥ឆ្នាំ រស់នៅភូមិថ្នាល់ត្រង់ ឃុំបាគង ដែលចូលរួមតវ៉ានៅព្រឹកនេះ និយាយថា អាជ្ញាធរបានចុះមកសួរនាំប្រជាពលរដ្ឋពីការផ្លាស់ប្ដូរលំនៅឋានទៅកាន់តំបន់រុនតាឯក។
លោក ង៉ុយ និយាយថា៖ «ទើបតែដឹងគេចុះមកម្សិលមិញនិងថ្ងៃនេះ ដោះដូរដីប្រជាពលរដ្ឋនៅជុំវិញប្រាសាទ ឱ្យទៅរុនតាឯក។ អត់ទៅទេ ខ្ញុំអត់ព្រមហ្នឹងឯងបានតវ៉ានៅសាលាឃុំព្រឹកមិញ។ ខ្ញុំធ្លាប់រស់នៅតាំងពីកេរ្តិ៍ដូនតាមក»។
យោងតាមហេ្វសបុកផេកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរសរុបចំនួន ១ ១១៧គ្រួសារ។