ប្រជាពលរដ្ឋក្រីក្រជាង៣០០គ្រួសាររស់នៅក្នុងខណ្ឌឫស្សីកែវ ខាងជើងស្ពានជ្រោយចង្វារ កំពុងប្រឈមនឹងការបណ្ដេញចេញពីលំនៅដ្ឋាន ដើម្បីយកដីឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍនៅទីតាំងនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយសម្រេចផ្ដល់ដីទំហំ១២,៩៨ហិកតានៅតាមបណ្ដោយមាត់ទន្លេទៅឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះថា អ៊ែតវ៉ានស៍ ត្រាស់ (ខេមបូឌា) ឯ.ក (Advanced Trust (Cambodia) Co., Ltd) ដែលមានស្រ្តីម្នាក់ឈ្មោះថា លន់ ណារី ជាម្ចាស់កម្មសិទ្ធិ។ ផ្ទៃដីផ្ដល់ទៅឲ្យក្រុមហ៊ុននោះមានទីតាំងនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ និងសង្កាត់ឫស្សីកែវ ដែលមានតម្លៃប្រហាក់ប្រហែលនឹង១០លានដុល្លារ។
ក្រុមហ៊ុន អ៊ែតវ៉ានស៍ ត្រាស់ (ខេមបូឌា) ឯ.ក បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ និងបានដាក់ឈ្មោះអ្នកស្រី លន់ ណារី ជានាយក និងជាប្រធានក្រុមហ៊ុន។
ពេលទាក់ទងតាមទូរស័ព្ទ អ្នកស្រី ណារី បានបដិសេធថាខ្លូនជាម្ចាស់ក្រុមហ៊ុន។
អ្នកស្រីបានលើកឡើងថា៖ «[លោកនាយក] គាត់បានចេញទៅក្រៅប្រទេស ហើយគាត់បាន ទុកទូរស័ព្ទគាត់នៅនឹងខ្ញុំ»។ អ្នកស្រីបន្តថា៖ «ខ្ញុំមិនបានដឹងច្បាស់ពីរឿងនេះទេ។ ខ្ញុំជាសាច់ញាតិរបស់គាត់»។
យ៉ាងណា អ្នកស្រីមិនបានប្រាប់ពីអត្តសញ្ញាណអ្នកដែលអ្នកស្រីអះអាងថាជាម្ចាស់ក្រុមហ៊ុនពិតប្រាកដនោះទេ។
កាលពីខែតុលា ឆ្នាំមុន ខេមបូចា បានចុះផ្សាយថាប្រជាពលរដ្ឋប្រហែលជា៨០ភាគរយនៃប្រជាពលរដ្ឋ៣០០គ្រួសារមានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ទីលំនៅទៅកាន់ឃុំសំរោង ក្នុងខណ្ឌព្រែកព្នៅ ដែលមានចម្ងាយ១០គីឡូម៉ែត្រពីទីតាំងបច្ចុប្បន្ន។ ការដោះដូរនេះ គឺដើម្បីបើកផ្លូវឱ្យក្រុមហ៊ុន អ៊ែតវ៉ានស៍ ត្រាស់ (ខេមបូឌា) ឯ.ក យកដីអភិវឌ្ឍន៍។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅលើទីតាំងនេះ បានប្រាប់ខេមបូចា កាលពីខែតុលា ឆ្នាំមុនថា៖ «ខ្ញុំមិនចង់[ចាកចេញ]ទេ ប៉ុន្តែខ្ញុំគ្មានជំរើស»។ អាជ្ញាធរបានចំណាយពេលអស់ជាច្រើនខែក្នុងការដាក់សម្ពាធឱ្យប្រជាពលរដ្ឋចាកចេញ បន្ទាប់ពីបានជូនដំណឹងពីការបណ្ដេញចេញកាលពីខែកក្កដា ឆ្នាំមុន រួមទាំងមានការគំរាមកំហែងចាប់ខ្លួន និងបានចាប់ផ្ដើមវាយកំទេចផ្ទះប្រជាពលរដ្ឋដោយមិនមានការយល់ព្រមផងដែរ។
មន្ត្រីនរគបាលចូលនិវត្តន៍វ័យ៦៧ឆ្នាំ លោក ឃឿន សាវុធ ដែលបានរស់នៅតាមមាត់ទន្លេក្នុងផ្សារតូច២០ឆ្នាំមកហើយនោះ មានប្រសាសន៍ថា លោកយល់ថាប្រជាពលរដ្ឋបានទទួលសំណងមិនសមរម្យនោះទេ បន្ទាប់ពីបានទទួលការជូនដំណឹងស្ដីពីការបណ្ដេញចេញកាលពីពីរខែកន្លងទៅ។
លោកឱ្យដឹងថា៖ «ជាទូទៅ យើងមិនជំទាស់ទៅនឹងការអភិវឌ្ឍប្រទេសជាតិទេ ប៉ុន្តែពួកគេគួរតែផ្ដល់សំណងសមរម្យ[ដល់ពួកយើង]»។ លោកបន្ថែមថា៖ «ខ្ញុំនឹងមិនចាកចេញទេ បើសិនជាគ្មានសំណងសមរម្យ ពីព្រោះថាយើងត្រូវតែចរចាសម្រាប់សំណង»។
លោកអះអាងថា អាជ្ញាធរបានសន្យាផ្ដល់ដីមួយកន្លែងក្នុងខណ្ឌព្រែកព្នៅដល់រូបលោក។
លោកបន្តថា៖ «ពួកគេមិនទាន់បានកំណត់ពេលវេលាសម្រាប់រើចេញនៅឡើយទេ ប៉ុន្តែពួកគេបាននិយាយថាពួកគេបានត្រៀមដីរួចរាល់ហើយ»។ លោកបន្ថែមថា៖ «យើងមិនទាន់បានឃើញដីទេ គេ[អាជ្ញាធរ]បានត្រឹមបង្ហាញយើងពីដីនោះតាមរយៈរូបក្នុងទូរសព្ទ»។
លោក វណ្ណ សុផាត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធសិក្សាឱ្យបានដិតដល់អំពីផលប៉ះពាល់បរិស្ថាន និងសង្គម មុនសម្រេចធ្វើឯកជនីយកម្មលើដីរបស់រដ្ឋ ហើយលោកក៏ជំរុញឱ្យមានការផ្ដល់សំណងសមរម្យសម្រាប់គ្រួសារដែលត្រូវបណ្ដេញចេញ។ លោកថា គ្រួសារទាំងនោះទំនងជាអាចត្រូវបណ្ដេញចេញដោយបង្ខំ។
មេភូមិផ្សារតូច លោក វ៉ាន់ សាវឿន ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍នេះនឹងប៉ះពាល់ប្រជាពលរដ្ឋ៣៣២គ្រួសារក្នុងសង្កាត់ទួលសង្កែ១ ហើយក្នុងនោះមាន១០២គ្រួសារបានផ្លាស់លំនៅរួចរាល់ហើយ។ លោកថា លោកមិនបានដឹងពីគម្រោងរបស់ក្រុមហ៊ុននោះទេ។
លោកឲ្យដឹងថា៖ «ខ្ញុំមិនដឹងទេ ប្រហែលជាពួកគេធ្វើខុនដូ ខ្ញុំអត់ដឹងដែរ»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ អះអាងថាលោកមិនបានដឹងអំពីគម្រោងអភិវឌ្ឍន៍ ឬការផ្ដល់ដីទៅឱ្យក្រុមហ៊ុននោះដែរ។
លោកប្រាប់តាមទូរស័ព្ទថា៖ «បងមិនបានដឹងពីឯកសារ[អនុក្រឹត្យ]នោះទេ តើឱ្យខ្ញុំឆ្លើយសំណួរលោកបែបម៉េច?»
លោកបន្តថា៖ «អូនឯងអ្នកសារពត៌មាន ពេលបងឆ្លើយថាអត់បានដឹង អូនឯងអត់ខិតខំខ្នះខ្នែងរកព័ត៌មាន…និយាយឱ្យត្រង់បងមិនមែនជាចំណាប់ខ្មាំងអូនឯងទេណា ហើយបងក៏គ្មានកាតព្វកិច្ចឆ្លើយសំណួរអូនដែរ»។
លោកបានបង្វែរសំណួរទាក់ទងនឹងគ្រួសារដែលរងផលប៉ះពាល់ទៅកាន់អាជ្ញាធរខណ្ឌវិញ។
ប៉ុន្តែអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន បានបង្វែរសំណួរទាំងនេះទៅកាន់មន្ត្រីសាលារាជធានីភ្នំពេញវិញដែរ។
លោកមានប្រសាសន៍ខ្លីមុនដាក់ទូរស័ព្ទចុះថា៖ «យើងបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ[នៅទីនោះ]»។
រាយការណ៍បន្ថែមដោយ អ៊ឹង ស៊ា
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Private Company Receives Nearly 13 Hectares of Riverside Property, More than 300 Families Face Eviction