សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាធារណជនរង់ចាំមើលការសម្អាតទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនប្រមូលសំរាមថ្មី

កម្មករក្រុមហ៊ុន Mizuda ចាប់ផ្តើមប្រមូលសំរាមនៅថ្ងៃដំបូងក្នុង ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កម្មករក្រុមហ៊ុន Mizuda ចាប់ផ្តើមប្រមូលសំរាមនៅថ្ងៃដំបូងក្នុង ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រុមហ៊ុន​គ្រប់គ្រង​សំណល់​សំរាម​ថ្មី​ចំនួន​បី​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​លុបចោល​កិច្ចសន្យា​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ប្រមូល​​សំរាម​ ស៊ីនទ្រី។ ​

អ្នកនាង​ សេង ស្រីលាភ ពលរដ្ឋ​អាយុ ២៩ឆ្នាំ​រស់​នៅ​សង្កាត់​គោករកា ក្នុង​ខណ្ឌ​ព្រែកព្នៅ បាន​និយាយ​ថា នាង​ស្វាគមន៍​ការ​វិវត្ត​ថ្មី​នេះ ដោយ​លើកឡើង​ថា ក្រុមហ៊ុនស៊ីនទ្រី មិន​បាន​ធ្វើការ​សម្អាត​ទីក្រុង​បាន​ល្អ​នោះ​ទេ។

​ស្រីលាភ ​បាន​និយាយថា៖ «សំរាម​នៅ​មុខ​ផ្ទះ​ខ្ញុំ​គរឡើង​ដូច​ភ្នំ ពីព្រោះ​ក្រុមហ៊ុន​តែងតែ​យឺតយ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម»

​អ្នកនាង​បានថ្លែង​បន្ត​ថា៖ «ពួកគេ​មក​ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ហើយ​ពេលខ្លះ​ ឡាន​សំរាម​បាន​បើក​កាត់​ ដោយ​មិនបាន​ប្រមូល​សំរាម​នោះ​ទេ»។  ដោយនាងបន្ថែមថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ប្រមូល​សំរាម​លឿន ខ្ញុំ​ត្រូវ​តែ​បង់​ប្រាក់​ឲ្យ​អ្នក​ប្រមូល​សំរាម។​ ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​ថ្មី​ ដែល​ទទួល​បន្ទុក​លើ​ការ​ប្រមូល​សំរាម​ក្នុង​សង្កាត់​ខ្ញុំ អាច​ផ្លាស់ប្តូរ​ស្ថានភាព​នេះ​បាន»

​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩ រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​លុបចោល​សិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ ស៊ីនទ្រី ក្នុង​ការ​ផ្តល់សេវាកម្ម​ប្រមូល​និង​ដឹកជញ្ជូន​សំណល់រឹង​នៅ​ក្នុង​រាជធានី បន្ទាប់​ពី​មាន​ការ​ត្អួញត្អែរ​ពី​សាធារណជន​ពាក់ព័ន្ធ​នឹង​សំរាម​ ដែល​មិន​ត្រូវ​បាន​ប្រមូល ឬ​ធ្លាក់​កំពប់​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​ភ្នំពេញ។ ហើយ​អាជ្ញាធរ​ក្រុង​បាន​ជ្រើសរើស​ក្រុមហ៊ុន​បី​ដើម្បី​ចែករំលែក​សេវាកម្ម​ប្រមូល​សំរាម។

កញ្ញា ឡាយ សុភាវតី ពលរដ្ឋ​ម្នាក់​នៅ​ខណ្ឌ​ដង្កោ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កញ្ញា​សង្ឃឹម​ថា ក្រុមហ៊ុន​ថ្មី​នឹង​ធ្វើបាន​ប្រសើរ​ជាង​ក្រុមហ៊ុន​មុន។

កញ្ញា​បាន​ថ្លែងថា៖ «នេះ​ជា​រឿង​ល្អ​មួយ​នៅ​ពេល​មាន​ក្រុមហ៊ុន​បី​ផ្សេ​គ្នា​ធ្វើការ​ក្នុង​គោលដៅ​តែ​មួយ ហើយ​ខ្ញុំ​ជឿ​ថា នឹង​មាន​ភាព​ប្រសើរ​ជាង​​នៅ​ពេល​ដែល​យើង​ពឹង​តែ​ទៅ​លើ​ក្រុមហ៊ុនស៊ីនទ្រី ដើម្បី​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង»

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ជូន​ចំពោះ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ចំនួន​បី​ ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី០១ ខែ​កក្កដា អាជ្ញាធរ​ក្រុង​បាន​និយាយ​ថា ទីក្រុង​នឹង​ត្រូវ​បែងចែក​ជា​បី​តំបន់​ ដែល​គ្របដណ្តប់​លើ​ខណ្ឌ​ចំនួន ១៤។ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹង​រ៉ាប់រង​ខណ្ឌ​ទួលគោក   ឬស្សីកែវ សែនសុខ ជ្រោយចង្វារ និង​ព្រែកព្នៅ។ ក្រុមហ៊ុន Mizuda Group Co, Ltd នឹង​រ៉ាប់រង​ខណ្ឌ​ដូនពេញ ៧​មករា ដង្កោ ពោធិ៍សែនជ័យ និង​កំបូល ហើយ​ក្រុមហ៊ុន Cintri និង Everbright នឹង​ផ្តល់​សេវាកម្ម​ប្រមូល​សំរាម​ក្នុង​ខណ្ឌ​ចំការមន បឹងកេងកង មានជ័យ និង​ច្បារ​អំពៅ។

សេចក្តីថ្លែងការណ៍ បានសរសេរថា៖ «នៅក្នុងដំណាក់កាលអន្តរកាលនៃផ្ទេរសេវាកម្មប្រមូល និង ដឹកជញ្ជូនសំរាម ពីក្រុមហ៊ុនចាស់មកឲ្យប្រតិ្តករថ្មី គឺអាចនឹងមានការរអាក់រអួលខ្លះ នៃការផ្តល់សេវា  ជាពិសេស នៅតំបន់ដែលទទួលខុសត្រូវដោយក្រុមហ៊ុនថ្មី» សាលារាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រៀបចំ​សំរាម​តាម​ពេលវេលា​សមស្រម​ដើម្បី​ជួយ​រក្សា​ទីក្រុង​ឲ្យ​បាន​ស្អាត។

​អភិបាល​ខណ្ឌ​ដង្កោ​អ្នកស្រី គឹម ញ៉េប បាន​និយាយ​ថា អាជ្ញាធរ​បាន​ជួយ​សម្រួល​ដល់​ការងារ​របស់​ក្រុមហ៊ុន​ទាំងនោះ ហើយ​ថា អ្នកសារព័ត៌មាន​គួរ​សួរ​ទៅ​ខាង​ក្រុមហ៊ុន​ផ្ទាល់​សម្រាប់​ព័ត៌មាន​បន្ថែម។

អ្នកស្រី​បាន​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ ពួកគេ [ក្រុមហ៊ុន​] បាន​ដេញថ្លៃ​បាន​ជោគជ័យ ដែល​មាន​ន័យ​ថា ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​បាន​ល្អ» អ្នកស្រី​បាន​បិទទូរសព្ទ​ដោយ​មិន​អត្ថាធិប្បាយ​បន្ថែម។

​អភិបាល​ក្រុង​ភ្នំពេញ​លោក ឃួង ស្រេង​ បដិសេធ​ធ្វើអត្ថាធិប្បាយ ហើយ​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្តី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​នោះ​ទេ។

លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​និយាយ​ថា លោក​មិន​ទាន់​អាច​វាយតម្លៃ​បាន​នោះ​ទេ ដោយសារ​តែ​ក្រុមហ៊ុន​ទើបតែ​ចាប់ផ្តើម​ប្រតិបត្តិការ។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​ទើប​តែ​​ចាប់ផ្តើម​ប្រមូល​សំរាម យើង​មិនទាន់ដឹង​ថា ពួកគេ​នឹង​ជោគជ័យ ឬ​បរាជ័យ​នោះ​ទេ។ ប៉ុន្តែ​មិនទាន់​មាន​បញ្ហា​ណា​មួយ [នៅ​ថ្ងៃ​ប្រមូល​សំរាម​ដំបូង​នោះ​ទេ] ហើយ​យើង​កំពុង​រង់ចាំ​មើល​សកម្មភាព​របស់​ពួកគេ​បន្ថែម​ទៀត»

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្រ្តា បាន​មានប្រសាសន៍​ថា ការ​បែងចែក​តំបន់​ប្រមូល​សំរាម​គឺ​ធ្វើឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មាន​អាជ្ញាបណ្ណ​ប្រមូល​សំរាម​ឲ្យ​បាន​ទាន់ពេលវេលា។

លោក​បាន​ថ្លែង​ថា៖ «ខណៈ​ចំនួន​ពលរដ្ឋ​រស់នៅ​ក្រុង​ភ្នំពេញ​កំពុង​កើនឡើង ហើយ​បរិមាណ​សំរាម​បន្ត​កើនឡើង​ដូចគ្នា​ជា​រៀងរាល់ថ្ងៃ ការ​បង្កើន​ចំនួន​ក្រុមហ៊ុន​ប្រមូល​សំរាម​នឹង​ជួយ​ឲ្យ​ការ​ប្រមូល​សំរាម​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន»

​មន្រ្តី​ជាន់ខ្ពស់សាលារាជធានី​ភ្នំពេញ​មួយ​រូប ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​និយាយ​ថា មិន​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​និយាយ​ទៅ​កាន់​សារព័ត៌មាន បាន​លើកឡើង​ថា មាន​ក្រុមហ៊ុន​ចំនួន​ ១០​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ដេញថ្លៃ។ លោក​បាន​បន្ត​ថា ការ​ជ្រើសរើស​ក្រុមហ៊ុន​គឺ​ធ្វើឡើង​តាមរយៈ​ការវាយតម្លៃ​ទៅ​លើ​បទពិសោធន៍​ប្រមូល​សំរាម​ក៏ដូចជា តម្លៃ​សរុប​របស់​ក្រុមហ៊ុន។ ​

មន្រ្តី​រូប​នេះ​បាន​និយាយ​ថា បន្ទាប់​ពី​មាន​ការ​ថ្លឹងថ្លែង​យ៉ាង​ដិតដល់​ពី​សំណាក់​គណៈកម្មាធិការ​វាយតម្លៃ ក្រុមហ៊ុន​ចំនួន​បី​ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ផ្តល់​នូវ​កិច្ចសន្យា​ចំនួន​ដប់​ឆ្នាំ​ជាមួយ​នឹង​សាលារាជធានីភ្នំពេញ។

លោក​បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន​ទាំង​នេះ​មាន​បទពិសោធ​នៅ​ក្នុង​ការ​ប្រមូល​សំរាម» លោក​បាន​បន្ថែម​ថា ជា​ឧទាហរណ៍ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បាន​ផ្តល់​សេវាកម្ម​ប្រមូល​សំរាម​នៅ​ខេត្ត​សៀមរាប បន្ទាយមានជ័យ កែប និង​កំពត​ អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ក្រុមហ៊ុន Mizuda Group Co, LTD គឺ​ជា​ក្រុមហ៊ុន​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

លោក​បាន​បន្ត​ថា៖ «ផ្អែក​លើ​បទពិសោធនិង​សមត្ថភាព ខ្ញុំ​ជឿ​ថា ការ​កកស្ទះ​ក្នុង​ការ​ប្រមូល​សំរាម​នឹង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង»

មន្រ្តី​រូប​នេះ​បាន​និយាយ​ថា ក្រសួង​បរិស្ថាន​បាន​កំណត់នូវ​តំបន់​សម្រាប់​ក្រុមហ៊ុន​ទាំង​នេះ​ដើម្បី​ផ្តល់​សេវាកម្ម។ នៅ​ក្រោម​កិច្ចសន្យា​នេះ​ ក្រុមហ៊ុន​នីមួយៗ​ត្រូវ​ប្រមូល​សំរាម ១.០០០​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​យក​ទៅ​ចាក់​ចោល​នៅ​កន្លែង​ចាក់សំរាម​ក្នុង​ខណ្ឌ​ដង្កោ។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ យើង​កំពុង​គ្រោង​នឹង​បង្កើត​កន្លែង​ចាក់សំរាម​មួយ​ទៀត​ក្នុង​ខេត្ត​កណ្តាល​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការ​កើន​ឡើង​សំរាម។ ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្លូវការ សំរាម​ចំនួន ៣.០០០​តោន​គឺ​ត្រូវ​ចាក់ចោល​​ជា​រៀងរាល់ថ្ងៃ​ក្នុង​ក្រុង​ភ្នំពេញ» ​​

​លោក​បាន​បន្ថែម​ថា កម្មករ​ភាគច្រើន​ប្រចាំ​ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited និង​ក្រុមហ៊ុន Mizuda Group Co, LTD គឺ​ជា​ អតីត​នយោជិត​ក្រុមហ៊ុន​ Cintri។

ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី លោក​ សេង សាវី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​បញ្ឈប់​ការងារ​កម្មករ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​​ការ​ចំណាយ​មិន​ចាំបាច់។

លោក​បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការងារ​កម្មករ​មួយចំនួន ដោយសារ​តែ​យើង​ត្រូវ​គ្រប់គ្រង​ការ​ចំណាយ​តាម​ស្ថានការណ៍»

​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន កម្មករ​ក្រុមហ៊ុនស៊ីទ្រី មួយ​ចំនួន​បាន​ធ្វើ​បាតុកម្ម បន្ទាប់​ពី​ឮ​ដំណឹង​ថា សាលារាជធានី​ភ្នំពេញ​គ្រោង​នឹង​ផ្តល់​កិច្ចសន្យា​ឲ្យ​ក្រុមហ៊ុន​ប្រមូលសំរាម​បី​ផ្សេង​ទៀត ដោយ​ការណ៍​នេះ​អាច​ឲ្យ​ពួកគេ​បាត់បង់ការងារ​នៅ​ក្រុមហ៊ុនស៊ីនទ្រី។ ពួកគេ​ទាមទារ​ឲ្យ​និយោជក​សន្យា​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង ប្រាក់ខែ​ចុងក្រោយ​ ប្រាក់​ឈប់សម្រាក​​ប្រចាំ​ឆ្នាំ​ដែល​នៅ​សេសសល់ និង​ប្រាក់​ឧបត្ថម្ភ​ប្រសិន​បើ​កិច្ចសន្យា​របស់​ពួកគេ​ត្រូវ​បាន​ផ្តាច់។ ​

​លោក សាន​ ដារ៉ាវីដ ស្ថាបនិក​ក្រុម​យុវជន​សំរាម បាន​ស្វាគមន៍​ប្រតិបត្តិការ​គ្រប់គ្រង​សំរាម​ថ្មី ដោយ​មាន​គោលដៅ​កាត់បន្ថយ​គំនរ​សំរាម​ក្នុង​ក្រុង​ភ្នំពេញ​ ដោយ​និយាយ​ថា ក្រុមហ៊ុន​ស៊ីនទ្រី មិន​អាច​ធ្វើការងារ​នេះ​បាន​តែ​ឯកឯង​នោះ​ទេ។

​លោក​បាន​និយាយ​ថា៖ «នេះ​ជា​សញ្ញា​ល្អ​នៅ​ពេល​ដែល​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ចូលរួម ដូច្នេះ​នឹង​មាន​ការ​ប្រកួតប្រជែង ហើយ​ប្រហែល​នឹង​ធ្វើ​ឲ្យ​​ការ​ប្រមូល​សំរាម​មាន​ប្រសិទ្ធភាព​ជាង​មុន»

​លោក តូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា បាន​និយាយ​ថា ចំណាត់ការ​ខាង​លើ​នេះ​អាច​ជួយ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ប្រមូល​សំរាម។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា នៅ​ពេល​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​កាន់​តែ​ច្រើន​ សេវាកម្ម​នឹង​ទាន់ពេលវេលា​ និង​លឿន​ជាង​មុន។ ទី​ពីរ​ ​នឹងមាន​លក្ខខណ្ឌ​ល្អ ប្រសិន​បើ​មាន​ក្រុមហ៊ុន​ច្រើន​ប្រជែង​គ្នា​ ហើយ​ប្រាក់​បៀរវត្សរ៍​កម្មករ​នឹង​ល្អ​ជាង​មុន​ផងដែរ»(រាយការណ៍បន្ថែមដោយ ឃួន ណារីម)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Public waiting to see whether new garbage collectors can clean up Phnom Penh

696 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម