មេដឹកនាំ៩រូបនៃគណបក្សសង្គ្រោះជាតិត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ ពន្ធនាគារពី ២០ឆ្នាំ ទៅ ២៥ឆ្នាំ ដែលតាមចោទថា មានការពាក់ព័ន្ធនៅក្នុងផែនការរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៩ ហើយជាការផ្តន្ទាទោសនៅក្នុងសំណុំរឿងមួយក្នុងចំណោមសំណុំរឿងជាច្រើនប្រឆាំងនឹងឥស្សរជនបក្សប្រឆាំង ដែលក្រុមអ្នកសង្កេតការណ៍ចាត់ទុកថា «គ្មានតម្លៃយុត្តិធម៌ទាល់តែសោះ»។
ថ្នាក់ដឹកនាំ៩ រូបរួមទាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សនិងលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខពីបទ «ឧបឃាត» ដែលរួមមានការបង្ហោះសារតាមបណ្តាញសង្គមអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលនិងសន្យាផ្តល់ប្រាក់ឧបត្ថម្ភដល់យោធាដែលផ្តាច់ខ្លួន។
លោក កៅ សីហា ជាមេធាវីការពារក្តីជនជាប់ចោទបានមានប្រសាសន៍ថា «[តុលាការ] បានផ្តន្ទាទោសបន្ថែមដោយដកសិទ្ធិបោះឆ្នោតនិងដកសិទ្ធិឈរឈ្មោះឲ្យគេបោះ ឆ្នោត» ដោយលោកបានបន្ថែមថា តុលាការក៏បង្គាប់ឲ្យមេដឹកនាំទាំង៩រូបរួមគ្នាសងសំណងខូចខាតជាប្រាក់ចំនួន ១.៨០០.០០០.០០០ រៀល ( មួយពាន់ប្រាំបីរយលានរៀល)។
លោក កៅ សីហា បានមានប្រសាសន៍ថា លោក សម រង្ស៊ី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ២២ឆ្នាំ ចំណែកអតីតតំណាងរាស្ត្រលោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូឡុង សូម៉ូរ៉ា និងលោក នុត រំដួល ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។
ការជំនុំជម្រះក្តីនិងការចោទប្រកាន់ទាំងនេះ ត្រូវបានថ្កោលទោសជាទូទៅរួមទាំងការជំនុំជម្រះប្រហាក់ប្រហែលគ្នាមួយចំនួនទៀតលើមេដឹកនាំ សមាជិកនិងអ្នកគាំទ្រគណបក្សប្រឆាំង ដែលសវនាការទាំងអស់នេះ គឺទាក់ទិនទៅនឹងផែនការវិលត្រឡប់មកកម្ពុជាមិនបានសម្រេចរបស់លោក សម រង្ស៊ី និង ដើម្បី «ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ»។
សារបង្ហោះតាមបណ្តាញសង្គមនិងកិច្ចប្រជុំរវាងមេដឹកនាំបក្សប្រឆាំងនៅសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ជាភស្តុតាងនៃការប៉ុនប៉ងផ្តួលរំលំលោកនាយករដ្ឋមន្រ្តីជាមេដឹកនាំ ដែលកាន់អំណាចយូរជាងគេបំផុតនៅលើពិភពលោក រួមទាំងការសន្យាពីលោក សម រង្ស៊ី ក្នុងការផ្តល់ថវិកាឧបត្ថម្ភដល់កងទ័ពដែលផ្តាច់ខ្លួន។
ថ្លែងពីគេហដ្ឋានរបស់លោកនៅទីក្រុងប៉ារីសតាមរយៈបទសម្ភាសន៍ផ្សាយផ្ទាល់ជាមួយវិទ្យុអាស៊ីសេរី បន្ទាប់ពីតុលាការប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៊ី បានមានប្រសាសន៍ថា៖«យើងមិនចាប់អារម្មណ៍ នឹងការផ្តន្ទាទោសនេះទេ ពីព្រោះយើងដឹងច្បាស់ថាក្នុងការតស៊ូរបស់យើងដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យ ពេលនោះតុលាការនិងរបបផ្តាច់ការនឹងត្រូវបញ្ចប់»។
លោកមានប្រសាសន៍ថា៖«វាគ្មានន័យទេ។ បញ្ហានេះ គឺជារឿងនយោបាយសុទ្ធសាធ» ដោយលោកបានបន្ថែមថា មេធាវីរបស់លោកនឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។
លោកស្រី មូរ សុខហួរ ដែលស្ថិតក្នុងចំណោមឥស្សរជនបក្សប្រឆាំងរាប់សិបនាក់ដែលត្រូវបាននិរាករណ៍លិខិតឆ្លងដែនកម្ពុជាចំពេលមានការរំលាយគណបក្សសង្គ្រោះជាតិ និងបានធ្វើយុទ្ធនាការដើម្បីទទួលបានការអនុញ្ញាតវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីប្រឈមនឹងសវនាការ បានមានប្រសាសន៍ថា សាលក្រមនេះ គឺមិនអាចទទួលយកបានទេ។
លោកស្រីបានប្រាប់ខេមបូចាតាមរយៈអ៊ីមែលថា៖ «គ្មានតម្លៃនៃយុត្តិធម៌ទាល់តែសោះដែលធ្វើតាមបញ្ជារបស់អ្នកកាន់អំណាចនៅកម្ពុជា»។
លោកស្រីបានបន្ថែមថា៖ «គេមិនដែលបើកសវនាការដែលមានមនុស្សច្រើនបែបនេះទេ ពីព្រោះវារំលោភលើសិទ្ធិរបស់ពួកគេ ដែលមានចែងនៅក្នុងច្បាប់របស់ប្រទេសកម្ពុជានិងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។
មន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរងការចោទប្រកាន់ចាប់តាំងពីគណបក្សនេះ ត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ២០១៧ បន្ទាប់ពីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងការបោះឆ្នោតជាតិនិងការបោះឆ្នោតឃុំសង្កាត់។
លោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ ចំពេលមានការចោទប្រកាន់ច្រើនឡើងប្រឆាំងនឹងលោក។ លោកស្រី មូរ សុខហួរ និងអ្នកផ្សេងទៀត បានភៀសខ្លួន បន្ទាប់ពីការឆ្មក់ចូលចាប់ខ្លួនលោក កឹម សុខា សហស្ថាបនិកគណបក្សសង្គ្រោះជាតិទាំងយប់ ដែលកំពុងត្រូវបានជម្រះក្តីពីបទក្បត់ជាតិ។
សមាជិកនិងអ្នកគាំទ្រគណបក្សជាង១៥០នាក់ផ្សេងទៀតក៏ជាជនជាប់ចោទក្នុងការជំនុំជម្រះ ដែលមានមនុស្សច្រើនផ្សេងទៀត ហើយត្រូវបានរិះគន់ចំពោះការខកខានមិនបានគោរពតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ។ មន្រ្តីជាន់ខ្ពស់ចំនួន ១១៨ រូបនៃគណបក្សនេះ ត្រូវបានហាមឃាត់មិនអោយធ្វើនយោបាយ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្របពេលការបោះឆ្នោតឃុំសង្កាត់និងថ្នាក់ជាតិគ្រោងធ្វើនៅឆ្នាំ២០២២ និង២០២៣ ការផ្តន្ទាទោសនេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បី «រារាំងអ្នកនិរទេសខ្លួនទាំងនេះមិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ»។
លោក Phil Robertson មានប្រសាសន៍ថា៖ «នៅក្នុងសវនាការដែលធ្វើឲ្យល្អមើលនិងមានលក្ខណៈនយោបាយទាំងនេះ ចេតនាគឺចង់និយាយថា ប្រទេសកម្ពុជាមិនអាចធ្លាក់ចុះទាបជាងនេះទៀតទេ ទាក់ទិនការរំលោភសិទ្ធិមនុស្ស ប៉ុន្តែយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសហសេវិករបស់គាត់បានរកឃើញផ្លូវមួយដើម្បីឈានទៅរកស្ថានភាពថ្មី»។
លោកបានបន្ថែមថា៖ «វាហាក់ដូចជាគ្មានដែនកំណត់ទាក់ទិនការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលនេះធ្វើមកលើប្រជាជនកម្ពុជា»។
មេធាវីរបស់រដ្ឋាភិបាលលោក គួន សារឿន បានស្វាគមន៍សេចក្តីសម្រេចរបស់តុលាការ បន្ទាប់ពីបានស្នើឱ្យមានការផ្តន្ទាទោសជាអតិបរមា។
លោកបានមានប្រសាសន៍ថា៖ «តុលាការបានផ្តន្ទាទោសដោយផ្អែកលើច្បាប់។ ដូច្នេះខ្ញុំមិនមានយោបល់អ្វីបន្ថែមទេ»។
លោក អំ សំអាត អនុប្រធានអង្គការលីកាដូមានប្រសាសន៍ថា ការផ្តន្ទាទោសនេះមិនមែនជាសញ្ញាល្អសម្រាប់សមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផ្សេងទៀតដែលកំពុងស្ថិតក្នុងការកាត់ក្តីចំពោះតួនាទីផ្សេងៗរបស់ពួកគេនៅក្នុងអ្វីដែលគេហៅថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៩នោះទេ ។
លោកបានមានប្រសាសន៍ថា៖ «សាលក្រមនេះបើកផ្លូវជាគំរូរួចទៅហើយ។ អញ្ចឹងសាលក្រមបន្ទាប់នឹងដូចគ្នាដដែល»។
លោកបានបន្ថែមថា ទោះបីជាយ៉ាងណា ផ្អែកលើបទពិសោធកន្លងមក វាទំនងជាថា ទណ្ឌិតអាចត្រូវបានលើកលែងទោសតាមរយៈការសម្របសម្រួលនយោបាយ។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ខេមបូចាថា សវនាការលើមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀតត្រូវបានពន្យាររហូតបន្ទាប់ពីថ្ងៃទី១២ ខែមីនា។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា ការផ្តន្ទាទោសនេះមិនបានកសាងទំនុកចិត្តរបស់សាធារណជនទៅលើប្រព័ន្ធតុលាការដែលរងការរិះគន់យ៉ាងខ្លាំងនៅកម្ពុជានោះទេ។
លោកបានមានប្រសាសន៍ថា៖ « [សាធារណជន] អាចមើលឃើញថា អ្នកនយោបាយមានឥទ្ធិពល ទាក់ទិននឹងការសវនាការនេះ ។ នៅពេលអ្នកនយោបាយស្រែកហើយតុលាការហាក់ដូចជាអនុវត្តតាម»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rainsy, CNRP deputies get 20+ years prison over 2019 ‘coup’