សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់ លោក ថេង សាវឿន និងសហការី ពីបទរួមគំនិតក្បត់ប្រឈមនឹងជាប់ពន្ធនាគារ១០ឆ្នាំ

កសិករប្រមាណ១០០នាក់មកពីខេត្តផ្សេងៗបានដង្ហែទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យដោះលែងប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីពីររូបទៀត។ (រូបភាព៖ លីកាដូ ហ្វេសប៊ុក)
កសិករប្រមាណ១០០នាក់មកពីខេត្តផ្សេងៗបានដង្ហែទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យដោះលែងប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីពីររូបទៀត។ (រូបភាព៖ លីកាដូ ហ្វេសប៊ុក)

សាលាដំបូងខេត្តរតនគិរី បានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូប​ពីបទ​រួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន​ទៀត។

អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់ខេមបូចា ថា នៅរសៀលថ្ងៃទី២២ ខែឧសភា ព្រះរាជអាជ្ញាបានចោទលោក ថេង សាវឿន និងសហការី២រូបទៀតពីបទញុះញង់ និងរួមគំនិតក្បត់។​

លោក កែវ ពិសុទ្ធ ថ្លែងថា៖ «ខាងតំណាងអយ្យការលោកបានចោទពីបទរួមគំនិតក្បត់ និងញុះញង់​ឱ្យមានបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៤៥៣ និង៤៩៥»

នៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីចោទប្រកាន់អ្នកទាំង៣ត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ​ពន្ធនាគារខេត្តរតនគិរី។

​ភរិយាលោក ថេង សាវឿន គឺអ្នកស្រី ញូង សុខហៀង ថ្លែងថា បទចោទនេះខុសពីការពិត​ដែលប្តី​របស់​អ្នកស្រីតែងធ្វើសកម្មភាពជួយកសិករ និងសង្គមជាតិនៅពេលកន្លងមក។

អ្នកស្រី សុខហៀង ឱ្យដឹងថា៖ «មិនអាចទទួលយកបានចំពោះតុលាការខេត្តរតនគិរី ដែលចោទមក​លើគ្រួសារ​នាងខ្ញុំ កន្លងមកគាត់មិនដែលប្រព្រឹត្តអំពើ ឬបង្កើតចលាចលអ្វីទេជាអាទិ៍អ៊ីចឹងទេ ព្រោះ​កន្លងមកគាត់ធ្វើសកម្មភាពជួយលើកកម្ពស់ដល់ជីវភាពកសិករ»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកថា ការចោទ​នេះ​មានលក្ខណៈធ្ងន់ធ្ងរគួរឱ្យតក់ស្លុត។ លោកបញ្ជាក់ថា សមាគមលោកបន្តតាមដាន និងដាក់​មេធាវី​ការពារ​អ្នកទាំង៣តាមផ្លូវច្បាប់។​

លោក សែនករុណា លើកឡើងថា៖ «យើងសោកស្តាយមែនទែនយើងមិនដឹងថាតើករណីពួកគាត់​ធ្វើ​កន្លងមកក្នុងការជួយកសិករ​ជួយសង្គមជាតិហ្នឹងទៅជាក្លាយរងការចោទកម្រិតធ្ងន់ធ្ងរបែបនេះ»

ប្រជាកសិករមកពីតាមសហគមន៍នានានៃបណ្តាខេត្តមួយចំនួនប្រមូលផ្តុំគ្នានៅក្រៅបរិវេណក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យមានកិច្ចអន្តរគមន៍ដោះលែង លោក ថេង សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) និងសហការីពីររូបទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ​

កសិករមកពីខេត្តកោះកុងដែលចូលរួមជាមួយកសិករផ្សេងទៀតប្រមូលផ្តុំនៅក្រសួងមហាផ្ទៃផ្តុំទាមទារឱ្យដោះលែងលោក ថេង សាវឿន និងសហការីនោះ គឺអ្នកស្រី ខ្មៅ វ៉ែន អះអាងថា អ្នកស្រី​មិន​អាច​ទទួលយកបានចំពោះបទចោទនេះ ព្រោះលោកថេង សាវឿន និងក្រុមការងារតែងបង្រៀន​អ្នកស្រី និងក្រុមការងារផ្សេងទៀតពីរបៀបធ្វើកសិកម្ម។

អ្នកស្រី ខ្មៅ វ៉ែន បញ្ជាក់ថា៖ «គាត់អត់ដែលមានគំនិតអ៊ីចឹងទេ គាត់តែងតែបង្រៀនពួកខ្ញុំ ពីរបៀប​ធ្វើស្រែចម្ការមើលប្រភេទដី និងគ្រាប់ពូជ។ ដល់មកចោទគាត់ចឹង​ពួកខ្ញុំអត់​អាចទទួលបានទេ»

នៅថ្ងៃចន្ទនេះប្រជាពលរដ្ឋប្រមាណជា១០០នាក់មកពីតាមសហគមន៍នានានៃបណ្តាខេត្តមួយចំនួនបាននាំគ្នាប្រមូលផ្តុំនៅបរិវេណខាងក្រៅនៃក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យមានកិច្ចអន្តរាគមន៍ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោះលែងអ្នកទាំង៣រូបនេះ។ 

យោងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌចែងថា អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើត​ឡើងដោយ​មនុស្សច្រើននាក់ ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្តែងចេញ​ជារូបរាងច្បាស់​លាស់ដោយអំពើជាក់ស្តែងមួយឬច្រើន។ ការរួមគំនិតក្បត់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំទៅ​១០ឆ្នាំ។

ដោយឡែកបទចោទមួយទៀតដែរនោះគឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ដែលមានចែងក្នុង​មាន​ត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ បទញុះញង់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និង​ពិន័យជាប្រាក់ពី១លានទៅ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

សមត្ថកិច្ចឃាត់ខ្លួនថ្នាក់ដឹកនាំនិងបុគ្គលិក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)​ចំនួន​១៧​នាក់នៅថ្ងៃទី១៧ខែឧសភា បន្ទាប់មកអ្នកផ្សេងចំនួន១៤នាក់ត្រូវបានដោះលែង ប៉ុន្តែបន្តឃុំខ្លួន​លោក ថេង សាវឿន ប្រធានសមាគម លោក ញិលភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោង៕

266 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម