សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ថ្លៃដើមផលិតនៅក្នុងវិស័យកសិកម្មនៅកម្ពុជាខ្ពស់ជាងវៀតណាមនិងថៃប្រមាណ៣០ភាគរយ

កសិករនៅស្រុកកោះធំ ខេត្តកណ្តាល កំពុងព្រោះស្រូវជួសបន្ថែម ខណៈស្រូវព្រោះមុនដុះមិនសូវល្អ។ រូបថតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ
កសិករនៅស្រុកកោះធំ ខេត្តកណ្តាល កំពុងព្រោះស្រូវជួសបន្ថែម ខណៈស្រូវព្រោះមុនដុះមិនសូវល្អ។ រូបថតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

របាយការណ៍នានា និងអ្នកធ្វើការងារពាក់ព័ន្ធបានបង្ហាញថា ថ្លៃដើមនៃការផលិតនៅក្នុង​វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ខ្ពស់ជាងប្រទេសវៀតណាម និងថៃប្រមាណ​៣០​ភាគ​រយ ជាមូលហេតុធំមួយនាំឱ្យកសិករកម្ពុជាចាញ់ការប្រកួតប្រជែង​ជាមួយប្រទេស​ជិត​ខាង។​

បើនិយាយពីថ្លៃដើមក្នុងវិស័យកសិកម្មគឺបូករួមលើថ្លៃនៃការចំណាយផ្សេងៗចាប់តាំងពីការ​ចាប់ផ្តើមផលិតរហូតដល់លក់បានលុយមកវិញ ដែលរួមមានទាំងការភ្ជួររាស់ ជី ថ្នាំ គ្រាប់ពូជ តម្លៃពលកម្ម ការដឹកជញ្ជូន ប្រេងសាំង ជាដើម។

បើនិយាយពីថ្លៃជី កសិករនៅតាមបណ្តាលខេត្តនានាបានឱ្យដឹងថា ពួកគេទិញក្នុង១ប៉ាវ៥០​គីឡូក្រាម តម្លៃមធ្យម២០ម៉ឺនរៀល ឬ៥០ដុល្លារដែលស្មើនឹង១គីឡូ១ដុល្លារ។ តម្លៃជី​នៅ​ប្រទេស​វៀតណាមតម្លៃជាមធ្យម១តោន៦៣០ដុល្លារ ស្មើនឹង១គីឡូ០,៦៣ដុល្លារ ចំណែក​នៅប្រទេសថៃវិញតម្លៃជីជាមធ្យម១តោន៤៦០ដុល្លារ ស្មើនឹង០,៤៦ដុល្លារ។

ចំពោះបញ្ហាតម្លៃកសិផលតែងតែកើតមានជាប្រចាំគឺមិនក្រោម១០ឆ្នាំទេ ដែលតែងតែកើត​មាន​ការ​ចាក់ផ្លែស្វាយចោល កសិករផលិតស្រូវ កសិករដាំមៀននៅប៉ៃលិន មៀនបាត់ដំបង ផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដោយសារតែតម្លៃទាប ឬមិនមានអ្នកទទួលទិញនាំ​ឱ្យពួកគេ​ខាត​បង់។​

រដ្ឋមន្ត្រីកសិកម្មថ្មី លោក ឌិត ទីណា បញ្ជាក់ថា លោកក៏បានដឹងពីបញ្ហាទុក្ខលំបាក​របស់​កសិករ​​ដែលបានលើកឡើងពីតម្លៃកសិផល ហើយក៏បានសិក្សាបញ្ហាទាំងនោះ​ដែល​ឈាន​ដល់ការកំណត់គោលនយោបាយច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានេះ។ នៅក្នុង​ឱកាស​ចែកពូជស្រូវឱ្យកសិករនៅក្នុងខេត្តកំពង់ចាម កាលពីខែតុលាឆ្នាំ២០២២ លោកថ្លែងថា មាន​កសិករជាច្រើនបានស្នើឱ្យមានការដំឡើងថ្លៃកសិផលដើម្បីឱ្យពួកគេលក់ទៅបានផល​ចំណេញ។​

ប៉ុន្តែលោក ឌិត ទីណា បញ្ជាក់ថា តាមការសិក្សាកំណត់គោលដៅគឺលោកមិនដំឡើង​ថ្លៃលក់​កសិផលទេព្រោះអាចប៉ះពាល់ដល់អ្នកទិញយកទៅបរិភោគ។ លោកបញ្ជាក់ថា គោល​នយោបាយ​ចំពោះមុខគឺការបន្ថយថ្លៃផលិតឬថ្លៃដើម។​​

លោក ឌិត ទីណា ថ្លែងថា៖ «អ្វីដែលខ្ញុំកំពុងគិតទៅថ្ងៃអនាគត ជាគោលនយោបាយកសិកម្មគឺ​មិន​មែន​ជំរុញឱ្យឡើងថ្លៃកសិផល ហើយបង្កផលលំបាកដល់មនុស្សជាច្រើន​ទៀតដែល​ត្រូវ​ការ​​ហូបចុកកសិផលរបស់យើងទេ»

​ស្ថាបនិកអង្គការមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហើយបច្ចុប្បន្ន​ជា​រដ្ឋលេខាធិការក្រសួងកសិកម្មលោក យ៉ង សាំងកុមារ លើកឡើងថា ថ្លៃដើមផលិតជា​ច្រើនមុខនៅក្នុងវិស័យកសិកម្មនៅវៀតណាម និងថៃ ទាបជាងកម្ពុជា។​

លោក សាំងកុមារ មានប្រសាសន៍៖ «ទី១ ជីថោកជាង៣០ទៅ៤០ភាគរយ ព្រោះយើងនាំជីពី​ថៃ ពីវៀតណាមមកលក់ ចឹងត្រូវគេថោកជាងហើយ។ ចំណីសត្វក៏គេថោកជាងខ្ទង់​ប្រហែល​ជា៣០ភាគរយដែរ អត្រាការប្រាក់ក៏ថោកជាងដែរ យើងជាកសិករតូចតាចខ្ចីតាម​ស្ថាប័ន​មក​ប្រើ១ភាគរយជាង បើយើងគិតទាំងថ្លៃសេវាផងចូលចង់២[ភាគរយ]ផងបាទ។​ តម្លៃអគ្គិសនី​ក៏យើងនៅថ្លៃជាងវៀតណាម»។​

ចំណុចដែលថ្លៃដើមផលិតខ្ពស់ ហើយថ្លៃលក់ចេញវិញប្រហាក់ប្រហែលគ្នានេះហើយ ដែលលោក យ៉ង សាំងកុមារ បញ្ជាក់ថា កសិករកម្ពុជាចាញ់ប្រៀបកសិករប្រទេសជិតខាង។​

លោក សាំងកុមារ ៖«វាប្រហាក់ប្រហែលគេដែរ យើងមិនបាច់ឆ្ងល់ទេ ហេតុអ្វីបានជាវៀតណាមគេអាចដឹកត្រី ដឹកស៊ុត ដឹកបន្លែ ផ្លែឈើ អីមកលក់នៅយើងបាន»។​

បើយើងងាកទៅស្តាប់កសិករនៅតាមបណ្តាខេត្តនានាវិញ គឺតែងតែឮពីការត្អូញត្អែរ​ចំពោះ​ការ​ថយចុះផលចំណេញ ខាតបង់ និងជាប់បំណុលធ្ងន់ធ្ងររហូតដល់មានអ្នកសម្រេច​ចិត្ត​បោះ​បង់​វិស័យកសិកម្ម ឬលក់ដីសងបំណុលជាបន្តបន្ទាប់ ហើយធ្លាក់ខ្លួនជនចំណាកស្រុកក៏មានដែរ។​

អ្នកស្រី ខៀវ សារុន កសិករនៅក្នុងខេត្តស្វាយរៀងធ្វើស្រែលើដី១ហិកតាថ្លែងថា ជីសម្រាប់​ដាក់​ស្រូវ១ប៉ាវ៥០គីឡូក្រាមថ្លៃជាង២០ម៉ឺនរៀល។ អ្នកស្រីថា មិនមែនតែជីមួយ​មុខទេដែល​មានតម្លៃខ្ពស់គឺថ្លៃផលិតផ្សេងៗទៀតក៏ខ្ពស់ដែរ ប៉ុន្តែផ្ទុយទៅវិញស្រូវនៅតែមានតម្លៃទាប។

អ្នកស្រី  សារុន ឱ្យដឹងថា៖ «បើនិយាយពីថ្នាំ ពីជីវិញថ្លៃកប់ពពក។ ថ្លៃណាស់លោកគ្រូអើយ ជី១បេ ២០ម៉ឺនជាង បើយើងគិតជាស្រូវទៅជាជីវិញ ស្រូវចង់៥គីឡូបានជី១គីឡូ»។​

អ្នកស្រីបន្តថា រហូតដល់ចុងខែធ្នូឆ្នាំ២០២២គឺតម្លៃជី និងថ្នាំគីមី ប្រើក្នុងវិស័យកសិកម្ម​នៅ​តំបន់គាត់មិនបានថយចុះនោះទេ ផ្ទុយទៅវិញមានតែការកើនឡើង។

អ្នកស្រី សារុន បន្ថែមថា៖ «ជីដូចឡើងលើសពីពេលយើងបាចដំបូងឥឡូវវាឡើងលើសហ្នឹង។ និយាយទៅជី និងថ្នាំគីមីហ្នឹងឡើងអត់មានថ្ងៃចុះទេ។​ និយាយទៅវាខុសគ្នាដាច់ ខុសគ្នា​រវាង​របស់ប្រជាពលរដ្ឋ និងរបស់នាំចូលហ្នឹងវាខុសគ្នាតែម្តង។ អ្វីដែលពួកខ្ញុំចង់បានគឺឱ្យវាស្មើគ្នា ឥឡូវជីឡើង២០ម៉ឺនជាង ចឹងគួរតែ ស្រូវគួរតែមានតម្លៃឡើងថេរដូចគ្នា»។

កសិករនៅខេត្តព្រះវិហារ លោក វង្ស សុខខេងលី​ ថ្លែងថា ថ្លៃដើមនៃការផលិតកសិកម្ម​នៅ​តំបន់​លោកកើនឡើងជាង២ដងបើប្រៀបធៀបឆ្នាំ២០២១ និងឆ្នាំ២០២២។

លោក សុខខេងលី លើកឡើងថា៖«កាលពីឆ្នាំ២០២១ថ្នាំក្នុង១កេសថ្លៃ២៧ម៉ឺន ២៨ម៉ឺន។ ដល់ឆ្នាំ២០២២ ជី និងថ្នាំគ្រប់ប្រភេទឡើងទ្វេដងតែម្តង ដូចថា អា២៨ម៉ឺនវាឡើងដល់៥៦ម៉ឺន អា២០ម៉ឺនទៅដល់៤៨ម៉ឺន»

លោក បន្តថា កសិករដែលធ្វើស្រែចាប់ពី៣ហិកតាឡើងទៅមិនមានដើមទុនទិញជី ទិញថ្នាំទេ​គឺត្រូវខ្ចីធនាគារ។​

លោក សុខខេងលី បញ្ជាក់ថា៖ «បើទំនិញនៅលើទីផ្សារកើនឡើងបែបហ្នឹង ពលរដ្ឋដោះ​បំណុល​ធនាគារអត់រួចទេ។ បើគាត់ធ្វើស្រែចាប់ពី៣ហិកតាឡើងទៅ បើគាត់មិនខ្ចីលុយ​ពី​ធនាគារមកប្រើទេ គាត់មិនមានលទ្ធភាពធ្វើស្រែធ្វើចំការទេ។ លុយចេះតែបង់ការពេល​បានផលហើយបានតម្លៃថោកត្រូវតែបង្ខំចិត្តលក់»

កសិករមួយរូបទៀតនៅខេត្តត្បូងឃ្មុំ លោក ផុន សុផល ឱ្យដឹងថា ដោយសារតែបញ្ហាថ្លៃដើម​ឡើង​ខ្ពស់ ធ្វើឱ្យកសិករដែលធ្វើកសិកម្មមិនបានចំណេញលក់ដីហើយ​ធ្វើពលករចំណាក​ស្រុកទៅ​ថៃកាន់តែកើនឡើង។​

លោក សុផល ប្រាប់ថា៖ «អ្នកធ្វើកសិកម្មយូរទៅតាំងពីមាន៣ទៅ៤ហត្ថ(ហិកតា) អស់ដីរលីង​រត់ទៅធ្វើពលករចំណាកស្រុកអស់។ ដូចជា នៅឃុំខ្ញុំពីមុនមកដូចមិនសូវមានអ្នកចំណាក​ស្រុក​ទេ ដោយសារតែតំបន់នេះជាតំបន់កសិកម្ម ដីអំណោយផល ប៉ុន្តែអ្នកធ្វើកសិកម្ម​យូរ​ទៅធ្វើចំណាកស្រុកបណ្តោយ​»

កសិករនៅស្រុកកោះធំ ខេត្តកណ្តាលកំពង់ប្រមូលផលស្រូវកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

កសិករនៅខេត្តកណ្តាល អ្នកស្រី សុខ ពៅ បានលក់ដីអស់៥ហិកតានៅចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២២។​ អ្នកស្រីថា ពីមុនគាត់ធ្វើស្រែលើដីខ្លួនឯង និងជួលដីគេផង​សរុប​ជាង​១០ហិកតា តែឥឡូវដីគេក៏ឈប់ជួល ហើយដីខ្លួនឯងក៏លក់សងបំណុល​គឺស្រែនៅធ្វើបន្តិច​បន្តួចប៉ុណ្ណោះ។​

អ្នកស្រី សុខ ពៅ បន្តថា៖ «ខ្ញុំនៅតែធ្វើស្រែតិចតួចប៉ុណ្ណោះ។ មិនដឹងរំពឹងអីទេ​បើទំនិញ​គេចេះតែថ្លៃ ហើយរបស់យើងបានមកថោក។ ងាប់អស់ហើយឱ្យតែយ៉ាងនេះ»

បញ្ហាជារួមដែលកសិករលើកឡើងនោះគឺចរន្ត២ដើរខុសគ្នាដោយថ្លៃដើមចេះតែឡើងខ្ពស់ ថ្លៃកសិផលផលិតបានស្ថិតនៅក្នុងតម្លៃទាបឬមិនមានទីផ្សារ ច្បាស់ជាធ្វើឱ្យ​ពួកគាត់​ជំពាក់​បំណុលធ្ងន់ធ្ងរ ហើយឈានដល់ការលក់ដី និងបោះបង់របរកសិកម្ម។​

របាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្ហាញថា កសិករប្រមាណ៩០ភាគរយ​បានជាប់​បំណុល ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះគឺបំណុល​ក្នុងវិស័យកសិកម្មកើនឡើង​ពី១​ប៊ីលានទៅ១,៦ប៊ីលានដុល្លារអាមេរិក។​ របាយការណ៍រដ្ឋាភិបាលកម្ពុជាក៏បង្ហាញដែរថា កម្ចីនៅក្នុងវិស័យកសិកម្មកើនឡើង១១ភាគរយនៅឆ្នាំ២០២០ និងកើនឡើង២១ភាគរយនៅឆ្នាំ២០២១។​

របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២២ ក៏បាន​លើកឡើង​ពីហានិភ័យនៃបំណុលនៅក្នុងស្រទាប់ពលរដ្ឋនេះដែលបង្ហាញថា កម្ចីពីធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុកើនឡើង១៤ភាគរយនៅឆ្នាំ២០១២ទៅ១៤៥ភាគរយនៅឆ្នាំ២០២១ ដែលនេះ​នៅមិនទាន់គិតកម្ចីក្រៅផ្លូវការ ឬកម្ចីជាលក្ខណៈឯកជនទេ។​

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC)ក៏មើលឃើញបញ្ហា​ដូច​ដែល​កសិករលើកឡើងដែរគឺថ្លៃដើមផលិតខ្ពស់ ប៉ុន្តែកសិផលលក់បានក្នុងតម្លៃទាប។​ លោក​បន្តថា បញ្ហាខាតបង់នៅក្នុងវិស័យកសិកម្មបានធ្វើឱ្យកសិករនៅតាមបណ្តាខេត្តនានា ចំណាក​ស្រុកស្វែងរកការងារនៅតាមទីប្រជុំជននានា ពិសេសធ្វើដំណើរទៅរាជធានីភ្នំពេញ និងឆ្លង​ព្រំដែន​ទៅប្រទេសថៃ។​

លោក ថេង សាវឿន ជំរុញឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយច្បាស់លាស់​ក្នុងការស្តារ​វិស័យកសិកម្ម និងបន្ថែមថវិកាជួយដើម្បីធ្វើឱ្យវិស័យនេះមានភាពប្រសើរឡើង។​

លោក ថេង សាវឿន ថ្លែងថា៖ «ការរៀបចំវិធីសាស្ត្រ និងយុទ្ធសាស្ត្រ ដែលមានការ​ពិភាក្សា​គ្រប់ជ្រុងជ្រោយដែលមានការចូលរួមពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ អ្នកផលិត អ្នកដាំដុះ និង​អ្នកនាំចេញជារឿងសំខាន់។ ពិសេសបន្ថែមថវិកាជាតិក្នុងការគាំពារវិស័យកសិកម្ម ហើយ​និង​ទីផ្សារដោយលើកកម្ពស់ទាំងមុខរបរ និងជំនាញក្នុងការផលិត ការកែច្នៃ និងវេចខ្ចប់ជា​ចំណុច​មួយ​ដែលត្រូវគិតគូរ»។​

យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០២៣ គឺរដ្ឋគ្រោងចំណាយសរុប ៣៩ ២០៦ ២០៥​លានរៀល​(៩,៦ពាន់លានដុល្លារ) ក្នុងនោះចំណាយលើវិស័យកសិកម្មចំនួន ៦៥០ ២៤០,៦លានរៀល​(១៥៩លានដុល្លារ)ស្មើ ០,១៦ភាគរយនៃគ្រោងចំណាយថវិកាជាតិ។ ​

របាយការណ៍របស់មណ្ឌលសិក្សាគោលនយោបាយបង្ហាញថា កម្ពុជានាំចូលបន្លែ​ប្រមាណ​៤០០តោនក្នុងមួយថ្ងៃស្មើនឹង១៤ម៉ឺនតោនក្នុង១ឆ្នាំ ហើយត្រូវចំណាយលុយ​ជាង​២០០លាន​ដុល្លារក្នុងការនាំចូលក្នុង១ឆ្នាំៗ។ នៅក្នុងអំឡុងកូវីដកន្លងទៅនេះ ក៏មានភាពខ្វែងគំនិតគ្នា​លើបញ្ហានាំសាច់ជ្រូក និងនាំត្រីចូលពីប្រទេសជិតខាងដែរ។ ដោយករណីជ្រូកនេះ ​អតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្មលោក វេង សាខុន ហាមការនាំចូលជ្រូកពីវៀតណាម ដោយសារបញ្ហា​ជ្រូក​មានជំងឺ និងដើម្បីលើកតម្លៃជ្រូកចិញ្ចឹមក្នុងស្រុក ប៉ុន្តែលោកនាយករដ្ឋមន្ត្រី​បញ្ជាឱ្យ​បើក​ការ​នាំចូលវិញព្រោះថា ខ្វះសាច់ជ្រូកផ្គត់ផ្គង់នៅក្នុងស្រុក។​

នៅក្នុងពិធីមួយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា បញ្ជាក់ថា លោកកំពុងតែ​សិក្សាស្វែងរកក្រុមហ៊ុនដែលអាចនាំជីក្នុងតម្លៃទាបមកលក់ឱ្យកសិករ ប៉ុន្តែលោកថា រកមិន​ទាន់បានទេ។​

លោក ឌិត ទីណា បន្ថែមថា៖ «ជីហ្នឹងខ្ញុំឱ្យពិនិត្យអស់ហើយ បើមានអ្នកណាអាចយកជី​មក​ថោក ខ្ញុំប្រគល់ឱ្យអ្នកហ្នឹងយកជីមកលក់ឱ្យកសិករភ្លាម ថោកជាងហ្នឹងឱ្យយកមកភ្លាម ធ្វើ​ត្រឹមត្រូវជីមានគុណភាពគ្រប់គ្រាន់តាមការពិនិត្យមែនប្រគល់ជូនហើយ។ ប៉ុន្តែឥឡូវ សិក្សា​មក ហៅក្រុមហ៊ុនផ្សេងៗមក គាត់ថា ចុងក្រោយទៅ គាត់ថា អត់យកជីថ្មីមកទេ ពិនិត្យ​ឃើញ​ថា អត់ចំណេញទេ​»។​

ម្ចាស់ដេប៉ូលក់ជី និងថ្នាំកសិកកម្មម្នាក់នៅខេត្តកណ្តាល លោក សែម ហុក បញ្ជាក់ថា ជី និង​ថ្នាំនាំចូលចេះតែឡើងថ្លៃ លោកក៏មិនសូវទទួលបានផលចំណេញដែរ។ លោកថា បញ្ហាកើន​ឡើងថ្លៃជី និងថ្នាំដែលលោកនាំចូល ពីវៀតណាម ថៃ និងចិន នេះ លោកជួបការ​លំបាក​ក្នុងការលក់ចេញដែរ។​

លោក សែម ហុក បញ្ជាក់ថា៖ «អីវ៉ាន់ ពិបាកប៉ាន់ស្មាន ជួនកាលវាឡើង ជួនកាលនៅនឹង ហើយក៏ចុះតែចុះតិចតួចទេ។ បើឡើងគឺឡើងច្រើនតែចុះគឺចុះតិចទេ»។​

ដំណោះស្រាយដែលអាចធ្វើឱ្យវិស័យកសិកម្មមានភាពប្រសើរឡើង លោក យ៉ង សាំងកុមារ លើកឡើងថា ការធ្វើបានទាំងពីរចំណុចទន្ទឹមគ្នាជាការប្រសើរគឺការបន្ថយថ្លៃដើមផលិត និង​ការដំឡើងថ្លៃកសិផល។​

លោក យ៉ង សាំងកុមារ ថ្លែងថា៖ «យើងធ្វើបានទាំង២គឺល្អមែនទែន។ ដូចការរកស៊ីបើទិញ​ចូល​បាន​ថោកលក់ចេញថ្លៃវាចំណេញខ្ពស់ហើយ។​ បើកសិករយើងបន្ថយថ្លៃដើមបានច្រើន ហើយ​លក់​បានថ្លៃអាហ្នឹងវាចំណេញបានច្រើនហើយ»។​

ចំពោះដំណោះស្រាយលើបញ្ហាថ្លៃដើមនៃការផលិតនៅក្នុងវិស័យកសិកម្មនោះលោក យ៉ង សាំងកុមារ ត្រូវមានការផលិតវត្ថុធាតុដើមនៅក្នុងប្រទេស។​

លោក យ៉ង សាំងកុមារ លើកឡើងថា៖ «វាត្រូវការផលិតជីខ្លួនឯង ផលិតនៅស្រុក។ ពូជក៏ចឹង​ដែរ។ មួយទៀតដើម្បីបង្កើនផលិតផលក្នុងស្រុកយើងត្រូវបង្កើនបច្ចេកទេសដាំដុះ កែលម្អដី ទឹកជាដើម»

តាមឯកសារនានាបានបង្ហាញថា បច្ចុប្បន្ននៅក្នុងប្រទេសថៃ​មានក្រុមហ៊ុនផលិត​ជីកសិកម្ម​ជាង​៤០ ចំណែកនៅវៀតណាមមានជាង៤០០។ ចំណែកនៅកម្ពុជានៅ​មិនទាន់មានរោងចក្រ​ផលិតជីគីមីសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មជាផ្លូវការណាមួយនៅឡើយទេ។​

បើតាមលោក យ៉ង សាំងកុមារ បញ្ជាក់ថា បច្ចុប្បន្នបើសិនជាកម្ពុជារៀបចំការផលិត​វត្ថុធាតុ​ដើម​ខ្លួនឯងបាន បូករួមទាំងការកែប្រែចំណុចមួយចំនួនទៀតនោះគឺត្រូវការ​ពេល​ប្រមាណ​១០ឆ្នាំទើបអាចដំណើរការទាន់វិស័យកសិកម្មនៅថៃ និងវៀតណាម។​

លោក យ៉ង សាំងកុមារ បន្ថែមថា៖«អាចប្រហែល១០[ឆ្នាំ]អីដែរ។ ប្រហាក់ប្រហែលហ្នឹង តែដល់ពេលហ្នឹងគេទៅមុខទៀតហើយ»

814 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម