ដីព្រៃតំបន់ភ្នំតាម៉ៅរាប់រយហិកតាត្រូវបានឈូសឆាយយ៉ាងឆាប់រហ័ស ដោយក្រុមហ៊ុនឯកជនដែលប្រើប្រាស់គ្រឿងចក្រប្រមាណ៣០គ្រឿងកាប់ឆ្ការយ៉ាងសកម្ម និងមានកងកម្លាំងយាមកាមយ៉ាងតឹងរ៉ឹង។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋនិងព្រះសង្ឃគង់នៅវត្តភ្នំតាម៉ៅ។
ព្រះចៅអធិការនៅអាស្រមថ្មអន្ទោង ស្ថិតក្នុងតំបន់ភ្នំតាម៉ៅ ព្រះតេជព្រះគុណ សុទ ផល្លី មានសង្ឃដីកាថា មកទល់ពេលនេះដីព្រៃនៅតំបន់ភ្នំតាម៉ៅរងការឈូសឆាយអស់ប្រមាណ៣០០ហិកតាទៅហើយ ដោយមានគ្រឿងចក្រប្រហែល៣០គ្រឿង សម្រុកកាប់ឆ្ការព្រៃតូចធំក្នុងតំបន់នេះ។
ព្រះអង្គបានបន្តថា តែងតែឮសម្លេងសត្វតូចធំរត់ និងផ្អើល ហើយព្រះសង្ឃសោកស្ដាយជាខ្លាំងមិនអាចរៀបរាប់បាននៅពេលដែលឃើញសត្វព្រៃ និងដើមឈើតូចធំត្រូវបានកាប់ដើម្បីអភិវឌ្ឍន៍បែបនេះ។
ព្រះអង្គមានសង្ឃដីកាថា៖ «ស្ដាយខ្លាំង ស្ដាយនិយាយលែងចេញ អារម្មណ៍នេះវាអណ្ដែតអណ្ដូងស្រាលខ្លួន ធ្លាប់តែមានព្រៃឈើស្រស់បំព្រង ដល់គេឈូសអស់និយាយលែងចេញ»។
ព្រះអង្គបានឱ្យដឹងថា តាមពិតព្រៃតំបន់នេះមានឈើដែលមានតម្លៃ និងមានសត្វរស់នៅអាស្រ័យក្នុងព្រៃ មិនដូចការលើកឡើងរបស់រដ្ឋបាលព្រៃឈើឡើយ។ ហើយទំហំព្រៃតំបន់នេះ តាមដែលព្រះសង្ឃសាកសួរមេព្រៃ មានប្រមាណ៤ពាន់ជាងហិកតា ហើយបច្ចុប្បន្នមាន៤ក្រុមហ៊ុនកំពុងទទួលបានសិទ្ធិកាន់កាប់អភិវឌ្ឍន៍ ដែលរដ្ឋទើបតែផ្ដល់សិទ្ធិឱ្យ។
តាមការសង្កេតឃើញថានៅតាមផ្លូវជុំវិញកន្លែងក្រុមហ៊ុនឯកជនកាប់ឆ្ការ ការពារដោយកងកម្លាំង ដើម្បីរារាំងមិនឱ្យមានពលរដ្ឋ ឬអ្នកក្រៅចូលឡើយ។ មិនត្រឹមតែប៉ុណ្ណោះមានទាំងសង់រោងសម្រាប់យាមនៅដើមផ្លូវចូលទៀតផង។
ពលរដ្ឋមួយរូបរស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី គឺលោក ធូ សាមុត ប្រាប់ខេមបូចា ថា មកទល់ពេលនេះ មានគ្រឿងចក្រប្រមាណ៣០គ្រឿង កំពុងឈូសឆាយយ៉ាងសកម្ម ថែមទាំងមានកងកម្លាំងប្រដាប់អាវុធយាមតាមផ្លូវ មិនឱ្យមានពលរដ្ឋចូលឡើយ។ លោកមិនពេញចិត្តទាល់តែសោះចំពោះការអភិវឌ្ឍរបស់ក្រុមហ៊ុនឧកញ៉ាធំៗនៅស្រុកខ្មែរ ហើយលោកស្គាល់ច្បាស់ថាដីដែលកំពុងឈូសឆាយនោះជារបស់ឧកញ៉ា ឡេង ណាវ៉ាត្រា និងពុង ឃាវសែ។
លោករៀបរាប់ថា៖ «ខ្ញុំមានតែការសោកស្ដាយ បានតែកម្ទេច ចុះអាកន្លែងដទៃមិនធ្វើ មកធ្វើអីកន្លែងធម្មជាតិទៅវិញ? អាកន្លែងព្រៃធម្មជាតិសុខសាន្តគេរស់នៅ»។
លោកឱ្យដឹងថា ការអភិវឌ្ឍនេះ មិនត្រឹមតែប៉ះពាល់សត្វព្រៃ និងគម្របធម្មជាតិទេ ថែមទាំងប៉ះពាល់ដីចំណីរបងផ្ទះប្រជាពលរដ្ឋប្រមាណ២០០ខ្នងផ្ទះទៀតផង រហូតមកដល់ពេលនេះមិនមានក្រុមហ៊ុនណាចេញសងឡើយ។
ពលរដ្ឋរូបនេះអះអាងថា នៅពេលដែលដីព្រៃរាប់រយហិកតាទាំងនេះ ត្រូវបានឈូសឆាយ និងអភិវឌ្ឍន៍ទៅជាបុរី អគារទំនើប ប្រជាជននឹងបាត់បង់ចំណូលពីការអាស្រ័យផលនៅក្នុងព្រៃនោះ។
លោក សាមុត បន្ថែមថា៖ «បាត់បង់ធំ ព្រោះអីប្រជាជន១០%គាត់អាស្រ័យផលពីក្នុងព្រៃ ដូចជាជីកទំពាំង គោះអង្រ្កង ជីកក្ដួច ជីកដំឡូងទៀន ដល់តែអភិវឌ្ឍន៍គាត់រកចំណូលបានឯណា ក្រីក្រ»។

រីឯលោក ហាក់ មាំង ជាមេភូមិ អាយុ៦២ឆ្នាំ ជាមេភូមិបាទី ថ្លែងថា ការអភិវឌ្ឍនេះមិនបានប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសត្វព្រៃនៅភ្នំតាម៉ៅឡើយ ថែមទាំងជារឿងល្អទៀតផង។
លោក មាំង ថ្លែងថា៖ «ធ្វើម៉េចបើប្រទេសជាតិយើងវាអភិវឌ្ឍន៍ចឹង ដីហ្នឹងសម្បត្តិរបស់រដ្ឋ ចឹងរដ្ឋគាត់អ្នកអភិវឌ្ឍន៍ ធ្វើម៉េចឱ្យតែទៅមុខ»។
ជុំវិញករណីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធមិនបកស្រាយ ដោយឱ្យទាក់ទងទៅរដ្ឋបាលព្រៃឈើ។
លោកបន្តទៀតថា៖ «ចូរប្អូនធ្វើទំនាក់ទំនងជាមួយរដ្ឋបាលព្រៃឈើ ដែលបានផ្តល់លេខជូនកាលពីថ្ងៃម្សិលមិញរួចហើយ តាមរយៈប្រកាសព័ត៌មាន»។
ចំណែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញិប ស្រ៊ន និងប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ គឺលោក ញឹក រតនៈ ពេជ្រ មិនអាចទាក់ទងសុំការបកស្រាយបានឡើយ។
បើតាមសេចក្ដីប្រកាសមួយកាលពីថ្ងៃទី៤ ខែសីហា រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ព្រៃនៅភ្នំតាម៉ៅ ជាប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ និងពោរពេញដោយដីខ្សាច់ ដូច្នេះដើមឈើមិនមានការលូតលាស់ល្អទេ។ ដូចនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។
សេចក្ដីប្រកាសបានបញ្ជាក់ថា៖ «ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួងពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ»។
រដ្ឋបាលព្រៃឈើបានបញ្ជាក់ថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមកគឺជាសត្វព្រៃបាន ថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។
សេចក្ដីប្រកាសដដែលបន្ថែមថា៖ «ការអភិវឌ្ឍតែងតែប្រើប្រាស់ដីសម្រាប់អភិវឌ្ឍមិនមែនមានតែនៅតំបន់ភ្នំតាម៉ៅនោះទេ ឲ្យតែតំបន់អភិវឌ្ឍមាន ផលប៉ះពាល់តិចតួច ហើយត្រឡប់មកវិញបានផ្តល់ការងារជូនប្រជាពលរដ្ឋច្រើននៅតំបន់នោះ និងការផ្តល់កំណើនសេដ្ឋកិច្ចជាតិ»។

យោងតាមឯកសារផ្លូវការមួយចេញផ្សាយដោយវីអូឌីកាលពីថ្ងៃទី២ ខែសីហា ដីព្រៃតំបន់ភ្នំតាម៉ៅ គឺមាន៤ក្រុមហ៊ុនដែលទទួលបានសិទ្ធិកាន់កាប់ ក្នុងនោះមានក្រុមហ៊ុនឯកជនមួយមិនច្បាស់ពីអត្តសញ្ញាណបានដី៥០០ហិកតា ពីរដ្ឋបាលព្រៃឈើ។ ចំណែកផ្ទៃដី៧០០ហិកតាផ្សេងទៀត បច្ចុប្បន្នត្រូវបានស្នើសុំដោយក្រុមហ៊ុន TP Moral Group របស់ឧកញ៉ា ឃុន សៀខណៈរដ្ឋមន្រ្តីក្រសួងកសិកម្ម អះអាងថាទីតាំងដីដ៏ធំនេះត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងម្ចាស់ផលិកម្មចម្រៀងកាឡាក់ស៊ី របស់ឧកញ៉ា ឡេង ណាវ៉ាត្រា។
ទន្ទឹមនឹងនេះ ក៏មានសេចក្ដីប្រកាសមួយរបស់ម្ចាស់ក្រុមហ៊ុន ឆាយណា ប៉ោយប៉ែត ស៊ៃថឺឡាយថ៍ ទំនងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន៤ខាងលើ ស្នើសុំកម្លាំងសត្ថកិច្ច ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្លាប់ក្នុងការចាប់ផ្ដើមអនុវត្តគម្រោងឈូសឆាយ និងអភិវឌ្ឍន៍ផ្ទៃដី៥២៦,៦ ហិកតា នៅឃុំក្រាំងធ្នង់ និងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ជុំវិញភាពចម្រូងចម្រាស ដែលរដ្ឋប្រគល់ដីព្រៃភ្នំតាម៉ៅទៅឱ្យក្រុមហ៊ុនឧកញ៉ាអភិវឌ្ឍន៍ មានមតិសាធារណៈនិងក្រុមសង្គមស៊ីវិលបានរិះគន់ និងធ្វើពហិការមិនគាំទ្រជំនួញរបស់ឧកញ៉ាទាំងនោះ។
ដោយឡែក កាលពីថ្ងៃទី១ ខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា អង្គភាពខ្លួន រកមិនឃើញសោះឡើយ ពីភាពមិនប្រក្រតីចំពោះការដោះដូរដីនៅភ្នំតាម៉ៅនោះទេ។ បន្ថែមពីនេះ ACU បានឱ្យដឹងថា រដ្ឋនឹងបង្កើតទីតាំង៣បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង សៀមរាប និងមណ្ឌលគិរី ដែលមានទំហំធំជាង ដើម្បីជំនួសតំបន់សួនសត្វភ្នំតាម៉ៅនេះ។
បើយោងតាមលិខិតចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមឱ្យមានការដោះដូរដីចំនួន ៣០០ហិកតា នៅស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ និងដី ៥០០ហិកតាររបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅឱ្យទៅក្រុមហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.ក» ដើម្បីធ្វើការអភិវឌ្ឍ។លិខិតដដែលបញ្ជាក់ថា ដីចំនួន៣០០ហិកតានៅស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ នឹងត្រូវដោះដូរជាមួយដីទំហំ៤០០ហិកតានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ចំណែកដីចំនួន៥០០ហិកតាទៀតរបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ត្រូវបានផ្លាស់ទៅបង្កើតនៅសួនសត្វលើផ្ទៃដីទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយស្ដារ និងអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប។

លោក សាន់ ម៉ាឡា មន្ត្រីតស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា(CYN) លើកឡើងថា គម្រោងឈូសឆាយព្រៃនៅតំបន់ភ្នំតាម៉ៅ គឺជារឿងមិនសមទំនង និងផ្ទុយពីស្មារតីរបស់ក្រុមអ្នកស្រឡាញ់បរិស្ថាន និងប្រជាជនចង់បាន។
លោកស្នើឱ្យរដ្ឋាភិបាលបន្តរក្សាទុកតំបន់ព្រៃមួយនេះទុកជាព្រៃធម្មជាតិ ព្រោះវាបានរួមចំណែកជួយសេដ្ឋកិច្ចរបស់ប្រជាជនអាស្រ័យផលក្បែរនោះ និងចំណូលចូលរដ្ឋផងដែរ។
លោក ម៉ាឡា ក៏បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់រដ្ឋបាលព្រៃឈើ ថ្វីត្បិតតែមិនមែនអ្នកជំនាញ តែលោកអះអាងថាដីនៅតំបន់ព្រៃព្រះរកា និងព្រៃឡង់ មានសណ្ឋានដីដូចគ្នា ម្ដេចក៏មានដើមឈើលូតលាស់ល្អ។ ហេតុផលមួយទៀត បើដីតំបន់ភ្នំតាម៉ៅមិនល្អ ហេតុអ្វីកាលពី២០ឆ្នំាមុន ជ្រើសយកតំបន់នេះមកដាំដើមឈើទៅវិញ?
លោក ម៉ាឡា ថ្លែងថា៖ «វាជារឿងដែលអត់គួរឱ្យជឿ ដែលក្រសួងថាដោយសារតែសត្វជ្រូកព្រៃទៅរំខាន និងស៊ីបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ ជាមូលហេតុចម្បងមួយដែលក្រសួងសម្រេចឈូសឆាយព្រៃនោះ វាបង្ហាញពីភាពឆោតល្ងង់ និងខ្វះមធ្យោបាយរបស់អាជ្ញាធរដែនដី»។
លោកអះអាងថា ដើមចមនៃការអភិវឌ្ឍព្រៃតំបន់ភ្នំតាម៉ៅនេះ ទំនងជាក្រុមហ៊ុនឯកជន និងមន្រ្តីពាក់ព័ន្ធសំឡឹងឃើញពីផលប្រយោជន៍ដែលទទួលបានពីគម្រោងអចលនទ្រព្យ ច្រើនជាងគុណតម្លៃនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ ពិសេសតម្លៃនៃទេសចរណ៍អេកូធម្មជាតិ។
លោក និក ម៉ាក នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចេញសេចក្ដីថ្លែងការណ៍មុនពេលមានការឈូសឆាយព្រៃ លោកបានធ្វើការអភិរក្សសត្វព្រៃនៅស្រុកខ្មែរ២០ឆ្នាំ ហើយសំណូមពររដ្ឋាភិបាលកម្ពុជា ឱ្យពិចារណាឡើងវិញនូវគម្រោងអភិវឌ្ឍន៍នានា ដើម្បីការពារព្រៃភ្នំតាម៉ៅទុកជាជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃគ្រប់ប្រភេទ និងជាកន្លែងកម្សាន្តធម្មជាតិនៅជិតក្រុងភ្នំពេញ៕