លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យឈ្មួញដែលនាំចូលបំណែកនៃសាច់បង្កកពីក្រៅប្រទេសបង្វែរការបញ្ជាទិញទៅកាន់អ្នកផលិតសាច់បង្កកក្នុងស្រុកជំនួសវិញ ខណៈឈ្មួញបញ្ជាទិញទទូចឱ្យការផលិតសាច់បង្កកក្នុងស្រុកឱ្យមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកបញ្ជាទិញបំណែកនៃសាច់បង្កកពីក្រៅប្រទេសបង្វែរការកម្មង់ទៅកាន់អ្នកផ្គត់ផ្គង់ក្នុងស្រុកវិញ កំឡុងពេលរដ្ឋាភិបាលផ្អាកការនាំចូលសាច់បង្កកជាបណ្ដោះអាសន្នក្នុងរយៈពេល៦ខែចាប់ពីខែមីនាដល់ខែកញ្ញាខាងមុខ។
បន្ទាប់ពីឈ្មួញកណ្ដាល និងអ្នកផលិតសាច់បង្កកក្នុងស្រុកបានផ្សារភ្ជាប់ទំនាក់ទំនងគ្នានារយៈពេល៦ខែនេះ លោក ហ៊ុន ម៉ាណែត សង្ឃឹមថា អ្នករកស៊ីទាំងនោះនឹងបន្តកិច្ចសហការគ្នាបន្តទៀត បើទោះបីរដ្ឋាភិបាលអនុញ្ញាតឱ្យមានការនាំចូលបំណែកនៃសាច់បង្កកឡើងវិញក្ដី។
បើតាមលោកនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ការណ៍ដែលរដ្ឋាភិបាលផ្អាកការនាំចូលបំណែកនៃសាច់បង្កក ដែលមាន សាច់ជ្រូក សាច់មាន់ ជាដើម គឺដើម្បីជំរុញឱ្យកសិករក្នុងស្រុកមានលទ្ធភាពក្នុងការប្រកួតប្រជែងលើទីផ្សារ និងជាផ្នែកមួយនៃការលើកកម្ពស់ផលិតផលក្នុងស្រុកផងដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ផ្អាកនាំចូលមួយរយៈខ្លីនៃសាច់បង្កកនេះ យើងសង្ឃឹមថា វានឹងជួយ ទី១ សម្រាលបន្ទុកដល់កសិកររបស់យើងដែលចិញ្ចឹមជ្រូក ប៉ុន្តែពេលជាមួយគ្នា យើង [យក] ឱកាសនេះដើម្បីព្យាយាម ភ្ជាប់នូវផ្សារផ្ទៃក្នុងរបស់យើង ដើម្បីឱ្យពេលការលើកលែង៦ខែនេះចប់ ក៏នៅមានការផ្សារភ្ជាប់ បានន័យថា អ្នកបញ្ជាទិញគ្រឿងបង្កកនេះ ក៏នៅអាចបង្វែរបានមកខាងក្នុង (អ្នកផលិតសាច់បង្កកក្នុងស្រុក) បានជាច្រើន»។
លោកនាយករដ្ឋមន្រ្តី អះអាងថា កម្ពុជាមិនអាចហាមឃាត់ការនាំចូលផលិតផលពីក្រៅប្រទេសបានរហូតនោះទេ ដោយសារទង្វើនេះប្រឆាំងនឹងគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្មនិងក្រសួងពាណិជ្ជកម្មបានប្រកាសរួមគ្នា ដោយផ្អាកការនាំចូលគ្រឿងក្នុងនិងបំណែកនៃសាច់បង្កកចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីនេះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា មានប្រសាសន៍ថា ដើម្បីជំរុញការងារពិសោធន៍លើវិស័យកសិកម្មប្រកបដោយស្តង់ដារអន្តរជាតិ ក្រសួងកំពុងរៀបចំបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងការបង្កើតគណៈបសុពេទ្យដើម្បីលើកកម្ពស់ក្នុងការគ្រប់គ្រងវិជ្ជាជីវៈពេទ្យសត្វនិងការចិញ្ចឹមសត្វ។
បន្ថែមពីលើនេះ លោកថា ក្រសួងកសិកម្មក៏គ្រោងនឹងបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកម្ពុជា ដោយប្រមូលផ្ដុំអង្គភាពស្រាវជ្រាវដាក់ស្ថិតក្រោមគ្រិះស្ថានសាធារណៈថ្មីមួយ ដើម្បីជំរុញប្រសិទ្ធភាព និងនិរន្តភាពសេដ្ឋកិច្ច។
លោកមានប្រសាសន៍ថា៖ «បន្ថែមពីលើនេះទៀត ក្រសួងកំពុងរៀបចំព្រះរាជក្រឹត្យបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ ដើម្បីជំរុញការងារពិសោធន៍វិស័យកសិកម្មឱ្យសម្រេចបានតាមស្តង់ដារអន្តរជាតិ និងព្រះរាជក្រឹត្យបង្កើតគណៈបសុពេទ្យ ដើម្បីលើកកម្ពស់ក្នុងការគ្រប់គ្រងវិជ្ជាជីវៈបសុពេទ្យ និងការចិញ្ចឹមសត្វ»។
តែទោះជាយ៉ាងណាក៏ដោយ អ្នកបញ្ជាទិញបំណែកនៃសាច់បង្កកពីក្រៅប្រទេសមួយរូប លោក ហាន វីរៈ លើកឡើងថា លោកប្រហែលនឹងបោះបង់មុខរបរមួយនេះ ដោយសារតែសាច់បង្កកក្នុងស្រុកមិនមានគុណភាព។
លោកអះអាងថា នៅកម្ពុជាការផលិតសាច់បង្កកខ្វះលក្ខណៈបច្ចេកទេស ទាំងម៉ាស៊ីនទុកដាក់សាច់ និងការកាត់សាច់ជាផ្នែកៗ តាមឆ្អឹងជំនី និងសាច់បីជាន់ជាដើម។
ការនាំចូលបំណែកនៃសាច់បង្កកនេះ លោកបានលក់សាច់បង្កកបន្តនៅតាមភោជនីយដ្ឋាននានា ដោយមានចន្លោះពី៥ទៅ១០តោនក្នុងមួយខែ។ លោកបញ្ជាក់ថា មិនមានអ្នកត្រូវការនោះទេ ប្រសិនបើសាច់បង្កកនោះគ្មានគុណភាព។
ទន្ទឹមនេះ លោក វីរៈ ស្នើឱ្យក្រុមហ៊ុនផលិតបំណែកនៃសាច់បង្កកក្នុងស្រុកធ្វើការផលិតឱ្យមានគុណភាព ទើបលោកគាំទ្រ។
លោកបន្ថែមថា៖ «ចំពោះខ្ញុំប្រហែលផ្អាកមុខរបរហ្នឹងហើយ ពីព្រោះសាច់ក្នុងស្រុកយើង វាអត់អាចបង្កកមានគុណភាពដូចស្រុកគេ ដោយសារខ្វះបច្ចេកទេសនិងសម្ភារៈ»។
ឆ្លើយតបចំពោះការពង្រឹងគុណភាពក្នុងការផលិតសាច់បង្កក អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រសួងកសិកម្មកំពុងជំរុញលើកទឹកចិត្តឱ្យមានការផលិតសាច់បង្កកប្រកបដោយគុណភាព។
ការសម្រេចក្នុងការផ្អាកនាំចូលបំណែកនៃសាច់បង្កកនេះ លោក ហ្វីណង់ ថា គឺតបតាមការស្នើសុំរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងបន្ទាប់ពីអាជ្ញាធរបានសិក្សាពីករណីនេះយ៉ាងម៉ត់ចត់។
យោងតាមការសិក្សា លោក បញ្ជាក់ថា អាជ្ញាធររកឃើញថា បំណែកនៃសាច់បង្កក (មិនមែនសាច់បង្កកទូទៅ) បានជះផលប៉ះពាល់អាក្រក់ដល់ការផ្គត់ផ្គង់ទីផ្សារ និងការប្រកួតប្រជែងក្នុងវិស័យនេះ។
ជាមួយគ្នានេះ លោក ហ្វីណង់ ថា ការផ្អាកក្នុងរយៈពេល៦ខែ ក៏ដើម្បីទុកពេលឱ្យអ្នកចិញ្ចឹមសត្វរៀបចំខ្លួន និងបង្កើនសមត្ថភាពក្នុងការផលិតបំណែកសាច់បង្កកឱ្យមានគុណភាព ហើយលោកសង្ឃឹមថា បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូលសាច់បង្កកវិញ អ្នកចិញ្ចឹមសត្វនៅកម្ពុជានឹងមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយសាច់បង្កកមកពីក្រៅប្រទេស។
លោកបញ្ជាក់ថា៖ «កន្លងមកអត់ដែលមានបានធ្វើការហាមឃាត់ទេ ឥឡូវផ្អាកមួយរយៈ [៦ខែ] ដើម្បីឱ្យឧស្សាហកម្មហ្នឹងគាត់អាចស្ដារការប្រកួតប្រជែងរបស់គាត់ឡើងវិញបាន»។
បន្ថែមពីលើនេះ លោក ហ្វីណង់ អះអាងថា ក្រសួងក៏បានត្រួតពិនិត្យមើលអំពីអតិផរណាផងដែរ មុននឹងធ្វើការសម្រេចផ្អាកជាបណ្ដោះអាសន្ន ដើម្បីធានាថា មិនមានការឡើងថ្លៃទំនិញនោះទេ។
មហាសេដ្ឋីវិស័យកសិកម្មលោក ម៉ុង ឫទ្ធី មានប្រសាសន៍ថា ការផលិតសាច់បង្កកនៅកម្ពុជាមានលក្ខណៈដូចទៅនឹង ប្រទេសអង់គ្លេសនិងអាមេរិក ហើយការផលិតនោះជាផ្នែកៗ ទាំងជើង និងក្បាលជាដើម ប៉ុន្តែពុំមានអ្នកបញ្ជាទិញឡើយ។
លោកបន្តថា បំណែកនៃសាច់បង្កកដែលនាំចូលមានតម្លៃថោក ដោយសារសាច់បង្កកទាំងនោះធ្វើពីសត្វដែលមានជំងឺ។ ជាកន្លែងសត្វឃាតដ្ឋាន និងដាក់ឱ្យសាច់ត្រជាក់
លោកបន្ថែមថា៖ «ខ្ញុំជឿថាយ៉ាងហោចណាស់ក៏គ្រាន់បើជាងអត់ដែរ រដ្ឋាភិបាលជួយប៉ុណ្ណឹង»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា មានក្រុមហ៊ុនចំនួន២ ដែលមានកន្លែងសត្វឃាតដ្ឋាន និងកាប់សាច់ដើម្បីលក់ឱ្យឈ្មួញទិញសាច់បង្កក ក្នុងនោះមានក្រុមហ៊ុន ស៊ីភី និងក្រុមហ៊ុន អឹមខេ។
លោកបានអះអាង បច្ចុប្បន្នេះ មានឈ្មួញកណ្ដាលប្រមាណ៤នាក់ បានមកទាក់ទងខាងសមាគមដើម្បីបញ្ជាទិញសាច់បង្កក បន្ទាប់ពីរដ្ឋាភិបាលសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងរយៈពេលខ្លីខាងមុខនេះ។
លោកថ្លែងថា៖ «វាជាកត្តាមួយល្អហើយ កត្តាមួយដែលសមាគមយើងចង់បាន»។
កសិករចិញ្ចឹមជ្រូកមួយរូបនៅខេត្តតាកែវ លោក ស៊ន ស៊ិន និយាយថា បច្ចុប្បន្នលោកបានផ្អាកការចិញ្ចឹមជ្រូកជាបណ្ដោះអាសន្ន ដោយសារតម្លៃថោក ខណៈចំណីចិញ្ចឹមសត្វជ្រូកថ្លៃ។
បើទោះបីជារដ្ឋាភិបាលប្រកាសផ្អាកនាំចូលសាច់បង្កកមួយរយៈពេលក៏ដោយ សម្រាប់លោក ស៊ិន នៅតែមានការភ័យខ្លាចចំពោះការធ្លាក់ថ្លៃនៃតម្លៃសាច់ជ្រូកដដែល។
តែយ៉ាងណា លោកថា នៅពេលដែលសាច់ជ្រូកហក់ឡើងខ្ពស់បន្ទាប់ពីរដ្ឋាភិបាលផ្អាកការនាំចូលបំណែកនៃសាច់បង្កក លោកនឹងចាប់ផ្ដើមប្រកបរបរចិញ្ចឹមជ្រូកនេះសាឡើងវិញ។
លោកបន្ថែមថា៖ «ខ្ញុំរអា ដាក់ខាតៗ វា [សាច់ជ្រូក] ថោក ចំណីថ្លៃ»។
បើតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៨៤៤៩៤១៤,៣៦តោន ដោយបានធ្លាក់ចុះ១,៩ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា នៅឆ្នាំ២០២៣ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មបានកើនឡើង ០,៥ ភាគរយ ធៀបឆ្នាំ២០២២ ប៉ុន្តែអត្រានៃការចិញ្ចឹមសត្វលក្ខណៈគ្រួសារបានថយចុះ ០,៨៤ ភាគរយ បើធៀបនៅឆ្នាំ២០២២ ដោយការថយចុះនេះបណ្ដាលមកពីតម្លៃសត្វរស់ថយចុះ។
ក្រសួងបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣២០ពាន់តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុប។ បរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលពីបរទេស ដើម្បីបំពេញតម្រូវការសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អដូចជា ឆ្កែ និងឆ្មាជាដើម។
ដើម្បីបំពេញតម្រូវការនេះ កម្ពុជា បាននាំចូលសាច់ និងផលិតសត្វសរុប ៩,២៥ ពាន់តោន ក្នុងនោះមានជ្រូកកណ្ដុល ៣ពាន់ក្បាល ពពែ៣៣៦ក្បាល ចៀម ៤០០ក្បាល មាន់សាច់រស់ ៣,៥៥លានក្បាល ទាសាច់រស់ ១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ មានសាច់ជ្រូក ចៀម មាន់ ទា ក្ងាន ក្រួច គោ ក្របី ប្រហិត សាច់ក្រក ហ្រ្វូម៉ា និងផលិតផលសត្វ (៤,៧៦ពាន់តោន)៕