សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព្រះរាជអាជ្ញាចោទប្រកាន់ យុវជនគណបក្សសង្គ្រោះជាតិថា ទទួលការបណ្តុះបណ្តាលឲ្យធ្វើការតវ៉ាតាមបែបក្រុងហុងកុង

សាច់ញាតិរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅក្បែរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទីដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិកំពុងត្រូវបានជំនុំជម្រះពីបទញុះញង់និងបទក្បត់ជាតិ។ ខេមបូចា/ព្រីង សំរាំង
សាច់ញាតិរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅក្បែរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទីដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិកំពុងត្រូវបានជំនុំជម្រះពីបទញុះញង់និងបទក្បត់ជាតិ។ ខេមបូចា/ព្រីង សំរាំង

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា មុនពេលដែលលោក សម រង្ស៊ី គ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩ អតីតសមាជិកយុវជនគណបក្សសង្គ្រោះជាតិត្រូវបានបង្រៀនអំពីរបៀបធ្វើបាតុកម្មតាមបែបក្រុងហុងកុងអំឡុងពេលចូលរួមសិក្ខាសាលានៅប្រទេសម៉ាឡេស៊ី។

សាលាដំបូងរាជធានីភ្នំពេញកំពុងកាត់ទោសមនុស្សចំនួន ៦០ នាក់ ដែលជាប់ទាក់ ទងនឹងគណបក្សសង្គ្រោះជាតិ ខណៈមនុស្ស៧៧នាក់ផ្សេងទៀតគ្រោងនឹងជំនុំជម្រះនៅថ្ងៃទី ៤ ខែមីនា ពីបទញុះញង់និងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ ករណីនេះទាក់ទងទៅនឹងការប៉ុនប៉ងមិនបានជោគជ័យរបស់លោក សម រង្ស៊ី ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ ២០១៩ ។

ក្នុងសវនាការលើកទី៤នេះ តុលាការគ្រោងសាកសួរបុគ្គលចំនួន ៣ នាក់នៅថ្ងៃព្រហស្បតិ៍នេះ គឺលោក ហ៊ី សុខជា លោក នៅ វិចិត្រ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់និងលោក ជា ជីវ អតីតជាមន្រ្តីគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ដែលបានអវត្តមានដោយសារតែគាត់មានជំងឺ។

ព្រះរាជអាជ្ញារង សេង ហៀង បានបង្ហាញផ្ទាំងរូបភាពនៃការតវ៉ាគាំទ្រលទ្ធិប្រជាធិប តេយ្យនៅហុងកុង ដែលតាមចោទថា ត្រូវបានបង្ហាញដល់អ្នកចូលរួមនៅក្នុងសិក្ខា សាលានៅប្រទេសម៉ាឡេស៊ី ហើយដែលបានចូលរួមដោយសមាជិកយុវជនគណបក្សសង្គ្រោះជាតិ។

លោក សេង ហៀង បានមានប្រសាសន៍ថា៖ «ពួកគេត្រូវបានបញ្ជ្រៀបរបៀបធ្វើបាតុកម្ម [នៅហុងកុង] ដើម្បីអនុវត្តដូចគ្នានៅកម្ពុជា»។

លោក ហ៊ី សុខជា បាននិយាយថា សមាជិកយុវជនគណបក្សសង្គ្រោះជាតិស្ថិតនៅប្រ ទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៩ សម្រាប់សិក្ខាសាលារយៈពេល ២ ថ្ងៃស្តីពីភាពជាអ្នកដឹកនាំវ័យក្មេង។ លោកថា មិនមានបទបង្ហាញណាមួយផ្តល់គំនិតឲ្យអ្នកចូលរួមផ្តួលរំលំរដ្ឋាភិបាលទេ។

លោក សុខជា បាននិយាយថា៖ «ខ្ញុំបានចូលរួមកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹក នាំវ័យក្មេង ដើម្បីនាំយុវជនចូលរួមក្នុងឆាកនយោបាយ។ ខ្ញុំរៀនពីរបៀបឲ្យពូកែនិយាយនៅទីសាធារណៈ»។

លោកបានបន្ថែមថា លោក សម រង្ស៊ី និងមេដឹកនាំជាន់ខ្ពស់ដទៃទៀតមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយបានជួបអ្នកចូលរួមរយៈពេល ៣០នាទីក្នុងអំឡុងវគ្គសិក្សាមួយនៃសិក្ខាសាលានេះ ប៉ុន្តែមិនមានការលើកឡើងអំពីការប៉ុនប៉ងវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នោះទេ។

លោក សុខជា បាននិយាយថា៖ «[លោក សម រង្ស៊ី ] គ្រាន់តែមកជួបយើងទាំងអស់គ្នាហើយបានប្រាប់សិក្ខាកាមឲ្យខិតខំរៀនសូត្រ»។

លោក សុខជា មិនចាំថា តើអង្គការមួយណា ដែលរៀបចំបណ្តុះបណ្តាលភាពជាអ្នក ដឹកនាំវ័យក្មេងនេះទេ។ នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ លោកត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃនាំមកសាកសួរ។

លោក ហ៊ី សុខជា ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទ ដែលស្ថិតក្នុងការជំនុំ ជម្រះដែលមានមនុស្សដ៏ច្រើនជាអតីតសមាជិកគណបក្សសង្គ្រោះជាតិបានចាក ចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការ កាលពីថ្ងៃព្រហស្បតិ៍ ។ ឃួន ណារីម
លោក ហ៊ី សុខជា ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទ ដែលស្ថិតក្នុងការជំនុំ ជម្រះដែលមានមនុស្សដ៏ច្រើនជាអតីតសមាជិកគណបក្សសង្គ្រោះជាតិបានចាក ចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការ កាលពីថ្ងៃព្រហស្បតិ៍ ។ ឃួន ណារីម

ជនជាប់ចោទម្នាក់ទៀតឈ្មោះ នៅ វិចិត្រ បានអះអាងថា លោកមិនបានចូលរួមក្នុងការស្វាគមន៍លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកានោះទេ ហើយថា លោកមិនបានចូលរួមសកម្មភាពនយោបាយណាមួយចាប់តាំងពីគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល។

លោកបាននិយាយថា៖ «មូលហេតុដែលខ្ញុំមិនចូលរួម គឺដោយសារគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ ទី ២ ប្រសិនបើខ្ញុំទៅទទួលលោក សម រង្ស៊ី តើអ្នកណានឹងទទួលខុសត្រូវចំពោះខ្ញុំ ប្រសិនបើមានឧប្បត្តិហេតុណាមួយកើតឡើង»។

លោក វិចិត្រ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃមុនការវិលត្រឡប់របស់លោក សម រង្ស៊ី និងបានចោទប្រកាន់ពីបទរួមគំនិតក្បត់ដោយសារគាំទ្រអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ។

លោក សំ សុគង់ មេធាវីការពារក្តីឲ្យជនជាប់ចោទទាំង ២ បាននិយាយថា មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីគាំទ្រការចោទប្រកាន់លើកូនក្តីរបស់លោកទេ។ លោកបាននិយាយថា ពួកគាត់បានចូលរួមវគ្គបណ្តុះបណ្តាលមួយ ដែលនិយាយអំពីការកសាងសមត្ថភាពដឹកនាំផ្ទាល់ខ្លួនរបស់ពួកគាត់និងមិនមែនអំពីការផ្តួលរំលំរដ្ឋាភិបាលទេ ។

លោក សុខគង់ បានមានប្រសាសន៍ថា៖ «កូនក្តីរបស់ខ្ញុំបាននិយាយយ៉ាងច្បាស់ថា គាត់មិនទទួលបានផែនការឬបទបញ្ជាណាមួយពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិទេ ដូច្នេះវាគ្មានចំណុចទាក់ទងនឹងការញុះញង់និងការចោទប្រកាន់ពីបទរួមគំនិត ក្បត់នោះទេ»។

ក្នុងពេលជំនុំជម្រះ សមាជិកគ្រួសាររាប់សិបនាក់នៃអតីតសមាជិកគណបក្សសង្គ្រោះជាតិ បានតវ៉ានៅជិតតុលាការក្រុងភ្នំពេញ ដោយទាមទារឱ្យមានការដោះលែងមនុស្ស ជាទីស្រលាញ់របស់ពួកគេនិងសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់។

កម្លាំងសន្តិសុខខណ្ឌនិងនគរបាល ដែលដាក់ពង្រាយនៅជុំវិញតុលាការបានរារាំងពួកគេមិនឱ្យចូលទៅជិតតុលាការទេ។ សវនាការនឹងបន្តនៅថ្ងៃទី ២៥ ខែកុម្ភៈ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prosecutor alleges CNRP youth trained to conduct Hong Kong-style protests

458 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម