សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាធារណជនស្ទាក់ស្ទើរក្នុងការជឿទុកចិត្តពីឯករាជ្យភាពរបស់ប្រធានគ.ជ.បថ្មី

លោក ប្រាជ្ញ ចន្ទ (ខាងស្តាំ) ប្រធានគ.ជ.បថ្មី ទទួលត្រាគ.ជ.បពីរដ្ឋមន្រ្តីព្រះបរមរាជវាំងលោក គង់ សំអុល នៅក្នុងពិធីប្រកាសតែងតាំង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក ប្រាជ្ញ ចន្ទ (ខាងស្តាំ) ប្រធានគ.ជ.បថ្មី ទទួលត្រាគ.ជ.បពីរដ្ឋមន្រ្តីព្រះបរមរាជវាំងលោក គង់ សំអុល នៅក្នុងពិធីប្រកាសតែងតាំង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រធាន​គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី​ បាន​ប្តេជ្ញា​ធានា​ថា ការ​បោះឆ្នោត​ឃុំសង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នឹង​មាន​ភាព​សេរី​ និង​យុត្តិធម៌​ ខណៈ​មាន​មន្ទិល​ពី​​សង្គមស៊ីវិល​អំពី​ឯករាជ្យភាព​របស់​អតីត​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​រូប​នេះ។

​អំឡុងពេល​ពិធី​ប្រកាស​ជា​ផ្លូវការ​ចូលកាន់​តំណែង​របស់​លោក​ក្នុង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ពុធ លោក​ប្រាជ្ញ ចន្ទ ​បាន​ប្តេជ្ញា​លើក​កម្ពស់​ដំណើរការ​ការ​បោះឆ្នោត​ដើម្បី​ពង្រឹង​សេចក្តី​ទុកចិត្ត​ពី​សំណាកភាគីពាក់ព័ន្ធ។ កាល​ពី​សប្តាហ៍​មុន រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើស​តាំង​អតីត​អភិបាល​ខេត្ត​​រូប​នេះ​ជា​ប្រធាន​គ.ជ.ប​ថ្មី ជំនួស​ឲ្យ​លោក​ស៊ិក ប៊ុនហុក ហើយ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​តែ​មួយ។ លោកស៊ិក ប៊ុនហុក​ បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី០៣ ខែ​មិថុនា ដោយសារ​បញ្ហា​សុខភាព។

លោក​ប្រាជ្ញ ចន្ទ​ បានមានប្រសាសន៍​ថា៖ «ខ្ញុំ​បេ្តជ្ញា​ធ្វើការ​រួម​គ្នា​ជាមួយ​អនុប្រធាន សមាជិក និង​ក្រុម​ការងារ​ទាំងអស់… និង​គ្រប់គ្រង​ស្ថាប័ន​ គ.ជ.ប ​កិច្ចការ​បោះឆ្នោត​ ឲ្យបានកាន់តែល្អប្រសើរទ្បើង ដែល​ស្របតាមច្បាប់ និងនិតិវិធីជាធរមាន​ ដើម្បី​ឲ្យ​​ការ​បោះឆ្នោត​នីមួយៗប្រព្រឹត្តិទៅដោយសេរី  ត្រឹមត្រូវ និង​យុត្តិធម៌សំដៅបង្កើនការជឿ​ទុក​ចិត្ត​ពី​សំណាកភាគីពាក់ព័ន្ធ»។

លោក​ប្រាជ្ញ ចន្ទ​ នឹង​ទទួល​បន្ទុក​រៀបចំ​និង​មើលការ​ខុសត្រូវ​លើ​ការ​បោះឆ្នោត​ឃុំសង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០២២ និង​២០២៣ ក៏ដូចជា​ការ​បោះឆ្នោត​​ព្រឹទ្ធសភា​និង​ក្រុម​ប្រឹក្សា​ខេត្ត​នៅ​ឆ្នាំ២០២៤។ លោក​បាន​លើកឡើង​ថា ការ​បោះឆ្នោត​នា​ពេលខាង​មុខ​​នឹង​ត្រូវ​ធ្វើឡើង​ជា​ធម្មតា បើ​ទោះ​បី​ជា​មាន​ផលប៉ះពាល់​ពី​វិបត្តិជំងឺ​កូវីដ១៩​យ៉ាងណា​ក៏ដោយ និង​ថា រដ្ឋាភិបាល​បាន​អនុវត្ត​នូវ​វិធានការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត ក៏ដូចជា កម្មវិធី​ចាក់​វ៉ាក់សាំង។

ប្រធាន​គ.ជ.ប​ថ្មី​ក៏​បាន​អំពាវនាវ​សហគមន៍​​ជាតិ និង​អន្តរជាតិ​ឲ្យ​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​នឹង​គ.ជ.ប​ និង​រួមចំណែក ដើម្បី​លើកកម្ពស់គោលការណ៍នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស។ នា​ពេល​បច្ចុប្បន្ន សមាជិក​រដ្ឋសភា​ទាំងអស់ ១២៥ គឺ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច បន្ទាប់​ពី​ជ័យជម្នះ​ភ្លូកទឹកភ្លូកដីនៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៨ បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ កាល​ពី​ឆ្នាំ២០១៧។​​

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ NICFEC បាន​មានប្រសាសន៍​ថា លោក​កំពុង​រង់ចាំ​មើល​សមិទ្ធផល​នៃ​ការ​ប្តេជ្ញា​របស់​ប្រធាន​គ.ជ.ប​ថ្មី​ចំពោះ​កំណែទម្រង់​លើ​ការ​បោះឆ្នោត។​

​លោក​បាន​ថ្លែង​ថា៖ «នេះ​គ្រាន់​តែ​ជា​ការ​ប្តេជ្ញា​របស់​គាត់ ហើយ​យើង​មិន​ទាន់​ឃើញ​នូវ​ការ​អនុវត្ត​នៅ​ឡើយ​ទេ។ យើង​នឹង​តាមដាន​ថាតើ​គាត់​បាន​គោរព​តាម​ច្បាប់ និង​រក្សា​ឯករាជ្យភាព​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រងដំណើរការ​បោះឆ្នោត​ឲ្យ​សេរី និង​យុត្តិធម៌​ឬទេ»។ លោក​បាន​កត់សម្គាល់​ថា សាធារណជន​មួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការ​ជឿទុកចិត្ត​លើ​ឯករាជ្យភាព​របស់​គ.ជ.ប ខណៈ​សមាជិក​ភាគច្រើន​នៃ​គណៈកម្មាការ​នេះមក​ពី​គណបក្ស​កាន់​អំណាច។​

​លោក គន្ធាមី បាន​បន្ត​ថា អវត្តមាន​អតីត​គណបក្ស​ប្រឆាំង​គឺ គណបក្ស​សង្រ្គោះជាតិ នៅ​តែ​ជា​កត្តា​សំខាន់​មួយ​ក្នុង​បរិបទ​ការ​ប្រជែង​ការ​បោះឆ្នោត ស្របពេល​ដែល​គណបក្ស​នយោបាយ​នា​ពេល​បច្ចុប្បន្ន​មិនមាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ប្រជែង​​នឹង​គណបក្ស​កាន់អំណាច​នៅ​ឡើយ។ ​

លោក​បាន​បន្ថែម​ថា៖ «គណបក្ស​នយោបាយ​ទាំងនោះ​មិន​អាច​ប្រកួត​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​បាន​នោះ​ទេ ដោយសារ​តែ​ពួកគេ​មិនមាន​ប្រជាប្រិយភាព»។

​លោក អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ដែល​បាន​បង្កើត​គណបក្ស​ថ្មី​គឺ​ គណបក្ស​កែទម្រង់​កម្ពុជា បាន​និយាយ​ថា លោក​មិនមាន​ជំនឿ​ទុកចិត្ត​លើ​ប្រធាន​គ.ជ.ប​ថ្មី​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា សាធារណជន​មួយ​ភាគ​ធំ​មិនមាន​ជំនឿទុកចិត្ត​លើ​ស្ថាប័ន​គ.ជ.ប​នោះ​ទេ ដោយសារ​យើងបាន​ដឹង​ពី​ការបោះឆ្នោត​កាល​ពី​គ្រាមុនៗ​មក យើង​តែងតែ​ជួប​បញ្ហា​ជាមួយ​នឹង​គ.ជ.ប»។

លោក​បាន​មានប្រសាសន៍​ថា៖ «ជាធម្មតា សមាជិក​គ.ជ.ប ​ដែល​មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ ពួកគេ​តែងតែ​មាន​ការ​លម្អៀង​ទៅ​កាន់​គណបក្ស​នយោបាយ​របស់​ខ្លួន ដូច្នេះ​មិនអាច​ឯករាជ្យ​បាន​នោះ​ទេ»។ ដោយលោក​បន្ថែម​ថា លោកជឿថា គ.ជ.ប​គួរ​តែ​មាន​សមាជិក​ជ្រើស​ចេញ​ពី​មូលដ្ឋាន​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។

លោក​ សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រាន​ចោល​នូវការ​អះអាង​ថា ប្រធាន​គ.ជ.ប​ថ្មី​មិន​ឯករាជ្យ​ក្នុង​ការ​ធានា​ថា ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​មាន​ភាព​សេរី និង​យុត្តិធម៌។ ​

លោក​បាន​ថ្លែង​ថា«[គណបក្ស​ប្រឆាំង] នឹង​មិនមាន​ជំនឿ​ទុកចិត្ត​ នៅពេលគណបក្ស​ប្រឆាំង​បន្ត​ចាញ់​ការ​បោះឆ្នោត»។

លោក​បាន​បន្ត​ថា៖ «ទោះបី​លោក​ប្រាជ្ញ ចន្ទ ​មក​ពី​គណបក្ស​នយោបាយ​មួយ​ក៏​ដោយ ប្រសិន​បើ​គាត់​គោរព​តាម​កាតព្វកិច្ច និង​ច្បាប់ លទ្ធផល​នៃ​ការ​បោះឆ្នោត​គឺ ​អាច​ទទួល​យក​បាន»។ លោក​បាន​បន្ថែម​ថា មិនមាន​នរណា​ម្នាក់​អាច​រក​បុគ្គល​ឯករាជ្យ​ទាំងស្រុង​បាន​នោះ​ទេ​នៅ​លើ​ពិភពលោក មាន​តែ​ការងារ​ឯករាជ្យ​ប៉ុណ្ណោះ​ដែល​អាច​បង្ហាញ​លទ្ធផល​យុត្តិធម៌​បាន។

ស្ថានទូត​អាមេរិក​ និង​អូស្រ្តាលី​នៅ​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ទូលាយ​លំហ​សង្គម​ស៊ីវិល និង​នយោបាយ​នៅ​ក្នុង​ប្រទេស។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Arend Zwartjes បាន​និយាយ​ថា រដ្ឋាភិបាល​អាមេរិក​បាន​បញ្ឈប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គ.ជ.ប​ក្នុង​ឆ្នាំ ២០១៧ បន្ទាប់​ពី​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​។

លោក​បាន​ថ្លែង​ថា៖ «យើង​បាន​ជំរុញ​ជា​បន្តបន្ទាប់​ដល់​អាជ្ញាធរ​ឲ្យ​បើក​ទូលាយ​លំហ​សង្គមស៊ីវិល និង​នយោបាយ ហើយ​បញ្ចៀស​ការ​ធ្លាក់ចុះ​បន្ថែម​ទៀត​នៃ​លទ្ធិប្រជាធិបតេយ្យ»។ លោក Zwartjes បាន​លើក​ឡើង​ថា ការ​បោះឆ្នោត​ឆ្នាំ ២០១៨ មាន​ចន្លោះប្រហោង​ច្រើន ស្រប​ពេល​មិនមាន​ការ​ដាក់​បញ្ចូល​គណបក្ស​ប្រឆាំង​ចម្បង។ ​លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោកស្រី Wendy Sherman បាន​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​នៅ​ក្នុង​ខែ​មិថុនា លោកស្រី​បាន​សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​ «ការ​វិវត្ត​ទៅមុខ» នៅ​មុន​ការ​​បោះឆ្នោត​នា​ពេល​ខាង​មុខ។

អ្នកនាំពាក្យ​មួយ​រូប​ប្រចាំ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​បាន​ថ្លែង​ថា នៅ​ស្រប​ពេល​ដែល​ជប៉ុន​មិន​ទាន់​សម្រេច​ក្នុង​ការ​ផ្តល់​ជំនួយ​បន្ថែម​មុន​ការ​បោះឆ្នោត កាល​ពី​គ្រា​មុន ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​គ.ជ.ប​តាមរយៈ​ការ​បញ្ជូន​អ្នក​ជំនាញ ការ​ផ្តល់​ជា​ហិបឆ្នោត និង​ការ​រៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​ដល់​ក្រុម​ការងារ​រៀបចំ។

​​​អ្នក​នាំពាក្យ​រូប​នេះ​បាន​ថ្លែង​ថា៖ «គឺ​អាស្រ័យ​លើ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​មន្រ្តី​ជាន់ខ្ពស់​របស់​ខ្លួន ហើយ​យើង​សូម​មិន​បញ្ចេញ​យោបល់​លើ​សេចក្តី​សម្រេច​នេះ។ យើង​សង្ឃឹម​ថា លោក ចន្ទ នឹង​សហការ​ជិតស្និទ្ធ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បុព្វហេតុ​ការ​បោះឆ្នោត​សេរី និង​យុត្តិធម៌»។

អ្នកនាំពាក្យ​មួយរូប​ប្រចាំ​ស្ថានទូត​អូស្រ្តាលី​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​​ការ​អំពាវនាវ​សម្រាប់​សេរីភាព​នយោបាយ​មុន​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ​​អ្នក​នាំពាក្យ​រូប​នេះ​បាន​ថ្លែង​ថា៖ «ក្នុង​ឋានៈ​ជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា អូស្រ្តាលី​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ការ​តស៊ូ​មតិ​នយោបាយ​ដោយ​សេរី និង​បើកចំហ។ នេះ​រួម​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ និង​អព្យាក្រឹត្យ​ពិតប្រាកដ​ ដែល​គ្រប់​គណបក្ស​នយោបាយ សង្គមស៊ីវិល អង្គការ​ និង​បណ្តាញ​ផ្សព្វផ្សាយ​អាច​ចូលរួម​ដោយ​សេរី»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Public reluctant to trust the independence of new NEC president

305 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម