អាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាបាន«តវ៉ាប្រឆាំងដាច់អហំការ» នឹងរដ្ឋបាលខេត្តស្រះកែវរបស់ប្រទេសថៃ បន្ទាប់ពីពួកគេបានដាក់បដានៅថ្ងៃទី២៨ ខែកញ្ញា ដោយប្រកាសអនុវត្តច្បាប់របស់ប្រទេសថៃលើប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។
អភិបាលខេត្ត លោក អ៊ុំ រាត្រី បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់រាល់សកម្មភាពដែលធ្វើឱ្យជម្លោះព្រំដែនកាន់តែតានតឹង និងបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែកក្កដា។
លោក អ៊ុំ រាត្រី បានលើកឡើងក្នុងលិខិតនោះថា៖ «សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែងយ៉ាងធ្វន់ធ្ងរលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលកំពុងរស់នៅ អាស្រ័យផលក្នុងភូមិទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ»។
លោកបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាបានរស់នៅក្នុងភូមិទាំងនេះមុនពេលអនុស្សរណៈនៃការយោគយល់គ្នា (MoU ឆ្នាំ២០០០) ស្តីពីការវាស់វែង និងកំណត់ព្រំដែនដីគោករវាងកម្ពុជា-ថៃ ចូលជាធរមានទៅទៀត។
លោកបន្តថា រដ្ឋបាលខេត្តស្រះកែវមិនមានសិទ្ធិអំណាចក្នុងការកំណត់ព្រំដែន និងអនុវត្តច្បាប់ថៃលើប្រជាពលរដ្ឋកម្ពុជាដែលរស់នៅ និងទទួលផលពីតំបន់ដែលមិនទាន់បញ្ចប់ការកំណត់ព្រំដែននោះទេ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរបានដាក់បដាចំនួន៦ នៅក្នុងភាសាបីផ្សេងគ្នា ដើម្បីបញ្ជាឱ្យអ្នកភូមិកម្ពុជា«ចាកចេញពីតំបន់ព្រៃឈើដែលមានជម្លោះ»នៅតាមបណ្តោយព្រំដែនក្នុងរយៈពេល១៥ថ្ងៃ។
កាលបរិច្ឆេទផុតកំណត់សម្រាប់ការបណ្តេញចេញត្រូវបានកំណត់នៅថ្ងៃទី៣ ខែតុលា សម្រាប់ភូមិព្រៃចាន់ (ដែលថៃដាក់ឈ្មោះថាភូមិបានណងចាន់) និងថ្ងៃទី១០ ខែតុលា សម្រាប់ភូមិជោគជ័យ (ដែលថៃហៅថាភូមិបានណងយ៉ាកែវ)។ អាជ្ញាធរថៃបាននិយាយថា អ្នកណាដែលនៅតែស្នាក់នៅលើសពីកាលបរិច្ឆេទនោះនឹងត្រូវចាប់ខ្លួន និងកាត់ទោស។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានប្រាប់ សារព័ត៌មានខេមបូចា ថា អាជ្ញាធរថៃបានដាក់បដានៅក្បែររបងបន្លាលួសនិងកង់ឡាន ដែលថៃបានដាក់បិទផ្លូវហើយបានបណ្តេញប្រជាពលរដ្ឋខ្មែរចំនួន៦គ្រួសារនៅឃុំអូរបីជាន់ ចេញពីផ្ទះរបស់ពួកគេកាលពីខែសីហា។
លោកបានលើកឡើងថា៖ «យើងមានទៅណា ផ្ទះយើងនៅនេះ ពលរដ្ឋយើងផ្ទះនៅហ្នឹង ទៅណាកើត។ បាទ ផែនទី[ថៃ]គូសតែ[ខ្លួនឯង]»។ លោកបានបន្តថា អាជ្ញាធរថៃមានផែនការបណ្តេញប្រជាពលរដ្ឋខ្មែរចេញនៅថ្ងៃទី២៦ ខែកញ្ញា និងថ្ងៃទី១០ ខែតុលា។
លោកបានកត់សម្គាល់ថា ស្ថានភាពនៅតែស្ងប់ស្ងាត់សម្រាប់ពេលនេះ ដោយអ្នកភូមិនៅតែបន្តការពារផ្ទះរបស់ពួកគេរៀងៗខ្លួន។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានប្រាប់ថា ស្ថានភាពនៅតែដដែលនៅថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយទាហានថៃដែលបានបាញ់កាំភ្លើងត្បាល់ និងអាវុធតូចៗលើទីតាំងកងទ័ពកម្ពុជានៅតំបន់អានសេះកាលពីថ្ងៃសៅរ៍។
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ បានប្រាប់ សារព័ត៌មានខេមបូចា ថា ផែនការអនុវត្តច្បាប់ថៃលើប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ និងជោគជ័យ គឺជា«ការគំរាមកំហែង» ព្រោះបញ្ហាដីធ្លីនៅទីនោះស្ថិតនៅក្នុងតំបន់ជម្លោះព្រំដែន។ ប្រសិនបើការគំរាមកំហែងបែបនេះត្រូវបានធ្វើឡើង រដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនការពារប្រជាជនរបស់ខ្លួនពីការប៉ុនប៉ងរបស់ថៃក្នុងការអនុវត្តច្បាប់របស់ពួកគេ។
លោកបានថ្លែងថា៖ «វាជាដីជម្លោះ ដូច្នេះច្បាប់ថៃមិនអាចអនុវត្តបានទេ។ នេះជាយុទ្ធសាស្ត្ររបស់ថៃដើម្បីបំភិតបំភ័យយើង»។ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាត្រូវបន្តបដិសេធការអះអាងរបស់ថៃថាតំបន់នេះជារបស់ពួកគេ រហូតដល់គណៈកម្មការព្រំដែនឈានដល់ការសម្រេចចិត្តណាមួយ។
នៅក្នុងកិច្ចប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងពីក្តីបារម្ភពីការបណ្តេញប្រជាជនកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់យោធាដោយរដ្ឋាភិបាលថៃ និងការបណ្តេញគ្រួសារចេញពីភូមិដែលពួកគេរស់នៅអស់ជាច្រើនទសវត្សរ៍។
លោកបានថ្លែងថា៖ «ទង្វើទាំងនេះបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា»។ លោកបានជំរុញឱ្យមានការសន្ទនា និងដំណោះស្រាយដោយសន្តិភាពស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់។
លោកក៏បានអំពាវនាវឱ្យបន្តទទួលបានការគាំទ្រពីប្រធានអាស៊ាន បណ្តាប្រទេសសមាជិក អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីបន្ធូរភាពតានតឹង និងការពារកុំឱ្យមានសោកនាដកម្មបន្ថែមទៀត។
កម្ពុជានៅតែបន្តអំពាវនាវឱ្យថៃដោះលែងទាហាន១៨នាក់ដែលត្រូវបានឃុំឃាំងនៅក្នុងមូលដ្ឋានយោធាថៃអស់រយៈពេលពីរខែកន្លងមកហើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Protest Letter Sent to Thailand’s Sa Kaeo Province on Imminent Use of Thai Law on Cambodians in Banteay Meanchey





