ព្រះរាជាអាជ្ញាកាន់សំណុំរឿងក្បត់ជាតិប្រឆាំងលោក កឹម សុខា ក្នុងសវនាការនៅថ្ងៃពុធនេះបានដាក់ភស្តុតាងថ្មីដែលមេធាវីការពារក្តីឱ្យអតីតមេបក្សជំទាស់រូបនេះជំរុញឱ្យចៅក្រមបដិសេធដោយថាការដាក់ភស្តុតាងនោះគ្រាន់តែដើម្បីពន្យាពេលសវនាការ ហើយបង្ហាញថាព្រះរាជអាជ្ញាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកការចោទប្រកាន់របស់ខ្លួន។
តំណាងអយ្យការបានចាក់សំឡេងនៃការសន្ទនាតាមទូរសព្ទជាលក្ខណៈឯកជនដែលបានថតកាលពីខែមិថុនាឆ្នាំនេះរវាងអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (CNRP) លោក ហូ វ៉ាន់ និងជនមិនបញ្ចេញឈ្មោះម្នាក់និយាយពីបាតុកម្មនៅស្ទឹងមានជ័យក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ដែលលោក ហូ វ៉ាន់ បាននិយាយថាលោកពាក់ព័ន្ធនឹងបាតុកម្មនោះ។
លោក ហូ វ៉ាន់ មិនបាននិយាយពីឈ្មោះលោក កឹម សុខា នៅក្នុងកិច្ចសន្ទនានោះទេ ប៉ុន្តែព្រះរាជអាជ្ញាបាននិយាយថា ដោយសារលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិនៅពេលនោះ ហើយលោក វ៉ាន់ ជាសហការី នោះបង្ហាញថា លោកបានជាប់ពាក់ព័ន្ធការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងបាតុកម្មកន្លែងផ្សែងៗទៀត។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង បានលើកឡើងថា៖ «កម្មករតវ៉ាក្រោមការដឹកនាំរបស់ ហូ វ៉ាន់ ដែលមានទំនាក់ទំនងជាមួយចុងចោទ [កឹម សុខា]»។
ប៉ុន្តែលោក កឹម សុខា បាននិយាយទៅកាន់តុលាការថា លោកទទួលខុសត្រូវចំពោះបាតុកម្មនៅទីលានប្រជាធិបតេយ្យដែលទាមទារឱ្យបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតឆ្នាំ ២០១៣តែប៉ុណ្ណោះ។
លោក កឹម សុខា បានតវ៉ាថាបាតុកម្មផ្សេងទៀតត្រូវបានធ្វើឡើងដោយកម្មកររោងចក្រកាត់ដេរ ហើយមិនមានពាក់ព័ន្ធនឹងលោកឡើយ។
លោក កឹម សុខា ថាលោកមិនមែនជាអ្នកសន្ទនាតាមទូរស័ព្ទជាមួយលោក ហូ វ៉ាន់ នោះទេ ហើយថាភស្តុតាងថ្មីនេះគ្រាន់តែចង់អូសបន្លាយពេលសវនាការលោកប៉ុណ្ណោះ។
លោក កឹម សុខា បានប្រាប់តុលាការថា៖ «ការដាក់ភស្តុតាងបន្ថែមដោយព្រះរាជអាជ្ញាបានបង្ហាញយ៉ាងច្បាស់ថាពួកគេមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកការចោទប្រកាន់របស់ពួកគេទេ។ វាមិនពាក់ព័ន្ធគ្នាទាល់តែសោះ»។
លោក កឹម សុខា បានបន្តថា៖ «វាបង្ហាញឲ្យចេតនាច្បាស់ណាស់ថា(ព្រះរាជអាជ្ញា)មិនចង់បញ្ចប់រឿងក្តីនេះ» ដោយលោកបន្ថែមថាលោក ហូ វ៉ាន់ ខ្លួនឯងផ្ទាល់ត្រូវបានតុលាការកាត់ទោសកំបាំងមុខរួចទៅហើយដែរ។
អ្នកស្រី ម៉េង សុធារី សហមេធាវីការពារក្តីលោក កឹម សុខា បានស្នើឱ្យប្រធានចៅក្រមជំនុំជម្រះបដិសេធភស្តុតាងបន្ថែម ដោយនិយាយថាការសន្ទនារបស់លោក ហូ វ៉ាន់ បានកើតឡើងនៅខែមិថុនា ឆ្នាំ២០២២នេះ ប៉ុណ្ណោះ ដែលវាហួសពីវិសាលភាពនៃសំណុំរឿងនេះទៅហើយ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។
ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា គណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូល ហើយសមាជិកបក្សជាច្រើននាក់ត្រូវបានចាប់ខ្លួនលើបទចោទដែលគេជឿថាពាក់ព័ន្ធនឹងនយោបាយ។
មេដឹកនាំកំពូលៗរបស់បក្សនេះជាច្រើននាក់បាននិរទេសខ្លួនទៅបរទេស រួមទាំងលោក ហូ វ៉ាន់ ផងដែរ ហើយសមាជិកគណបក្សនេះជាង១០០នាក់ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងនយោបាយរយៈពេលប្រាំឆ្នាំ។
បន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ ការកាត់ក្តីលោក កឹម សុខា បានបន្តឡើងវិញកាលពីខែមករា ឆ្នាំ២០២២ ដោយសវនាការធ្វើឡើងម្តងក្នុងមួយសប្តាហ៍នាថ្ងៃពុធ។
លោក យី សុខសាន្ត មន្ត្រីឃ្លាំមើលជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមឃ្លាំមើលសវនាការបានមានប្រសាសន៍ថា សវនាការនេះមិនមានការរីកចម្រើនទេក្នុងសប្តាហ៍នេះ ដោយសារការជជែកដេញដោលលើភស្តុតាងថ្មីរបស់ព្រះរាជអាជ្ញាបានស៊ីពេលសវនាការទាំងអស់។
លោកបានលើកឡើងថា៖ «ខ្ញុំគិតថាវាជាតុលាការនយោបាយ ព្រោះមានសវនាការចំនួន ៥២ដង រហូតមកដល់ពេលនេះ… ហើយព្រះរាជអាជ្ញានៅតែប្រមូលភស្តុតាងបន្ថែមទៀត»។
លោក សុខសាន្ត បានបន្តថា៖ «វាមិនត្រឹមត្រូវទេដែលតុលាការចោទប្រកាន់ កឹម សុខា មុនពេលដែលពួកគាត់មានភស្តុតាងគ្រប់គ្រាន់»។
ប្រធានចៅក្រមជំនុំជម្រះ លោក កូយ សៅ មានប្រសាសន៍ថាលោកនឹងធ្វើសេចក្តីសម្រេចនៅថ្ងៃពុធសប្តាហ៍ក្រោយថាតើត្រូវទទួលយកឬបដិសេធភស្តុតាងថ្មីនោះ។
ក្នុងដំណើរមកកម្ពុជានាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កែលម្អសេរីភាពនយោបាយមុនការបោះឆ្នោតឆ្នាំ២០២៣ និងអនុញ្ញាតឱ្យលោក កឹម សុខា ចូលរួមដោយសេរីក្នុងដំណើរការនយោបាយ។
លោកក៏បានរិះគន់សវនាការកាត់ក្តីលោក កឹម សុខា ដែលអូសបន្លាយយូរផងដែរ។
លោក Blinken បានសរសេរនៅលើTweeter របស់លោកក្នុងអំឡុងពេលមកកម្ពុជាថា៖ «ខ្ញុំបានជួបលោក កឹម សុខា ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងភ្នំពេញ។ យើងមានការខកចិត្តទៅនឹងដំណើរសវនាការក្រោមហេតុផលនយោបាយដែលធ្វើឡើង៥ឆ្នាំមកហើយប្រឆាំងរូបលោក ប៉ុន្តែមិនមានការសម្រេចអ្វីសោះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prosecutor introduces new evidence at Kem Sokha treason trial