មន្ត្រី តំណាងអង្គការសង្គមស៊ីវិល មេដឹកនាំសហជីពកម្មករ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានរាប់រយនាក់ បានចូលរួមប្រារព្ធខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ តំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួន សុទ្ធតែលើកឡើងពីភាពរួមតូចនូវសេរីភាពនៃការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ដោយស្នើឱ្យរដ្ឋាភិបាលបើកលម្ហនូវសិទ្ធិទាំងអស់នេះឱ្យបានពេញលេញ អនុលោមតាមរដ្ឋធម្មនុញ្ញ ។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួន ដែលបានមកចូលរួមពិធីប្រារព្ធខួបទី៣៣ នេះ ពួកគាត់ចង់ឃើញរដ្ឋាភិបាលយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកអនុវត្តឱ្យមានអព្យាក្រឹតភាព ។ ក្រៅពីនេះ តំណាងគណបក្សមួយចំនួនក៏ត្រូវបានអញ្ជើញឱ្យចូលរួមដែរ ហើយតំណាងគណបក្សខ្លះថ្លែងអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលទាមទារនូវការបង្រួបបង្រួមជាតិ ដោយការបើកឱ្យមានការបោះឆ្នោតប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។ អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Jason D. Kalbfleisch ថ្លែងថា សហរដ្ឋអាមេរិកគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរម្លឹកឡើងវិញនូវសមិទ្ធផល និងគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តពេញលេញនូវគោលការណ៍ ពង្រឹងពហុនិយម ប្រជាធិបតេយ្យគណបក្ស និងការគោរពសិទ្ធិមនុស្ស ។
