ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) លោក ថេង សាវឿន និងសហការីពីរ នាក់ផ្សេងទៀតត្រូវបានតុលាការខេត្តរតនគិរី សម្រេចដោះលេងឱ្យនៅក្រៅឃុំ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ។
បើតាមលោក អ៊ុង សុភាព ស្នងការខេត្តរតនគិរី ប្រាប់ខេមបូចា ថា លោក ថេង សាវឿន និងលោក ញ៉ិល ភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោង ពិតជាត្រូវបានដោះលែងឱ្យមានសេរីភាព ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ នារសៀលថ្ងៃទី៣០ ខែមិថុនានេះ។
លោក សុភាព និយាយថា៖ «បាទ!យើងវិវត្តន៍ទៅតាមខ្លឹមសារនៃលិខិតរបស់តុលាការ អនុញ្ញាតឱ្យគាត់នៅក្រៅឃុំ ស្ថិតក្រោមការត្រួតពិនិត្យ[ពីតុលាការ]»។
ចំណែកលោក កែវ ពិសុទ្ធ អ្នកនាំពាក្យតុលាការខេត្តរតនគិរី ក៏បានបញ្ជាក់ដែរថា លោក ថេង សាវឿន និងសហការពីរនាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពិតប្រាកដមែន។
លោកពិ សុទ្ធ ថ្លែងថា៖ «ពិតជាមានការដោះលែងអ្នកទាំង៣ហ្នឹងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន»។
ទាក់ទងនឹងបទបញ្ញាត្តិនានា លោកស្នងការខេត្តរតនគិរី និងអ្នកនាំពាក្យតុលាការខេត្តរតនគិរី មិនបានបញ្ជាក់ច្បាស់ទេ បើទោះបីជាមានការដោះលែងឱ្យនៅក្រៅឃុំក៏ដោយ។
លោក ពិសុទ្ធ ថ្លែងថា៖ «ទាក់ទងនឹងលក្ខខណ្ឌ ខ្ញុំមិនបានដឹងច្បាស់ទេ ខ្ញុំមិនមែនជាអ្នកធ្វើការបច្ចេកទេស»។
ភរិយាលោក ថេង សាវឿន គឺអ្នកស្រី ញូង សុខហេង បានបង្ហាញក្ដីរំភើបក្រោយប្ដីអ្នកស្រី និងក្រុមការងារពីររូបទៀតបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
អ្នកស្រី សុខហេង និយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាពន់ពេកពេលគាត់ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ហើយចំពោះចំណាត់ការយ៉ាងណាទៀតនោះបន្ទាប់ពីពួកគាត់ទាំងបីត្រូវបានដោះលែង។ ខ្ញុំមិនទាន់ដឹងនៅឡើយទេរង់ចាំតុលាការជាអ្នកសម្រេចបន្តទៀត»។
អ្នកស្រី ដេត ហួ ជាប្រជាកសិករមកពីខេត្តកោះកុងដែលចូលរួមក្នុងការតវ៉ាឱ្យដោះលែង លោក ថេង សាវឿន និងសហការីពីររូបទៀត បានបង្ហាញក្ដីរំភើប និងសប្បាយរីករាយយ៉ាងដែលឮដំណឹងថាពួកគាត់ត្រូវបានដោះលែងឲ្យមានសេរីភាពបន្ទាប់ពីការឃុំឃាំងដោយតុលាការខេត្តរតនៈគិរី នៅថ្ងៃទី១៧ ខែឧសភា កន្លងមក។
អ្នកស្រី ដេត ហួ បានមានប្រសាសន៏ថា៖ «ខ្ញុំសប្បាយចិត្តណាស់ពេលបានឮថាគាត់ត្រូវបានដោះលែងចឹង។ គាត់គ្មានទៅធ្វើស្អីខុសទេ។ គាត់គ្រាន់តែជាអ្នកជួយប្រជាកសិករពីបច្ចេកទេសដាំដុះ ប្រើប្រាស់ថ្នាំ អីជាដើមឱ្យប្រជាកសិករមានរបរកសិកម្មមួយចិញ្ចឹមជីវិតសមស្របប៉ុណ្ណោះ»។
អ្នកស្រី ហួ អះអាងថា លោក ថេង សាវឿន និងសហការីជាមនុស្សល្អ និងជួយសង្គមដោយចេញពីចិត្ត មិនទាក់ទងនឹងរឿងនយោបាយឡើយ។
អ្នកស្រី ហួ និយាយថា៖ «ខ្ញុំជឿជាក់ថាពួកគាត់ជាមនុស្សល្អ ហើយស្មោះត្រង់ព្រោះយើងស្គាល់គ្នាឡើង១០ឆ្នាំហើយៗ កសិករមួយណាក៏ស្គាល់គាត់ថាជាមនុស្សល្អ។ គេដោះលែងគាត់ត្រូវហើយ ព្រោះគាត់មិនដែលនិយាយរឿងនយោបាយអីទេ គាត់មានតែបដិសេធ»។
បន្ទាប់ពីដោះលែងឱ្យនៅក្រៅឃុំ លោក ថេង សាវឿន បានចេញវីដេអូ អរគុណ និងសុំទោសទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកំហុសកន្លងមកដែលបានលង់ជឿបរទេស និងក្រុមនយោបាយជ្រុលនិយម។
ក្នុងវិដេអូ លោក សាវឿន បញ្ជាក់ថា៖ «បន្ទាប់ពីខ្ញុំបានប្រព្រឹត្តនូវកំហុស លង់ជឿដោយបុគ្គលបរទេស ឬជាបុគ្គលអ្នកនយោបាយបក្សប្រឆាំជ្រុលនិយមមួយចំនួន រហូតដល់មានចេតនាប្រមូលផ្ដុំញុះញង់ឱ្យមានការងើបឡើងតវ៉ាផ្ដួលរំលំរដ្ឋាភិបាលដោយស្របច្បាប់។ខ្ញុំសូមសន្យានឹងមិនធ្វើសកម្មភាព និងចូលរួមជាដាច់ខាតនូវកាអូសទាញជាបុគ្គល ជាក្រុមដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់នោះឡើយ»។
សូមជម្រាបជូនថា សមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនថ្នាក់ដឹកនាំ និងបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)ចំនួន១៧នាក់នៅថ្ងៃទី១៧ខែឧសភា បន្ទាប់មកអ្នកផ្សេងចំនួន១៤នាក់ត្រូវបានដោះលែង ប៉ុន្តែបន្តឃុំខ្លួនលោក ថេង សាវឿន ប្រធានសមាគម លោក ញ៉ិល ភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោង។
បន្ទាប់ពីបន្តនីតិវិធីសាកសួរ សាលាដំបូងខេត្តរតនគិរី បានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូបពីបទរួមគំនិតក្បត់ ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀតផងដែរ។
យោងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌចែងថាអំពើរួមគំនិតក្បត់គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្តែងចេញជារូបរាងច្បាស់លាស់ដោយអំពើជាក់ស្តែងមួយឬច្រើន។ ការរួមគំនិតក្បត់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំទៅ១០ឆ្នាំ៕