ធនាគារព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប(Prince Holding Group) កំពុងស្វែងរកយុទ្ធសាស្ត្រដើម្បីដកឈ្មោះចេញពីបញ្ជីទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ខណៈអតិថិជនមួយចំនួននៅតែបន្តរាយការណ៍ពីភាពលំបាកក្នុងការទទួលបានប្រាក់ដែលបានផ្ទេរទៅធនាគារផ្សេងទៀត។ ធនាគារនៅតែអះអាងថា ប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ខ្លួននៅមានភាពល្អប្រសើរដដែល។
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ចូលក្នុងបញ្ជីខ្មៅលើ ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប ដែលជាសាជីវកម្មកម្ពុជាដែលត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការបណ្តាញបោកប្រាស់តាមអ៊ីនធឺណិតឆ្លងដែនដែលសង្ស័យថាជាទាសភាពសម័យទំនើបដែលកំណត់គោលដៅលើជនរងគ្រោះនៅបរទេស។ ទណ្ឌកម្មនេះគ្របដណ្តប់លើក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៤៦ ដោយកាត់ផ្តាច់ពួកគេពីអាជីវកម្មនៅសហរដ្ឋអាមេរិក និងអាចធ្វើឱ្យក្រុមហ៊ុនផ្សេងទៀតប្រឈមនឹងការផាកពិន័យប្រសិនបើនៅតែរក្សាទំនាក់ទំនងជាមួយក្រុមហ៊ុនដែលរងទណ្ឌកម្ម។
មួយថ្ងៃក្រោយមក ធនាគារព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមនេះ បានប្រកាសថាកម្មវិធីទូរសព្ទ និងគេហទំព័ររបស់ខ្លួនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារអ្វីដែលខ្លួនបានពណ៌នាថាជាការរងការរំខានពីសេវាកម្មរបស់ភាគីទីបី។ ការផ្អាកនេះបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ដែលបានប្រឹងចូលទៅប្រើប្រាស់ប្រាក់របស់ពួកគេក្នុងគណនី។
បន្ទាប់ពីសេវាកម្មត្រូវបានស្តារឡើងវិញ អតិថិជនជាច្រើនបានព្យាយាមផ្ទេរប្រាក់របស់ពួកគេទៅធនាគារផ្សេងទៀត ប៉ុន្តែបានរាយការណ៍ថាប្រាក់របស់ពួកគេត្រូវបានកាត់ចេញពីគណនីធនាគារព្រីនស៍ហើយតែមិនបានទៅដល់ធនាគារគោលដៅ។ ធនាគារបានជំរុញឱ្យអតិថិជនបន្តអត់ធ្មត់ ដោយធានាដល់ពួកគេថា ខ្លួននៅតែដំណើរការ និងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះទណ្ឌកម្ម អ្នកប្រើប្រាស់ធនាគារព្រីនស៍ជាច្រើនបានចាប់ផ្តើមផ្ទេរប្រាក់របស់ពួកគេទៅធនាគារផ្សេងទៀត។ ជាការឆ្លើយតប កាលពីថ្ងៃសុក្រ ធនាគារព្រីនស៍បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកំពុងធ្វើការពិនិត្យផ្នែកច្បាប់ និងស្វែងរកជម្រើសសម្រាប់ការដកឈ្មោះចេញពីបញ្ជីទណ្ឌកម្ម។ អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ទណ្ឌកម្មនេះអាចបង្កបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ធនាគារព្រីនស៍។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ក្រុមប្រឹក្សាភិបាលនឹងតែងតាំងក្រុមប្រឹក្សាច្បាប់អន្តរជាតិដែលមានបទពិសោធន៍ ដើម្បីធ្វើការពិនិត្យយ៉ាងស៊ីជម្រៅលើទណ្ឌកម្មនេះ ។ យើងបានណែនាំឱ្យគណៈគ្រប់គ្រងចូលរួមចុះជាប់ជាមួយអាជ្ញាធរពាក់ព័ន្ធ និយ័តករ និងទីប្រឹក្សា ដើម្បីរៀបចំ និងអនុវត្តផែនការផ្លូវការសម្រាប់ការដកឈ្មោះធនាគារចេញពីបញ្ជីទណ្ឌកម្មឱ្យបានលឿន និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន»។
ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថិរភាព និងសុចរិតភាពរបស់ធនាគារខ្លួន ដោយគូសបញ្ជាក់ពីការអនុលោមតាមយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងការត្រួតពិនិត្យប្រតិបត្តិការទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ពួកគេក៏បានសង្កត់ធ្ងន់លើការរក្សាការត្រួតពិនិត្យឯករាជ្យលើប្រតិបត្តិការ យុទ្ធសាស្ត្រ និងការអនុលោមតាមច្បាប់ ដោយអ្នកគ្រប់គ្រងជាន់ខ្ពស់បន្តផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាភិបាល ដើម្បីធានាបាននូវការសម្រេចចិត្តទាន់ពេលវេលា ខណៈដែលសកម្មភាពសំខាន់ៗទាំងអស់ឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីប្រឆាំងការសម្អាតប្រាក់ (AML) និងប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម (CFT) ក៏ដូចជាស្តង់ដារប្រុងប្រយ័ត្នផ្សេងៗទៀតដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ធនាគារព្រីនស៍នៅតែដំណើរការពេញលេញ និងមានស្ថិរភាពហិរញ្ញវត្ថុ» ។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងទៀតថា៖ «យើងនៅរក្សាជំហយ៉ាងខ្ជាប់ខ្ជួនក្នុងបេសកកម្មរបស់យើងក្នុងការបម្រើអតិថិជន រួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងរក្សាការជឿទុកចិត្តដែលសាធារណជនបានផ្តល់» ដោយបន្ថែមថាប្រាក់បញ្ញើ និងផលប្រយោជន៍ហិរញ្ញវត្ថុរបស់អតិថិជនព្រីនស៍នៅតែមានសុវត្ថិភាព។
កាលពីខែកញ្ញា សេចក្តីស្នើច្បាប់មួយត្រូវបានដាក់ជូនសភាសហរដ្ឋអាមេរិក ដើម្បីបង្កើតក្រុមការងារប្រឆាំងការបោកប្រាស់ ដែលមានគោលដៅរំលាយក្រុមឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍ និងពង្រីកទណ្ឌកម្ម ដែលក្នុងនោះរួមទាំងទណ្ឌកម្មលើលោក ហ៊ន់ សុរចនា ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារព្រីនស៍នេះផងដែរ។
លោក ម៉េង ដែលជាអតិថិជនរបស់ធនាគារព្រីនស៍តាំងពីឆ្នាំ២០២២ បាននិយាយថា លោកបានប្រើប្រាស់ធនាគារនេះសម្រាប់ការសន្សំ ដោយសារអត្រាការប្រាក់ខ្ពស់ជាងធនាគារផ្សេងទៀត ហើយមិនដែលជួបប្រទះបញ្ហាអ្វីឡើយ រហូតដល់មានការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ដោយមានការព្រួយបារម្ភ លោកបានព្យាយាមផ្ទេរប្រាក់របស់ខ្លួនទៅគណនីធនាគារផ្សេងទៀត ប៉ុន្តែគិតត្រឹមពេលនេះ ប្រាក់នោះមិនទាន់ទទួលបាននៅឡើយទេ។ លោកបានកត់សម្គាល់ថា បញ្ហានេះប៉ះពាល់តែគណនីប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលគណនីប្រាល់រៀលនៅតែដំណើរការជាធម្មតា។
លោកបានប្រាប់ថា៖ «សូម្បីតែមិត្តរួមការងាររបស់ខ្ញុំក៏ប្រើវាដើម្បីសន្សំប្រាក់ដែរ អត្រាការប្រាក់របស់វាប្រសើរជាងធនាគារផ្សេងទៀត ។ ខ្ញុំបារម្ភ ព្រោះនេះជាប្រាក់ដែលខ្ញុំរកបាន ខ្ញុំមិនចង់បាត់បង់វាទេ»។
គណនីសន្សំវ័យឆ្លាតរបស់ធនាគារព្រីនស៍ ជាក់ស្តែងផ្តល់អត្ថប្រយោជន៍ល្អជាងធនគារផ្សេងដូចជា អត្រាការប្រាក់ខ្ពស់រហូតដល់ ៤.២៥% ក្នុងមួយឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដោយឥតគិតថ្លៃដោយសារគ្រោះថ្នាក់ បើប្រៀបធៀបទៅប្រហែល ២% ក្នុងមួយឆ្នាំដែលធនាគារផ្សេងទៀតផ្តល់ឱ្យ។
លោក ម៉េង បានបន្ថែមថា លោកបានបំពេញឯកសារចាំបាច់ជាមួយធនាគារទាក់ទងនឹងការផ្ទេរប្រាក់របស់ខ្លួន ដើម្បីការពារប្រាក់សន្សំរបស់លោក ហើយធនាគារបានប្រាប់លោកថា វានឹងត្រូវចំណាយពេលបីថ្ងៃដើម្បីដោះស្រាយបញ្ហានេះ។
លោក Stephen Higgins ប្រធានគ្រប់គ្រងដៃគូនៃក្រុមហ៊ុន Mekong Strategic Capital ដែលមានមូលដ្ឋាននៅភ្នំពេញ បានប្រាប់ សារព័ត៌មានខេមបូចា ថា ទណ្ឌកម្មនេះនឹងធ្វើឱ្យមានបញ្ហាប្រឈមសម្រាប់ធនាគារព្រីនស៍។
លោកបាននិយាយថា៖ «ពួកគេអាចបន្តប្រតិបត្តិការជាប្រាក់រៀលបាន ប៉ុន្តែវានឹងមានការលំបាកសម្រាប់ពួកគេក្នុងការបន្តប្រតិបត្តិការជាធនាគារដុល្លារអាមេរិក»។
លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់ថាតើអតិថិជនក្នុងស្រុកគួរដកប្រាក់របស់ពួកគេឬអត់ ប៉ុន្តែបាននិយាយថា«ការរក្សាប្រាក់ជាមួយធនាគារដែលមានកេរ្តិ៍ឈ្មោះល្អគឺមានសុវត្ថិភាពជាង»។
លោកក៏បានបន្ថែមទៀតថា ធនាគារទាំងឡាយណាដែលចង់រក្សាទំនាក់ទំនងធនាគារអន្តរជាតិនោះ ទំនងជានឹងចៀសវាងការធ្វើប្រតិបត្តិការជាមួយធនាគារព្រីនស៍ ជាពិសេសប្រតិបត្តិការជារូបិយបណ្ណដុល្លារអាមេរិក។
លោកបាននិយាយថា៖ «ធនាគារណាមួយនៅទីនេះ[កម្ពុជា]ដែលចង់បានសិទ្ធិចូលទៅកាន់ទំនាក់ទំនងធនាគារឆ្លើយឆ្លង ដែលពិតជាសំខាន់សម្រាប់ធនាគារភាគច្រើន គឺនឹងមិនអាចធ្វើប្រតិបត្តិការជាមួយធនាគារព្រីនស៍បានទៀតទេនាពេលអនាគត ជាពិសេសប្រតិបត្តិការជារូបិយប័ណ្ណដុល្លារអាមេរិក» ។
ធនាគារអេស៊ីលីដា បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលសួរថាតើខ្លួនបានពិភាក្សា ឬពិចារណាលើវិធានការណាមួយដើម្បីរឹតត្បិត ឬផ្អាកប្រតិបត្តិការជាមួយធនាគារព្រីនស៍ជាបណ្តោះអាសន្នឬអត់ ខណៈដែលធនាគារ ABA មិនបានឆ្លើយតបទេ។
ខណៈពេលដែលអ្នកប្រើប្រាស់ធនាគារព្រីនស៍បានប្រឈមមុខនឹងការពន្យារពេលក្នុងការផ្ទេរប្រាក់របស់ពួកគេ អ្នកប្រើប្រាស់កាបូបអេឡិចត្រូនិក (e-wallet ) Huione Pay បានប្រញាប់ប្រញាល់ដកប្រាក់របស់ពួកគេពីសាខានៅភ្នំពេញ និងក្រុងព្រះសីហនុ។
ក្រុមហ៊ុនមេរបស់ Huione Pay គឺ Huione Group ដែលក្នុងនោះក៏មានលោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយរបស់នាយករដ្ឋមន្ត្រី ក៏ជាម្ចាស់ភាគហ៊ុនធំមួយរូបផងដែរ។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ Huione Group ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន រួមជាមួយ ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប បន្ទាប់ពី ក្រុមហ៊ុននេះត្រូវបានកំណត់ពីមុនថាមានហានិភ័យខ្ពស់រួមចំណែកក្នុងការលាងលុយកខ្វក់។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huione ត្រូវបានក្រុមត្រួតពិនិត្យការអនុលោមតាមច្បាប់គ្រីបតូ (crypto compliance) ចាត់ទុកថា ជាទីផ្សារអនឡាញខុសច្បាប់ដ៏ធំបំផុតមិនធ្លាប់មាន។
ធនាគារជាតិនៃកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី សារព័ត៌មានខេមបូចា ទេ ថាតើខ្លួននឹងចាត់វិធានការបែបណា ប្រសិនបើធនាគារដែលបានចុះបញ្ជី ស្ថិតនៅក្រោមក្រុមហ៊ុនមេ ត្រូវបានទទួលរងទណ្ឌកម្ម។
ទោះយ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសោរ៍ដោយលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បាននឹងកំពុងចាត់វិធានការត្រួតពិនិត្យនិងស្រាវជ្រាវ ដើម្បីធានាថា ធនគារព្រីនស៍បានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងដែរថា៖ «ទន្ទឹមនឹងនេះ ធនការជាតិនៃកម្ពុជា បាននិងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជននៅធនាគារព្រីនស៍ ម.ក ជាពិសេស ដើម្បីធានានូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prince Bank Seeks Delisting Strategy as Customers Face USD Transfer Delays










