សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អង្គការបេសកកម្មជំងឺឆ្កែឆ្កួត បន្តចាក់វ៉ាក់សាំង សុនខ ដោយឥតគិតថ្លៃ ដើម្បីបញ្ចប់អត្រាមរណៈដោយសារឆ្កែឆ្កួតខាំ

អង្គការបេសកកម្មជំងឺឆ្កែឆ្កួតនៅកម្ពុជា ឬ Mission Rabies Cambodia បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សុនខ ដោយឥតគិតថ្លៃ ដើម្បីបញ្ឈប់ការរីករាលដាលនូវការឆ្លងមេរោគ និងដើម្បីការពារអាយុជីវិតមនុស្ស សត្វ ឱ្យផុតពីការយាយីដោយជំងឺឆ្កែឆ្កួត ។

យុទ្ធនាការនេះមានរយៈពេល ១០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែតុលា ហើយនឹងបិទបញ្ចប់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការនេះ ក្រុមបសុពេទ្យ បានចុះទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយនឹងបន្តទៅតំបន់គោលដៅផ្សេងទៀត រួមមាន ខេត្តកណ្តាល និងខេត្តបាត់ដំបង ។

ដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួត នៅឆ្នាំ ២០៣០ អង្គការសុខភាពពិភពលោកបានរៀបចំផែនការមួយដែលមានឈ្មោះថា ZERO BY 30 THE GLOBAL STRATEGIC PLAN ។ របាយការណ៍របស់អង្គការសុខភាពពិភពលោក កាលពីឆ្នាំ២០១៨ បង្ហាញថា ជំងឺឆ្កែឆ្កួតបានធ្វើឱ្យមនុស្សប្រមាណ ៥.៩០០ពាន់នាក់ ស្លាប់ជារៀងរាល់ឆ្នាំ ហើយ ៤០ភាគរយ នៃជនរងគ្រោះ ជាកុមារនៅតំបន់អាស៊ី និងអាហ្វ្រិក ។

ទិន្ន័យរបស់ អង្គការបេសកកម្មជំងឺឆ្កែឆ្កួត បង្ហាញថា កម្ពុជាគឺជាប្រទេសមួយ ដែលគេប៉ាន់ស្មានថាមានអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតខ្ពស់ជាងប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក ហើយ ៩៩ ភាគរយ នៃការស្លាប់របស់មនុស្ស ដោយសារជំងឺឆ្កែឆ្កួតនៅកម្ពុជា គឺបង្កឡើងដោយករណីសុនខ ដែលមានជំងឺឆ្កែឆ្កួតខាំ ។

ទិន្ន័យរបស់អង្គការនេះដែរ បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងប្រទេសកម្ពុជាត្រូវបានគេប៉ាន់ស្មានថា មនុស្សប្រមាណ ៦០ម៉ឺននាក់ ត្រូវបានសុនខខាំ ប៉ុន្តែពួកគេពុំបានទៅទទួលការព្យាបាល ឬចាក់វ៉ាក់សាំងក្រោយពីសត្វខាំ ឱ្យបានគ្រប់ៗគ្នាឡើយ ៕

52 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ