សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំងត្រូវបានតុលាការផ្តន្ទាទោសដោយសាររាយការណ៍អំពីជម្លោះដីទាក់ទងនឹងយោធា

លោក សុក ឧត្តម ម្ចាស់ស្ថានីយវិទ្យុត្រូវបាននាំខ្លួនដោយមន្ត្រីនគរបាល ខណៈលោកចាកចេញពីតុលាការខេត្តកំពង់ឆ្នាំទីដែលបានបើកសវនាការរឿងក្តីរបស់លោកកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ឃួន ណារីម
លោក សុក ឧត្តម ម្ចាស់ស្ថានីយវិទ្យុត្រូវបាននាំខ្លួនដោយមន្ត្រីនគរបាល ខណៈលោកចាកចេញពីតុលាការខេត្តកំពង់ឆ្នាំទីដែលបានបើកសវនាការរឿងក្តីរបស់លោកកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ឃួន ណារីម

កាលពីថ្ងៃអង្គារ​ តុលាការ​ខេត្តកំពង់​ឆ្នាំង​បាន​កាត់ទោស​និង​ផ្តន្ទាទោស​ម្ចាស់​ស្ថានីយវិទ្យុ​មួយ​ឲ្យជាប់ពន្ធនាគារ​រយៈ​ពេល​២០​ខែ​ដោយ​សារតែលោកធ្វើសេចក្តី​រាយការណ៍​អំពី​ជម្លោះ​ដីធ្លី​រវាងក្រុម​អ្នក​ភូមិ​និង​ក្រុមមន្ត្រីយោធា​​ក្នុងខេត្ត​នេះ។

​បើតាម​អ្នកសង្កេតការ​ណ៍​របស់​ខេមបូចា​នៅតុលាការ​ បានឲ្យដឹងថា តុលាការ​ខេត្ត​បាន​ផ្តន្ទា​ទោស លោក សុខ ឧត្តម ដែលជាអ្នកគ្រប់គ្រងស្ថានីយវិទ្យុរិទ្ធិសែន​និងបាន​បង្គាប់ឲ្យបង់ប្រាក់ពិន័យ​២០លានរៀល​ ឬប្រហែល​ ៥០០០​ដុល្លារ​​ពីបទញុះញង់​អ្នក​ភូមិតាមរយៈ​សេចក្តីរាយការណ៍របស់​លោក​​អំពី​ជម្លោះដីធ្លី​ ។

លោក ឧត្តម​ ត្រូវបាន​ចា​ប់ខ្លួន​កាលពីថ្ងៃទី១៣​ ខែឧសភា​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​តាមរយៈ​ការផ្សាយផ្ទាល់​តាម​ហ្វេសប៊ុកដែល​លោក​បាន​អត្ថាធិប្បាយ​អំពី​ដីរបស់អ្នកភូមិដែលត្រូវបាន​រំលោភយក​តាមរយៈ​សម្បទាន​ដីសង្គមកិច្ច​យោធា​នៅ​ដែន​ជម្រក​សត្វព្រៃភ្នំឱរ៉ាល់។ ជម្លោះ​នេះ​ពាក់​ព័ន្ធនឹង​មន្ត្រី​យោធាជាន់ខ្ពស់​ នូ សំរិទ្ធ​ ដែល​មិនបាន​បង្ហាញមុ​ខអំឡុង​សវនាការទេ។

លោក ហុង គឹមហាក់ អ្នក​នាំពាក្យសាលាដំបូងខេត្ត​បានបញ្ជាក់ថា លោក សុខឧត្តម​ ពិតជា​ត្រូវបាន​ផ្តន្ទាទោស​និង​ពិន័យប្រាក់ ៥០០០​ដុល្លារ។

លោក អ៊ុន ចាន់ថុល មេធាវីការពារលោក ឧត្តម​ បាន​និយាយថា លោកនឹង​ពិភាក្សា​ជាមួយកូន​ក្តីពីលទ្ធភាព​ប្តឹងឧទ្ធរណ៍​ជាមួយនឹង​តុលាការ​ជាន់ខ្ពស់​។

លោក​បាន​មាន​ប្រសាសន៍ថា៖ «​[ សាលក្រម ] គឺជា​ឆន្ទានុសិទ្ធិរបស់​ចៅក្រម​ ប៉ុន្តែ​ប្រសិនបើយើងមិនអាចទទួល​យក​បាន​ទេ នោះយើងអាចប្តឹងឧទ្ធរណ៍​ទៅ​តុលាការជាន់ខ្ពស់​»

ខណៈ​ពេល​លោកត្រូវបាន​គេនាំខ្លួន​ចេញពី​បន្ទប់​សវនាការ​ លោក សុខ​ ឧត្តម​ បាន​និយាយថា លោក​ខកចិត្ត​នឹងសាលក្រម​នេះ ហើយថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍​។

លោក មាស សុភ័ណ្ឌ​ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ មិនអាចធ្វើអត្ថាធិប្បាយ​បានទេ ដោយលោករវល់ក្នុងកិច្ចប្រជុំ។

អំឡុង​ពេល​សវនាការកាល​ពីខែ​មុន លោក អ៊ី ថាវរៈ ចៅក្រមជំនុំជម្រះបាន​មាន​ប្រសាសន៍ថា លោក ឧត្តម​ បានញុះញុង់​អ្នក​ភូមិ។​ សាក្សី​បីនាក់​រួម​ទាំង​មន្ត្រីជាន់​ខ្ពស់​យោធា​លោក នូ សំរិទ្ធិ​ ដែល​គេរំពឹងថា នឹង​បង្ហាញភស្តុតាងដាក់បន្ទុកលើ​លោក ឧត្តម​ នោះ​មិន​បាន​បង្ហាញវត្តមាន​​នៅតុលាការ​ទេ។

យោងតាម​ការសាកសួរលោក នូ សំរិទ្ធិ​ កាលពីថ្ងៃទី​១២​ ខែឧសភានិង​ត្រូវ​បាន​អាន​ក្នុងតុលាការនោះ ថា មាន​អ្នក​កាសែត​ប្រហែល​៣០​នាក់​កាល​ពីថ្ងៃទី១២​ ខែ​ឧសភា ដែល​បា​នញុះញង់​អ្នក​ភូមិឲ្យ​កាន់កាប់​ដី​នៅ​ឃុំឆែប​ក្នុងខេត្ត​នេះ ទីដែល​យោធា​មានបំណង​សាងសង់​កន្លែង​បាញ់​គ្រាប់ពិត។​​ ​

អ្នកស្រី នុត សុវន្ធូរ ភរិយារបស់​លោក ឧត្តម បាន​និយាយថា សាលក្រម​នេះ​អយុត្តិធម៌​ ហើយថាគ្មាន​ភស្តុតាងដែលបង្ហាញថា លោក ឧត្តម បាន​ញុះញង់អ្នក​ភូមិ​នោះទេ។ អ្នកស្រីបាន​និយាយថា ស្វាមីរបស់​អ្នក​ស្រី​តែងតែរាយការណ៍អំពីវិវាទដីធ្លី​នៅក្នុងខេត្តនេះ​ ហើយ​ជឿថា មន្ត្រីជាន់ខ្ពស់​ដូចជា​លោក នូ សំរិទ្ធិ​ នេះមិនពេញចិត្ត​នឹង​រឿងរបស់លោក ឧត្តម​។

អ្នក​ស្រី សុវន្ធូរ បាន​និយាយថា៖ «​ខ្ញុំគិតថា ក្នុងករណីនេះ មាន​មន្ត្រីមានអំណាចមួយចំនួន​ដែល​នៅ​ពីក្រោយ​ខ្នង ដើម្បីធ្វើបាប​គាត់​»។

នៅក្នុងការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​របស់​លោក ឧត្តម កាលពីថ្ងៃទី១២ ខែ​ឧសភា​ លោក​បាន​រាយការណ៍​ថា ជម្លោះដីធ្លី​បាន​ចាប់ផ្តើម​ បន្ទាប់​ពី​យោធាដណ្តើម​យក​ដីពីអ្នកភូមិដែល​បាន​ប្រើប្រាស់សម្រាប់កសិកម្ម​​នៅក្នុងឃុំជាប ស្រុក​ទឹកផុស។ លោកបាន​និយាយថា អ្នក​ភូមិ​បានរស់នៅ​ទីតាំងនោះមុន​ពេល​តំបន់នេះត្រូវ​បាន​ក្រសួងបរិស្ថាន​ប្តូរទៅជា​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅទៀត។

លោក​បន្តថា យោធា​ចង់​បាន​ដីនៅដែន​ជម្រក​សត្វព្រៃនេះ ដើម្បី​បង្កើត​កន្លែង​បាញ់​គ្រាប់ពិត ស្របពេលអភិបាល​ខេត្ត​ចោទប្រកាន់​អ្នក​ភូមិថា បានចូល​​កាន់​កាប់​ដី​រដ្ឋ​។

លោក ហ៊ីម ខទៀត ជាមន្ត្រីគ្រប់គ្រង​ស្រាវជ្រាវ និង​តស៊ូមតិ​នៅ​ខេមបូចា​បាន​និយាយថា វាចម្លែក​ណាស់​ដែល​តុលាការ​កាត់ទោស​តែ​លោក ឧត្តម​ នៅពេល​មាន​អ្នក​កាសែត​ប្រហែល​១០​នាក់ផ្សេងទៀត​ធ្វើ​សេចក្តី​រាយការណ៍​ពីបញ្ហា​តែ​មួយ​។

លោក ខទៀត បាន​និយាយថា៖ «​ខ្ញុំគិតថា វាគឺជា​ការ​ផ្តន្ទាទោស​ធ្ងន់​ធ្ងរ​លើ​លោក ឧត្តម​ ដែល​ជា​អ្នក​សារព័ត៌មានអាជីព​ ដែល​ហ៊ាន​ផ្សព្វផ្សាយ​ការពិត»។​

លោក សំ ចាន់គា អ្នកសម្របសម្រួល​អង្គការសិទ្ធិមនុស្ស​អាដហុកប្រចាំខេត្ត​កំពង់​ឆ្នាំង​​បាន​ប្រសាសន៍​ថា លោក ឧត្តម​ គ្រាន់តែ​សម្តែង​មតិ​របស់​លោក​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណៈ​ប៉ុណ្ណោះ។​​

លោក​មាន​ប្រសាសន៍ថា៖ «​តាមមតិរបស់ខ្ញុំ នេះគឺជា​ចេតនា​បង្រ្កាបលើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បីកុំ​ឲ្យ​រិះគន់​គោលនយោបាយ​របស់​រដ្ឋ»

លោក ចាន់គា បាន​បន្ថែមថា៖ «​ការផ្តន្ទាទោស​ [ លោក ឧត្តម​ ] ប្រហែលជាប់ពាក់ព័ន្ធនឹង​បញ្ហា​ដែលលោកបាន​លើកឡើង​ថា អាចប៉ះពាល់​ដល់ប្រយោជន៍​របស់​មន្ត្រីជាន់ខ្ពស់​នៅក្នុងខេត្តនេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Provincial journalist convicted for reporting military-linked land dispute

160 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម