សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាធារណជនរិះគន់សំណង់ឯកជនមួយកន្លែងសង់ចូលច្រាំងស្ទឹងសង្កែ តែរដ្ឋបាលខេត្តថា ជាសំណង់​ស្របច្បាប់

រូបភាពទីតាំងសំណង់ដែលរងការចោទប្រកាន់ថាបានចាក់ដីរំលោភចូលច្រាំងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលយកពី Google Map កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
រូបភាពទីតាំងសំណង់ដែលរងការចោទប្រកាន់ថាបានចាក់ដីរំលោភចូលច្រាំងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលយកពី Google Map កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

សំណង់ផ្ទះលំហែឯកជនមួយកន្លែងស្ថិតក្នុងឃុំអូរដំបង១ ខេត្តបាត់ដំបង ដែលសង់រំលោភ ចូលចំណីច្រាំងស្ទឹងសង្កែ ត្រូវបានមហាជនរិះគន់ និងស្នើឱ្យអាជ្ញាធរចុះចាត់វិធានការ ប៉ុន្តែ​រដ្ឋបាលខេត្តបាត់ដំបង អះអាងថាជាសំណង់ស្របច្បាប់។

លោក យិន ម៉េងលី មន្រ្តីអង្កេតការណ៍របស់សមាគមអាដហុក ប្រចាំខេត្តបាត់ដំបង ថ្លែងថា លោកមិនបានដឹងថាម្ចាស់សំណងផ្ទះលំហែនោះជាបុគ្គលណាឡើយ ប៉ុន្តែយោងតាមច្បាប់ សំណង់ដែលសង់រំលោភលើច្រាំងទន្លេរដូច្នេះ គឺខុសនឹងច្បាប់នៃប្រទេសកម្ពុជា​រួចទៅ​ហើយ។

លោក ម៉េងលី លើកឡើងថា៖ «ទីមួយ ទីតាំងនៃការសាងសង់នេះ គឺវាជាប់នឹងស្ទឹងតែម្ដង បើ ពិនិត្យ​ទៅលើអនុក្រឹត្យរបស់រដ្ឋាភិបាល គឺវាអត់ត្រូវទេ។ ទីពីរ យើងកំពុងតែឆ្ងល់ថាសំណង់​នេះមានច្បាប់ ឬអត់ច្បាប់»។

លោក ម៉េងលី បន្តថា សំណង់នេះបានសង់ឡើងជាយូរមកហើយ មិនមែនទើបតែថ្មីៗនេះ ប៉ុន្តែលោកមិនដឹងថាសំណង់នេះសង់ដោយស្របច្បាប់ ឬខុសច្បាប់នោះទេ។ លោកថា សាធារណជន បានរិះគន់ចំពោះសំណង់នេះ ដោយនិយាយថាជារបស់អ្នកមានអំណាច និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរមានចំណាត់ការប្រសិនបើសំណង់នេះខុសច្បាប់។

មន្ត្រីរូបនេះបន្តថា៖ «ខាងមន្ទីរដែនដីគួរបកស្រាយឱ្យបានច្បាស់ ព្រោះឥឡូវនេះមហាជន​ទូទៅ​គេកំពុងតែឆ្ងល់ ហើយយើងក៏អត់ទាន់ឃើញការបំភ្លឺពីមន្ទីរពាក់ព័ន្ធដែរ ថាតើសំណង់​ហ្នឹងជាសំណង់របៀបម៉េច ព្រោះម្នាក់ៗបាននិយាយអំពីការចាក់ដីចូលស្ទឹង។ យើងកុំថា​ទាល់​តែចាក់ដីចូលស្ទឹង គ្រាន់តែចម្ងាយយើងមើលឃើញខុសទៅហើយ»។

យ៉ាងណាមិញ មន្ត្រីសហមាគមអាដហុករូបនេះ ទទូចឱ្យមន្ត្រីជំនាញសិក្សាឱ្យបានច្បាស់​ពីបញ្ហា​ចាក់ដីចូលស្ទឹងសង្កែ ដើម្បីសាងសង់ផ្ទះដូច្នេះ ដើម្បីកុំឱ្យមហាជនរិះគន់ ជាពិសេស​ប្រសិនបើសំណង់នេះខុសច្បាប់ អាជ្ញាធរគប្បីចាត់វិធានការ ដើម្បីកុំឱ្យប៉ះពាល់​ទៅដល់​ប្រជាជននៅពេលដែលទឹកស្ទឹងឡើង។

លោក ម៉េងលី បន្ថែមថា៖ «បើសិនជារឿងនេះជារឿងពិត ការសាងសង់ខុសច្បាប់ វាទៅ​ជា​រឿង​ស្ដង់ដាពីរ ស្ដង់ដារបី បានន័យថាអស់លោកឯកឧត្តម គាត់អាចសាងសង់​ស្រេចតែចិត្ត  អាហ្នឹងសូមមន្ទីរបំភ្លឺឱ្យច្បាស់ឱ្យមហាជនអស់ចម្ងល់»។

យោងតា​មហ្វេសប៊ុកផ្លូវការរបស់អង្គការមាតាធម្មជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា លើក​ឡើង​ថា ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្រ្តស្ថិតនៅខេត្តបាត់ដំបង មានអ្នកមាន​អំណាច​សង់​លំនៅឋានដោយចាក់ដីចូលស្ទឹងសង្កែ ដោយមិនមានមន្ទីរជំនាញណាម្នាក់​ចុះអន្តរាគមន៍​ឡើយ​។ ហើយតាមរយៈសារព័ត៌មានផ្សេងៗចុះផ្សាយថា សំណង់នេះជាគម្រោង​រីសតឯកជន​របស់ឧកញ៉ា ទុយ គី ដែលស្និទ្ធនឹងអ្នកកាន់អំណាច ដោយមានការយាមកាមពី​ឧត្តមសេនីយ៍​ត្រី មៀន ឡាយ ដែលជាស្នងការរងខេត្តបាត់ដំបង។

សំណេររបស់អង្គការមាតាធម្មជាតិសរសេរ យ៉ាងដូច្នេះថា៖ «ស្ទឹងសង្កែ ដែលជាស្ទឹង​ប្រវត្តិសាស្រ្ត​មួយរបស់ប្រទេសកម្ពុជា កំពុងត្រូវបានរំលោភបំពាន​ដោយអ្នកមានលុយ មានអំណាច ដោយការចាក់ដីរំលោភចូលស្ទឹង និងការសាងសង់សំណង់រឹងនៅលើទីនោះ។ អ្វីដែលគួរឱ្យអស់សំណើចទៀតនោះ គឺសំណង់ដែលសង់រំលោភលើមាត់ស្ទឹងនេះ ត្រូវ​បាន​សាងសង់ទល់មុខនឹងសាលាឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងតែម្តង។ នេះបង្ហាញថា​មន្ត្រីមូលដ្ឋានហាក់មិនអាចអើពើរនឹងការរំលោភបំពាននេះទាល់តែសោះ»។

ក្រោយមានមតិសាធារណជនរិះគន់ ក៏ដូចជាតាមរយៈការផ្សព្វផ្សាយរបស់អង្គការ​មាតា​ធម្មជាតិ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីបំភ្លឺមកថា មន្ទីរជំនាញបានចុះ​ពិនិត្យ​ដោយ​ផ្ទាល់ហើយរកឃើញថា សំណង់នោះជាសំណង់ស្របច្បាប់របស់លោក​ ចៅ ម៉ាដូនេត ហើយ​ការ​ចាក់ដីចូលស្ទឹងមិនមែនជាការលុបច្រាំងស្ទឹងឡើយ គឺចាក់ដីដើម្បីទប់ច្រាំងកុំឱ្យ​បាក់ដីតែ​ប៉ុណ្ណោះ និងមានប្រជាពលរដ្ឋសាទរទៀតផង។

លិខិតរដ្ឋបាលខេត្តបង្ហាញថា៖ «ចំពោះការចោទប្រកាន់ថាបុគ្គលនេះ ឬបុគ្គលនោះ​ជាម្ចាស់​កម្មសិទ្ធិ​លើដីដូចការចុះផ្សាយលើបណ្ដាញសង្គម របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតា​ធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ រដ្ឋបាលខេត្តបាត់ដំបងសូមច្រានចោលទាំងស្រុងនៅព័ត៌មាន មិនពិតទាំងអស់នេះ»។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបងបានលើកឡើងថា ការផ្សព្វផ្សាយរបស់អង្គការមាតា​ធម្មជាតិ និងគណនីហ្វេសប៊ុកឈ្មោះ លោក មេភូមិ គឺជាការចោទប្រកាន់ និងជាព័ត៌មាន​បែបញុះញង់ បំភ្លៃការពិតក្នុងគោលបំណង​ទុច្ចរិតវាយប្រហារមកលើអាជ្ញាធរ​ក្នុងផ្លូវ​នយោបាយ ខណៈកម្ពុជានឹងបោះឆ្នោតនាពេលខាងមុខ។

ទីតាំងសំណង់រីសតនេះ ស្ថិតនៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយប្រើប្រាស់គ្រឿងចក្រដើម្បីកាយ និងចាក់​អាចម៍ដីបន្ថែមចូលមាត់ស្ទឹងសង្កែ  ប៉ុន្តែរដ្ឋបាលខេត្តអះអាងថាជាការចាក់ធ្វើជើងទេ ដើម្បីកុំឱ្យបាក់ច្រាំងស្ទឹងតែប៉ុណ្ណោះ ។

សំណង់ផ្ទះប្រណិតដែលរងការចោទប្រកាន់ថាបានសង់ចូលច្រាំងស្ទឹងសង្កែ។ រូបថតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

ជុំវិញបញ្ហានេះ លោក សួន សុភា ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្ត​បាត់ដំបង ថ្លែងប្រាប់ខេមបូចា ថា ចំពោះបញ្ហាសំណង់លំនៅឋាននេះ គឺបានទៅដល់​ដៃ​អាជ្ញាធរស្រុកហើយ ហើយលោកមិនអាចអធិប្បាយអ្វីបន្ថែមទៀតបានទេចំពោះបញ្ហានេះ ដោយបានឱ្យអ្នកសារព័ត៌សាកសួរព័ត៌មានបន្ថែមទៅអាជ្ញាធរស្រុក។

លោក សុភា ថ្លែងថា៖ «ការងារសំណង់ហ្នឹងគឺបានប្រគល់ឱ្យស្រុក សំណង់ផ្ទះ៥០០ការ៉េ​ហ្នឹង​គឺស្រុកគេគ្រប់គ្រង ព្រោះអាហ្នឹងជាសមត្ថកិច្ចរបស់ស្រុក»។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង មិនអាច​ទាក់ទង​បានឡើយគិតត្រឹមរសៀលថ្ងៃ២១ ខែមិថុនា នេះ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបដិសេធមិនឆ្លើយសំណួរ ដោយឱ្យស្រង់​ខ្លឹមសារ​នៃសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបង។

លោក សុខ លូ ថ្លែងថា៖ «យកតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តទៅ»។

ជុំវិញបញ្ហានេះ លោក សាន់ ម៉ាឡា មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា (CYN) យល់ឃើញថា សំណង់នានាដែលសាងសង់ធ្វើឱ្យប៉ះពាល់ទៅដល់សោភណ្ឌភាព និងលក្ខណៈធម្មជាតិនៃស្ទឺងសង្កែ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ពិសេសភាព​ស្រស់ស្អាត​នៃស្ទឹងសង្កែ ដូច្នេះអាជ្ញាធរខេត្តបាត់ដំបងគួរមានវិធានការ និងហាមឃាត់សកម្មភាព​សាង​សង់នេះ។

លោក ម៉ាឡា ថ្លែងថា៖ «ក្នុងនាមយើងជាពលរដ្ឋខ្មែរ ជាយុវជនយើងស្នើឱ្យអាជ្ញាធខេត្ត​បាត់ដំបង​ពិចារណាឡើងវិញ មិនគួរណាឱ្យអ្នកមានលុយអ្នកមានអំណាចសាងសង់​សំណង់​ផ្ដេសផ្ដាសនៅតាមបណ្ដោយមាត់ស្ទឹងសង្កែនោះទេ»។

លោក ម៉ាឡា ច្រានចោលចំពោះការលើកឡើងរបស់រដ្ឋបាលខេត្តបាតដំបង ដែលអះអាងថា សំណង់នោះជាសំណង់ស្របច្បាប់ ត្បិតថាទីតាំងដែលសង់គឺមានចម្ងាយ​ត្រឹមតែ១២ម៉ែត្រ​ប៉ុណ្ណោះ​ពីច្រាំងស្ទឹងសង្កែ ខណៈច្បាប់សាងសង់នៅតាមមាត់ច្រាំងទន្លេ សមុទ្រ បឹងបួ កំណត់ចម្ងាយពីច្រាំងប្រមាណ៣០ម៉ែត្រ។

លោក ម៉ាឡា បន្ថែមថា៖ «ច្បាប់ស្ដីពីការគ្រប់គ្រងចំណី ស្ទឹង ប្រឡាយ បឹងធម្មជាតិ​បាន​កំណត់​ច្បាស់ហើយពីប្រវែងដែលមាត់ស្ទឹងហ្នឹងទាំងអស់នោះត្រូវអភិរក្សទុក តែយើង​វាស់​វែងតាម Google earth យើងឃើញថាចម្ងាយនោះមិនដល់១០ម៉ែត្រផង ដែលជាការអនុវត្ត​ប្រាសចាកពីច្បាប់ជាធរមាន»។

លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែ បដិសេធការឆ្លើយបំភ្លឺជុំវិញការសាងសង់សំណង់​លយចូលស្ទឹងសង្កែ ហើយលោកអភិបាលស្រុកឱ្យយោងខ្លឹមសារតាមសេចក្ដីប្រកាស​របស់​រដ្ឋបាលខេត្តបាត់ដំបង។ ខណៈពេលដែលអ្នកសារព័ត៌មានសួរទៅលោកបន្តទៀត ប៉ុន្តែ​លោក​បែរជាស្នើឱ្យអ្នកសារព័ត៌មានទៅសាលាស្រុកសង្កែ ដើម្បី​ងាយ​ស្រួល​ផ្តល់បទសម្ភាស។

លោក ចន្ទថារ៉ា និយាយថា៖‍ «អញ្ជើញមកសាលាស្រុកមក! មើលលិខិតសាលាខេត្តទៅ ខេត្ត​គេ​បំភ្លឺ​ហើយៗ»។

គួរជម្រាបជូនថា យោងតាមមាត្រា៣៦ នៃច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជាបាន​ចែង​ថា បុគ្គលណាដែលលុបបឹងធម្មជាតិ ស្រះ ត្រពាំង និងអាងទឹកដោយខុសច្បាប់ នឹងត្រូវ​ផ្ដន្ទាទោស​ពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល និងឬដាក់ពន្ទនាគារពីមួយ១ឆ្នាំ ទៅដល់ប្រាំ៥ឆ្នាំ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម